យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ចេញពីទីក្រុង ឌុយបៃ (Dubai) បានធ្លាក់ ខណៈយន្តហោះ បានព្យាយាមចុះថតនៅទីក្រុង Rostov-on-Don ប៉ែកខាងត្បូងប្រទេសរុស្សី ដោយសម្លាប់មនុស្សទាំងអស់៦២នាក់នៅលើយន្តហោះនោះ។
ក្រុមមន្ត្រីនិយាយថា យន្តហោះBoeing 737 ដែលធ្លាក់នោះ គឺជារបស់ក្រុមហ៊ុនFlyDubai ដោយមានជើងហោះហើរលេខ FZ981។ អ្នកដំណើរទាំងអស់៥៥នាក់ និងបុគ្គលិកបម្រើការលើយន្តហោះ ៧នាក់ទៀត ស្ថិតនៅលើយន្តហោះនោះ។
គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្សី និយាយថា បញ្ហាបច្ចេកទេស និងអាកាសធាតុអាក្រក់ ព្រមទាំងកំហុសរបស់មនុស្សផង បានរួមចំណែកធ្វើឲ្យយន្តហោះនេះធ្លាក់។
ទីភ្នាក់ងារព័ត៌មានRIA Novosti របស់រុស្សី បានរាយការណ៍ថា បុគ្គលិកសង្គ្រោះបន្ទាន់ បានរកឃើញប្រអប់ថតសំឡេងមួយក្នុងចំណោមឧបករណ៍ថតសំឡេងទាំងពីររបស់យន្តហោះនេះ ហើយពួកគេ កំពុងស្វែងរកប្រអប់ថតសំឡេងទីពីរទៀត។ ឧបករណ៍ថតសំឡេងទាំងពីរនេះ អាចជួយប្រាប់ឲ្យដឹងថាតើ មានអ្វីបានកើតឡើង នៅខណៈពេលមុនយន្តហោះនេះធ្លាក់។
នាយករដ្ឋមន្ត្រីរុស្សី លោកVladimir Putin មានប្រសាសន៍ថា ការផ្ដល់ជំនួយដល់សាច់ញាតិជនរងគ្រោះ គឺជា «អាទិភាព» នេះពេលនេះ។ នេះបើយោងតាមអ្នកនាំពាក្យម្នាក់របស់វិមានគ្រឹមឡាំង។
ក្រុមហ៊ុនអាកាសចរណ៍ FlyDubai ដែលមានមូលដ្ឋាននៅទីក្រុង ឌុយបៃ និងក្រុមហ៊ុនផលិតយន្តហោះBoeing សុទ្ធតែបានសម្ដែងមរណទុក្ខ ចំពោះក្រុមគ្រួសារជនរងគ្រោះ។ ក្រុមហ៊ុនFlyDubai និយាយថា អ្នកដំណើរទាំងអស់ រួមមានស្ត្រី ៣៣នាក់ បុរស១៨នាក់ និងកុមារ៤នាក់។
ការិយាល័យផ្សព្វផ្សាយរបស់ក្រុងឌុយបៃបានឲ្យដឹងថា ជនរងគ្រោះទាំងអស់ រួមមាន ជនជាតិរុស្សី ៤៤នាក់ ជនជាតិអ៊ុយក្រែន ៨នាក់ ឥណ្ឌា ២នាក់ និងម្នាក់ទៀត មកពី អ៊ូបេគីស្ថាន។ ប៉ុន្តែរបាយការណ៍ដំបូង និយាយថា អ្នកដំណើរទាំងអស់ សុទ្ធតែជនជាតិរុស្សី។
នាយកប្រតិបត្តិ ក្រុមហ៊ុនអាកាសចរណ៍ FlyDubai លោក Ghaith Al Ghaith មានប្រសាសន៍ថា បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍នេះទាំងអស់ «រន្ធត់ចិត្តយ៉ាងខ្លាំង»។ លោកបានបន្ថែមថា ក្រុមហ៊ុនរបស់លោកកំពុងធ្វើការជាមួយអាជ្ញាធរ ដើម្បីរកឲ្យឃើញពីមូលហេតុនៃការធ្លាក់យន្តហោះនេះ៕