ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជនជាតិ​​លីប៊ី​កាន់​សាសនា​ឥស្លាម​កាន់​តែ​ថ្កោល​ទោស​លើ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​សហ​រដ្ឋ​អាមេរិក


យោធា​នៃ​កងកម្លាំង​លីប៊ី​ចង​សម្ព័ន្ធ​ជាមួយ​នឹង​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​បាន​បង្ហោះ​កាំជ្រួច​នៅ​ក្នុង​រដ្ឋឥស្លាម​ Sirte ប្រទេស​លីប៊ីកាល​ពី​ថ្ងៃទី ០៤ សីហា ២០១៦។

ជន​ជាតិ​លីប៊ី​កាន់​សាសនា​ឥស្លាម​ ប្រឆាំង​នឹង​រដ្ឋាភិបាល​ឯកភាព​ជាតិ​ ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជា​ជាតិ​ និង​ដែល​កំពុង​ជួប​ការ​លំបាក​នោះ​ បាន​ថ្កោល​ទោស​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​សហ​រដ្ឋ​អា​មេរិក​ សំដៅ​លើ​យុទ្ធជន​នៃ​រដ្ឋ​ឥស្លាម​ដែល​កំពុង​លាក់​ខ្លួន​តាម​តំបន់​ឆ្នេរ​សមុទ្រ​នៃ​ក្នុង​ទី​ក្រុង​ Sirte។

ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​ដែល​មាន​ឥទ្ធិពល​ បាន​និយាយ​ថា​ ការ​វាយ​ប្រហារ​តាម​អាកាស​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​១​ ខែ​សីហា​ គឺ​ជា​«អំពើ​ខុស​ច្បាប់»​ ទោះ​បី​ការ​ពិត​ ការ​វាយ​ប្រហារ​ទាំង​នោះ​ ត្រូវ​បាន​ស្នើ​ដោយ​លោក ​ Fayez al-Sarraj ជា​នាយក​រដ្ឋ​មន្រ្តី​ប្រទេស​លីប៊ី​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អន្តរជាតិ​ក៏​ដោយ។​

លោក Sadek Al-Ghariani ជា​អ្នក​ជំនាញសាសនា​ឥស្លាម​ដ៏សំខាន់​ក្នុង​ប្រទេស​លីប៊ី និង​ជាអ្នក​ជួយគាំទ្រ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៃ​កិច្ចព្រម​ព្រៀង​ជាតិ (GNA) ក្នុង​រដ្ឋ​ធានី​ទ្រីប៉ូលី​ (Tripoli) កាល​ពី​ចុង​ខែ​កក្កដា​ ដែល​ព្រឹត្តិការណ៍​នេះ​កើត​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ប្រទេស​បារាំង​ទទួល​ស្គាល់​ថា​ខ្លួន​មាន​កង​កុម្ម៉ង់​ដូ​ពិសេស​ក្នុង​ប្រទេស​លីប៊ី​ ក្នុង​ការ​ជួយ​ប្រយុទ្ធ​នឹង​ក្រុម​រដ្ឋ​ឥស្លាម​។ កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា​ លោក​បាន​ប្រកាស​ថ្កោល​ទោសការ​វាយ​ប្រហារ​តាម​អាកាស​របស់​សហ​រដ្ឋ​អាមេរិក​ ថា​ជា​អំពើ​មិន​អាច​ទទួល​យក​បាន។

ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ក្នុងប្រទេស​លីប៊ី លោក​ទំនង​ដូចជា​ភ្ជាប់ខ្លួន​និង​ជួយការពារ​យុទ្ធជន​រដ្ឋ​ឥស្លាម​ ដោយ​បាន​ប្រកែក​ថា​ការវាយ​ប្រហារ​តាមអាកាស​ពេលនេះ​មិន​ដូច​ក្នុង​ឆ្នាំ​២០១១ដែល​មាន​ជំនួយ​ពី​លោក​ខាងលិច​ក្នុង​ការ​ទម្លាក់​បុរស​ខ្លាំង​ Moammar Gadhafiចេញ​ពី​អំណាច​នោះ​ឡើយ លោក​បាន​បញ្ជាក់​ថា ​ការ​ទម្លាក់​គ្រាប់​បែកពី​អាកាស​ពី​លោក​ខាងលិច​លើក​នេះ​ គឺ​សំដៅ​លើ​អ្នក​កាន់​សាសនា​ឥស្លាម​ដែល​គោរព​តាម​ការ​បំភ្លឺ​ផ្លូវ​នៃ​ស៊ូណាស់​(Sunna) របស់​ព្យាការី​វិញទេ។​

លោក Sadek Al-Ghariani បាន​និយាយ​ថា​ ជម្លោះ​នៅ​ក្នុង​ប្រទេស​លីប៊ី​ឥឡូវ​នេះ​ គឺ​ជា​ជម្លោះ​រវាង​ប្រជា​ជន​ក្នុង​ស្រុក​ដែល​សុទ្ធ​តែ​កាន់​សាសនា​ឥស្លាម។ លោក​ខាង​លិច​មិន​គួរ​លូក​ដៃរ​នោះ​ទេ។ កាល​ពី​ថ្ងៃទី​៤ ខែ​សីហា កង​ជីវពល RADA ​នៃ​ទីក្រុង​ទី្រប៉ូលី ​ដែល​ស្មោះ​ស្ម័គ្រ​នឹង GNA បាន​អះអាង និង​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ថ្លែង​របស់​ Al-Ghariani ថា​មាន​ចំណង​ទាក់​ទង​រវាង​អ្នក​កាន់​សាសនា​ឥស្លាម​ជ្រុល​និយម​និង​ក្រុម​តស៊ូ​ជីហា។

ការបែក​បាក់​កាន់​តែ​ខ្លាំង​

ការ​លូក​ដៃ​របស់​អ្នក​ជំនាញ​សាសនា​ឥស្លាម​នេះ​ បាន​បង្ហាញ​ពី​ជម្លោះ​ដែល​កាន់​រីក​ដុះ​ដាល​រវាង​សម្ព័ន្ធភាព​អ្នក​កាន់​សាសនា​ឥស្លាម​ជ្រុល​និយម​ដែល​ស្មោះ​ស្ម័គ្រ​នឹង​គូ​ប្រជែង​របស់​រដ្ឋាភិបាល​GNA​ ​គឺក្រុមរដ្ឋាភិបាល​សង្រ្គោះ​ជាតិ​ដែល​មាន​មូល​ដ្ឋាន​ក្នុង​ទីក្រុង​ទ្រី​ប៉ូលី​ដែរ​នោះ​ ជាមួយ​នឹង​ក្រុម​ចម្រុះ​តូច​មួយ​នៃ​ក្រុម​យោធា​ដែល​គាំទ្រ​រដ្ឋាភិបាល​ GNA។ ​ថ្មី​ៗ​នេះ​ មន្រ្តី​ការ​ទូត​របស់​លោក​ខាង​លិច​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​លើ​ការណ៍​ដែល​អ្នក​ជំនាញ​សាសនា​ឥស្លាម​ និង​សម្ព័ន្ធ​មិត្ត​របស់​លោក​ប្រហែល​ជាអាច​អំពាវនាវ​ឲ្យ​មាន​ការ​បង្កើត​ឧត្តម​ក្រុម​ប្រឹក្សា​បដិវត្តន៏​មួយ​ ដើម្បី​ជំនួស​រដ្ឋាភិបាល GNA​បច្ចុប្បន្ន​ ទោះបី​ជា​រហូត​មក​ដល់​ពេល​នេះ​ ពួក​គេ​មិន​ទាន់​បាន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ឯកភាព​ដោយ​ប្រើ​យោធា​នោះ​ក៏​ដោយ។​

ជម្លោះ​រវាង​អ្នក​កាន់​សាសនា​ឥស្លាម​ជ្រុល​និយម​ក្នុង​រដ្ឋធានី​ប្រទេស​លីប៊ី​ និង​រដ្ឋាភិបាល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជា​ជាតិ​ កំពុង​បន្ថែម​បញ្ហា​ពី​លើ​ជម្លោះ​ដ៏​ល្វីង​ជូរ​ចត់​ដែល​មាន​ស្រាប់​ដោយ​ធ្វើ​ឲ្យ​ក្រុម​តំបន់​ ក្រុម​ទីក្រុង​ និង​កុលសម្ព័ន្ធ​ប្រឆាំង​គ្នា​ទៅ​វិញ​ទៅ​មក​របស់​ការ​បែក​បាក់​ដ៏​ស្មុគ​ស្មាញ​ និង​ជម្លោះ​នានា​បាន​កើតឡើង​បន្ទាប់​ពី​លោក​ Gadhafiត្រូវ​បាន​គេ​ទម្លាក់។ សម្ព័ន្ធមិត្ត​ទាំងនោះ​ មាន​លក្ខណៈ​មិន​ទៀត​ទាត់​ និង​មិនអាចលាក់កំបាំង​បាន​ ដោយសារ​សត្រូវ​អាច​ស្ទាបស្ទង់​ម្តងហើយ​ម្តងទៀត​នូវ​ភាព​ស្មោះ​ស្ម័គ្រ​របស់​ពួក​គេ​ដែល​គិតតែ​ផល​ប្រយោជន៍រយៈ​ពេល​ខ្លី​ ការណ៍​នេះហើយ​ធ្វើឲ្យ​សត្រូវ​ពួកគេ​អាច​ប៉ាន់ស្មាន​បាន​ និងគ្មាន​បារម្ភ​អ្វី​ឡើយ។​

អ្នក​វិភាគ​មួយ​ចំនួន​ព្រួយ​បារម្ភ​ថា​ការ​កែប្រែ​ដ៏​ធំ​នៃ​ការចូល​រួមផ្នែក​ទ័ព​របស់​ប្រទេស​លោក​ខាង​លិច​នា​ពេល​ថ្មីៗ​នេះ​ ដែល​ប្រឆាំង​នឹង​រដ្ឋ​ឥស្លាម​ក្នុង​ប្រទេស​លីប៊ី​ កំពុងតែ​បន្ថែម​ភាព​ចលាចលក្នុង​ប្រទេស​ដែល​ត្រូវ​បែក​ខ្ញែក​ដោយ​ជម្លោះ​នេះ​បន្ថែម​ទៀត​ ពីព្រោះ​ថា​សហ​រដ្ឋ​អាមេរិក អង់គ្លេស​ បារាំង​និង​អ៊ីតាលី​ កំពុង​ជួយ​ប្រឆាំង​នឹង​សម័្ពន្ធ​មិត្ត​នានា​តាម​នយោបាយ​រៀងៗខ្លួន។

លោក​ Jason Pack នៃ​ក្រុម​ប្រឹក្សា​យោបល់ ​វិភាគ​លីប៊ី ​(Libya Analysis) និយាយ​ថា៖ «អ្វី​ដែល​ស្មុគស្មាញ​នោះ​ គឺ​សហ​រដ្ឋ​អាមេរិក​កំពុង​ជួយ​កង​កម្លាំង​ផ្សេង​ពី​សម្ព័ន្ធ​មិត្ត​អ៊ីតាលី​ និង​បារាំង។»​

ករណី​សហ​រដ្ឋ​អាមរិក​ ការ​វាយ​ប្រហារ​តាម​អាកាស​ដែល​សំដៅ​លើ​ក្រុម​រដ្ឋ​ឥស្លាម​ជ្រុល​និយម​ក្នុង​ ទីក្រុង Sirte កាល​ពី​សប្តាហ៍​មុន​នេះ បាន​គាំទ្រ​ពួក​ទាហានមក​ពី​ទីក្រុង​ Misrata ភាគ​ខាង​លិច​ប្រទេស​លីប៊ី​ដែល​បច្ចប្បន្ន​ស្មោះ​ស្ម័គ្រ​នឹង​ GNA។ កង​កុម្មង់​ដូ​របស់​អង់គ្លេស​ ក៏​បាន​ផ្តល់​ជំនួយ​ដល់​ក្រុម​យោធា Misratan ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​ដែរ។​

ប៉ុន្តែ​ ប្រទេស​បារាំង​ និង​ប្រទេស​អ៊ីតាលី​ ក៏​ដូច​ជា​ប្រទេស​អេហ្ស៊ីប​ បាន​សហការ​ជាមួយ​នឹង​កង​កម្លាំង​របស់​លោក​ឧត្តម​សេនីយ៍​ Khalifa Haftar មេ​បញ្ជាការ​យោធា​នៃ​រដ្ឋាភិបាល​មួយ​នៅ​ភាគ​ខាង​កើត​ ជា​រដ្ឋាភិបាល​មួយ​ក្នុង​ចំណោម​រដ្ឋាភិបាល​ពីរ​ដែល​ប្រជែង​គ្នា​ដើម្បី​ជំនួស GNA ក្នុង​ខែ​ធ្នូ​។

​រដ្ឋាភិបាល​ភាគ​ខាង​កើត​ដែលមាន​មូលដ្ឋាន​នៅតំបន់​សេសសល់​របស់​អតីត​តំណាងរាស្ត្រ​ម្នាក់ ​(សភា)​ មក​ទល់​ពេល​នេះ​បាន​បដិសេធទទួល​ស្គាល់​រដ្ឋាភិបាល​ GNA ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជា​ជាតិ។​

ការ​ខ្វះ​ខាត​ផ្នែក​សម្របសម្រួល

កាល​ពី​ខែ​កក្កដា មន្រ្តី​នៃ​រដ្ឋាភិបាល​ GNA​ បាន​ទទូច​ថា​ប្រទេស​បារាំង​មិន​បាន​សម្រប​សម្រួល​កងកុម្ម៉ង់​ដូ​នៅ​ភាគ​ខាង​កើត​ប្រទេស​លីប៊ី​។​ បាតុកម្ម​ប្រឆាំង​នឹង​លោក​ខាង​លិច​ដែល​គាំទ្រ​ដោយ​អ្នក​ជំនាញ​សាសនា​ឥស្លាម​ និង​សម្ព័ន្ធ​មិត្ត​របស់​លោក​ បាន​ចេញ​ដី​កា​តវ៉ា​ការ​ទូត​មួយ​ ដោយ​ស្នើ​សុំ​ជួប​ប្រជុំ​ជាមួយ​នឹង​ឯក​អគ្គ​រដ្ឋ​ទូត​បារាំង។

ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុម​រដ្ឋឥស្លាម​របស់​លោក​ខាង​លិច​ក្នុង​ប្រទេស​លីប៊ី​ មុន​នឹង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​សហ​រដ្ឋ​អាមេរិក​នោះ​ បាន​ក្លាយ​ជា​ការ​ទម្លាយ​ការ​សម្ងាត់រាប់​ខែ​មក​ហើយ និង​ត្រូវ​បាន​រាយការណ៏​ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​។ យោធា​របស់ Misrata បាន​បរិយាយ​ជា​សាធារណៈ​ អំពី​ការ​ស៊ើប​ការ​សម្ងាត់​ ជំនួយ​គ្រឿង​ភស្តុភារ​ និង​សូម្បីតែ​ជំនួយ​ក្នុង​ការ​ប្រយុទ្ធ​ដែល​ពួកគេ​ទទួល​បាន​ពី​កង​កម្លាំង​ពិសេស​របស់​អង់គ្លេស​ ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ទីក្រុង​ Sirte ប្រឆាំង​នឹង​ក្រុម​ជីហាដ។

​រដ្ឋាភិបាល​អង់គ្លេស​ និង​សហ​រដ្ឋ​អាមេរិក​បាន​ផ្តល់​ព័ត៌មាន​តិច​តួច​ជា​សាធារណៈ​ពាក់​ព័ន្ធ​នឹង​តួ​លេខ​និង​បេសកម្ម​របស់​កង​កម្លាំង​ដី​គោក​ដែល​ពួក​គេ​ដាក់​នៅ​ក្នុង​ប្រទេស​លី​ប៊ី។​ កាល​ពី​ខែ​ឧសភា មាន​របាយការណ៍​ពី​កង​កុម្ម៉ង់​ដូ​របស់​អង់គ្លេស​មួយ​ដែល​ទប់​ស្កាត់​ការ​ព្យាយាម​សម្លាប់​ខ្លួន​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្បែរ​ទី​ក្រុង Misrata ប៉ុន្តែ​ លោក Michael Fallon ​រដ្ឋ​លេខា​ធិការ​ការ​ពារ​ជាតិ​របស់អង់គ្លេស​ បាន​ប្រាប់​សមាជិក​សភា​របស់​អង់គ្លេស​ថា​រដ្ឋាភិបាល​មិន​បាន​ចូល​រួម​ ឬ​សូម្បី​តែ​គ្រោង​នឹង​ប្រយុទ្ធ​ក្នុង​ប្រទេស​លីប៊ី។​

បើជា​ជាយ៉ាងនេះ​ក៏ដោយ​ ​មន្រ្តី​លោក​ខាង​លិច​ដែល​និយាយ​ជា​លក្ខណៈ​បុគ្គល យល់​ឃើញ​ថាអាទិភាព​សម្រាប់​ពូក​គេ​ គឺ​ត្រូវ​តែ​ប្រយុទ្ធ​ជាមួយ​នឹង​ក្រុម​រដ្ឋ​ឥស្លាម​ ហើយ​ពួកគេ​ត្រូវ​តែ​សហការ​ជា​មួយ​នឹង​ទាំង​រដ្ឋាភិបាល​ GNA និង​លោក​ឧត្តមសេនីយ៍​ General Haftar ទោះបី​ជា​ពួកគេ​ជា​គូ​ប្រជែង​គ្នា​ក៏​ដោយ។​

​លោក​ Olivier Guitta ដែល​ជា​អ្នក​ប្រឹក្សា​យោបល់​ជនជាតិ​អង់គ្លេស​ផ្នែក​សន្តិសុខ​ និង​ហានិភ័យ​ភូមិសាស្រ្ត​នយោបាយ​ ​សំដែង​នូវ​ការ​បារម្ភ​ថា​លោក​ខាងលិច​មិន​មាន​ផែន​ការ​រយៈ​ពេល​វែង​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​លី​ប៊ី​មាន​ស្ថិរភាព​នោះ​ ការណ៍​នេះ​គឺជា​គ្រោះ​ថ្នាក់​នៃ​វិធានការ​មួយដែល​ខ្វះ​យុទ្ធសាស្រ្ត​ច្បាស់​លាស់។​ លោក​បាន​និយាយ​ថា៖ «សហ​រដ្ឋ​អាមេរិក​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពី​ផល​ប៉ះ​ពាល់​ដោយ​អចេតនា​កើត​ចេញ​ពី​ចំបាំង​យោធា​ថ្មី​មួយ​ក្នុង​ប្រទេស​លីប៊ី»។​

លោក​ Guitta បាន​បញ្ជាក់​ថា​ការ​ជាប់​គាំង​ផ្នែក​នយោបាយ​នៅ​ក្នុង​ប្រទេស​លីប៊ី​ គឺ​ជា​អ្វី​ដែល​ក្រុម​រដ្ឋ​ឥស្លាម​ស្ទាត់​ជំនាញ​ក្នុង​ការ​កេង​ប្រវ័ញ្ច និង​ទាញ​យក​ផល​ប្រយោជន៏​ ទោះបី​ជា​អ្នក​ប្រយុទ្ធ​របស់ក្រុម​ភេរវកម្ម​នេះ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ទីក្រុង​ Sirte ក៏​ដោយ។

មុន​ការ​វាយប្រហារ​តាម​អាកាស​នៅ​ដើម​ខែ​សី​ហា សមាជិក​សភា​អាមេរិក​ក៏​បាន​ចោទសួរ​ថា​តើ​មាន​យុទ្ធសាស្រ្ត​ចម្បង​ដែល​មិន​មែន​គ្រាន់តែ​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​នោះ​ទេ​ គឺថែម​ទាំង​ដើម្បី​ផ្សា​ភ្ជាប់​ប្រទេស​នេះ​ឲ្យ​រួមរួប​គ្នា​ជាថ្មី​ឡើង​វិញ​ដែរ​ឬទេ។

នៅ​ក្នុង​សវនការ​មួយ​ កាល​ពី​ថ្ងៃទី​២១ ខែ​មិថុនា សមាជិក​ព្រឹទ្ធសភា​លោក John McCain ប្រធាន​នៃ​គណៈកម្មការ​កង​មួយនៃ​ព្រឹទ្ធ​សភា បាន​ចោទ​សួរ​ថា​តើ​រដ្ឋបាល​របស់​លោក​ Obamaមាន «យុទ្ធ​សាស្រ្ត​សម្រាប់​ប្រទេស​លី​ប៊ី​ឬ​ទេ ឬ​ក៏​យើង​គ្រាន់​តែ​ចាត់ការ​តាម​ដំណើរ​បែប​នេះឬ»។​ លោក​ឧត្តម​សេនីយ​ឯក​ជើង​ទឹក​ Thomas Waldhauser ដែល​ត្រូវ​លោក​ McCain ​ចោទ​សួរ​ និងជា​មេ​បញ្ជាការ​របស់​កង​កម្លាំង​សហរដ្ឋ​អាមេរិក​នៅ​អាហ្រ្វិក បាន​ទទួល​ស្គាល់​ថា​លោក​មិន​ដឹង​ថា​មាន​យុទ្ធសាស្រ្ត​ណា​មួយ​ឡើយ។​ លោក​និយាយ​ថា «មក​ដល់​ចំណុច​នេះ​ ខ្ញុំ​មិន​ដឹង​ថា​មាន​យុទ្ធសាស្រ្ត​ចម្បង​ណា​នោះ​ទេ»។

ប្រែ​សម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG