Hello VOA៖ អ្នកជំនាញថា កង្វះឆន្ទៈនយោបាយនិងផ្នត់គំនិតអវិជ្ជមានលើភាពជាអ្នកដឹកនាំជាស្រ្តីនៅតែជាឧបសគ្គ
កាលពីចុងខែមិថុនា ឆ្នាំ ២០២២ ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលធ្វើឡើងនៅថ្ងៃទី ៥ ខែមិថុនា អង្គការសង្គមស៊ីវិលចំនួន ៥ ដែលធ្វើការលើការបោះឆ្នោត និងវិស័យយេនឌ័រ ក្នុងនោះមានខុមហ្វ្រែលផងដែរ បានជំរុញឱ្យគណបក្សនយោបាយបង្កើនចំនួនស្ត្រី ដែលអាចឈរជាបេក្ខជនលេខរៀងខាងលើ ដើម្បីអាចឈ្នះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សរុបជាង ១១.០០០នាក់នៅទូទាំងប្រទេស រៀងរាល់ ៥ ឆ្នាំម្តង។ អង្គការបានលើកឡើងថា សន្ទុះនៃការកើនឡើងមានតិចតួចពីមួយអាណត្តិទៅមួយអាណត្តិ។ អ្នកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រនៃអង្គការខុមហ្វ្រែល បានថ្លែងថាក ង្វះការប្តេជ្ញាខ្ពស់ និងឆន្ទៈនយោបាយ ជាបញ្ហាប្រឈមសម្រាប់ការចូលរួមរបស់ស្រ្តីនៅក្នុងវិស័យនយោបាយថ្នាក់ក្រោមជាតិ។ អ្នកស្រីបន្ថែមថា៖ «ដោយសារតែគាត់យកអាបទដ្ឋានវប្បធម៌ ផ្នត់គំនិតសង្គមអវិជ្ជមានមកលើស្រ្តីទៅលើភាពអវិជ្ជមានទៅលើភាពដឹកនាំរបស់ស្រ្តីហ្នឹងហើយ ដែលធ្វើឲ្យមានគំនិតរើសអើងចំពោះស្រ្តី»៕ (លោក ស៊ុន ណារិន, ភ្នំពេញ, ១៤ កក្កដា ២០២២)