Hello VOA៖ ចិនសម្រុកយកប្រៀបនៅសមុទ្រចិនខាងត្បូង ខណៈកូវីដ១៩បន្តរាលដាល
ជំងឺកូវីដ១៩ បានក្លាយជារោគរាតត្បាតជាសាកល។ ប្រទេសចិនដែលមានការផ្ទុះឆ្លងមុនគេ បានស្គាល់នូវស្ថានភាពធូរស្រាលមកវិញ ហើយបានត្រឡប់មកវេទិកាប្រឡងប្រណាំងភូមិសាស្ត្រនយោបាយតំបន់ និងសកលសាជាថ្មី ខណៈដៃគូប្រកួតនានាកំពុងជាប់ដៃបេះចេញនូវមេរោគឆ្លង ដែលទន្ទ្រានបណ្ដាជនពីប្រទេសមួយទៅប្រទេសមួយ។ ជាក់ស្ដែងនៅតំបន់សមុទ្រចិនខាងត្បូងដែលចិនមានជម្លោះជាមួយបណ្ដាប្រទេសដទៃ ដូចជាវៀតណាម ហ្វីលីពីន ព្រុយណេ និងម៉ាឡេស៊ីជាដើម ភាពតានតឹងថ្មីបានអង្រួនស្ថានការណ៍តំបន់គ្រាអាសន្នរោគនេះ ខណៈដែលចិនកាលពីខែមេសាកន្លងទៅបានបញ្ចេញសកម្មភាពទាំងយោធា ទាំងរដ្ឋបាល ទាំងស៊ីវិល យ៉ាងសកម្ម ដើម្បីបន្តធ្វើសញ្ជ័យកម្ម ធានាយកឱ្យបាននូវការទាមទាររបស់ខ្លួន នៅតំបន់ទឹកមានជម្លោះ។ បណ្ឌិត រ៉ូ វណ្ណៈ អ្នកវិទ្យាសាស្ត្រនយោយដែលបានសិក្សាពីកិច្ចការនយោបាយអន្តរជាតិ បានចូលរួមជាវាគ្មិនដើម្បីជជែកអំពីបញ្ហាខាងលើ ក្នុងកម្មវិធី Hello VOA កាលពីរាត្រីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមក និងដែលមានលោក អូន ឆេងប៉រ នៃVOA ជាអ្នកសម្របសម្រួល។ អ្នកស្រាវជ្រាវរូបនេះបានឱ្យដឹង ក្នុងឱកាសដែលដៃគូប្រជែងនានា ដែលរាប់ទាំងសហរដ្ឋអាមេរិក កំពុងជាប់ដៃប្រយុទ្ធនឹងមេរោគឆ្លង ទីក្រុងប៉េកាំងបានមើលឃើញឱកាសល្អ ក្នុងការយកប្រៀបក្នុងជម្លោះដែលមានសារៈសំខាន់ដល់សន្តិសុខជាតិជាប្រវតិ្តសាស្ត្ររបស់ខ្លួនមួយនេះ តែបណ្ដារដ្ឋគូភាគីនានា មានលទ្ធភាពតិចតួចក្នុងការតបត តែថាអាមេរិកនឹងមិនឱបដៃឈរមើលនោះទេ៕