ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ទន្ទ្រាន​ដី​រដ្ឋ​ដ៏​ចម្រូង​ចម្រាស​នៅ​មណ្ឌល​គិរី ពាក់ព័ន្ធ​តាំង​ពី​មេឃុំ​ដល់​សមាជិក​ព្រឹទ្ធសភា​


ទីតាំង​អតីត​វាលយន្តហោះ​ក្នុង​ក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
ទីតាំង​អតីត​វាលយន្តហោះ​ក្នុង​ក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

សមាជិក​ព្រឹទ្ធ​សភា ​ឧត្ដម​សេនីយ៍​នគរបាល​ និង​យោធា ​អតីត​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ ​នាយក​រង​រដ្ឋបាល​ខេត្ត ​ អភិបាល​ស្រុក​មេឃុំ ​សរុប​ប្រមាណ​១០​នាក់​ សុទ្ធ​សឹង​ជា​អ្នក​ដែល​ត្រូវ​បាន​រក​ឃើញ​ថាពាក់​ព័ន្ធ​នឹង​ការ​ទន្ទ្រាន​ដី​រដ្ឋ​ដ៏​ចម្រូង​ចម្រាស​មួយ​នៅ​ខេត្ត​មណ្ឌល​គិរី។​

តាំង​ពី​ខែ​កក្កដា​ពេល​ដែល​លោក​ឧប​នាយក​រដ្ឋមន្ត្រី ​ស ខេង​បាន​បង្ហើប​ថា​មាន​«មន្ត្រី​គ្រាក់ៗ»​ចូល​ទៅ​ទន្ទ្រាន​កាន់​កាប់​ដី​រដ្ឋ​យក​ជា​កម្មសិទ្ធិ​របស់​ខ្លួន​មក​នោះក្រុម​ការងារ​អន្តរ​ក្រសួង​ដែល​លោក​ដឹក​នាំ​បាន​រក​ឃើញ ​និង​កំណត់​អត្ត​សញ្ញាណ​មន្ត្រី​មួយ​ចំនួន។​

កំណត់​ហេតុ​ប្រជុំ​ចុះ​ថ្ងៃ​ទី៣១ ​ខែ​សីហា​នៃ​ក្រុម​ការងារ​អន្តរ​ក្រសួង​ដែល​VOA​ទើប​ទទួល ​បាន​រៀប​រាប់​ពី​ការ​ពាក់​ព័ន្ធ​របស់​លោក​ ណយ ស្រូន ​សមាជិក​ព្រឹទ្ធសភា​ភូមិភាគ​ទី៨​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​«ប្រើប្រាស់​តួនាទី ​អំណាច ​និង​ឥទ្ធិពល​របស់​ខ្លួន» ​ក្នុង​ការ​ព្យាយាម​ចុះ​បញ្ជី​ដីធ្លី​លើ​ដី​ទំហំ​៥៣១​ហិកតា ​ក្នុង​ស្រុក​អូររាំង​ ខេត្ត​មណ្ឌល​គិរី។​

ភាព​ចម្រូង​ចម្រាស​នេះ​នាំ​ឲ្យ​សមាជិក​ព្រឹទ្ធ​សភា​រូប​នេះ​បាន​សុំ​ការ​អភ័យ​ទោស​ពី​លោក ​ហ៊ុន សែន ​ផង​ដែរ។​

ការណ៍​នេះ​នាំ​ឲ្យ​មាន​ការ​រិះគន់​ពី​សាធារណជន​ផង​ដែរ ​ដែល​លើក​ឡើង​ថា​គួរ​តែ​មាន​វិធានការ​ផ្លូវ​ច្បាប់​ដើម្បី​បញ្ចៀស​ការ​អនុវត្ត​ស្តង់​ដារ​ពីរ។​

ទិដ្ឋភាព​ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
ទិដ្ឋភាព​ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

លោក ​ខៀវ សុភ័គ ​រដ្ឋ​លេខាធិការ ​និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​បញ្ជាក់​ថា​ កំណត់​ហេតុ​ប្រជុំ​ចុះ​ថ្ងៃ​ទី​៣១​ ខែ​សីហា​នោះ​ គឺ​ពិត​ប្រាកដ​មែន។ ​កំណត់​ហេតុ​ដដែល​បាន​ស្នើ​ឲ្យ​លោក ​ណយ ស្រូន ​សមាជិក​ព្រឹទ្ធ​សភា​ទទួល​ការ​«អប់រំ​ណែនាំ»​ពី​លោក​ប្រធាន​ព្រឹទ្ធ​សភា ​សាយ ឈុំ។​

លោក​ ណយ ស្រូន ​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា​កោះ​ហៅ​មក​ជួប​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​កញ្ញា​ ហើយ​លោក​បាន​«សុំ​ខន្ដី​អភ័យ​ទោស​នូវ​រាល់​កំហុស​ខុស​ឆ្គង ​ទោះ​ចេតនា​ក្ដី ​ឬ​អចេតនា​ក្ដី ​ពី​ថ្នាក់​ដឹកនាំ​ និង​ដែល​បាន​ធ្វើ​ឱ្យ​ថ្នាក់​ដឹកនាំ​មាន​ការ​លំបាក​ដោយ​សារ​ខ្លួន»។​នេះ​បើ​យោង​តាម​ព្រឹទ្ធ​សភា​ដែល​បាន​ឱ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ។

លោក ​ណយ ស្រូន​ក៏​បាន​សរសេរ​លិខិត​មួយ​ដាច់​ដោយ​ឡែក​នៅ​ថ្ងៃ​ទី​២៣ ​ខែ​កញ្ញា​ដដែល​ផ្ញើ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ថា ​លោក​មិន​ដែល​បាន​កាន់​កាប់​ដី​ទំហំ​៥៣១​ហិកតា​ខាង​លើ​នោះ​ទេ ​ តែ​បែរ​ជា​ថា​«សូម​ដក​ខ្លួន​លែង​ពាក់​ព័ន្ធ»​នឹង​ដី​នោះ ​ ហើយ​សូម​ប្រគល់​ជូន​រដ្ឋ​វិញ។​

សមាជិក​ព្រឹទ្ធ​សភា​រូប​នេះ​ បាន​ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​VOD​នា​ថ្ងៃ​ពុធ​នេះ​ថា​លោក​បាន​សុំ​ទោស​នាយក​រដ្ឋមន្រ្តី​ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រួច​ហើយ ហើយ​លោក​ហ៊ុន សែន​ក៏​បាន​ទទួល​ការ​សុំទោស​នោះ​ហើយ។​

នៅ​ថ្ងៃ​ពុធ​នេះ​ ព្រឹទ្ធសភា​បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ​ដោយ​លើក​ឡើង​ថា​លោក​ណយ ស្រូន​មិន​ទាន់​បាន​គ្រប់គ្រង​និង​ប្រើ​ប្រាស់​ដី​ជាង​៥០០​ហិកតា​នោះ​ទេ ​ ហើយ​ទើប​តែ​ស្ថិត​ក្នុង​ដំណាក់​ការ​ដំបូង​នៃ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​កាន់​កាប់។​

ព្រឹទ្ធ​សភា​បាន​បញ្ជាក់​ថា៖ ​«វិធាន​ការ​អប់រំ​ណែនាំ​របស់​ស្ថាប័ន​ពុំ​រារាំង​ដល់​ការ​អនុវត្ត​ច្បាប់​នោះ​ទេ ​ ប្រសិន​បើ​សាមី​ខ្លួន​ត្រូវ​បាន​រក​ឃើញ​នូវ​កំហុស​ណា​មួយ​ពាក់ព័ន្ធ​នឹង​ផ្លូវ​ច្បាប់»។​

លោក​អ៊ាង ម៉េងលី ​អ្នក​សម្រប​សម្រួល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​ប្រចាំ​ខេត្ត​មណ្ឌល​គិរី ​មាន​ប្រសាសន៍​ថា​ការ​ទន្ទ្រាន​ចាប់​យក​ដី​រដ្ឋ​ដោយ​មន្ត្រី​មាន​អំណាច ​មាន​សន្ទុះ​កើន​ឡើង​ក្រោយ​ពី​ការ​ប្រកាស​របស់​រដ្ឋាភិបាល​អំពី​គម្រោង​សាង​សង់​អាកាស​យានដ្ឋាន​ថ្មី​មួយ​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី។​

«អ៊ីចឹង​ទៅ​មាន​ការ​ជោរ​តាម​គ្នា ។​ ខ្ញុំ​មើល​ទៅ ជោរ​តាម​គ្នា ​ ដោយ​សារ​តែ ​គិត​ថា​ ដី​តំបន់​នេះ​ងាយ​ស្រួល​ក្នុង​ការ​កាន់​កាប់ជា​រឿង​មួយ​ដែល​ថា ​យក​ទៅ​បាន​ស្រួល​នោះ​ណា៎។​ខ្ញុំ​មើល​រូបភាព​អ៊ីចឹង។​ ខ្ញុំ​ឃើញ​ថា​ កន្លង​មក​បុគ្គល​មាន​អំណាច​ខ្លះ​គាត់​កាន់​កាប់​តួនាទី​ទាំង​អស់​នោះ​ គាត់​ដើរ​គំរាម​ប្រជា​ពលរដ្ឋ​អ៊ីចឹង»។​

ទិដ្ឋភាព​ទីរួម​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
ទិដ្ឋភាព​ទីរួម​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

មន្ត្រី​សមាគម​អាដហុក​រូប​នេះ​បាន​ប្រាប់​VOA​បន្ថែម​ថា៖ ​«ពីព្រោះ​ថា​ ដីធ្លី ​យើង​ដឹង​ហើយ​ថា ​ ដី​នៅ​ខេត្ត​មណ្ឌល​គិរី ​ជា​ដី​រដ្ឋ​ចង់​សុទ្ធ​សឹង​តែ​ទាំង​អស់​ហើយ»។​

ដី​៥៣១​ហិកតា​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សមាជិក​ព្រឹទ្ធសភា​នេះ ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​សែន​មនោរម្យ ​ស្រុក​អូររាំង ​ខេត្ត​មណ្ឌលគិរី​គឺ​មាន​ទីតាំង​ក្នុង​ឃុំ​តែ​មួយ​ជាមួយ​ដី​បម្រុង​ទុក​៦០០​ហិកតា​ដែល​រដ្ឋបាល​ខេត្ត​បាន​ប្រកាស​ថា​ ត្រៀម​សម្រាប់​ការ​សាង​សង់​អាកាស​យានដ្ឋាន​របស់​ខេត្ត​នេះ។​

មេឃុំ​សែន​មនោរម្យ ​លោក​ ថ្វាន់ ត្រែល​ និង​មេឃុំ​ពីរ​រូប​ទៀត​នៅ​ស្រុក​អូររាំង​ និង​ស្រុក​កែវសីមា ​ក៏​មាន​ការ​ពាក់​ព័ន្ធ​ដែរ​ ហើយ​ត្រូវ​បាន​បង្គាប់​ឱ្យ​ទទួល​«ពិន័យ​រដ្ឋបាល»​ដោយ​ការ​ស្ដីបន្ទោស​ផ្ទាល់​មាត់។​នេះ​បើ​យោង​តាម​លោក​ ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ។​

«គាត់​ឡើង​ធ្វើ​មេឃុំ​ដោយ​សារ​ការ​បោះឆ្នោត ​ដូច្នេះ​វិន័យ​រដ្ឋបាល​មិន​មាន​អ្វី​ក្រៅពី​ការ​ស្ដី​បន្ទោស។​យើង​មិន​អាច​ដក​តួនាទី​គាត់​បាន​ទេ ​ ព្រោះ​គាត់​ឡើង​ដោយ​ជាប់​ឆ្នោត ​ទាល់​តែ​គាត់​ធ្វើអី​ផ្សេងៗទៀត​បាន​…​វិន័យ​ក្រៅពី​រដ្ឋបាល​ដូច​គ្មាន​អ្វី​ក្រៅ​ពី​ហ្នឹង​ទេ​តាម​ពូដឹង។​បាទ​ស្ដី​បន្ទោស​ឬ​ក៏​ឱ្យ​គាត់​កែ​សម្រួល​អ្វី​ដែល​គាត់​បាន​ធ្វើ​….​ឱ្យ​លុប​ចេញ ​ ឧទាហរណ៍​សេចក្ដី​សម្រេច​ណា​ខុស​ ឱ្យ​លុប​ចេញ»។​

ក្នុង​ចំណោម​មន្ត្រី​ទាំង​អស់​ដែល​ត្រូវ​បាន​រៀបរាប់​ឈ្មោះ ​ក៏​មាន​ផង​ដែរ​លោក ​ស៊ិន វណ្ណវុឌ្ឍ​ ដែល​ត្រូវ​បាន​ដក​ចេញ​ពី​តួនាទី​អភិបាល​ស្រុក​កោះ​ញែក​កាល​ពី​ពាក់​កណ្ដាល​ខែ​មុន ​និង​លោក ​សុក សេរ៉ា​ ដែល​ត្រូវ​បាន​ផ្លាស់​ប្ដូរ​តួនាទី​ពី​នាយក​រង​រដ្ឋបាល​ខេត្ត​ចូល​មក​ក្រសួង​មហា​ផ្ទៃ​វិញ។​នេះ​បើ​យោង​តាម​កំណត់​ហេតុ​របស់​ក្រុម​ការងារ​អន្តរ​ក្រសួង​ដឹកនាំ​ដោយ​លោក​ស ខេង។​

មន្ត្រី​យោធា​វិញ​រួម​មាន​លោក​ឧត្ដម​សេនីយ៍​ត្រី ​ដេត ហ៊ាង​ មេ​បញ្ជាការ​រង​កង​ឯកភាព​ស្ថាបនា​ថ្នល់​នៃ​អង្គភាព​៧១៦។​

លោក​ ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​បាន​ប្រាប់​កាសែត​រស្មីកម្ពុជា​ដែល​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា​«ពិន័យ​រដ្ឋបាល»​ បាន​អនុវត្ត​រួច​មក​ហើយ​សម្រាប់​លោក​ ដេត ហ៊ាង ​តែ​មិន​បាន​បញ្ជាក់​លម្អិត​នោះ​ទេ។​

ការ​ចាប់​ខ្លួន​មនុស្ស​ពាក់ព័ន្ធ ​ក៏​ត្រូវ​បាន​រាយ​ការណ៍​ផង​ដែរ​រួម​មាន​លោក​ឧត្តម​សេនីយ៍​ទោ​ ពៅ សុធារ៉ាន់​ អនុ​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក​នៃ​ក្រសួង​មហាផ្ទៃ​ ដែល​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​មណ្ឌល​គិរី​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន​ពី​បទ​ទន្ទ្រាន​ដី​រដ្ឋ​ខុស​ច្បាប់។​

អ្នក​រិះគន់​ក៏​បាន​បង្ហាញ​ក្ដី​មិន​ពេញ​ចិត្ត​នឹង​ការ​អនុវត្ត​ត្រឹម​វិន័យ​រដ្ឋបាល​ លើ​មន្ត្រី​មួយ​ចំនួន​ផ្សេង​ទៀត។​

លោក ​អ៊ាង ម៉េងលី ​មន្រ្តី​សមាគម​អាដហុក​ប្រចាំ​ខេត្ត​មណ្ឌលគិរី​ បាន​លើក​ឡើង​ថា៖ ​«យើង​ពិនិត្យ​មើល​ថា ​ទោះ​គាត់​ស្ថិត​នៅ​កម្រិត​ណា​ក៏ដោយ ​ ​បើ​គាត់​ប្រព្រឹត្ត​ខុសច្បាប់​ហើយគាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ​ចៀស​វាង​គេ​ថា​ការ​អនុវត្ត​ច្បាប់​នោះ​វា​មាន​ស្ដង់ដារ​ពីរ»។​

លោក​បន្ថែម​ថា៖ ​«គិត​ថា​ វា​ ឆ្ពោះ​ទៅ​រក​បញ្ហា​ទាំង​អស់​នោះ​ហើយ​បាន​ជា​ការ​អនុវត្ត​ច្បាប់​បែប​នេះ​ធ្វើ​ឱ្យ​បុគ្គល​ហ្នឹង​គាត់​អាង​វ៉ាង។​ គាត់​អាង​មាន​អំណាច​ទៅ ​ គាត់​អាច​មាន​បុណ្យស័ក្ដិ​តួនាទី​ទៅ គេ​ខ្លាច​ញញើត​គាត់​ ហើយ​ថា​ ច្បាប់​ហ្នឹង​មិន​អាច​អនុវត្ត​ដាក់​ទោស​ដាក់​ទណ្ឌ​គាត់។​ អ៊ីចឹង​រូបភាព​នេះ​ហើយ​ជា​ឱកាស​មួយ​ ដើម្បី​គាត់​ច្បាម​យក​ពី​ធនធាន​ធម្មជាតិ​មាន​ដីធ្លី​ព្រៃឈើ​ជាដើម»។​

លោក​ ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​បដិសេធ​ការ​លើក​ឡើង​នេះ។​

«ទុក​គេ​ថា ​ គេ​ថា​ម៉េច​ក៏​ថា​បាន​ទៅ។ ​សិទ្ធិ​របស់​អ្នក​ថា។ ​ យើង​ទៅ​ថា​ម៉េច?​ ​យើង​អ្នក​ធ្វើ​ចេះ​តែ​ធ្វើ​ទៅ។​អ្នក​ថា​ចេះ​តែ​ថា​ទៅ​….​ថា​ទៅ​ក៏​គ្មាន​ច្បាប់​ឯណា​ទៅ​ចាប់​ទោស​អ្នកថា​…ជា​សិទ្ធិ​សេរី​ភាព​របស់​គេ​បញ្ចេញ​មតិ»។​

VOA​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោកស្វាយ សំអ៊ាងអភិបាល​ខេត្ត មណ្ឌលគិរី​ដែល​ចូល​មក​កាន់​តួនាទី​តាំង​ពី​ឆ្នាំ ២០១៦ បាន​ទេគិត​ត្រឹម​រសៀល​ថ្ងៃ​ពុធ​នេះ។

គួរ​បញ្ជាក់​ថា​ ​នៅ​ក្នុង​ការ​ទន្រ្ទាន​ដី​រដ្ឋ​នៅ​ខេត្ត​មណ្ឌល​គិរី​នេះ ​ លោក ​សេង សុវណ្ណារ៉ា ​អតីត​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ដែរ​ កាល​ពី​ខែ​មិថុនា។​ នេះ​បើ​តាម​សារ​ព័ត៌មាន​ក្នុង​ស្រុក៕

XS
SM
MD
LG