ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​បារម្ភ​អំពី​វិជ្ជាជីវៈ​ព័ត៌មាន​ ក្រោយ​មាន​​ការ​តែង​តាំង​ទីប្រឹក្សា​ក្រសួង​ជិត​២០០​នាក់


ហាង​លក់​កាសែត​មួយ​នៅ​តាម​ផ្លូវ​មួយ​ក្នុង​ខេត្ត​សៀមរាប​តាំង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទាំង​ជា​ភាសា​ខ្មែរ​និង​អង់គ្លេស កាលពី​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ២០១៨។ ម្ចាស់​ហាង​អ្នក​ស្រី យូ ម៉ារី ទិញ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសាខ្មែរ​ចំនួន​១០ និង​អង់គ្លេស​ចំនួន៥មក​លក់​ជា​ប្រចាំ។(ស៊ុន ណារិន/VOA)
ហាង​លក់​កាសែត​មួយ​នៅ​តាម​ផ្លូវ​មួយ​ក្នុង​ខេត្ត​សៀមរាប​តាំង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទាំង​ជា​ភាសា​ខ្មែរ​និង​អង់គ្លេស កាលពី​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ២០១៨។ ម្ចាស់​ហាង​អ្នក​ស្រី យូ ម៉ារី ទិញ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសាខ្មែរ​ចំនួន​១០ និង​អង់គ្លេស​ចំនួន៥មក​លក់​ជា​ប្រចាំ។(ស៊ុន ណារិន/VOA)

ក្នុង​រយៈ​ពេល​ពីរ​ខែ​​ចុង​ក្រោយ​នេះ​ ក្រសួង​ព័ត៌មាន​​កម្ពុជា​បាន​ស្នើ​​បន្ថែម​ទី​ប្រឹក្សា​ចំនួន​ជិត​២០០​នាក់។ ​មន្ត្រី​ផ្លូវ​ការ​របស់​ក្រសួង​​នេះ​អះអាង​ថា ​ពួក​គេ​ទាំង​នោះ​មាន​គុណ​សម្បត្តិ​ក្នុង​ការ​ងារ។​ ប៉ុន្តែ​អ្នក​ជំនាញ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​ដល់​​​វិជ្ជាជីវៈ​សារ​ព័ត៌មាន។

ក្នុង​រយៈ​ពេល​ពីរ​ខែ​ជាប់​គ្នា​ ​ព្រះ​មហា​ក្សត្រ​ខ្មែរ​បាន​ចេញ​ព្រះ​រាជ​ក្រឹត្យ​តែង​តាំង​អ្នក​កាសែត​ និង​ក្រុម​មន្ត្រី​សរុប​ចំនួន​១៧៣នាក់​ជា​ទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន​ ​ខណៈ​ដែល​អ្នក​ជំនាញ​ក្នុង​វិស័យ​សារ​ព័ត៌មាន​ព្រួយ​បារម្ភ​ថា​ ការ​តែងតាំង​ទី​ប្រឹក្សា​ចំនួន​ច្រើន​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិជ្ជាជីវៈ​សារ​ព័ត៌មានក្នុង​ប្រទេស​កម្ពុជា។​

កាលពី​ថ្ងៃសៅរ៍​ទី​២៧​ខែកក្កដា​ ព្រះ​មហា​ក្សត្រ​ព្រះ​បាទ​នរោត្តម​សីហមុនី​បាន​តែង​តាំង​ទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន​ចំនួន​១០៦​រូប​ បន្ថែម​ពី​លើ​ទីប្រឹក្សា​ចំនួន​៦៧​រូប​ដែល​ត្រូវ​បាន​តែង​តាំង​កាល​ពី​ខែ​មុន។ ​ទី​ប្រឹក្សា​ទាំង​នេះ​មានងារ​ជា​ឯកឧត្តម​ និង​លោក​ជំទាវ ​ដែល​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋលេខា​ធិការ ​អនុរដ្ឋ​លេខាធិការ និង​ស្មើ​នឹង​អគ្គនាយក​របស់​ក្រសួង។​

លោក​មាស សុភ័ណ្ឌ ​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​ ប្រាប់ ​VOA ​ថា ​ក្នុង​ចំណោម​ទីប្រឹក្សា​ថ្មី​ទាំង​១៧៣​រូប​នេះ​ ភាគ​ច្រើន​ជា​មន្រ្តី​ក្រសួង​ព័ត៌មាន​ដែល​ចូល​និវត្តន៍​ និង​មាន​គុណសម្បត្តិ​ក្នុង​ការ​ជួយ​ជំរុញ​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា​ឲ្យ​ប្រសើរ​ឡើង។​

«យោង​បរិបទ​បច្ចុប្បន្ន​នេះ ​យើង​ឃើញ​ហើយថា ​តម្រូវ​ការ​នៃ​អ្នក​មាន​បទ​ពិសោធន៍​ក៏​ដូចជា​អ្នកមាន​ចំណេះ​ ជំនាញ​ផ្នែក​វិស័យ​ព័ត៌មាន​របស់​យើង​ហ្នឹង​ត្រូវ​ការ​ជា​ចាំ​បាច់។ អ៊ីចឹងហើយ​គាត់​នឹង​ចូល​រួម​ចំណែកក្នុង​ការ​ផ្តល់​ជា​ប្រឹក្សា​យោបល់​ទៅ​ ក៏​ដូច​ជា​ការ​បណ្តុះ​បណ្តាល​ទៅ​លើ​មន្រ្តី​វ័យ​ក្មេង​របស់​ក្រសួង​ព័ត៌មាន ​ឬ​ក៏​អ្នក​សារ​ព័ត៌មាន​វ័យ​ក្មេង​ហ្នឹង​ ដើម្បីឲ្យ​យល់​អ្វី​ទៅ​ដែល​ជា​ជំនាញ​វិជ្ជាជីវៈ​អ្នក​សារ​ព័ត៌មាន»។​

ក្នុង​ចំណោម​ទី​ប្រឹក្សា​ថ្មី​ទាំង​នេះ​ ​គេ​ឃើញ​មាន​អ្នក​កាសែត​ដែល​ជា​អ្នក​គ្រប់​គ្រង​ និង​ជា​និពន្ធ​នាយកក្នុង​ស្ថាប័ន​ទូរទស្សន៍​ និង​សារ​ព័ត៌មាន​បោះ​ពុម្ព​ផ្សាយ។​ ក្នុង​នោះ​ក៏​មាន​អ្នក​កាសែត​មួយ​ចំនួន​ដែល​មាន​អាយុ​ជាង​២០​ឆ្នាំ​ផង​ដែរ។​

លោក​ណុប វី ​ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM)​លើក​ឡើង​ថា ​បើ​តាម​ការ​សង្កេត​របស់​លោក​ ​ក្រសួង​ព័ត៌មាន​មិនមាន​ភាព​ចាំបាច់​ណាមួយ​ដែល​ត្រូវ​ការ​ប្រឹក្សា​ច្រើននោះ​ទេ។ ​លោក​បន្ត​ថា​ ការ​តែងតាំង​ទីប្រឹក្សា​ក្រសួង​ដែល​មាន​ទាំង​សមាស​ភាព​អ្នក​សារ​ព័ត៌មាន​ផង​នោះ​នឹង​ធ្វើ​ឲ្យប៉ះពាល់​ដល់​វិជ្ជាជីវៈ​សារ​ព័ត៌មាន​នៅ​កម្ពុជា។​

«ពេល​ដែល​ពួក​គាត់​ត្រូវ​បាន​តែង​តាំង ​ឬត្រូវ​បាន​បញ្ចូល​ទៅ​ក្នុងសមាសភាព​នៃទីប្រឹក្សា​យោបល់​ ឬ​មួយ​ក៏​មន្រ្តី​រដ្ឋាភិបាល​អី​ទៅ​ ​ខ្ញុំ​គិត​ធ្វើ​ថា ​អាហ្នឹងធ្វើ​ឲ្យ​ចំនួន​អ្នក​ដែល​មាន​សមត្ថភាព ​ឈរ​លើ​គោល​ការណ៍​វិជ្ជាជីវៈ​អី​ហ្នឹង ​កាន់​តែ​រួម​តូច​ទៅៗ»។​

លោកណុប វី​បន្ថែម​ថា ​រដ្ឋាភិបាល​គួរ​បង្កើន​ការ​បណ្តុះ​បណ្តាល​ចំណេះ​ដឹង​ដល់អ្នក​សារ​ព័ត៌មាន ​ហើយ​លើក​ទឹក​ចិត្ត​ និង​ការពារអ្នក​សារ​ព័ត៌មានឲ្យ​ហ៊ាន​ផ្សាយ​ពី​ព័ត៌មាន​ពិត ​ដើម្បី​ជា​ការ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម។​

បើ​តាម​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​កម្ពុជា​«ធ្លាប់​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី​បំផុត​មួយ​នៅ​ទ្វីប​អាស៊ី»។​ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៨​ ​អង្គការ​ឃ្លាំ​មើល​សេរីភាព​សារ​ព័ត៌មាន​មួយ​នេះ​បញ្ជាក់​ថា ​សន្ទស្សន៍​សេរីភាព​សារ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជាបាន​ថយ​លំដាប់​ពី​លេខ​រៀង​ទី​៧១​ទៅ​ដល់​លេខ​១៤២ក្នុង​ចំណោម​១៨០​ប្រទេស។​ ចំណាត់​ថ្នាក់​នេះមាន​ន័យថា​ ​ស្ថាន​ភាព​សេរីភាព​សារ​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​បានធ្លាក់​ចុះ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG