ការសម្រេចតែងតាំងកូនមន្រ្តីធំៗឲ្យទទួលតំណែងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការត្រូវបានអ្នកតាមដានសង្គមលើកឡើងថា ជាគំរូមិនល្អ និងអាចនាំឲ្យមានទំនាស់ផលប្រយោជន៍ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលនិយាយការពារថា ពួកគេជាអ្នកមានសមត្ថភាព ហើយនេះ ជាការតែងតាំងបែបនយោបាយ។
នៅក្នុងខែកក្កដានេះ កូនរបស់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលពីរនាក់ ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃ ទី២៣ ខែកក្កដា ដែល VOA ទទួលបានលោក អ៊ុក ពញ្ញា អាយុ៣៧ឆ្នាំ ជាកូនប្រុសរបស់លោក អ៊ុក រ៉ាប៊ុន ដែលជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។ ការតែងតាំងនេះ ធ្វើឡើងតាមសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ចំណែកក្នុងព្រះរាជក្រឹត្យមួយទៀតចុះថ្ងៃទី១៧ខែកក្កដា កញ្ញា សេរី បូរាពេជ្រ អាយុ២៦ឆ្នាំ ជាកូនស្រីរបស់លោកសេរី កុសល ដែលជាតំណាងរាស្រ្តខេត្តបន្ទាយមានជ័យ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ លោក សេរី កុសល ធ្លាប់ជាអនុប្រធានទី១នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន។ ក្រោយមក លោកត្រូវបញ្ចប់តំណែងនេះ ហើយត្រូវបានតែងតាំងជាអនុប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។
លោក អ៊ុក ពញ្ញា បានបញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុអន្តរជាតិនៅសហរដ្ឋអាមេរិក នៅសាកលវិទ្យាល័យ California State University។ ពីដើមឡើយ លោក អ៊ុក ពញ្ញា ជានាយកខុទ្ទកាល័យនៃក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យអភិវឌ្ឍន៍ជនបទ។ នេះ បើយោងតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
កាលពីឆ្នាំ២០១៦ លោក អ៊ុក រ៉ាប៊ុន ដែលជាឪពុករបស់លោក អ៊ុក ពញ្ញា ត្រូវបានផ្លាស់ប្តូរពីរដ្ឋមន្រ្តីក្រសួងកសិកម្ម មកជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទវិញ។
VOA មិនអាចសុំការឆ្លើយតបពីលោក អ៊ុក រ៉ាប៊ុន បាននៅឡើយទេនៅថ្ងៃសុក្រនេះ។
លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអ្នកនាំពាក្យក្រសួងនេះ ថ្លែងប្រាប់ VOA នៅថ្ងៃសុក្រនេះ ថាលោក អ៊ុក ពញ្ញាធ្លាប់ជានាយកខុទ្ទកាល័យនៃក្រសួងអភិវឌ្ឍន៍ជនបទតាំងពីឆ្នាំ២០១៦ មកម្ល៉េះ។ លោកបានចូលជាមន្រ្តីរាជការជាង១០ឆ្នាំមកហើយ។ ពីដើមឡើយ លោក អ៊ុក ពញ្ញា ធ្វើការនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកបន្តថា លោក អ៊ុក ពញ្ញា ស័ក្តិសមក្នុងការទទួលបានតំណែងនេះ ដោយសារលោកមានសមត្ថភាព បទពិសោធន៍ និងជាមនុស្សឆ្លាតវៃ។
លោកមានប្រសាសន៍ថា៖ «ផ្អែកលើកម្រិតវប្បធម៌ សមត្ថភាព បទពិសោធន៍ការងារ និងអត្តចរិករបស់គាត់ និងមានការគោរពស្រឡាញ់ចូលចិត្តច្រើនពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងថ្នាក់ក្រសួង ក៏ដូចជានៅថ្នាក់ខេត្ត ខ្ញុំយល់ថាគាត់ស័ក្តិសមនឹងទទួលតំណែងនេះ ដើម្បីជួយរែកពន់ការងាររបស់ក្រសួងជាមួយថ្នាក់ដឹកនាំផ្សេងទៀត។ គាត់ជាយុវជនដែលមានភាពវៃឆ្លាត»។
ចំណែកកញ្ញា សេរី បូរាពេជ្រ បានបញ្ចប់អនុបណ្ឌិតខាងផ្នែកហិរញ្ញវត្ថុ និងវិនិយោគនៅប្រទេសអង់គ្លេស។ កញ្ញាក៏ជាបេក្ខជនបណ្ឌិតផ្នែកហិរញ្ញវត្ថុនៅប្រទេសអង់គ្លេស តែត្រូវត្រឡប់មកស្រុកខ្មែរវិញ ដោយការរាតត្បាតជំងឺកូវីដ១៩។ បន្ទាប់មកកញ្ញាដែលធ្លាប់ធ្វើការនៅធនាគារជាតិនៃកម្ពុជា ក៏ក្លាយជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
ក្នុងបទសម្ភាសន៍មួយជាវិទ្យុ ABC របស់អាចារ្យអេ កាលពីថ្ងៃទី២៤ ខែកក្កដា កញ្ញា សេរី បូរាពេជ្រ និយាយថា កញ្ញាបានចូលរួមការងារជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដោយកូនប្រុសរបស់លោកនាយករដ្ឋមន្រ្តី គឺលោក ហ៊ុន ម៉ានី តាំងពីឆ្នាំ២០១៤។ កញ្ញាឲ្យដឹងថា ជាញឹកញាប់ កញ្ញាចុះតាមមូលដ្ឋានជាមួយឪពុករបស់កញ្ញា គឺលោក សេរី កុសល ដើម្បីដឹងពីការងារជាអ្នកនយោបាយផងដែរ។
ទាក់ទងនឹងការរិះគន់ថា កញ្ញាទទួលបានតំណែងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលមានងារជា«លោកជំទាវ» ដោយសារតែឪពុកជាមន្រ្តីជាន់ខ្ពស់ កញ្ញា សេរី បូរាពេជ្រ ថ្លែងថា៖ «ចំពោះការដែលនិយាយថាមានខ្សែ ឬ មានខ្នងអីហ្នឹង សម្រាប់ខ្ញុំ ខ្ញុំគិតថាមនុស្សម្នាក់ៗតែងតែមានសមត្ថភាពរៀងៗខ្លួន ហើយដរាបណាដែលយើងមានសមត្ថភាពយើងមានឆន្ទៈ យើងមានស្មារតីល្អ ហើយយើងមានគោលដៅច្បាស់លាស់ ហើយក៏ដូចជាយើងមានចរិយាសម្បត្តិល្អថ្លៃថ្នូរ គោរពអ្នកដទៃ យើងគង់បានតំណែងហ្នឹងទេ។ គ្រាន់តែថា ពេលនេះ ខ្ញុំបានមុន»។
កញ្ញាថ្លែងការពារខ្លួនថា កញ្ញានឹងខិតខំបំពេញការងារនេះឲ្យអស់ពីសមត្ថភាព តាមការណែនាំរបស់ថ្នាក់ដឹកនាំ។
កញ្ញានិយាយថា៖ «ពេលដែលខ្ញុំបានតំណែងនេះ ខ្ញុំ មិនអង្គុយលេងមិនមែនយកមកដើម្បីអង្គុយលេងអីអ៊ីចឹងទេ។ ខិតខំប្រឹងប្រែង ព្រោះខ្ញុំមានបងប្អូនពុកម៉ែដើម្បីចាំមើលខ្ញុំច្រើន»។
លោក សន ជ័យ នាយកប្រតិបត្តិប្រចាំប្រទេសកម្ពុជានៃសម្ព័ន្ធភាពគណនេយ្យសង្គម (ANSA) មានប្រសាសន៍ថា វានឹងនាំឲ្យមានទំនាស់ផលប្រយោជន៍ ដែលក្រុមគ្រួសារតែមួយធ្វើការក្នុងស្ថាប័នសាធារណៈ ដូចជាករណីក្រសួងអភិវឌ្ឍន៍ជនបទនេះ។ លោកបន្តថា ការតែងតាំងនេះអាចធ្វើទៅបាន ដោយសារកង្វះខាតច្បាប់ស្តីពីទំនាស់ផលប្រយោជន៍ និងខ្វះការគិតគូរពីក្រមសីលធម៌នៃការសម្រេចចិត្តតែងតាំង។ លោកបន្តថា បក្សពួកនិយមមានទាំងនៅក្នុងវិស័យនគរបាលនិងថ្នាក់មន្ទីរស្ថាប័នខាងក្រោមផងដែរ។
លោកថ្លែងប្រាប់VOAថា៖ «ឥឡូវហ្នឹង វាជាគំរូមួយកាន់តែធំ។ គំរូហ្នឹងមិនមែនជាគំរូល្អ ណា៎។ វាជាគំរូដែលគេមានការព្រួយបារម្ភទៅបញ្ហាទំនាស់ផលប្រយោជន៍នៅក្នុងស្ថាប័នសាធារណៈ»។
លោក សន ជ័យបន្ថែមថា ការលើកតម្កើងកូនអ្នកធំឲ្យធ្វើការមានតំណែងខ្ពង់ខ្ពស់ បង្ហាញថា យុវជនផ្សេងទៀត ដែលមិនមានសែស្រឡាយជាមន្រ្តីធំ មិនអាចមានឱកាសក្នុងការទទួលបានតំណែងទាំងអស់នោះទេ។
លោកបន្តថា៖ «ខ្ញុំគិតថា មនុស្សនៅក្នុងប្រទេសមានសមត្ថភាពរៀងៗខ្លួន តាមផ្នែកតាមវិស័យប៉ុន្តែអ្វីដែលយើងសង្កេតឃើញ មនុស្សដែលមានសមត្ថភាពហើយមានសែស្រឡាយទៀតហ្នឹងពួកគេហាក់ដូចជាមានសំណាងខ្ពស់ជាងអ្នកមានសមត្ថភាពដទៃទៀត។ អ៊ីចឹងវា ជាអតុល្យភាពឱកាសមួយដែរសម្រាប់យុវជន។ ហើយវានាំឲ្យមានការចាក់ឫសគល់កាន់តែខ្លាំងហើយវាធ្វើឲ្យឥទ្ធិពល ឬក៏អភិបាលកិច្ចនៅរដ្ឋបាលសាធារណៈហ្នឹងវាថយចុះ»។
សាស្ត្រាចារ្យខាងវិទ្យាសាស្ត្រនយោបាយមួយរូបនៅក្នុងប្រទេសកម្ពុជា លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ការដាក់មន្រ្តីមានសមត្ថភាពជារឿងសំខាន់ ហើយត្រូវពិនិត្យមើលថា តើមន្រ្តីនោះ នៅក្នុងស្ថាប័នឬយ៉ាងណា ដើម្បីកុំឲ្យមានការរិះគន់ពីមន្រ្តីថ្នាក់ក្រោម ដែលពួកគេមានសមត្ថភាពដែរ។
លោកមានប្រសាសន៍ថា៖ «ច្បាប់មិនមានការហាមឃាត់មិនឲ្យតែងតាំងក្រុមគ្រួសារញាតិមិត្តទេ ក៏ប៉ុន្តែសាធារណជនក៏អាចមើលឃើញថាការតែងតាំង គឺជាបក្ខពួកក្រុមគ្រួសារ តវង្សត្រកូលអ៊ីចឹង វាមិនអំណោយផល ឬក៏មានលក្ខណៈសម្បត្តិតាមសង្គមបែបប្រជាធិបតេយ្យទេ»។
លោកបន្ថែមថា៖ «ជាទូទៅ មន្រ្តីនៅក្រោមឱវាទគេគ្មានហ៊ានការថាឬក៏មានមតិយោបល់រិះគន់ចំណុចអវិជ្ជមានរបស់ថ្នាក់ដឹកនាំខ្លួនទេ ក៏ប៉ុន្តែខ្ញុំគិតថាគាត់ក៏មានទស្សនៈដូចដែលពលរដ្ឋទូទៅដែលគិតឃើញដែរ»។
អ្នកនាំពាក្យរដ្ឋាភិបាល លោកផៃ ស៊ីផានបានថ្លែងការពារថាការតែងតាំងទាំងនោះស្របទៅតាមច្បាប់ និងតម្រូវការរបស់រដ្ឋមន្រ្តីនៃក្រសួងនីមួយៗ។ លោកពន្យល់ថាការតែងតាំងរដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ មិនមែនជាការតែងតាំងសមាជិករដ្ឋាភិបាលនោះទេ។ លោកថានេះជាការតែងតាំងមុខងារនយោបាយ ដែលអមជាមួយរដ្ឋមន្រ្តីតែប៉ុណ្ណោះ។
លោកផៃ ស៊ីផានថ្លែងថា៖ «អាហ្នឹងគេហៅថាមន្រ្តីអាណត្តិ។ នៅពេលដែលរដ្ឋមន្រ្តីដែលជាអ្នកស្មើសុំហ្នឹងចប់អាណត្តិគឺទាំងអស់គ្នាហ្នឹងត្រូវរំសាយអស់ហើយ»។
លោកបន្តថា ការតែងតាំងនេះមិននិយាយអំពីសាច់ញាតិ ឬការប្រកួតប្រជែងអ្វីនោះទេ គឺគេសំដៅលើការទុកចិត្តផ្នែកនយោបាយ។
លោកបញ្ជាក់ថា៖ «គឺជាបុព្វសិទ្ធិរបស់រដ្ឋមន្រ្តីដែលលោកយល់ឃើញថា អ្នកហ្នឹងមានសមត្ថភាពនិងលទ្ធភាពក្នុងការចូលរួមការងាររបស់រដ្ឋមន្រ្តីហ្នឹងឯង»។
លោក ផៃ ស៊ីផាន ដែលជាប្រតិភូអមនាយករដ្ឋមន្រ្តី ថ្លែងការពារថាពួកគេទាំងពីរនាក់ច្បាស់ជាមានបទពិសោធន៍សមត្ថភាព និងវុឌ្ឍិ របស់ពួកគេ។ លោកលើកឡើងថា ការតែងតាំងកូនរបស់លោកសេរី កុសលជារឿងត្រឹមត្រូវ ដោយសារកញ្ញាជានិស្សិតល្បីឈ្មោះនៅសាលា CamEd នៅភ្នំពេញ ដែលល្បីខាងផ្នែកគណនេយ្យ និងជំនួញ និងមានសញ្ញាបត្រមកពីប្រទេសអង់គ្លេស។ លោកថា នេះជា«គោលនយោបាយបន្ថែមឈាមថ្មី»។
លោកមានប្រសាសន៍ថា៖ «យើងត្រូវតែមានមោទនភាព មោទនភាពចំពោះការលះបង់របស់លោកជំទាវហ្នឹង(កញ្ញា សេរី បូរាពេជ្រ) ចូលរួមការងារជាមួយរាជរដ្ឋាភិបាល មិនមែនពាក់ព័ន្ធជាមួយនឹងឯកឧត្តម សេរី កុសល ទេ គឺ Zero (សូន្យ)ជាមួយនឹងឯកឧត្តម សេរី កុសល»៕