ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ថៃ​ចេញ​ដីកា​ចាប់​ខ្លួន​ជនជាតិ​ខ្មែរ​ម្នាក់​ទៀតពាក់ព័ន្ធ​នឹង​ឃាតកម្ម​ លោក លិម គិមយ៉ា


រូបឯកសារ៖ នៅក្នុង​រូប​ដែល​បាន​ថត​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៧ បង្ហាញ​ពី​លោក លិម គិមយ៉ា ថ្លែង​ក្នុងកិច្ចសម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មា AFP នៅក្នុង​រាជធានី​ភ្នំពេញ។
រូបឯកសារ៖ នៅក្នុង​រូប​ដែល​បាន​ថត​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៧ បង្ហាញ​ពី​លោក លិម គិមយ៉ា ថ្លែង​ក្នុងកិច្ចសម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មា AFP នៅក្នុង​រាជធានី​ភ្នំពេញ។

តុលាការ​ព្រហ្មទណ្ឌ​ថៃ​បាន​ចេញ​ដីកា​ចាប់​ខ្លួន ​លោក លី រតន​រស្មី ដែល​ជនជាតិ​ខ្មែរ និង​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ប្រាក់​ដល់​ឃាតក​ដែល​បាន​សារភាព​ថា ​បាន​បាញ់​សម្លាប់​លោក លិម គិមយ៉ា អតីត​តំណាងរាស្រ្ត​របស់​គណបក្ស​សង្រ្គោះ​ជាតិ ក្នុង​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ។ នេះ​បើ​តាម​សារព័ត៌មាន​ថៃឈ្មោះ​ Thai PBS​ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ។

លោក លី រតន​រស្មី ត្រូវ​បាន​អាជ្ញាធរ​ថៃ​អះអាង​ថា ​មាន​ឈ្មោះ​ថៃ​ថា​ Somwang Bamrungkit អាយុ​៤៣​ឆ្នាំ។ លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ជួល​ខ្មាន់​កាំភ្លើង​ជា​ជនជាតិ​ថៃ​ឱ្យបាញ់​សម្លាប់​ លោក លិម គិមយ៉ា កាល​ពី​សប្តាហ៍​មុន។

លោក លី រតនរស្មី អតីត​សកម្មជន​គណបក្ស​ជំទាស់ មាន​តួនាទី​ជា​ទីប្រឹក្សា​របស់​ លោក ហ៊ុន សែន ប្រធាន​គណបក្សប្រជាជន​កម្ពុជា និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា។ នេះ​បើ​តាម​សេចក្តី​សម្រេច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៤ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​សារព័ត៌មាន​ Freshnews ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល។

លោក លី រតនរស្មី ត្រូវ​បាន​បញ្ចូលជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២២ នៅ​ក្នុង​ពិធី​មួយ ដែល​ធ្វើ​ឡើង​ក្រោ​មអធិបតី​ភាព​របស់​ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានីភ្នំពេញ។ នេះ​បើ​តាម​សារព័ត៌មាន Freshnews

លោក សុខ ឥសាន អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជាថ្លែង​ថា​ ការ​ចេញ​ដីកា​ចាប់​ខ្លួន​នេះ​ជា​សមត្ថកិច្ច​របស់​តុលាការ​ថៃ ហើយ​វា​មិន​ពាក់ព័ន្ធ​នឹង​ថ្នាក់​ដឹកនាំ​នៅ​ប្រទេស​កម្ពុជា​ទេ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា៖ «ខ្ញុំ​សូម​បញ្ជាក់​ទោះបីជា​គាត់​ជា​ទីប្រឹក្សា​សម្តេច​នាយក​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ក៏​ដោយ ទង្វើ​ប្រព្រឹត្ត​ទាំង​ឡាយ​ណា​ដែល​ខុស​ច្បាប់ អាហ្នឹង​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នកប្រព្រឹត្ត​ផ្ទាល់​ខ្លួន មិន​មាន​ពាក់ព័ន្ធ​អី​ដល់​ថ្នាក់​ដឹកនាំ​ទេ​»។

លោក សុខ ឥសាន បន្ថែម​ថា​ការ​ភ្ជាប់​ឃាតកម្ម​នេះ​ទៅ​ថ្នាក់​ដឹកនាំ​កម្ពុជា គឺ​ជា​«ការ​ចោទ​ដោយ​គ្មាន​ហេតុផល» និង«ការ​ចោទ[បែប]​និន្នាការ​នយោបាយ»។

ក្រោយ​ការ​បាញ់​សម្លាប់​នេះ មាន​ការ​ចែក​រំលែក​ព័ត៌មាន​ថា​ ជន​សង្ស័យ​ម្នាក់​ទៀត​ដែល​គេ​ថត​បាន​ក្នុង​កាមេរ៉ា​សុវត្ថិភាព ឈ្មោះ ពេជ្រ គឹម​ស្រ៊ិន ដែល​ត្រូវ​បាន​គេ​មើលឃើញថា​ជាអ្នក​ឱ្យ​សញ្ញា ​និង​រូបភាព​ដល់​ជន​ដៃ​ដល់។ ជន​សង្ស័យ​នោះ​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ជាមួយ​ជន​រង​គ្រោះ​ដែរ។ ជន​សង្ស័យ​រូប​នោះ​ក៏​ត្រូវ​បាន​តុលាការ​ថៃ​ចេញ​ដីកា​ឱ្យចាប់​ខ្លួន​ផង​ដែរ។ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ​ថា​តើ​អាជ្ញាធរ​កម្ពុជា​នឹង​ឃាត់ខ្លួន​ជន​សង្ស័យ​រូប​នោះ​ឬយ៉ាងណា។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពីអ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក​ ទូច សុខៈ បាន​នៅ​ឡើយ​ទេ។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​ចន្ទ លោក ទូច សុខៈ ​ប្រាប់​វីអូអេ​ថា​ កម្ពុជា​នៅ​តែ​បន្ត​សហការ​ជា​មួយ​ភាគី​ថៃ ដើម្បី​ស្វែង​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ ​ប្រសិន​បើ​ភាគី​ថៃ​ត្រូវ​ការ។

វីអូអេ​មិន​ទាន់អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថាន​ទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា តាម​សារ​អ៊ីម៉ែល​បាន​នៅ​ឡើយ​ទេ។

កាល​ពី​កន្លង​ទៅ ជនដៃ​ដល់​ដែល​ជា​ជន​ជាតិ​ថៃ​ឈ្មោះ ​Ekkalak Paenoiអាយុ​៤១​ឆ្នាំ ​បាន​បដិសេធ​មិន​ប្រាប់​ថា​តើ​អ្នក​ណា​នៅ​ពី​ក្រោយ​ការ​បញ្ជា​ឱ្យ​បាញ់​សម្លាប់​អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ លោក ​លិម គិមយ៉ា ឡើយ។

ជន​ដៃ​ដល់​នោះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ និង​ការ​កាន់​កាប់​អាវុធ​ដោយ​មិន​មាន​ការ​អនុញ្ញាត។ បើ​ទោះ​ជន​ដៃ​ដល់​បដិសេធ​មិន​ប្រាប់​ថា​ អ្នក​ណា​បញ្ជា​ពី​ក្រោយ​ឃាតកម្ម​នេះ​ក្តី តែ​ជន​នេះ​បាន​សារ​ភាព​អំពី​ការ​បាញ់​សម្លាប់ ​លោក លិម គិមយ៉ា ដែល​ជា​ពលរដ្ឋ​ខ្មែរ​មាន​សញ្ជាតិ​បារាំង។ ប៉ូលិស​ថៃ​និយាយ​ថា​ការ​បដិសេធ​នោះ​ដោយ​សារ​លោក​បារម្ភ​អំពី​សុវត្ថិ​ភាព​គ្រួសារ​របស់​លោក។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ។

​លោក លិម គិមយ៉ា ​អតីត​តំណាងរាស្រ្ត​របស់​គណ​បក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​ខេត្ត​កំពង់ធំ ត្រូវ​បាន​គេ​បាញ់​ ៣ ​គ្រាប់​ស្លាប់​នៅ​នឹង​កន្លែង ​កាល​ពី​ថ្ងៃ​ទី​៧​ ខែ​មករា ​វេលា​ម៉ោង​ ៥​និង​៣០​នាទី​ល្ងាច​ ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ គ្រា​ដែល​លោក​ចុះ​ពី​រថយន្ត​ក្រុង​ដែល​លោក​និង​ភរិយា​ធ្វើ​ដំណើរ​ពី​ខេត្ត​សៀមរាប​នៃ​ប្រទេស​កម្ពុជា​ទៅ​ទីក្រុង​បាកកក​នៃ​ប្រទេស​ថៃ៕

វេទិកា​បញ្ចេញ​មតិ

អត្ថបទ​ទាក់ទង

XS
SM
MD
LG