ក្រសួងការពារជាតិកម្ពុជាបានស្នើសុំឱ្យកងទ័ពរក្សាអព្យាក្រឹតមិនប្រកាន់និន្នាការនយោបាយហើយត្រូវត្រៀមខ្លួនទប់ស្កាត់បដិវត្តន៍ពណ៌ណាមួយដែលអាចកើតមានឡើងនៅក្នុងប្រទេសកម្ពុជាតាមគំរូបណ្តាប្រទេសមួយចំនួននៅលើពិភពលោកដើម្បីទម្លាក់រដ្ឋាភិបាលស្របច្បាប់។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានប្រាប់ដល់អ្នកចូលរួមស្តាប់សិក្ខាសាលាស្តីពី សម្ព័ន្ធមេត្រីភាពរវាងស្ថាប័នអង្គភាពស៊ីវិលនិងអង្គភាពកងកម្លាំងប្រដាប់អាវុធនៅថ្ងៃទី២៨និង២៩ ខែកក្កដា ឆ្នាំ២០១៥ ថា កងទ័ពគឺមានជំហរអព្យាក្រឹត មិនប្រកាន់និន្នាការគណបក្សនយោបាយណាមួយទេ។ ប៉ុន្តែលោកបានព្រមានថា នៅតែមានអ្នកចិញ្ចឹមចិត្តបង្កភាពវឹកវរក្នុងសង្គមតាមរយៈការធ្វើបដិវត្តន៍ពណ៌ដូច្នេះពួកគេត្រូវតែប្រុងប្រយ័ត្នជានិច្ច។
គេហទំព័ររបស់ក្រសួងការពារជាតិចេញផ្សាយថ្ងៃទី២៩ខែកក្កដា បានដកស្រង់សម្តីរបស់លោក ទៀ បាញ់ ដែលបានប្រាប់ដល់ទាហាននិងនាយទាហានក្នុងសិក្ខាសាលានោះថា៖
«ឯកឧត្តម ទៀ បាញ់ ក៏បានសង្កត់ធ្ងន់នូវបទបញ្ជារបស់សម្តេចតេជោផងដែរ ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវធានាមិនឱ្យមាន បដិវត្តន៍ពណ៌នៅកម្ពុជា ទោះតម្លៃណាក៏ដោយ គឺត្រូវកំម្ចាត់ចោលភ្លាម ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់»។
ក្នុងពេលជាមួយគ្នានេះដែរ មេទាហានផ្កាយមាស៤មួយរូប នៃកងយោធពលខេមរភូមិន្ទគឺឧត្តមសេនីយ៍ ជា តារា ដែលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ទាហាននៃកងយោធពលខេមរភូមិន្ទជារបស់គណបក្សប្រជាជនកម្ពុជា ព្រោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សនេះគឺជាអ្នកផ្គត់ផ្គង់ទាហាននាពេលបច្ចុប្បន្ន៕