ចោរប្លន់យន្តហោះលីប៊ីពីរនាក់បានចូលប្រគល់ខ្លួនឲ្យប៉ូលិសកាលពីថ្ងៃសុក្របន្ទាប់ពីយន្តហោះបានចុះនៅលើកោះម៉ាល់ត៍ ហើយបានដោះលែងចំណាប់ខ្មាំងទាំងអស់នៅលើយន្តហោះនោះ នេះតាមការបញ្ជាក់របស់លោក Joseph Muscat នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាល់ត៍។
នៅក្នុងសារតាមប្រព័ន្ធTwitter ជាបន្តបន្ទាប់ នាយករដ្ឋមន្រ្តី Muscat បាននិយាយថាចោរប្លន់យន្តហោះបានដោះលែងអាកាសយានិកដែលនៅសេសសល់មុនពេលត្រូវពួកចោរទាំងនោះត្រូវបានចាប់ខ្លួននិងឃុំឃាំង។
កាលពីពេលកន្លងទៅ ចោរប្លន់យន្តហោះបានគំរាមកំហែងបំផ្ទុះយន្តហោះដោយគ្រាប់បែកដៃ។ លោកនាយករដ្ឋមន្រ្តី Muscat និយាយបន្តទៀតថា ប៉ូលិសបានរកឃើញគ្រាប់បែកដៃមួយគ្រាប់និងកាំភ្លើងខ្លីមួយដើមនៅនឹងខ្លួនរបស់ចោរប្លន់យន្តហោះនៅពេលដែលពួកគេត្រូវបានចាប់ខ្លួន ហើយការឆែកឆេរបន្ថែមទៀតនៅលើយន្តហោះបានរកឃើញកាំភ្លើងខ្លីមួយដើមទៀត។
លោកបាននិយាយទៀតថា៖ «អាកាសយានិកនិងអ្នកដំណើរផ្សេងទៀតក៏បានត្រូវសួរចម្លើយដើម្បីពិនិត្យបន្ថែម។ នៅពេលដែលដំណើរការសួរចម្លើយចប់ក្នុងរយៈពេល៣-៤ម៉ោង ការរៀបចំបានត្រូវធ្វើឡើងដើម្បីបញ្ជូនអ្នកដំណើរនិងអាកាសយានិកត្រឡប់ទៅកាន់ប្រទេសលីប៊ីវិញ តាមយន្តហោះមួយគ្រឿងទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ Afriqiyah Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍កាន់កាប់ដោយរដ្ឋនៅក្នុងប្រទេសលីប៊ី។
លោកនាយករដ្ឋមន្រ្តីក៏បាននិយាយដែរថា ពួកអាជ្ញាធរម៉ាល់ត៍បានបញ្ជាក់ប្រាប់ពួកចោរប្លន់យន្តហោះយ៉ាងច្បាស់ថា ពួកអាជ្ញាធរគ្មានបំណងធ្វើការចរចាទេ ប្រសិនបើ ចោរប្លន់ទាំងពីរនាក់នេះមិនចុះចូលទេនោះ។
ចោរប្លន់យន្តហោះបានដោះលែងអ្នកដំណើរ១០៩នាក់ក្នុងចំណោមអ្នកដំណើរ១១៨នាក់នៅលើយន្តហោះភ្លាមៗបន្ទាប់ពីយន្តហោះចុះចតហើយក្រុមជួយសង្គ្រោះបន្ទាន់បានត្រូវដាក់ពង្រាយនៅចំណតយន្តហោះ។ បន្តិចក្រោយមក អ្ននៅសេសសល់លើយន្តហោះត្រូវបានដោះលែងទាំងអស់ ខណៈពេលដែលអាជ្ញាធរចាប់ខ្លួនចោរទាំងពីរនាក់ភ្លាមៗនៅនឹងយន្តហោះនោះ៕