ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូដកម្ម​បុគ្គលិក​ស៊ិនទ្រី​បង្ក​វិបត្តិ​សំរាម​នៅ​ភ្នំពេញ


គំនរសំរាមនៅក្បែរវាលព្រះមេរុ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
គំនរសំរាមនៅក្បែរវាលព្រះមេរុ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

គំនរ​សំរាម​បាន​ទន្ទ្រាន​ចិញ្ចើម​ផ្លូវ​និង​ទ្រូង​ផ្លូវ​មួយ​ចំនួន​នៅ​ភ្នំពេញ​ បង្ខំ​ឱ្យ​អាជ្ញាធរ​រាជធានី​បញ្ជូន​កម្លាំង​សន្ដិសុខ​របស់​ខ្លួន​ចេញ​ទៅ​ប្រមូល​ ខណៈ​កម្មករ​ប្រមូល​កាក​សំណល់​រាប់​ពាន់​នាក់​នៃ​ក្រុមហ៊ុន​ស៊ិនទ្រី​បន្ត​ធ្វើ​កូដកម្ម​អស់​រយៈ​ពេល ​៤ ​ថ្ងៃ​ជាប់​គ្នា។​

ការ​តវ៉ា​របស់​កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ិនទ្រី​ ពាក់ព័ន្ធ​នឹង​ភាព​មិន​ច្បាស់លាស់​នៃ​ការ​ធ្វើ​អន្តរ​កាល​ដោះដូរ​រចនា​សម្ព័ន្ធ​ក្រុម​ហ៊ុន​ប្រមូល​សំរាម​ក្នុង​រាជធានី។​

លោក​ កៅ សុខវ៉ាត ​ប្រធាន​សហជីព​កម្មករ​និយោជិក​វិស័យ​ទេសចរណ៍​នៃ​ក្រុមហ៊ុន​ស៊ិនទ្រី​ បាន​ប្រាប់​ VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា កម្មករ​កម្មការិនី​ប្រមាណ​ ២.១០០​ នាក់​ នៃ​ក្រុមហ៊ុន​ស៊ិនទ្រី​បាន​ធ្វើ​កូដកម្ម​ តាំង​ពី​ល្ងាច​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។​

«ទាំង​អស់​តែ​ម្ដង​មួយ​ក្រុមហ៊ុន​នេះ ​គឺ​អត់​មាន​នរណា​ម្នាក់​ធ្វើ​ការ​ទេ ​បង។ អត់​ទាំង​អស់ ​សូម្បី​តែ​ឡាន​ក៏​អត់​មាន​ចេញ​ប្រមូល​សំរាម​មួយ​គ្រឿង​ដែរ​ បង ​អត់​ទាំង​អស់​គ្នា»។​

ក្រុម​កម្មករ​ដែល​ធ្វើ​កូដកម្ម​មាន​ការ​បារម្ភ​ថា​ ក្រោយ​ការ​ដេញ​ថ្លៃ​រើស​ក្រុមហ៊ុន​ថ្មី​មក​ប្រមូល​សំរាម​នៅ​ថ្ងៃ​ទី ១៦ ​ខែ​តុលា​ខាង​មុខ​នេះ​ ពួក​គេ​នឹង​ត្រូវ​រាប់​បញ្ចូល​ជា​បុគ្គលិក​ថ្មី​ និង​មិន​បាន​ប្រាក់​អត្ថ​ប្រយោជន៍​នានា ​ដូច​យ៉ាង​ប្រាក់​អតីត​ភាព​ការងារ​ជាដើម ​ជាមួយ​ក្រុមហ៊ុន​ស៊ិនទ្រី ​ដែល​ជា​ក្រុម​ហ៊ុន​ចាស់។​

កាល​ពី​ខែ​តុលា ឆ្នាំ​ ២០១៩​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បញ្ជា​ឱ្យ​យក​ក្រុមហ៊ុន​ស៊ិនទ្រី​ដែល​ផ្គត់ផ្គង់​សេវា​ប្រមូល​សំណល់​រឹង ​ក្នុង​រាជធានី​ភ្នំពេញ ​អស់​ ២០ ឆ្នាំ​មក​ហើយ​នោះ មក​នៅ​ក្រោម​ការ​គ្រប់​គ្រង​បណ្ដោះ​អាសន្ន​របស់​រដ្ឋ ក្រោម​ហេតុ​ផល​ថា​ ក្រុមហ៊ុន​នេះ​ផ្ដល់​សេវា​ប្រមូល​សំរាម​មិន​បាន​ល្អ។​

លោក​ កៅ សុខវ៉ាត ​ឱ្យ​ដឹង​ថា ​ក្នុង​ជំនួប​ជាមួយ​តំណាង​កម្មករ ​កាល​ពីថ្ងៃ​ច័ន្ទ​លោក​ សេង សាវី​ អគ្គនាយក​ក្រុម​ហ៊ុន​ស៊ិនទ្រី ​បាន​បញ្ជាក់​ថា ​ពិត​ជា​មាន​ការ​ដេញ​ថ្លៃ​រើស​ក្រុមហ៊ុន​ថ្មី​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១៦ ​ខែ​តុលា​ខាង​មុខ។​

«ខ្ញុំ​មើល​ទៅ​ដូច​ជា​អត់​មាន​អ្វី​ខុស​ច្បាប់​ទេ​ ព្រោះ​ក្រុមហ៊ុន​បាន​ដេញ​ថ្លៃ​មែន​ ​ហើយ​មិន​បាន​ឱ្យ​ដឹង​ដំណឹង​…​បិទ​បាំង​ព័ត៌មាន​មិន​ឱ្យ​គាត់​ដឹង​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ»។​

ការ​ទាមទារ ​៥​ ចំណុច​របស់​កម្មករ​កម្មការិនី​ក្រុមហ៊ុន​ស៊ិនទ្រី​នោះ ​រួម​មាន​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ ប្រាក់​សំណង​ជំងឺ​ចិត្ត​ ប្រាក់​ជួស​ការ​ជូន​ដំណឹង​មុន​ ​ប្រាក់​ខែ​ចុង​ក្រោយ ​និង​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ដែល​នៅ​សេស​សល់។​

គំនរសំរាមនៅជ្រុងមួយនៃខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
គំនរសំរាមនៅជ្រុងមួយនៃខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

VOA ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​តំណាង​ក្រុមហ៊ុន​ស៊ិនទ្រី​បាន​នៅ​ឡើយ​ទេ ​នៅ​ថ្ងៃ​អង្គារ​នេះ។​

សាលា​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សៅរ៍​ បាន​ទទូច​ឱ្យ​កម្មករ​ «បញ្ឈប់​ការ​ធ្វើ​កូដកម្ម​ ដោយ​យក​បញ្ហា​សំរាម​ជា​ចំណាប់​ខ្មាំង» ​និង​បាន​ព្រមាន​រើស​កម្មករ​ថ្មី​ ដោយ​មិន​ទទួល​កម្មករ​កំពុង​ធ្វើ​កូដកម្ម​ដែល​មាន​ស្រាប់​របស់​ក្រុមហ៊ុន​ស៊ិនទ្រី​ឡើយ ​ខណៈ​ក្រុមហ៊ុន​នេះ​កំពុង​ធ្វើ​អន្តរ​កាល​ការងារ​ប្រមូល​សំរាម។​

បន្ថែម​ពី​ការ​ព្រមាន សាលា​រាជធានី​ភ្នំពេញ​កាល​ពីថ្ងៃ​ច័ន្ទ​ ក៏​បាន​ប្រកាស​រើស​អ្នក​ប្រមូល​សំរាម​ថ្មី​ «ជា​ច្រើន​នាក់»​ និង​បាន​បញ្ជូន​កម្លាំង​សន្ដិសុខ​ខណ្ឌ​ និង​ប្រជា​ការពារ​ចេញ​ទៅ​ប្រមូល​សំរាម​ ដែល​ពលរដ្ឋ​យក​ទៅ​ទុក​ចោល​តាម​ដង​វិថី​នានា ​ក្នុង​រាជធានី​ភ្នំពេញ។​

លោក​ កៅ សុខវ៉ា ត​មន្រ្តី​សហជីព​ការពារ​ឲ្យ​កម្មករ​បារម្ភ​ថា ​ខ្លឹមសារ​នៃ​លិខិត​ទាំង​ពីរ​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ​ ហាក់​មាន​ន័យ​ស្មើ​នឹង​ការ​បញ្ឈប់​បុគ្គលិក​និយោជិត ​ដែល​កំពុង​ធ្វើ​កូដកម្ម​ទាំង​អស់។​

និយាយ​ទៅ ​ពួក​ខ្ញុំ​ធ្វើការ​នេះ​មាន​ហានិភ័យ​ច្រើន​ណាស់ ​បង ​ដូច​ប្ដូរ​ជីវិត​លើ​ផ្លូវ​ថ្នល់​អ៊ី​ចឹង​...​កន្លែង​ណា​ខ្លះ​ ពួក​ខ្ញុំ​ទៅ​ធ្វើ​ដង្កូវ​ពេញៗ​ដៃ។​ ដង្កូវ​ពេញៗ​ដៃ​តែ​ម្ដង។ បង​តែ​ពួក​គាត់​អត់​មាន​គិត​ពី​ផល​ពិបាក​ពួក​ខ្ញុំ​ផង!​ មើល​អត់​ឃើញ​ មិន​មែន​ថា​មិន​គិត​ទេ។ ​គាត់​មើល​មិន​ឃើញ»

ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​របស់​កម្មករ​ប្រមូល​សំរាម​នេះ​ លោក ​កៅ សុខវ៉ាត ​ក៏​ត្រូវ​បាន​ក្រសួង​ការងារ​ព្រមាន​ក្នុង​លិខិត​មួយ​ច្បាប់ ​ចុះ​ថ្ងៃទី​ ៥ ​ខែ​តុលា​ដោយ​ថា ​លោក​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​លក្ខន្តិកៈ​របស់​សហជីព​ ដឹក​នាំ​ធ្វើ​បាតុកម្ម​មិន​ស្រប​តាម​នីតិវិធី​ និង​ញុះញង់​ឲ្យ​កម្មករ​ប្រព្រឹត្ត​កំហុស​ធ្ងន់។​ ប៉ុន្តែ​លោក​ កៅ សុខវ៉ាត ​បាន​បញ្ជាក់​ថា ​អ្វីៗ​ជា​គំនិត​ផ្តួច​ផ្តួច​របស់​កម្មករ​ប្រមូល​សំរាម។​

ប៉ុន្តែ​អាជ្ញាធរ​បាន​សម្ដែង​ភាព​ទន់​ភ្លន់​នៅ​ថ្ងៃអង្គារ​នេះ​ ​ខណៈ​ខ្លួន​រង​សម្ពាធ​ត្រូវ​ចាត់​បញ្ជូន​កម្លាំង​សន្ដិសុខ​ក្រោម​ បង្គាប់​ចេញ​ទៅ​ប្រមូល​សំរាម​ដោយ​ផ្ទាល់។

លោក ​ឃួង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ក្រោយ​ការ​ដេញ​ថ្លៃ​បែង​ចែក​តំបន់​ កម្មករ​ក្រុមហ៊ុន​ស៊ិនទ្រី​ អាច​បន្ត​ការងារ​ជាមួយ​ក្រុមហ៊ុន​នេះ​ បើ​សិន​ជា​ក្រុមហ៊ុន​ស៊ិនទ្រី​ទទួល​សិទ្ធិ​ប្រមូល​សំរាម​នៅ​តំបន់​ណា​មួយ​ហើយ ​បើ​រើស​ថ្មី​ក៏​សាលា​រាជធានី​ ធានា​ឱ្យ​ទទួល​បាន​ប្រាក់​អត្ថ​ប្រយោជន៍​ដែរ។​

«កិច្ច​ការងារ​ដែល​ត្រូវ​យក​នោះ​ក្រុមហ៊ុន​ថ្មី​មក​ ក៏​ត្រូវ​ការ​កម្មករ។​ ហើយ​កម្មករ​ទាំង​នេះ​នឹង​បន្ដ​អតីត​ភាព​ដោះ​ស្រាយ។​ ឧទាហរណ៍​ថា​ បើ​ក្រុមហ៊ុន​ស៊ិនទ្រី​ដេញ​បាន​តំបន់​ណា​មួយ​ នោះ​ក្រុមហ៊ុន​ស៊ិនទ្រី​ប្រតិបត្តិ​នៅ​តំបន់​នោះ។ បើ​ចំនួន​កម្មករ​នៅ​តំបន់​នោះ​លើស​កម្មករ​ ចំណែក​លើស​អាច​ដាក់​ពាក្យ​ទៅ​តំបន់​ថ្មី​ ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ហើយ​ប្រាក់​អតីតភាព ​គឺ​មិន​ឱ្យ​គាត់​មាន​ការ​បាត់​បង់​ទេ»។​

កម្មករក្រុមហ៊ុនស៊ិនទ្រីជួបជុំធ្វើកូដកម្មមិនចូលធ្វើការ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
កម្មករក្រុមហ៊ុនស៊ិនទ្រីជួបជុំធ្វើកូដកម្មមិនចូលធ្វើការ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)

បើ​តាម​លោក​ ឃួង ស្រេង ​អំឡុង​ពេល​កូដកម្ម​នេះ​សាលា​រាជធានី​បាន​បញ្ចេញ​រថយន្ត​ប្រមូល​សំរាម​របស់​ខ្លួន ​ចំនួន​ជាង ​៧០ ​គ្រឿង​ដើរ​ប្រមូល​សំរាម​តាម​ខណ្ឌ​នីមួយៗ។​

រាជធានី​ភ្នំពេញ​បញ្ចេញ​សំណល់​រឹង​ប្រមាណ ​៣​ ពាន់​តោន ​ក្នុង​មួយ​ថ្ងៃ។​ កម្មករ​ក្រុមហ៊ុន​ស៊ិនទ្រី​ដែល​កំពុង​ធ្វើ​កូដកម្ម​ បាន​លើក​ឡើង​ថា​ ការងារ​ប្រមូល​សំរាម​មិនមែន​ជា​ភារកិច្ច​ងាយ​ស្រួល​ឡើយ។​

អ្នកស្រី ​អ៊ូ ស្រីពៅ ​អាយុ ​៥២ ​ឆ្នាំ ​បាន​លើក​ឡើង​ថា ​ខ្លួន​បាន​បម្រើ​ការងារ​ជា​អ្នក​បោស​សម្អាត​ដង​ផ្លូវ​ក្នុង​ខណ្ឌ​ដូនពេញ ​និង​ប្រមូល​សំរាម​ឱ្យ​ក្រុមហ៊ុន​ស៊ិនទ្រី ​អស់​រយៈ​ពេល ​៦ ​ឆ្នាំ​មក​ហើយ ដោយ​ទទួល​បាន​កម្រៃ​ ៦០ ​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។​

«វា​ពិបាក!​ ក្ដៅ!​ ផ្លូវ​ជួន​កាល​វា​ស្រួល​ តែ​ពេលភ្លៀង​មាន​ភក់​ប៉ប៉េច​ប៉ប៉ាច់​ អាចម៍​នោម​វា​នៅ​ហ្នឹង។ពិបាក​ណាស់!​ មិន​ស្រួល​ទេ! ​តាម​ផ្លូវ​នោះ​ ទម្រាំ​តែ​ស្អាត​បាន​ម្ដុំៗ​ យើង​បបោស​បបៀរ​ខ្ទាត​ប្រឡាក់ ។​ប្រឡាក់​អាវ​ប្រឡាក់​ខោ​ប្រឡាក់​អស់​ហើយ។ ​អ៊ីចឹង​បាន​ថា​ឱ្យ​ពួក​បងៗ​ នៅ​ថ្នាក់​ខាង​លើ​នោះ​ជួយ​ផង»។​

អ្នកស្រី ​អ៊ុយ សុខា ​អ្នក​បោស​ប្រមូល​សំរាម​មួយ​រូប​ទៀត​ មាន​វ័យ ​៣៨ ​ឆ្នាំ​ បាន​យល់​ឃើញ​ថា​ ការងារ​របស់​អ្នកស្រី​និង​សហការី​ហាក់​ ត្រូវ​បាន​គេ​មើល​រំលង​ពី​តម្លៃ​ជាក់​ស្ដែង។​

«និយាយ​ទៅ ​ពួក​ខ្ញុំ​ធ្វើការ​នេះ​មាន​ហានិភ័យ​ច្រើន​ណាស់ ​បង ​ដូច​ប្ដូរ​ជីវិត​លើ​ផ្លូវ​ថ្នល់​អ៊ី​ចឹង​...​កន្លែង​ណា​ខ្លះ​ ពួក​ខ្ញុំ​ទៅ​ធ្វើ​ដង្កូវ​ពេញៗ​ដៃ។​ ដង្កូវ​ពេញៗ​ដៃ​តែ​ម្ដង។ បង​តែ​ពួក​គាត់​អត់​មាន​គិត​ពី​ផល​ពិបាក​ពួក​ខ្ញុំ​ផង!​ មើល​អត់​ឃើញ​ មិន​មែន​ថា​មិន​គិត​ទេ។ ​គាត់​មើល​មិន​ឃើញ»។​

ទាំង​អ្នក​ស្រី ​អ៊ូ ស្រីពៅ ​និង​អ្នក​ស្រី អ៊ុយ សុខា ​កំពុង​ជួបជុំ​ជាមួយ​កម្មករ​ដទៃ​ទៀត​ នៅ​ចំណត​រថយន្ត​ដឹក​សំរាម​រាប់​រយ​គ្រឿង​របស់​ក្រុមហ៊ុន​ស៊ិនទ្រី​ ដែល​ចត​ចោល​ក្នុង​ភូមិ​ម័រ​ សង្កាត់​ដង្កោ​ រាជធានី​ភ្នំពេញ​ ខណៈ​កម្មករ​ដទៃ​ទៀត​បាន​រៀប​រោង​បិទ​ផ្លូវ​ចេញ​ចូល​ឡាន​ និង​មាន​ចាក់​ភ្លេង​រាំ​កម្សាន្ត​បន្តិច​ផង៕

XS
SM
MD
LG