ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការចំណាយ​លើ​វិស័យ​យោធា​កើន​ឡើង​នៅ​អាស៊ី​និង​មជ្ឈិម​បូព៌ា

  • Selah Hennessy

រូប​ភាព​ឯកសារ៖ មន្រ្តី​យោធា​ចិន​​ឈរ​នៅ​ខាង​ក្រៅ​អគារ Great Hall of the People នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន។

ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​នៅ​ទូទាំង​ពិភព​លោក​បាន​ធ្លាក់​ចុះ​មក​ត្រឹម​៣៨​ភាគ​រយ​នៅ​ក្នុង​ឆ្នាំ​២០១៤ ធៀប​នឹង​ឆ្នាំ​២០១០​ដែល​មាន​រហូតដល់​ទៅ​៤៧​ភាគ​រយ​ នេះ​បើ​យោង​តាម​ការវាយ​តម្លៃ​អំពីសមត្ថភាព​យោធា​ជា​សកល​ចុះផ្សាយក្នុង​ខែ​កុម្ភៈ​នៅ​ចក្រភព​អង់គ្លេស។​

អ្នក​វិភាគ​មក​ពី​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការសិក្សា​យុទ្ធសាស្រ្ត​បាននិយាយ​ថា​ ការ​ផ្លាស់​ប្តូរ​បាន​កើត​ឡើង​នៅ​ពេល​ដែល​ការចំណាយ​យោធា​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ និង​អាស៊ី​បាន​កើន​ឡើង​យ៉ាង​ខ្លាំង។​

នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​និង​អាហ្វ្រិក​ខាង​ជើង ការ​ចំណាយ​តិច​តួច​លើ​វិស័យ​ការពារ​ជាតិត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​ បាន​កើន​ឡើងជិត​២​ភាគ​៣​តាំង​ពី​ឆ្នាំ​២០១០​មក​។ នៅ​ក្នុង​ទ្វីប​អាស៊ី​ ការ​ចំណាយ​នេះ​បាន​កើន​ឡើងលើស​ពី​១​ភាគ​៤។

Ben Barry គឺ​ជា​អ្នក​វិភាគ​ជាន់​ខ្ពស់​សម្រាប់បញ្ហា​សង្រ្គាម​លើ​ដី​នៃវិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការសិក្សា​យុទ្ធសាស្រ្តបាន​និយាយ​ថា៖

«ការ​ចំណាយ​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​បាន​កើន​ឡើង​ មួយ​ផ្នែក​គឺ​ដោយសារ​បដិវត្តន៍​អារ៉ាប់​ ហៅ «Arab Spring» ហើយ​មួយ​ផ្នែក​ទៀត​គឺ​ដោយ​សារ​ភាព​តានតឹង​យុទ្ធសាស្រ្ត​នៅ​ទី​នោះ ដូច​ជា​ប្រទេស​តាម​បណ្តោយ​ឈូង​សមុទ្រ​អារ៉ាប់ ​និង​អ៊ីរ៉ង់។ នៅអាស៊ី​ បណ្តា​ប្រទេស​រីក​ចម្រើនបាន​សម្រេច​ចិត្ត​ធ្វើការ​វិនិយោគ​មួយ​ចំនួន​ដែល​បាន​មក​ពី​ការ​រីកចម្រើន​នោះ​ ទៅ​ក្នុង​ការធ្វើ​ទំនើបភាវរូបនីយ​កម្មកង​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន​។ ​

របាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កម្រិត​មួយ សហរដ្ឋ​អាមេរិកនិង​បណ្តា​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន នៅ​តែ​មាន​សមត្ថភាព​ខ្លាំងក្លា​លើ​ផ្នែក​វិស័យ​យោធា។ ប៉ុន្តែ​របាយការណ៍​នោះបាន​ឲ្យ​ដឹង​បន្ថែម​ទៀតថា​ ប្រទេស​លោក​ខាង​លិច​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​ហានិភ័យ​នៃ​ការបាត់បង់​បច្ចេកវិទ្យា​យោធា​របស់​ខ្លួន​ជា​សន្សឹមៗ។

នៅ​ក្នុង​ទ្វីប​អ៊ឺរ៉ុប ការ​ចំណាយពិត​ប្រាកដលើ​វិស័យ​ការពារ​ជាតិ​ក្នុង​ឆ្នាំ​២០១៤ គឺ​មាន៧​ភាគ​រយ​តិច​ជាង​ការ​ចំណាយក្នុង​ឆ្នាំ​២០១០​ ។​

«ខណៈ​ដែល​អំណាច​សេដ្ឋកិច្ច​ភូមិសាស្រ្ត​បាន​ផ្លាស់​ប្តូរ​ទៅ​តំបន់​ខាង​កើត ​ពី​ទ្វីប​អឺរ៉ុប​ឆ្ពោះ​ទៅ​កាន់​តំបន់​មជ្ឈិម​បូព៌ា​និង​អាស៊ី​ប៉ាស៊ីហ្វិក​ ​វិស័យ​យោធា​ក៏​មាន​ការ​ផ្លាស់ប្តូរ​ដូចគ្នា​ដែរ។ ហើយ​ជា​ពិសេស​គឺ ការ​ងើប​ឡើងរបស់​ប្រទេស​ចិន ដែល​កញ្ចប់​ថវិកា​សម្រាប់​វិស័យ​ការពារ​ជាតិ​របស់​ប្រទេស​នោះ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង ហើយ​ជា​ប្រទេស​ដែល​កំពុង​បង្កើន​ការផលិត​យាន​យន្ត កប៉ាល់​ និង​យន្តហោះ​ចម្បាំង​ឲ្យ​កាន់​តែ​ទំនើប​និង​មាន​សមត្ថភាព​ខ្ពស់​ជាង​មុន»។

ប្រធាន​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការសិក្សា​យុទ្ធសាស្រ្ត លោក John Chipman បានបង្ហាញ​ពី​របាយការណ៍​នេះ​នៅ​ក្នុង​ទីក្រុង​ឡុងដ៍។ លោក​និយាយ​ថា​ ចំណុច​មួយ​ដែល​ជា​ការព្រួយ​បារម្ភ​អំពី​វិស័យ​យោធា​សម្រាប់​ឆ្នាំ​២០១៤​គឺ ការកើត​ឡើង​ជា​ថ្មី​នៃ​ជម្លោះ​ក្នុង​ទ្វីប​អ៊ឺរ៉ុប។​

លោក Chipman ​បាន​និយាយ​ថា​ព្រឹត្តិការណ៍​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន បាន​ធ្វើ​ឲ្យ​រង្គោះ​រង្គើ​ដល់ «ការ​ជឿ​ទុក​ចិត្ត​ទាំង​អស់» ​រវាង​ប្រទេស​មហា​អំណាច​លោក​ខាង​លិច និង​ប្រទេស​រុស៊្សី។​

«នៅ​ក្នុង​វិបត្តិ​នេះ ប្រទេស​រុស្សី​បាន​បង្ហាញ​ពី​ការតាំង​ចិត្ត​របស់​ខ្លួន​ក្នុង​ការប្រើប្រាស់កម្លាំង​ទ័ព​និង​គាំទ្រ​ការប្រើប្រាស់​កម្លាំងដោយក្រុម​ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ ជារួម​ ទ្វីប​អឺរ៉ុប​កំពុង​ប្រឈម​មុខ​នឹង​ប្រទេស​រុស្សី​ដែលពាក់​ព័ន្ធ​ក្នុង​ការធ្វើ​សង្រ្គាម​ និង​ហាក់​ដូច​ជា​មាន​បំណងធ្វើ​តេស្តលើ​ការ​ដោះ​ស្រាយរបស់​ប្រទេស​លោក​ខាង​លិច»។

យោង​តាម​របាយការណ៍​នេះ ការចំណាយ​ក្នុង​វិស័យ​ការពារ​ជាតិ​របស់​រុស្សី​បាន​កើន​ឡើង​ជា​មធ្យម​១០​ភាគ​រយ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ គិត​រហូត​មក​ត្រឹម​ឆ្នាំ​២០១៤​នេះ។​

របាយការណ៍​នោះ​រៀប​រាប់​ថា ប្រទេស​រុស្សី​បាន​ប្រើប្រាស់​វិធី​សាស្រ្ត​នយោបាយ​យោធា​ទាំង​ប្រពៃណី​ និង​មិន​ប្រពៃណី​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​ប្រទេស​ជា​សមាជិក​អង្គការ​ណាតូ (NATO) «ផ្អាក​ដើម្បី​គិតសិន»។

លោក Ben Barry​ ថ្លែងថា៖

«អ្វី​ដែល​យើង​មើល​ឃើញ​គឺ​ ការបះបោរ​ដែល​គាំទ្រ​ដោយ​រដ្ឋ​មួយ​យ៉ាង​មាន​ប្រសិទ្ធភាព នៅ​កន្លែង​ដែល​មាន​ការ​ឃោសនា ការផ្តល់​ព័ត៌មាន​មិន​ពិត​ប្រាកដ និង​ ទំហំ​នៃ​ជម្លោះ​ដែល​មាន​លើស​ពី​ការ​ប្រើកម្លាំង​មនុស្ស​។ អ្វី​ដែល​ថ្មី​គឺ ល្បឿន​នៃ​ជម្លោះ​ដែល​អាច​កើត​មាន​ឡើង និង​ទំហំ​នៃ​ប្រព័ន្ធផ្សព្វផ្សាយ​បែប​ទំនើប ជា​ពិសេស​របៀប​នៃការឃោសនា និងការ​ផ្សព្វផ្សាយ​សារ​ផ្សេងៗដែល​ត្រូវ​បាន​ចែកចាយ​តាម​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម​យ៉ាង​ឆាប់​រហ័ស»។​

​របាយការណ៍​នោះបាន​ឲ្យ​ដឹង​ផង​ដែរ​ថា ប្រទេស​រុស្ស៊ី​ប្រហែល​មាន​ការ​លំបាក​ក្នុងការ​ទ្រ​ទ្រង់នូវ​កំណើននៃការចំណាយ​យោធា​ ដោយសារការធ្លាក់​ចុះសេដ្ឋកិច្ច​របស់ខ្លួន​ដែល​ជាប់​ពាក់ព័ន្ធនឹង​កត្តា​ផ្សេងៗ​ដូចជា​ ការធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង និង​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជាដើម​៕

ប្រែ​សម្រួល​ដោយ​ នូវ​ ពៅ​លក្ខិណា

XS
SM
MD
LG