ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា៖ កំហុស​ធំបំផុត​គឺ​ការ​មិន​បាន​ត្រៀម​សម្រាប់​ប្រទេស​លីប៊ី​ក្រោយ​ទម្លាក់​ហ្កាដាហ្វី


លោក​អូបាម៉ា​ ថ្លែង​ក្នុង​ពេល​ប្រកាស​តែង​តាំង​លោក​ Merrick Garland ជា​ប្រធាន​តុលាការ​កំពូល នៅ​សាកលវិទ្យាល័យ​ច្បាប់​ក្នុង​រដ្ឋ Chicago។ លោក​ក៏​បាន​ផ្តល់​បទ​​សម្ភាស​ន៍​ដល់​​ទូរទស្សន៍​ Fox News នៅ​ទីនោះ​ផង​ដែរ។
លោក​អូបាម៉ា​ ថ្លែង​ក្នុង​ពេល​ប្រកាស​តែង​តាំង​លោក​ Merrick Garland ជា​ប្រធាន​តុលាការ​កំពូល នៅ​សាកលវិទ្យាល័យ​ច្បាប់​ក្នុង​រដ្ឋ Chicago។ លោក​ក៏​បាន​ផ្តល់​បទ​​សម្ភាស​ន៍​ដល់​​ទូរទស្សន៍​ Fox News នៅ​ទីនោះ​ផង​ដែរ។

លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​ កំហុស​អាក្រក់​បំផុតនៃ​ការ​កាន់តំណែង​ប្រធានាធិបតី​របស់​លោកគឺ​ការ​គ្មានជោគជ័យ​ក្នុង​ការប្រុង​ប្រៀប​សម្រាប់​រយៈ​ពេល​បន្ទាប់​នៅ​ក្នុង​ប្រទេស​លីប៊ី​នៅ​ក្រោយ​អន្តរាគមន៍ដឹកនាំ​ដោយ​អង្គការ​អូតង់​ដែល​បាន​ទម្លាក់​មេដឹក​នាំ​លីប៊ី​ឈ្មោះ មូម៉ា ហ្កាដាហ្វី (Moammar​ Gadhafi) ពី​អំណាច​កាល​ពី​ឆ្នាំ​២០១១​ដែល​បាន​បន្សល់​ទុក​ប្រទេស​នេះ​ឱ្យ​ស្ថិត​ក្នុង​ភាព​ចលាចល។​

លោក​អូបាម៉ា​បាន​ត្រិះរិះ​ពិចារណា​អំពី​សមិទ្ធផល​សំខាន់ៗ​ និង​ពេល​ដ៏​ពិបាក​នៅ​ក្នុង​អណត្តិ​ទាំង​ពីរ​របស់​លោក​នៅ​ក្នុង​សេតវិមាន​នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​ជា​មួយ​បណ្តាញ​ទូរទស្សន៍ ​Fox News​ ដោយ​លោក​បាន​មាន​ប្រសាសន៍​ប្រាប់​លោក ​Chris Wallace​ ដែល​ជា​អ្នក​សម្ភាស​ថា ​ការ​ធ្វើ​អន្តរាគមន៍​ក្នុង​ប្រទេស​លីប៊ី​ដើម្បី​ការពារ​ពួកជន​ស៊ីវិល​ពី​របប​គ្រប់​គ្រង​ ហ្កាដាហ្វី​ ជា​«ការ​ធ្វើ​ត្រូវ»។​ នៅ​ក្រោយពេល​បុរសខ្លាំង​នៃ​ប្រទេស​លីប៊ីរូបនេះ​បាន​ត្រូវ​សម្លាប់​ជាច្រើន​ខែ​នៅ​ពេល​ ស.រ.អា. ​និង​ប្រទេស​ជាតិ​នានា​ក្នុង​ទ្វីប​អឺរ៉ុប​បាន​បើក​ការ​វាយ​ប្រហារ​តាម​អាកាស​លើប្រទេសនេះ​មក ប្រទេស​ដែល​ស្ថិត​នៅ​ក្នុង​ភូមិភាគ​មជ្ឈឹម​បូព៌ា​មួយ​នេះ ត្រូវបាន​បន្សល់ទុក​ឲ្យ​ស្ថិត​ក្នុង​ភាព​ចលាចល​ដែល​បន្ត​រហូត​មក​ដល់​ពេល​នេះ។

ពួក​ជីវពល​បាន​គ្រប់គ្រង​ប្រទេស​លីប៊ី​ដោយ​មាន​ការ​បង្កើត​សភាពីរ​និង​រដ្ឋាភិបាល​ពីរ​ដែល​ជា​គូ​បដិបក្ខ​នឹង​គ្នា ហើយ​ប្រទេស​នេះ​បាន​ក្លាយ​ទៅ​ជា​កន្លែង​ចេញ​ដំណើរ​ធំមួយ​សម្រាប់​ពួក​ជន​ចំណាក​ស្រុក​ដែល​ខិតខំ​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​កាន់​ទ្វីប​អឺរ៉ុប​ហើយ​ការណ៍​នេះ​បាន​បង្កើន​វិបត្តិ​ជន​អន្តោប្រវេសន៍​នៅក្នុង​ទ្វីប​នោះ​ថែម​ទៀត​ផង។ រដ្ឋាភិបាល​ឯកភាព​ជាតិ​មួយ​ដែល​គាំទ្រ​ដោយ​អ.ស.ប. បាន​ទៅ​ដល់​រដ្ឋធានី Tripoli ​ហើយ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​គ្មាន​សភា​ជា​គូ​បដិបក្ខ​នឹង​គ្នា​ណា​មួយ​គាំទ្រ​ជា​ផ្លូវ​ការ​ដល់​កិច្ចព្រម​ព្រៀង​ដែល​បាន​រៀប​ចំ​ឱ្យ​មាន​ឡើង​ដោយ​អ.ស.ប.​ ទេ។

លោក​ អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា​ សមិទ្ធិ​ធំ​បំផុត​របស់​លោក​ក្នុង​រយៈពេល​ជាង​៧ឆ្នាំ​ដែល​លោក​កាន់​តំណែង​គឺ​ «ស្រោច​ស្រង់​សេដ្ឋកិច្ចពី​វិបត្តិ​ធំមួយ»​ ដែលនៅ​ក្នុង​ឆ្នាំ​២០០៨​និង​ឆ្នាំ​២០០៩​ សេដ្ឋកិច្ច​ប្រទេស​អាមេរិក​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ហើយ​ជា​វិ​បត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត​របស់​ប្រទេស​ចាប់តាំង​ពី​ទសវត្សរ៍ឆ្នាំ​១៩៣០​មក៕

XS
SM
MD
LG