ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាក់តែង​ច្បាប់​អាមេរិកាំង​ស្វាគមន៍​សំណើ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋី​កម្ពុជា​៤​រូប


យោងតាមអង្គការ Global Witness ឧកញ៉ាដែលពាក់ព័ន្ធនឹងនយោបាយទាំងបួនរូបនេះ​ ទទួលបានផលប្រយោជន៍ពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ពីឆ្វេងទៅស្តាំ៖ ឧកញ៉ា ម៉ុង ឫទ្ធី​ ឧកញ៉ា លី យ៉ុងផាត់​ ឧកញ៉ា ទ្រី ភាព ឧកញ៉ា ឡាវ ម៉េងឃីន។ (AP/REUTERS)
យោងតាមអង្គការ Global Witness ឧកញ៉ាដែលពាក់ព័ន្ធនឹងនយោបាយទាំងបួនរូបនេះ​ ទទួលបានផលប្រយោជន៍ពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ពីឆ្វេងទៅស្តាំ៖ ឧកញ៉ា ម៉ុង ឫទ្ធី​ ឧកញ៉ា លី យ៉ុងផាត់​ ឧកញ៉ា ទ្រី ភាព ឧកញ៉ា ឡាវ ម៉េងឃីន។ (AP/REUTERS)

​សហរដ្ឋ​អាមេរិក​មាន​យន្តការ​ជាច្រើន​ដែល​អាច​ប្រើ​ប្រាស់​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​សេដ្ឋី​កម្ពុជាទាំង​៤​រូប។

សមាជិក​ព្រឹទ្ធសភា​និង​អ្នកតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​បាន​ស្វាគមន៍​សំណើ​របស់​អង្គការ​ឃ្លាំមើល​បរិស្ថាន​មួយ​ដែល​ស្នើ​ឱ្យ​ដាក់​ទណ្ឌកម្ម​សេដ្ឋី​កម្ពុជា​ចំនួន​បួន​រូបនិង​ថា ​សហរដ្ឋ​អាមេរិក​មាន​យន្តការ​ជាច្រើន​ដែល​អាច​ប្រើ​ប្រាស់​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​ពួកគេ​បាន។

លោក​ ផែទ្រិក លៀហ៊ី​ (Patrick Leahy)​អនុប្រធាន​គណៈកម្មាធិការ​ហិរញ្ញវត្ថុ​នៃព្រឹទ្ធសភា​ដែល​មក​ពីគណបក្សប្រជាធិបតេយ្យប្រចាំ​រដ្ឋ ​Vermont ​បាន​បញ្ជាក់​ប្រាប់​ VOA តាម​សារ​អេឡិកត្រូនិក​ថា​ នៅ​ប្រទេស​កម្ពុជា​អំពើ​ពុករលួយ​កើត​ឡើង​ជា​លក្ខណៈ​ប្រព័ន្ធ​ហើយមិន​ត្រឹម​តែ​កងកម្លាំង​យោធា​ទេ​ គឺមានក្រុម​អ្នក​ជំនួញ​ផង​ដែរកំពុងតែ​គាំទ្រ​ដល់ ​«របប​ខុសច្បាប់» របស់​លោក​ ហ៊ុន សែន។

លោក​បាន​បន្ថែម​ថា៖

«ការ​ដាក់​ទណ្ឌកម្ម​លើ​សេដ្ឋី​ទាំងនេះ​និង​សមាជិក​ក្រុម​គ្រួសារ​ពួកគេ​ដោយ​សហរដ្ឋ​អាមេរិក​ គឺ​ជា​វិធានការ​ដ៏​ត្រឹមត្រូវ​និង​ដល់​ពេលវេលា​ហើយ។ រឿង​អភ័ព្វ​ដែល​មិន​សម​នឹង​កើត​មាន​ឡើង​គឺ​ថា ​អ្នក​ដែល​រងគ្រោះគឺ​អ្នក​ដែល​ហ៊ាន​ប្រឆាំង​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​និង​ការ​រឹបអូស​ដីធ្លីបែរ​ជា​មិន​ទទួល​បាន​យុត្តិធម៌ ​ដោយសារ​អ្នកខ្លះ​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​និង​ហាមឃាត់​មិន​ឱ្យ​ចូលរួម​ក្នុង​ការបោះឆ្នោត​ក្នុង​ពេល​ដែល​ជនល្មើស​នៅ​ដើរ​ហើរ​ដោយ​សេរី។ នេះ​គឺជា​ប្រទេស​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ‍»។​

កាល​ពី​សប្តាហ៍​មុន​ អង្គការ​ Global Witness ​បាន​បង្ហាញ​មុខ​សេដ្ឋី​ខ្មែរ​បួន​រូប ​គឺ​លោក​ឧកញ៉ា ម៉ុង ឫទ្ធី លោក​ឧកញ៉ា​ លី យ៉ុងផាត់ លោក​ឧកញ៉ា​ ឡៅ ម៉េងឃីន និង លោក​ឧកញ៉ា​ ទ្រី ភាព ​ថា​បាន​ប្រព្រឹត្ត​ទង្វើ​ខុស​ឆ្គង​ជាច្រើន​រួម​មាន​ការ​រឹបអូស​ដីធ្លី​ពលរដ្ឋ​រាប់ពាន់​គ្រួសារ ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ​ការ​រត់​ពន្ធ​ឈើ​ខុស​ច្បាប់​ ការ​បូមខ្សាច់​ ការ​រត់​ពន្ធ​កញ្ឆា​និង​អាជីវកម្ម​កាស៊ីណូ​ជាដើម។ ក្នុង​ប្រតិបត្តិការ​ទាំងនោះ​ ពួកគេ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល។ អង្គការ​នេះ​បន្ថែម​ដោយ​អំពាវនាវ​ឱ្យ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​អ្នក​ទាំងនេះ​ផង​ដែរ។

លោក​ អាឡាំង ឡូវឹនសល​ (Alan Lowenthal) អ្នក​តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ានិង​ជា​សហ​ប្រធានក្រុម​អ្នក​តំណាងរាស្រ្ត​ទទួល​បន្ទុក​កិច្ច​ការ​កម្ពុជាបាន​បញ្ជាក់​ថា​ លោក​ជឿជាក់​ថា​«អ្នក​ដែល​រំលោភ​សិទ្ធិ​មនុស្ស​និង​ឧក្រិដ្ឋកម្ម​នានា​គួរតែ​ត្រូវ​ពិន័យ‍​ហើយ​ត្រូវ​តែ​មាន​ភស្តុតាង​បង្ហាញពី​បទឧក្រិដ្ឋ​ទាំង​នោះ»។

លោក​ ឡូវឹនសល​ ដែល​បាន​គាំទ្រ​និង​ជំរុញ​ឱ្យ​រដ្ឋសភា​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា​ឆ្នាំ​២០១៨​ ​បាន​បញ្ជាក់​ថា​ ច្បាប់​នេះ​នឹង​ដាក់​ទណ្ឌកម្ម​តែ​លើ​មន្ត្រីរដ្ឋាភិបាល​លោក​ ហ៊ុន សែន​ ដែល​រំលោភ​សិទ្ធិ​មនុស្ស​ទេ ​ប៉ុន្តែ​ក៏​មាន​ច្បាប់​មួយ​ទៀត​ដែល​នឹង​ផ្តល់​អំណាច​ឱ្យ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ពួកគេ​ដែរ​គឺ​ច្បាប់ ​Magnitsky។

លោក​បានបន្ថែម​ថា៖​

«ប្រសិន​បើ​វា​ជា​ការ​ពិត​និង​អាច​បញ្ជាក់​ថា ​បក្ស​ពួក​លោក​ ហ៊ុន សែន ​បាន​រំលោភ​សិទ្ធិមនុស្ស​ ខ្ញុំ​ជឿ​ថា​ យើង​គួរតែ​ដាក់​ទណ្ឌកម្ម​ពួកគេ​តាម​ច្បាប់ ​Magnitsky‍»។

រហូត​មក​ដល់​ពេល​នេះ​មានតែ​លោក​ឧត្តមសេនីយ៍​ផ្កាយ​មាស​បួន ហ៊ីង ប៊ុនហៀង ​ដែល​ជា​មេបញ្ជាការ​អង្គរក្ស​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ តែប៉ុណ្ណោះ​ដែលត្រូវ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ​និង​មិន​ឱ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ក្រោម​ច្បាប់​ Magnitsky ​នេះ។

រី​ឯ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​បុគ្គល​ចំនួន​១៦រូប​ដែល​សមនឹង​ទទួល​ទណ្ឌកម្ម​ទិដ្ឋាការ​មិន​ឱ្យ​ចូល​សហរដ្ឋ​អាមេរិក​និង​បង្កក​ទ្រព្យ​សម្បត្តិ​ក្រោម​ច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ​២០១៨​ដែល​រដ្ឋសភា​ទើប​តែ​បាន​អនុម័ត​កាលពី​ថ្ងៃពុធ។ ក្នុង​ចំណោម​នេះ​មាន​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​សមាជិក​ក្រុម​គ្រួសារ​ខ្លះរបស់​លោក​ លោក​ ​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​លោក​អូន ព័ន្ធមុន្នីរ័ត្ន ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ លោក​ ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ​និង​លោក​ ឱម យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជាដើម។

សហគមន៍​អឺរ៉ុប​កំពុងតែ​ពិនិត្យ​មើល​ឋានៈ​អនុគ្រោះ​ពន្ធ​«រាល់​មុខ​ទំនិញ​លើកលែង​តែ​អាវុធ‍‍»​ដែលកម្ពុជា​កំពុង​ប្រើប្រាស់​ដើម្បី​នាំ​ទំនិញ​ចូល​ទី​ផ្សារ​របស់​ខ្លួន​ដោយសារ​លក្ខខណ្ឌ​ក្នុង​ការ​ទទួល​បាន​ឋានៈ​នេះ​មាន​ភ្ជាប់​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស។ រីឯ​សហរដ្ឋ​អាមេរិក​ទើប​តែ​ផ្តល់​ឋានៈ​អនុគ្រោះ​ពន្ធ​ឡើងវិញ​ដល់​កម្ពុជាប៉ុន្តែ​អ្នក​តំណាងរាស្រ្ត​ខ្លះ​ក៏​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ហើយ​ថា​ សហរដ្ឋ​អាមេរិក​គួរតែ​ដក​យក​ឋានៈ​នេះ​ពី​កម្ពុជា​វិញ​ជាពិសេស​ក្រោយ​ការបោះឆ្នោត​ជាតិ​ថ្ងៃ​ទី​២៩ខែ​កក្កដា។ ​

ការិយាល័យ​ព័ត៌មាន​របស់​លោក​ ថេត គ្រូស (Ted Cruz) ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​ការ​បន្ត​រំលោភ​សិទ្ធិមនុស្ស​ដោយ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​សម​តែ​ទទួល​ផល​មិន​ល្អ។

លោកស្រី ​Maria Jeffrey ​អ្នកនាំពាក្យ​របស់​លោក​ ថេត គ្រូស​ បាន​បញ្ជាក់​ប្រាប់​ VOA ថា៖

«សមាជិក​ព្រឹទ្ធ​សភា​ ថេត គ្រូស​ បាន​ព្រមាន​តាំង​ពី​ឆ្នាំ​មុន​ថា ​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ការ​វាយតម្លៃ​ឡើង​វិញ​នូវ​គោលនយោបាយ​របស់​ខ្លួន​ចំពោះ​ប្រទេស​កម្ពុជា ​ក្នុង​នោះ​មាន​គោល​នយោបាយ​ទូលំទូលាយ​គ្រប​ដណ្តប់​លើ​គោល​នយោបាយ​អនុគ្រោះ​ពាណិជ្ជកម្ម​ផង​ដែរ​ដែល​នឹង​មាន​ផល​ប៉ះពាល់​លើស​ពី​រដ្ឋាភិបាល​កម្ពុជា‍»។

លោកស្រី​ មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់​ទុក​ថា​ នេះ​គឺ​ជា​ការ​ចាប់​ផ្តើម​មួយ​ដែល​ត្រូវ​ផ្តោត​លើ​ឧកញ៉ា​តែ​បួន​នាក់​សិន​ប៉ុន្តែ​អ្នក​ដែល​ធ្វើ​ខុស​នៅ​ប្រទេស​កម្ពុជា​គឺ​មាន​ច្រើន។​

លោកស្រី​បាន​បន្ថែម​ថា៖

«អ្វី​ដែល​ជា​ការ​ពាក់​ព័ន្ធ​នឹង​លុយ​កខ្វក់​ អំពើ​ពុករលួយ​ លួច​ធនធាន​ធម្មជាតិ​ អ្វី​ដែល​ជា​ទ្រព្យ​សម្បត្តិ​ប្រទេស​ជាតិ​អ្នកនោះ​ត្រូវតែ​មាន​ការទទួលខុសត្រូវ។ យើង​មិន​អាច​អនុញ្ញាត​ឱ្យ​មាន​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ហើយ​ជា​ឧកញ៉ា​ផង​ហើយ​នឹង​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ លុយ​កខ្វក់​ឬ​លួច​ធនធាន​ធម្មជាតិ​របស់​ប្រទេស​ជាតិ​ទេ។ សូម​ពិចារណា​សារ​ឡើង​វិញ‍»។​

លោក​ឧកញ៉ា ​ម៉ុង ឫទ្ធី ​ប្រធាន​ក្រុមហ៊ុន​ម៉ុង​ ឫទ្ធី​គ្រុប​ និង​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រាប់​ VOA ​កាលពីថ្ងៃ​ច័ន្ទ​ថា លោក​មិន​បាន​ធ្វើ​សកម្មភាព​បំផ្លិច​បំផ្លាញ​ធនធាន​ព្រៃឈើ​ ដូច​ការ​ចោទ​ប្រកាន់​របស់​អង្គការ​ Global Witness ​នោះ​ទេ។ លោក​ក៏មិន​ខ្វល់​ពី​ការ​ស្នើ​របស់​អង្គការ​ Global Witness ​ដែល​សុំ​ឲ្យ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​មក​លើ​រូប​លោក​ផង​ដែរ។

ប៉ុន្តែ​លោកស្រី​ មូរ សុខហួរ​ បាន​ស្នើ​ឡើង​ថា ​ឧកញ៉ា​ដែល​មាន​ឈ្មោះ​ទាំងនោះ​គួរតែ​មាន​សេចក្តី​ក្លាហាន​ឱ្យ​មាន​ការស៊ើបអង្កេត​លើ​ទ្រព្យសម្បត្តិ​របស់​ពួកគាត់​ ថា​បាន​មកដោយ​មធ្យោបាយ​អ្វី។​

«បើសិនជា​យើង​ជា​អ្នក​ដែល​ការពារ​ប្រទេស​ជាតិ​យើង​ត្រូវ​តែ​ហ៊ាន​ឱ្យ​គេ​មើល​ទ្រព្យ​សម្បត្តិ​យើង​ទៅ​គឺ​រួច​ខ្លួន​ហើយ​ប៉ុន្តែ​បើ​នៅ​តែ​មិន​ហ៊ាន​ហើយ​ទ្រព្យសម្បត្តិ​មាន​ហូរហៀរ​ហើយ​មាន​ប្រជាពលរដ្ឋ​ឈឺ​ចាប់​នឹង​ការ​បាត់បង់​ដីធ្លី។ល។និង។ល។ ដោយសារ​អំពើ​អមនុស្សធម៌​ទាំងឡាយ​ខ្ញុំ​យល់​ឃើញ​ថា​ ច្បាប់​នេះ​ជា​ការ​ត្រឹមត្រូវ‍»។​

មាន​ពលរដ្ឋ​កម្ពុជា​ជាង​៨៣០.០០០នាក់​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ការ​រឹបអូស​ដីធ្លី​ដែល​ធ្វើ​ឱ្យ​ពួកគេ​ធ្លាក់​ក្នុង​ស្ថានភាព​ក្រីក្រ​កាន់តែ​ជ្រៅ​ជាង​មុន​នៅផ្នែក​ខ្លះ​នៃ​ប្រទេស​កម្ពុជា​ប៉ុន្តែ​ក្រុម​ជន​ពុក​រលួយ​មួយ​ចំនួន​តូច​កាន់តែ​មាន​ទ្រព្យ​ធន​ច្រើន​ហូរហៀរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ ​Global Witness៕

XS
SM
MD
LG