ជំនន់ទឹកភ្លៀងបានវាយលុកយ៉ាងខ្លាំងនៅបណ្ដាខេត្តភាគខាងលិចនិងភាគខាងជើងប្រទេសនាចុងសប្ដាហ៍កន្លងទៅ ដែលបណ្ដាលឱ្យមនុស្សយ៉ាងហោច១១នាក់ស្លាប់ និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតរងផលប៉ះពាល់។ ការណ៍នេះបង្កជាក្ដីបារម្ភថា គ្រោះធម្មជាតិនេះនាំឱ្យមានការខូចខាតលើសេដ្ឋកិច្ចកម្ពុជាដែលកំពុងរងឥទ្ធិពលពីវិបត្តិជំងឺកូវីដ១៩ស្រាប់ទៅហើយ។
លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់VOAថា គិតត្រឹមល្ងាចថ្ងៃអាទិត្យនេះ មានប្រជាជនយ៉ាងហោច១១នាក់បានស្លាប់ ក្នុងគ្រោះទឹកជំនន់លើកនេះ ដែលវាយលុកជាយរាជធានីភ្នំពេញ និងខេត្ត១០ផ្សេងទៀត ដែលក្នុងនោះខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ឧត្ដរមានជ័យ និងស្ទឹងត្រែង រងគ្រោះធ្ងន់ធ្ងរជាងគេ។
លោក ឃុន សុខា ថ្លែងថា៖ «ទឹកភ្លៀងបើធៀបនឹងឆ្នាំមុនក៏មានលក្ខណៈទាបជាងមុន តែវាមកសម្រុកនៅក្រោយភ្ជុំ ក្រោយភ្ជុំហ្នឹង មានព្យុះផ្ទួនៗគ្នា ដែលនាំឱ្យមានជំនន់ទឹកភ្លៀង»។
បើយោងតាមរបាយការណ៍គិតត្រឹមម៉ោង១០:៣០នាទីយប់ថ្ងៃសៅរ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រជាជនជិត២ម៉ឺនគ្រួសារកំពុងរងផលប៉ះពាល់ ដែលក្នុងនោះមានជាង១ពាន់គ្រួសារ ត្រូវជម្លៀសចេញពីលំនៅឋានទៅរកទីទួលមានសុវត្ថិភាព។
លោក ឃុន សុខា បានលើកឡើងថា វាហាក់ឆាប់ពេកក្នុងការវាយតម្លៃសន្និដ្ឋានជាតួលេខជាក់ស្ដែង អំពីទំហំនិងកម្រិតនៃការខូចខាតបណ្ដាលពីការហូរជន់ជោរនៃទឹកជំនន់ពេញផ្ទៃខាងលិច និងផ្ទៃខាងជើងប្រទេស។ តែលោកថា៖
«ស្ថានការណ៍នេះគឺអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ បានចូលរួមជួយនោះគឺ យើងគ្រប់គ្រងស្ថានភាពបាន ទាំងការជួយគាត់ឱ្យមានសុវត្ថិភាព និងការផ្ដល់ស្បៀងអាហារ គឺយើងអាចគ្រប់គ្រងស្ថានភាពបាន»។
ផ្ទះរបស់លោក ដែន ដា ក្នុងសង្កាត់អូរម៉ាល់ ជាតំបន់កសិកម្មជាយក្រុងបាត់ដំបង បានជន់លិចអស់រយៈពេល៣ថ្ងៃមកហើយ។ យុវជនវ័យ១៨ឆ្នាំរូបនេះបានប្រាប់VOAថា គិតត្រឹមល្ងាចថ្ងៃអាទិត្យនេះ ទឹកមានជម្រៅត្រឹមភ្លៅ។ លោកថា ស្រែស្រូវ៤ហិកតាដែលធំធាត់សម្រាប់ច្រូតប្រមូលផលទៅហើយរបស់គ្រួសារលោក ត្រូវបានទឹកលិចខូចខាតទាំងស្រុង។
«អាហ្នឹងប៉ះពាល់[ចំណូល]តិចតួចដែរ ព្រោះទឹកលិចអស់ទៅ អង្ករនិងដំណាំលិចអស់ទៅ វាប៉ះពាល់ដែរ»។
លោក ឃុន សុខា នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្ថែមថា ដ្បិតថាមានជំនន់ តែទឹកភ្លៀងដែលទទួលបាននៅឆ្នាំនេះតិចជាងឆ្នាំមុន ដែលអាចបង្កឱ្យមានការខ្វះខាតទឹកនៅរដូវប្រាំងខាងមុខនេះ ដែលនឹងប្រឈមសម្រាប់វិស័យកសិកម្មបន្ថែមទៀត។
«បាទ ធម្មតា បើសិនជាប៉ះពាល់ទៅដល់កសិកម្មនោះហើយ វាតែងតែមានផលប៉ះពាល់ដល់ចំណូលរបស់ប្រជាកសិករ តែរដ្ឋាភិបាលកំពុងប្រុងប្រយ័ត្នក្នុងការរក្សាទឹកនៅពេលនេះ។ ក្រុមជំនាញកំពុងតែប្រមូលទឹកដាក់មើលអាងបញ្ចូល ក្នុងអាងទឹកធំៗ ដើម្បីត្រៀមទុកសម្រាប់ពេលដែលអត់មាន»។
វិស័យកសិកម្មដែលរដ្ឋាភិបាលរំពឹងថានឹងជួយរង និងទប់បម្រុងប៉ះប៉ូវពីផលប៉ះពាល់នៃការធ្លាក់ចុះសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩ ដែលនាំឱ្យការផ្ញើប្រាក់ពីពលករនៅក្រៅប្រទេសធ្លាក់ចុះ ការនាំចេញផលិតផលវាយនភណ្ឌក៏ថយ ហើយអំណាចតម្រូវការអតិថិជនក្នុងស្រុកក៏ចុះខ្សោយ។ នេះបើយោងតាម ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលបានវិភាគថា សេដ្ឋកិច្ចរបស់ប្រទេសនឹងធ្លាក់ចុះក្នុងអត្រា -៤% នៅឆ្នាំ២០២០នេះ។
បណ្ឌិត ឆេង គឹមឡុង នាយកមជ្ឈមណ្ឌលនវានុវត្តន៍និងប្រជាធិបតេយ្យលើកិច្ចការអភិបាលកិច្ច នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានលើកឡើងថា គ្រោះទឹកជំនន់នេះអាចប៉ះពាល់ដល់សន្ទុះនៃការហក់ឡើងមកវិញនៃសេដ្ឋកិច្ចកម្ពុជា ព្រោះការផ្គត់ផ្គង់ស្បៀង និងផលិតផលកសិឧស្សាហកម្មនៅតំបន់ជន់លិច អាចនឹងជួបភាពរអាក់រអួល។
លើសពីនេះទៅទៀត គ្រោះទឹកជំនន់នេះនឹងនាំឱ្យមានបម្រែបម្រួលដល់ផែនការថវិកានិងសារពើពន្ធរបស់រដ្ឋសម្រាប់ឆ្នាំបន្ទាប់។ នេះបើយោងតាមអ្នកជំនាញរូបនេះ។
«តាមពិតវាប៉ះពាល់ជាកញ្ចប់តែម្ដង ព្រោះឧបមាថា ស្ពាន ផ្លូវ ថ្នល់ ប្រព័ន្ធធារាសាស្ត្រមួយចំនួន រងផលខូចខាត ដូច្នេះវាធ្វើឱ្យខ្ទង់ចំណាយរបស់រដ្ឋ ត្រូវបង្វែរការវិនិយោគដើម្បីស្ដារមកវិញ ដូច្នេះវានឹងនាំឱ្យប្រែប្រួលលើផែនការថវិកាជាតិចំណាយទៅលើការសង្គ្រោះវិស័យហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធមួយចំនួន សម្រាប់ជាគមនាគមន៍ផង និងកសិកម្មផង»។
បណ្ឌិត ឆេង គឹមឡុង បានលើកថា រដ្ឋគួរវិនិយោគបន្ថែមទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រនិងកសិកម្ម ដែលអាចបន្ថយផលប៉ះពាល់នៃទឹកជំនន់ និងផ្គត់ផ្គង់ទឹកពេលរាំងស្ងួត ដើម្បីបន្សាំទៅនឹងស្ថានភាពធាតុអាកាសថ្មីដែលកាន់តែប្រែប្រួល និងមិនអាចទស្សន៍ទាយទុកជាមុនបាន៕