ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​ដឹកនាំ​សង្គម​ស៊ីវិល​សុំ​ឲ្យ​កងទ័ព​ខ្មែរ​ការពារ​ជាតិ មិន​មែន​ការពារ​បក្ស


រូបឯកសារ៖ លោក​ឧត្តម​សេនីយ៍ ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ រង់​ចាំ​វេន​និយាយ​នៅ​កិច្ច​ប្រជុំ​កំពូល​ស្តី​អំពី​សន្តិសុខ​អាស៊ី​នៅ​វិទ្យា​ស្ថាន​អន្តរជាតិ​នៃ​ការសិក្សា​យុទ្ធសាស្ត្រ នៅ​ប្រទេស​សិង្ហបុរី ខែ​មិថុនា ឆ្នាំ​២០១២។​ (Reuters)
រូបឯកសារ៖ លោក​ឧត្តម​សេនីយ៍ ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ រង់​ចាំ​វេន​និយាយ​នៅ​កិច្ច​ប្រជុំ​កំពូល​ស្តី​អំពី​សន្តិសុខ​អាស៊ី​នៅ​វិទ្យា​ស្ថាន​អន្តរជាតិ​នៃ​ការសិក្សា​យុទ្ធសាស្ត្រ នៅ​ប្រទេស​សិង្ហបុរី ខែ​មិថុនា ឆ្នាំ​២០១២។​ (Reuters)

មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​បាន​ស្នើ​ឲ្យ​ប្រមុខ​កង​ទ័ព​កម្ពុជា​រក្សា​ជំហរ​អព្យាក្រិត​ ក្នុង​ការ​ប្រើប្រាស់​កម្លាំង​ទ័ព​ដែល​ត្រូវ​បង្កើត​ឡើង​ដើម្បី​ការពារ​ប្រជាជន​ មិន​មែន​សម្រាប់​តែ​ការពារ​អំណាច​របស់​រដ្ឋាភិបាល​នោះ​ទេ។​

ក្រុម​សង្គម​ស៊ីវិល​ច្រានចោល​ការ​ចោទប្រកាន់​របស់​លោក ទៀ​ បាញ់​ ប្រមុខ​កងទ័ព​កម្ពុជា​ ដែល​ថា​ ក្រុម​សង្គម​ស៊ីវិល​មាន​មហិច្ឆតា​នយោបាយ​ផ្តួល​រំលំ​រដ្ឋាភិបាល។ ពួក​គេ​បាន​ស្នើ​ឲ្យ​កង​ទ័ព​ប្រកាន់​គោល​ជំហរ​ឯករាជ្យ​ និង​ការពារ​ប្រជា​ពលរដ្ឋ​ខ្មែរ​ស្មើៗ​គ្នា។

មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​បាន​ស្នើ​ឲ្យ​ប្រមុខ​កង​ទ័ព​កម្ពុជា​រក្សា​ជំហរ​អព្យាក្រិត​ ក្នុង​ការ​ប្រើប្រាស់​កម្លាំង​ទ័ព​ដែល​ត្រូវ​បង្កើត​ឡើង​ដើម្បី​ការពារ​ប្រជាជន​ មិន​មែន​សម្រាប់​តែ​ការពារ​អំណាច​របស់​រដ្ឋាភិបាល​នោះ​ទេ។​

ពួកគេ​បាន​ស្នើ​យ៉ាង​ដូច្នេះ​ បន្ទាប់​ពី ​លោក​ ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បាន​ចោទ​ក្រុម​សង្គម​ស៊ីវិល​មួយ​ចំនួន​ថា​ មាន​ចេតនា​បំផុស​បំផុល​ឲ្យ​មាន​ចលនា​ផ្តួល​រំលំ​រដ្ឋាភិបាល​នា​ពេល​បច្ចុប្បន្ន។​ លោក​ ទៀ​ បាញ់​ បាន​លើក​ឡើងផង​ដែរ​អំពី​យុទ្ធនាការ​ «ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ»​ ដែល​លោក​ចាត់​ទុក​ថា​ ជា​សកម្មភាព​ ដែល​ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​នយោបាយ​ មិនមែន​ជា​ការ​សម្តែង​មតិនោះ​ទេ។​

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​សាល​ប្រជុំ​ថ្មី​នៃ​សាកល​វិទ្យាល័យ​ការពារ​ជាតិ​កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​ ​ឧសភាឆ្នាំ​ ​២០១៦ លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ទៀ បាញ់​ បាន​មាន​ប្រសាសន៍​ ​ទៅ​សមភាគី​វៀតណាម​ ​និង​អ្នក​ចូលរួមដទៃ​ទៀត​ថា​ អ្នក​មាន​មហិច្ឆតា​នយោបាយ​មួយ​ចំនួន ដែល​ចង​គំនិត​គិត​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ បាន​សម្ងំ​លាក់​ខ្លួន​នៅ​ក្រោម​ផ្លាក​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាលដើម្បី​ធ្វើ​សកម្មភាពបម្រើ​មហិច្ឆតា​នយោបាយ​របស់​ខ្លួន។​

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​បាន​ថ្លែង​ថា៖

«គោលដៅ​ដ៏​ធំ​របស់​គេ​ គឺ​ថា​ធ្វើ​យ៉ាង​ណា​ ផ្តួល​រំលំ​ហៅ​ថា​ ​រដ្ឋាភិបាល​ស្រប​ច្បាប់​ ឬ​និយាយ​មែន​ទែន​ គឺ​ផ្តួល​រំលំ​ឲ្យ​បាន​រដ្ឋាភិបាល​ដែល​មាន​គណបក្ស​ប្រជាជន​ដឹកនាំ​ សំដៅ​ផ្តួល​រំលំ​គណបក្ស​ប្រជាជន​នេះ​ឯង»។​

លោក​ ទៀ បាញ់ ព្រមាន​ថា​ រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​ប្រឆាំង​នឹង​ក្រុម​ដែល​បង្ក​ឲ្យ​មាន​អស្ថិរភាព​សង្គម៖

«អ្វី​ដែល​ហៅ​ថា​ ជា​ការ​បង្ក​ ការ​រារាំង​ ឬ​យើង​និយាយ​មួយ​ម៉ាត់​ថា​ អាណា​ដែល​វា​បង្កើត​នូវ​ភាព​រាំងស្ទះ​ ដល់​ដំណើរការ​វិវត្តន៍​ទៅ​មុខ​របស់​យើង​ គឺ​យើង​ចាត់ការ​ ចាត់ការ​នេះ​ គឺ​ទៅ​តាម​ភាព​ត្រឹមត្រូវ»។​

លោក​ ស​ ម៉ូរ៉ា​ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​និង​សេវាកម្ម​កម្ពុជា បាន​ប្រាប់​ VOA​ ថា​ ក្រុម​សង្គម​ស៊ីវិល​ គ្រាន់​តែ​ធ្វើការ​តស៊ូ​មតិ​ តាម​ការ​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ទាមទារ​យុត្តិធម៌​ដល់​មន្ត្រី​សមាគមអាដហុក​ បួន​រូប​ និង​អគ្គលេខាធិការ​រង​ គ.ជ.ប​ មួយ​រូប​តែប៉ុណ្ណោះ។ លោក​ថា យុទ្ធនាការ​ថ្ងៃ​ច័ន្ទពណ៌ខ្មៅ​ មិន​មែន​ជា​ចលនា​ដែល​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​ តាម​អ្វី​ដែល​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​យល់​ថា​ ជា​បដិវត្តន៍​ពណ៌​នោះ។​ លោក​បញ្ជាក់​បន្ត​ថា​ លោក​រដ្ឋមន្ត្រី​ ទៀ បាញ់​ ត្រូវ​ប្រកាន់​យក​ជំហរ​អព្យាក្រឹត​ ដោយ​ឈរ​នៅ​កណ្តាល​រវាង​ក្រុម​សង្គម​ស៊ីវិល​ និង​រដ្ឋាភិបាល។​

លោក​ ស​ ម៉ូរ៉ា ថ្លែង​ថា៖

«យើង​មើល​ឃើញ​ថា​ ក្នុង​នាម​គាត់​ជា​ទាហាន​ ឬ​ក៏​ជា​អ្នក​ការពារ​ជាតិ​អី​ផ្សេងៗ​ហ្នឹង​ គឺ​ត្រូវ​ប្រកាន់​នូវ​គោលការណ៍​កណ្តាល​ អព្យាក្រិត​អី​ផ្សេងៗ​ អញ្ចឹង​វា​ ការ​លើក​ឡើង​ ការ​ចោទប្រកាន់​របស់​គាត់​មក​ហ្នឹង​ វា​ហាក់​ដូច​ជា​រឿង​មិន​ត្រឹម​ត្រូវ​ ហើយ​សមស្រប​ទេ​មក​លើ​អង្គការ​សង្គម​ស៊ីវិល»។​

លោក​ វន់ ពៅ​ ប្រធាន​មេដឹកនាំ​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ហៅ​កាត់​ថា​ IDEA ​បាន​ច្រានចោល​ការ​ចោទប្រកាន់​របស់​លោក​រដ្ឋមន្ត្រី​ ទៀ​ បាញ់​ មក​លើ​ក្រុម​សង្គម​ស៊ីវិល។​ លោក​បន្តថា​ ក្រុម​សង្គម​ស៊ីវិល​មិនមាន​ចេតនា​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ ហើយ​ថា​ ការ​លើក​ឡើង​របស់​លោក​ ទៀ បាញ់​ មាន​ចេតនា​បំភិតបំភ័យ​ដល់​ក្រុម​អង្គការសង្គម​ស៊ីវិល​ ដែល​ប្រឹងប្រែង​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​ប្រាំ​នាក់។​

លោក​ វន់ ពៅ ថ្លែង​ប្រាប់ VOA៖

«ខ្ញុំ​គិត​ថា​ ការ​លើក​ឡើង​ វា​ជា​សារ​មួយ​ គ្រាន់តែ​គំរាម​បំភិតបំភ័យ​នៃ​សង្គម​ស៊ីវិល​ទាំង​ឡាយ​ណា​ ដែល​ធ្វើការ​តវ៉ា​ ទាក់​ទង​រឿង​យុត្តិធម៌​ ដោះ​លែង​អ្នក​ទាំង​ប្រាំ​នាក់​តែ​ប៉ុណ្ណោះ​ឯង»។​

លោក​ វន់​ ពៅ​ បាន​ស្នើ​ឲ្យ​លោក ទៀ បាញ់​ ប្រកាន់​ជំហរ​អព្យាក្រឹត​ ក្នុង​ការ​ការពារ​ប្រជាជន​ខ្មែរ​ឲ្យ​បាន​ស្មើ​គ្នា​ ដោយ​មិន​លម្អៀង​ទៅ​ខាង​ក្រុម​ណា​នោះ​ទេ​នៅ​ក្នុង​ទឹកដី​ខ្មែរ។​

សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពីដើម​ខែ​ឧសភា​នេះ​ ​បាន​សម្រេច​ចោទ​ប្រកាន់​មន្ត្រី​សិទ្ធិ​មនុស្ស​៤​រូប​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ រួមមាន​លោក​ នី សុខា​ លោក​ យី សុខ សាន្ត​ លោក ណៃ​ វង់ដា​ និង ​លោក​ស្រី​ លឹម​ មុន្នី​ ពី​បទ​សូក​ប៉ាន់​សាក្សី​ និង​លោក ​នី ​ចរិយា​ អគ្គ​លេខាធិការ​រង​នៃ​គ.ជ.ប​ពី​បទ​សម​គំនិត​សូកប៉ាន់​សាក្សី។​

ពួកគេ​ទាំង​ប្រាំ​នាក់​នេះ​ កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​បណ្ដោះ​អាសន្ន ​រង់​ចាំ​ការ​កាត់​ទោស។ ការ​សម្រេច​ឃុំ​ខ្លួន​អ្នក​ទាំង​៥​ បាន​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ ក្រុម​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស។ ពួកគេ​បាន​ហៅ​ការ​ឃុំ​ខ្លួន​នេះ​ ថា​ជា​ការ​បំបិទ​សំឡេង​ក្រុម​សង្គម​ស៊ីវិល​ ដែល​ប្រាស​ចាក​ពី​គោល​ការណ៍​លទ្ធិប្រជាធិបតេយ្យ។

រូបឯកសារ៖ ក្រុម​សកម្មជន​សហគមន៍​បុរីកីឡា បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​និង​អ្នក​សារព័ត៌មាន​រង់​ចាំ​នៅ​មុខ​អធិការដ្ឋាន​ប៉ូលិស​ខ័ណ្ឌ​ដង្កោ ក្នុង​អំឡុង​ពេល​មាន​ការ​សាកសួរ​អ្នកចូលរូម​យុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ» កាលពី​ព្រឹក​ថ្ងៃច័ន្ទ​ទី​០៩​ឧសភា​នេះ។ (ឡេង ឡែន/VOA)
រូបឯកសារ៖ ក្រុម​សកម្មជន​សហគមន៍​បុរីកីឡា បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​និង​អ្នក​សារព័ត៌មាន​រង់​ចាំ​នៅ​មុខ​អធិការដ្ឋាន​ប៉ូលិស​ខ័ណ្ឌ​ដង្កោ ក្នុង​អំឡុង​ពេល​មាន​ការ​សាកសួរ​អ្នកចូលរូម​យុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ» កាលពី​ព្រឹក​ថ្ងៃច័ន្ទ​ទី​០៩​ឧសភា​នេះ។ (ឡេង ឡែន/VOA)

បន្ទាប់​ពី​ការ​សម្រេច​ឃុំ​ខ្លួន​នេះ​មក ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​មួយ​ចំនួន​ បាន​ផ្ដើម​ធ្វើ​យុទ្ធនាការ​ «ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ‍»។​ យុទ្ធនាការ​នេះ​ បាន​រង​ការ​បង្ក្រាប​ក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍​ជាប់ៗ​គ្នា ដោយ​មាន​មនុស្ស​ចំនួន​១៣​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ តែ​ត្រូវ​ដោះលែង​ដោយ​អាជ្ញាធរ​កម្ពុជា​វិញ។​

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ព្រមាន​ថា​ យុទ្ធនាការ​ពណ៌​អ្វី​ក៏​ដោយ​ឲ្យ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ខុសច្បាប់​នឹង​ប្រឈម​មុខ​ការ​ចាប់​ខ្លួន។

លោក​ ទៀ បាញ់​ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា និង​ជា​សមាជិកគណៈកម្មាធិការ​កណ្តាល​របស់​គណបក្សប្រជាជន​កម្ពុជា​ ​ ក៏​បាន​រំឭក​ឡើង​វិញ​ផង​ដែរ​អំពី​ការ​ព្រមាន​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​បាន​ស្ថិត​ក្នុង​អំណាច​ជាង​៣០​ឆ្នាំ​មក​នេះ។​ ការ​លើក​ឡើង​របស់​លោក​ ទៀ បាញ់​ អំពី​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ មាន​លក្ខណៈ​ស្រដៀង​គ្នា​ នឹង​ការ​ថ្លែង​របស់​លោក ​ឈាង​ វុន អ្នកតំណាង​រាស្ត្រ​គណបក្ស​គ្រប់គ្រង​ប្រទេស​ ដែល​បាន​ចោទ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​កាល​ពី​ពេល​កន្លង​មក​ថា មាន​បំណង​បំផុស​បំផុល​ប្រជាពលរដ្ឋ​ខ្មែរ​ងើប​បះបោរ​ ​ប្រឆាំង​នឹង​រដ្ឋាភិបាល៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG