Hello VOA៖ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមថា បើយើងធ្វើដូចដែលខ្មែរក្រហមបានធ្វើលើប្រជាជនកម្ពុជា យើងក៏មិនខុសពីខ្មែរក្រហមដែរ
ប្រធានផ្នែកកិច្ចការសាធារណៈនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬដែលគេតែងហៅថាសាលាក្តីខ្មែរក្រហម បានលើកឡើងថា សាលាក្តីខ្មែរក្រហម មិនមែនត្រូវបានបង្កើតឡើង ដើម្បីសងសឹកជនណាម្នាក់ទេ ដូច្នេះលោកថាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩និងការផ្តល់ការថែទាំសុខភាពដល់ជនជាប់ចោទ ខៀវ សំផន គឺដើម្បីធានាថាជនជាប់ចោទរូបនេះ មានសុខភាពល្អគ្រប់គ្រាន់ក្នុងដំណើរការតតាំងក្តីក្នុងតុលាការ។ លោក នេត្រ ភក្ត្រា ដែលជាមន្ត្រីនាំពាក្យរបស់សាលាក្តីខ្មែរក្រហម បានមានប្រសាសន៍នៅក្នុងកម្មវិធីHello VOA ជាមួយលោក សាយ មុន្នី កាលពីថ្ងៃច័ន្ទទី៩ខែសីហាឆ្នាំ២០២១ថា៖ «បើសិនជាយើងធ្វើដូចអ្វីដែលខ្មែរក្រហមបានប្រព្រឹត្តមកលើប្រជាជនកម្ពុជា ដែលធ្វើឲ្យមនុស្សស្លាប់ជាច្រើនលាននាក់នោះ យើងក៏ដូចជាខ្មែរក្រហមដែរ។ អញ្ចឹងត្រូវតែអនុវត្តអ្វីដែលជាស្តង់ដារ»៕