ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​និង​ព្រឹទ្ធសភា​អាមេរិកាំង​សាទរ​ការ​ដាក់​ទណ្ឌកម្ម​​លោក​ហ៊ីង ប៊ុនហៀង


រូបឯកសារ៖ លោក ហ៊ីង ប៊ុនហៀង មេអង្គរក្ស​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ឈរនៅអកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ខណៈពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។
រូបឯកសារ៖ លោក ហ៊ីង ប៊ុនហៀង មេអង្គរក្ស​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ឈរនៅអកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ខណៈពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។

ក្រសួង​រតនាគារ​របស់​សហរដ្ឋ​អាមេរិក ​បាន​សម្រេច​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ដាក់​ទណ្ឌកម្ម​លោក ហ៊ីង ប៊ុនហៀង​ អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមភូមិន្ទ​ និង​ជា​មេបញ្ជាការ​បញ្ជា​ការដ្ឋាន​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ដោយសារតែ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ ​និង​វាយប្រហារ​លើ​ជនរងគ្រោះ​ជាច្រើន។

សមាជិក​ព្រឹទ្ធសភា​និង​អ្នកតំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក ​បាន​ស្វាគមន៍​ទណ្ឌកម្ម​ដែល​ក្រសួង​រតនាគារ​បាន​ដាក់​លើ​លោក​នាយឧត្តម​សេនីយ៍​ផ្កាយ​មាស​បួន​ ហ៊ីង ប៊ុនហៀង​ មេអង្គរក្ស​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ដោយសារតែ​បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ​ហើយ​ព្រមាន​ថា​អាច​នឹង​មាន​ថែម​ទៀត។

លោក​ ផែទ្រីក លៀហ៊ី ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​ Vermont​ ដែល​មកពី​ខាង​គណបក្ស​ប្រជាធិប​តេយ្យ​និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ហិរញ្ញវត្ថុ​ បាន​បញ្ជាក់​តាម​សារអេឡិកត្រូនិក​ប្រាប់​វីអូអេ​ថា៖

«ក្រសួង​រតនាគារ​បាន​ចាត់​ចំណាត់ការ​ត្រឹមត្រូវ។ វា​មិនមែន​ជា​រឿង​សម្ងាត់​ទៀត​ទេ​ដែល​កងកម្លាំង​សន្តិសុខ​កម្ពុជា ​និង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុករលួយ​និង​ហិង្សា​នយោបាយ។ លោក​នាយករដ្ឋមន្ត្រី​បាន​ចាប់​គូប្រជែង​នយោបាយ​ដាក់​ពន្ធនាគារ​ ដាក់​គណបក្ស​ប្រឆាំង​ឱ្យ​នៅ​ក្រៅច្បាប់ ​និង​បង្រ្កាប​លើ​អង្គការ​សង្គម​ស៊ីវិល។ ប្រទេស​មួយ​ដែល​ធ្លាប់​មាន​ឱកាស​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​បាន​ប្រែក្លាយ​ជា​រដ្ឋ​ប៉ូលិស​ ដែល​ដឹកនាំ​ដោយមនុស្ស​តែ​ម្នាក់‍»។​

​ក្រសួង​រតនាគារ​របស់​សហរដ្ឋ​អាមេរិក ​បាន​សម្រេច​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ដាក់​ទណ្ឌកម្ម​លោក ហ៊ីង ប៊ុនហៀង​ អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមភូមិន្ទ​ និង​ជា​មេបញ្ជាការ​បញ្ជា​ការដ្ឋាន​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ដោយសារតែ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ ​និង​វាយប្រហារ​លើ​ជនរងគ្រោះ​ជាច្រើន​ ក្នុងនោះ​មាន​ពលរដ្ឋ​អាមេរិកាំង​ម្នាក់​ផង​ដែរ ​គឺ​លោក​ រ៉ន អាប់នី ​ប្រធាន​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​ ដែល​បាន​រងរបួស​ក្នុង​ការ​គប់​គ្រាប់បែក​លើ​ក្រុម​បាតុករ​អហិង្សា​ដឹកនាំ​ដោយ​លោក សម រង្ស៊ី​ កាលពី​ថ្ងៃទី​៣០​ ខែ​មីនា​ ឆ្នាំ​១៩៩៧។

រូបឯកសារ៖ លោក​ ផែទ្រីក លៀហ៊ី ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​ Vermont​ ថ្លែងនៅក្នុងសវនាការស្តីអំពីបរិស្ថាននៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨។
រូបឯកសារ៖ លោក​ ផែទ្រីក លៀហ៊ី ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​ Vermont​ ថ្លែងនៅក្នុងសវនាការស្តីអំពីបរិស្ថាននៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨។

លោក ​ផែទ្រីក លៀហ៊ី​ បាន​បន្ថែម​ថា៖

«​ខ្ញុំ​ចង់​ឱ្យ​លោក​ រ៉ន​ អាប់នី ​ដែល​ជា​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​បាន​រងរបួស​ក្នុងការ​វាយប្រហារ​ដោយ​គ្រាប់បែក​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពីឆ្នាំ​១៩៩៧ ​បាន​នៅ​រស់ ​និង​ឮពី​ដំណឹង​នៃ​ការដាក់​ទណ្ឌកម្ម​នេះ‍»។

ការ​ដាក់​ទណ្ឌកម្ម​នេះផ្អែកលើ​ច្បាប់​សិទ្ធិមនុស្ស Global Magnitsky ​ឆ្នាំ​២០១៦​ ដែល​អនុញ្ញាត​ឱ្យ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ដោយបង្កក​ទ្រព្យសម្បត្តិ​ជន​ណា​ដែល​រំលោភ​សិទ្ធិ​មនុស្ស​ ឬ​ប្រព្រឹត្ត​អំពើ​ពុករលួយ។ រាល់​ទ្រព្យ​សម្បត្តិ ​ឬ​ផលប្រយោជន៍​ពី​ទ្រព្យ​សម្បត្តិ​របស់​លោក​ ហ៊ីង ប៊ុនហៀង នៅ​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​ត្រូវ​ផ្អឹប​ទុក​ហើយ​ជា​ការ​បន្ថែម ​គឺ​ហាមឃាត់​ពលរដ្ឋ​អាមេរិកាំង​ ឬ​ស្ថាប័ន​ដែល​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​មិន​ឱ្យ​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​រកស៊ី​អ្វី​ជាមួយ​នឹង​លោក​ទេ។

លោក​ អាឡាំង លូវឹនសល ​អ្នក​តំណាងរាស្រ្ត​ប្រចាំ​រដ្ឋ​កាលីហ្វញ៉ា​ ដែល​មក​ពីគណបក្ស​ប្រជាធិបតេយ្យ​ និង​ជា​ប្រធាន​ក្រុម​អ្នក​តំណាងរាស្រ្តទទួលបន្ទុក​កិច្ច​ការ​កម្ពុជា​ បាន​បញ្ជាក់​តាម​សារអេឡិក​ត្រូនិក​ប្រាប់​វីអូអេ ​ដោយ​ហៅ​ការ​ដាក់​ទណ្ឌកម្ម​នេះ​ថា​ «ជា​ដំណឹង​គួរ​ឱ្យ​ស្វាគមន៍‍»។

លោក​បាន​បន្ថែម​ថា៖

«ទណ្ឌកម្ម​នេះ​បញ្ជូន​សារ​ដល់​លោក​ ហ៊ុន សែន​ និង​សមាជិក​នៃ​របប​របស់​គាត់​ថា ​ដរាប​ណា​ពួកគេ​បន្ត​រំលោភ​សិទ្ធិ​ពលរដ្ឋ​កម្ពុជា​ និង​ដរាប​ណា​ពួកគេ​នៅបន្ត​ក្បត់​ពាក្យ​សន្យា​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ថា​រៀបចំ​ការបោះឆ្នោត​ដោយសេរី​និង​ត្រឹមត្រូវ​នៅឆ្នាំ​នេះ​ គឺ​សហរដ្ឋ​អាមេរិក​នឹង​ចាត់​វិធានការ​ហើយ‍»។​

បញ្ជា​ការដ្ឋាន​អង្គរក្ស​របស់លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ជាច្រើន​លើ​ពលរដ្ឋ​កម្ពុជា​ដែល​គ្មាន​អាវុធ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំមក​នេះ​ ក្នុងនោះ​មាន​ការ​វាយ​ប្រហារ​កាលពីឆ្នាំ​២០១៣​ នៅ​ក្បែរវត្តភ្នំ​ និង​ឆ្នាំ​២០១៥​នៅ​មុខ​រដ្ឋ​សភាជាតិ​កម្ពុជា។ នេះ​បើតាម​ការ​រៀបរាប់​របស់​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក។

កាលពីឆ្នាំ​២០១៥​ មាន​អង្គរក្ស​បីនាក់​របស់​បញ្ជាការដ្ឋានអង្គរក្ស​លោក​ ហ៊ុន សែន ​បាន​សារភាព​ថា​ពួកគេ​បាន​វាយ​តប់ទាត់ធាក់​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពីរនាក់​ គឺ​លោក គង់ សភា​ និង​លោក​ ញ៉យ ចំរើន​ ឱ្យ​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ ​ប៉ុន្តែ​ពួកគេ​ជាប់​ពន្ធនាគារ​តែ​រយៈពេល​ខ្លី​ហើយ​ថែម​ទាំង​ទទួល​បាន​ការដំឡើង​ឋាន្តរស័ក្តិ​ បន្ទាប់ពី​ចេញ​ពី​ពន្ធនាគារ។

លោក ថិត យូហូ ​សមាជិកសភា​នៃ​គណបក្ស​សាធារណរដ្ឋ​ប្រចាំរដ្ឋ​ផ្លរីដា ដែល​ជា​អ្នកស្នើ​សេចក្តី​ព្រាងច្បាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ​២០១៨​ (Cambodia Democracy Act of 2018) ​បាន​បញ្ជាក់​ថា ​ផ្នែក​មួយ​នៃ​ការ​ដាក់​ទណ្ឌកម្ម​នេះ គឺជា​កិច្ច​ការ​ដែល​ក្រុម​អ្នក​តំណាង​រាស្ត្របាន​ស្នើ​ក្នុង​ពេល​កន្លង​មក។ លោក​បាន​បន្ថែម​ថា​ នឹង​មាន​មន្ត្រី​នៃ​រដ្ឋាភិបាល​លោក ​ហ៊ុន សែន ​ជាច្រើន​នាក់​ទៀត​នឹង​ទទួល​ទណ្ឌកម្ម។

«យើង​សង្ឃឹម​ថា​ នឹង​មាន​ការ​បន្ត​ដាក់​ជន​ទាំងនេះ​ច្រើន​ទៀត​ នៅពេល​ដែល​យើង​ចងក្រង​ឯកសារ​ពី​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ខុសឆ្គង។ នៅ​ពេល​ណា​ដែល​ពួកគេ​ទទួល​ទណ្ឌកម្ម​ ប្រទេស​នានាត្រូវ​សម្រេច​ថា​តើ​នឹង​ត្រូវ​ធ្វើ​ការ​រកស៊ី​ជាមួយ​មនុស្ស​នោះ​ទៀត​ ឬ​យ៉ាងណា ​ឬ​អនុញ្ញាត​ឱ្យ​មនុស្ស​នោះ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​របស់​ពួកគេ​ ឬ​ក៏​គេ​នឹង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​នឹង​ប្រទេស​របស់​យើង​ដែល​គោរពនីតិរដ្ឋ‍»។​

រូបឯកសារ៖ លោក អេដ រ៉យ ​ប្រធាន​គណៈកម្មាធិការ​កិច្ច​ការ​បរទេស​នៃ​សភា​ជាតិ មានវត្តមាននៅក្នុងសវនាការស្តីអំពីសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨។
រូបឯកសារ៖ លោក អេដ រ៉យ ​ប្រធាន​គណៈកម្មាធិការ​កិច្ច​ការ​បរទេស​នៃ​សភា​ជាតិ មានវត្តមាននៅក្នុងសវនាការស្តីអំពីសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨។

លោក អេដ រ៉យ ​ប្រធាន​គណៈកម្មាធិការ​កិច្ច​ការ​បរទេស​នៃ​សភា​ជាតិ​ថា ​ការ​វាយ​ធ្វើបាន​មន្ត្រី​បក្ស​ប្រឆាំង​ គឺជា​ការ​មិន​អាច​អត់​ឱន​ឱ្យ​បាន​ទេ៖

«សិទ្ធិ​មនុស្ស​សំខាន់​ណាស់​ ហើយ​កា​រវាយប្រហារ​លើ​រាងកាយ​ក្រុម​គណបក្ស​ប្រឆាំង​តាម​បែប​ហិង្សា​ដូច​ដែល​យើង​បាន​ឃើញ ​គឺ​មិន​អាច​ទទួល​យក​បាន​ទេ ​ទោះ​ក្នុង​សង្គម​ណា​ក៏ដោយ។ យើង​ចង់​ឃើញ​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា‍»។​

អាជ្ញាធរ​កម្ពុជា​បាន​ចាប់​លោក ​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ពន្ធនាគារ​តាំងពី​ដើម​ខែកញ្ញា ហើយ​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ចុង​ឆ្នាំ​២០១៧ ​ពី​បទ​ឃុបឃិត​នឹង​បរទេស​ដើម្បី​ផ្តួលរំលំ​គណបក្ស​កាន់​អំណាច។ មាន​មន្ត្រី​គណបក្ស​ចំនួន​១១៨​នាក់​ត្រូវ​បាន​ឃាមឃាត់​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ។

ការិយាល័យ​អ្នកនាំពាក្យ​របស់​លោក ថិត គ្រូស ​សមាជិកព្រឹទ្ធសភា​ប្រចាំរដ្ឋ​តិចសាស​ ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ​ចង់​ឃើញ​ទណ្ឌកម្ម​ឱ្យ​បាន​ច្រើន​ថែម​ទៀត​លើ​មន្ត្រី​របស់​រដ្ឋាភិបាល​កម្ពុជា។

លោក​ស្រី Maria Jeffrey ​បាន​បញ្ជាក់​ប្រាប់វីអូអេ​តាម​សារអេឡិកត្រូនិក​ថា៖

«រដ្ឋ​សភា​និង​រដ្ឋបាល​លោក​ត្រាំ​ បាន​ចាត់​វិធានការជា​ជំហានៗ​ដាក់​ពិន័យ​លើ​របបផ្តាច់​ការ​របស់​លោក​ហ៊ុន សែន ​ប៉ុន្តែ​វិធានការ​ទាំងនេះ​នៅ​មិន​ទាន់​គ្រប់​គ្រាន់នៅ​ឡើយ​ទេ។ លោក ​ថិត គ្រូស ​បាន​ព្រមាន​កាលពីឆ្នាំមុន​ហើយ​ថា ​សហរដ្ឋ​អាមេរិក​ត្រូវ​តែ​វាយតម្លៃ​ឡើង​វិញ​នូវ​គោល​នយោបាយ​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​នឹង​ប្រទេស​កម្ពុជា​ ប្រសិន​បើ​លោក ​ហ៊ុន សែន​ នៅ​បន្ត​រំលាយ​លទ្ធិ​ប្រជាធិបតេយ្យ​ទៀត‍។ ទណ្ឌកម្ម​របស់​ក្រសួង​រតនាគារ​គឺ​គ្រាន់តែ​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ​ រហូត​ទាល់តែ​សេរីភាព​ត្រូវ​បាន​ស្តារឡើង​វិញ​នៅកម្ពុជា​គឺ​នេះ​គ្រាន់តែ​ជា​ការ​ចាប់​ផ្តើមប៉ុណ្ណោះ‍»។

នេះ​ជា​ការប្រើប្រាស់​ច្បាប់​ថ្មី​ Global Magnitsky ​ដាក់​ទណ្ឌកម្ម​មន្ត្រីកម្ពុជា​ដំបូង​បន្ទាប់ពី​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ចុះហត្ថលេខា​បន្ថែម​លើ​ផ្នែក​នៃ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​នេះ​នៅថ្ងៃ​ទី​២០ ខែ​ធ្នូ​ ឆ្នាំ​២០១៧។

លោក​ គង់ សភា​ អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ ​ដែល​រង​ការ​វាយដំ​ពី​ក្រុម​អង្គរក្ស​លោក ហ៊ុន សែន​ បាន​បញ្ជាក់​ប្រាប់វីអូអេ​ថា លោក​សាទរ​នឹង​ការ​សម្រេច​របស់​ក្រសួង​រតនាគារ៖

«នេះ​ជា​វិធានការ​ដំបូង​ដែល​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ទៅលើ​មេដឹកនាំ​យោធា​របស់​ជន​ផ្តាច់ការ​នៅ​កម្ពុជា​ ហើយ​ដែល​បាន​គ្រប់គ្រង​ចាត់ចែង​សម្លាប់​ផង វាយ​អ្នក​តំណាងរាស្រ្ត​ផង​បោក​គ្រាប់បែក​ផង​ គឺ​ថា​គេ​មាន​ភស្តុតាង​ច្បាស់​ណាស់​បាន​គេ​ឈាន​ទៅរក​ការដាក់​ទណ្ឌកម្ម​ ហើយ​ខ្ញុំ​សង្ឃឹម​ថា​សហរដ្ឋ​អាមេរិក​បន្ត​ការ​ដាក់​ទណ្ឌកម្ម​ទៅលើ​អ្នក​បញ្ជា​ថែម​ទៀត។ គេ​នឹង​ស្រាវ​ជ្រាវ។ ខ្ញុំ​សាទរ​នឹង​សេចក្តី​សម្រេច​នេះ‍»។​

ប៉ុន្តែ​លោក ហ៊ីង ប៊ុនហៀង​ បាន​សម្តែង​ជំហរ​ត្រៀមខ្លួន​«វាយ​បក​លើ​ជនអាមេរិកាំង​ណា‍»​ដែល​លោក​ចាត់​ទុក​ថា​ មិន​គោរព​តាម​អធិបតេយ្យ​ភាព​របស់​កម្ពុជា​ ហើយ​ថា​លោក​មិន​មាន​ទ្រព្យ​សម្បត្តិ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​ក៏​មិន​ចង់​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​ដែរ។ នេះ​បើ​យោង​តាម​លិខិត​ចំហរ​របស់​លោក​ ដែល​វីអូអេ​ទទួលបាន​កាលពី​ថ្ងៃព្រហស្បតិ៍៕

XS
SM
MD
LG