ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​វិភាគ​៖ ចង់​ឲ្យ​មន្ត្រី​និង​កងកម្លាំង​ប្រដាប់​អាវុធ​អព្យាក្រឹត​ទាល់តែ​កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ


រូប​ឯកសារ៖ ប៉ូលិស​ម្នាក់​អូស​ស្រ្តីជា​បាតុករ​ម្នាក់​នៅ​កំឡុង​ពេល​​តវ៉ាជា​ការ​​អុជទៀន​ ​ក្នុង​ពេល​ធ្វើ​​យុទ្ធនាការ​«​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ»​​នៅ​សហគមន៏​បឹងកក់​នៃ​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​ច័ន្ទ ​ទី​២៣ ខែ​ឧសភា​នេះ​ ដើម្បីទាមទារ​ឲ្យមាន​ការដោះលែងមន្រ្តី​សិទ្ធិមនុស្ស​៤រូប​ និង​មន្រ្តីគ.ជ.ប​​មួយរូប​ ដែល​ជាប់​ពន្ធនាគារ​កាលពី​ដើម​ខែ​ឧសភា​នេះ។​ (ឡេង ឡែន/VOA)

មាត្រា​ទី​១៥​នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​បច្ចុប្បន្ន​កំណត់​ថា បព្វជិត មន្ត្រី​តុលាការ​និង​កងកម្លាំង​ជាតិ អាច​ចូល​ជា​សមាជិក​គណបក្ស​នយោបាយ​នានា​បាន តែ​មិន​ត្រូវ​ធ្វើ​សកម្មភាព​នយោបាយ​គាំទ្រ​ឬ​ប្រឆាំង​គណបក្ស​នយោបាយ​ណាមួយ​ឡើយ។

អ្នក​តស៊ូ​មតិ​ប្រឆាំង​អំពើពុករលួយ​ លើកឡើង​ថា កម្ពុជា​ត្រូវ​ការ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ​ដើម្បី​ធានាអព្យាក្រឹតភាព​នៃ​កងកម្លាំងប្រដាប់អាវុធ​និង​មន្ត្រី​តុលាការ ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ។​

លោក​ ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ Hello VOA ប្រចាំខែ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​កក្កដា​នេះថា ការ​ចែង​មិន​ច្បាស់​លាស់នៅ​ក្នុង​ច្បាប់​នេះ​ ធ្វើ​ឲ្យ​ការ​អនុវត្ត​ច្បាប់​នេះ មាន​ភាព​ស្មុគស្មាញ។

«បើ​ចង់​ឲ្យ​ច្បាស់ ទាល់​តែ​យើង​សរសេរ​ឲ្យ​ច្បាស់​នៅ​ក្នុង​ហ្នឹង។ កុំ​ឲ្យ​មាន​ជាប់​ភាសា​ថា គាត់​អាច​ក្លាយ​ជា​សមាជិក​គណបក្ស​នយោបាយ​បាន​ ក៏​ប៉ុន្តែ​ មិន​ធ្វើ​សកម្មភាព​ប្រឆាំង​ឬ​គាំទ្រ។ អា​ពាក្យ​ពីរ​នេះ ពិបាក​មែន​ទែន​ ព្រោះ​ថា បើ​គាត់​ទៅ​ជា​សមាជិក​គណបក្ស​ហើយ ពិបាក​ដែល​មិន​ឲ្យ​គាត់​ធ្វើ​សកម្មភាព​នយោបាយ​ណាស់​ គឺ​គាត់​ចង់ ឬ​មិន​ចង់​ គឺ​ត្រូវ​តែ​មាន​សម្ពាធ​ឬ​អាច​ថា គាត់​មាន​និន្នាការ​ត្រូវ​ធ្វើ​តែ​ម្តង»។

មាត្រា​ទី​១៥​នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​បច្ចុប្បន្ន​កំណត់​ថា បព្វជិត មន្ត្រី​តុលាការ​និង​កងកម្លាំង​ជាតិ អាច​ចូល​ជា​សមាជិក​គណបក្ស​នយោបាយ​នានា​បាន តែ​មិន​ត្រូវ​ធ្វើ​សកម្មភាព​នយោបាយ​គាំទ្រ​ឬ​ប្រឆាំង​គណបក្ស​នយោបាយ​ណាមួយ​ឡើយ។

រូបឯកសារ៖ លោក ព្រាប កុល នាយកប្រតិបត្តិនៃ​អង្គការតម្លាភាពកម្ពុជា
រូបឯកសារ៖ លោក ព្រាប កុល នាយកប្រតិបត្តិនៃ​អង្គការតម្លាភាពកម្ពុជា

ទោះបីជា មាន​ច្បាប់​ចែង​បែប​នេះ​ក៏​ដោយ ក៏​នៅ​ក្នុង​ប្រទេស​កម្ពុជា មន្ត្រី​តុលាការ​និង​កងកម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ចូល​រួម​ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោល​ក្នុង​ការ​គាំទ្រ​ឬ​ដាក់​ខ្លួន​ឲ្យ​ក្រោម​ឥទ្ធិពល​នៃ​គណបក្ស​នយោបាយ ដើម្បី​ទទួល​ការ​តំឡើង​ឋានៈ​មុខងារ​ឬ​នៅ​អាចរក្សា​មុខតំណែង​របស់​ខ្លួន​នៅ​ក្នុង​ស្ថាប័ន​ដែល​ខ្លួន​ដឹកនាំ​ឬ​បម្រើ​ការងារ​បាន ដោយ​មិន​ចាំបាច់​ខ្វាយ​ខ្វល់​ច្រើន​ពី​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ឡើយ៕

XS
SM
MD
LG