រដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀលដីទំហំ ៦០០ ហិកតាក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រង់តំបន់ឃុំរាម និងបិតត្រាំង ឲ្យក្រុមហ៊ុន ដឹ ព្រេមៀ លែន (The Premier Land) ដែលគ្រប់គ្រងដោយកូនប្រសារនិងកូនស្រីរបស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមអនុក្រឹត្យមួយច្បាប់ ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០ ហើយ VOA ទទួលបាន។
នៅក្នុងអនុក្រឹត្យនោះ រដ្ឋាភិបាលបានលើកឡើងថា កាត់ឆ្វៀលដី ៦០០ ហិកតា ចេញពីដែនព្រៃលិចទឹក និងគម្របព្រៃឈើឆ្នាំ ២០០២ មក ធ្វើអនុបយោគដីឯកជនរបស់រដ្ឋ និងផ្តល់កម្មសិទ្ធិជូនលោកឧកញ៉ា សេង ញ៉ក់ ជាប្រធានក្រុមហ៊ុន ដឹ ព្រេមៀ លែន និងភរិយារបស់លោកគឺលោកស្រី លី អាផណ ដែលជាកូនស្រីរបស់លោក លី យ៉ុងផាត់។
លោក សេង ញ៉ក់ ជាកូនប្រសាររបស់លោក លី យ៉ុងផាត់ ដែលជាអ្នករកស៊ីដ៏មានឥទ្ធិពលម្នាក់ និងគេស្គាល់ថាជា «ស្តេចកោះកុង»។ លោករកស៊ីជំនួញជាច្រើន ក្នុងនោះមានចម្ការអំពៅដែលមានជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋច្រើនឆ្នាំមកហើយ។
អនុក្រឹត្យរដ្ឋាភិបាលបញ្ជាក់ថា ការសម្រេចកាត់ឆ្វៀលដីនេះ យោងតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុននឹងយកដីនោះទៅធ្វើជាតំបន់ទេសចរណ៍ ហើយដីនោះ បើទុកជាទ្រព្យសម្បត្តិរដ្ឋមិនមាន«ប្រយោជន៍»នោះទេ។
លោកមានប្រសាសន៍ថា៖ «ខេត្តព្រះសីហនុហ្នឹង គឺយើងចង់ទាក់ទាញភ្ញៀវ ព្រោះវា(ដីកាត់ឆ្វៀល)អត់មានសក្តានុពលអីទៀតទេ ទុកទៅវាអត់ប្រយោជន៍»។
បើតាមរដ្ឋមន្រ្តីកសិកម្ម អាជ្ញាធរនិងក្រុមហ៊ុនបានធានាហើយថា នឹងមិនមានទំនាស់ដីធ្លីនោះទេដោយក្រុមហ៊ុនបានទិញដីមួយចំនួនរួចហើយ និងដោះស្រាយទំនាស់ចប់ហើយ ទើបមានការស្នើសុំដីនោះយកមកអភិវឌ្ឍ។
លោករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា៖ «គេមុននឹងធ្វើ គេចេះគិត គេដោះស្រាយ(បញ្ហាទំនាស់ដីធ្លី)អស់ហើយ។ ក្រុមហ៊ុនគេធ្វើដោះស្រាយសម្អាតតំបន់ហ្នឹងអស់រលីង បានគេចាប់ផ្តើមធ្វើអនុក្រឹត្យហ្នឹង»។
រដ្ឋមន្រ្តីក្រសួងកសិកម្ម ឲ្យដឹងទៀតថា វិស័យឯកជនបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដូច្នេះការកាត់ឆ្វាលដីឲ្យក្រុមហ៊ុនអភិវឌ្ឍនៅខេត្តព្រះសីហនុ គឺជាកត្តាសំខាន់មួយ។
លោកបានការពារអំពីតម្លាភាពនៅក្នុងការកាត់ឆ្វាលដីនេះទៅឲ្យក្រុមហ៊ុន ដឹ ព្រេមៀ លែន ដែលម្ចាស់គ្រប់គ្រងជាសាច់ញាតិរបស់សមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច។
លោកមានប្រសាសន៍ថា៖ «ស៊ើបអង្កេតស៊ើបអីទៅមានអី (បើគ្រាន់តែទាក់ទងនឹងឧកញ៉ា លី យ៉ុងផាត់)។ វាមិនមែនឲ្យតែគេអ្នកមាន ខុសច្បាប់ទាំងអស់ ងាប់ហើយ! គេរកស៊ីស្របច្បាប់ មានស្អី។ តែគាត់ (អ្នករិះគន់) នុះឲ្យតែនរណាធំ នរណាមាន ខុសទាំងអស់»។
ព្រះរាជក្រឹត្យស្តីពី «គោលការណ៍និងបញ្ញត្តិអន្តរកាលនៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ» ឆ្នាំ២០០៦ ចែងថាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នៅពេលបាត់បង់ផលប្រយោជន៍សាធារណៈអាចត្រូវចាត់បញ្ចូលជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ តាមរយៈការធ្វើអនុបយោគ។ ការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ក្រោមលក្ខខណ្ឌដែលទ្រព្យសម្បត្តិនោះ លែងជាតម្រូវការនៃផលប្រយោជន៍សាធារណៈ ឬទ្រព្យសម្បត្តិនោះលែង ជាការប្រើប្រាស់ដោយផ្ទាល់ដោយសាធារណជន។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តព្រះសីហនុ លោកស្រី ជៀប សុធារី មានប្រសាសន៍ថា ឧកញ៉ា លី យ៉ុងផាត់ បានគ្រប់គ្រងដីមួយចំនួននៅតំបន់នោះរួចទៅហើយ ប៉ុន្តែលោកស្រី មិនដឹងថា តើដីកាត់ថ្មីនេះពាក់ព័ន្ធនឹងឧកញ៉ា ឬយ៉ាងណា ខណៈក្រុមហ៊ុននេះមានខ្សែបណ្តាញជាមួយសមាជិកព្រឹទ្ធសភារូបនេះ។
លោកស្រីប្រាប់ VOA ថា៖ «យើងក៏មិនដឹងម៉េចដែរ ព្រោះជារឿងផ្ទៃក្នុងគ្រួសារគាត់។ គាត់អាចផ្ទេរទៅឲ្យកូនគាត់ក៏យើងមិនដឹង ព្រោះអីជាញាតិលោហិតជាមួយគ្នា។ មួយទៀត លោកឧកញ៉ា លី យ៉ុងផាត់ គាត់ជាសមាជិកព្រឹទ្ធសភា។ អ៊ីចឹង គាត់អាចចែកបន្តការងាររកស៊ីទៅកូនគាត់ទៅ ជៀសវាងកុំឲ្យវាមានបញ្ហា ដោយសារតែមានបញ្ហាប្រទាំងប្រទើសគ្នាជាមួយមុខតំណែងគាត់ជាសមាជិកព្រឹទ្ធសភា»។
លោកស្រីក៏ព្រួយបារម្ភរឿងទំនាស់ដីធ្លីលើដីទំហំ ៦០០ ហិកតានេះ ដោយសារដីនៅតំបន់នោះមានប្រជាពលរដ្ឋរស់នៅរួចទៅហើយ។ លោកស្រីបន្តថា តំបន់ក្បែរអាកាសយានដ្ឋាននៅរាម ក៏មានការកើនឡើងនូវសំណង់អគារធំៗរបស់ក្រុមហ៊ុនចិនផងដែរ។
VOA បានព្យាយាមសុំការឆ្លើយតបពីលោក សេង ញ៉ក់ ម្ចាស់ក្រុមហ៊ុន ដឹ ព្រេមៀ លែន តែមិនអាចសុំការឆ្លើយតបបានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
បុគ្គលិកម្នាក់ដែលលើកទូរស័ព្ទឲ្យក្រុមហ៊ុន និងបានប្រាប់ថា ឈ្មោះ ភក្រ្តា លើកឡើងថា កញ្ញាបានផ្តល់ដំណឹងនៃការស្នើសុំសម្ភាសន៍នេះ ទៅជំនួយការរបស់លោក សេង ញ៉ក់ ប៉ុន្តែលោកថា លោកជាប់រវល់ មិនអាចផ្តល់ការឆ្លើយតបបានទេ។
លោក លី យ៉ុងផាត់ ពីដំបូងឡើយថ្លែងថា លោកនឹងឆ្លើយតបនឹងសំណួររបស់ VOA។ លោកមានប្រសាសន៍ថា៖ «ចង់សួរមើលតំបន់កាត់ឆ្វៀលជិតកប៉ាល់ហោះយើងហ្នឹង តើនៅកន្លែងណា? ខ្ញុំអត់ទាន់យល់ផង នៅកំពង់សោម ឬនៅកោះកុង ឬនៅឯណា? នៅកន្លែងណា? ខ្ញុំមិនទាន់យល់។ អាចជួយប្រាប់បន្តិចថា តើរឿងអីគេ? នៅម្តុំណា? ខេត្តណា? ដើម្បីប្រាប់មកខ្ញុំ ជួយបំភ្លឺឲ្យ»។
ប៉ុន្តែក្រោយមក លោកមិនបានលើកទូរស័ព្ទទេ ពេលទាក់ទងទៅជាបន្តបន្ទាប់។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុលោក ឃាង ភារម្យ បានបដិសេធមិនអត្ថាធិប្បាយដោយបង្វែរសំណួរទៅក្រសួងកសិកម្មវិញ។
អ្នកសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តព្រះសីហនុលោក ស្រេង វ៉ាន់លី មានប្រសាសន៍ថា តំបន់រាម ជាតំបន់ព្រៃលិចទឹកចំណែកបិតត្រាំង ជាតំបន់គម្របព្រៃឈើ ហើយបច្ចុប្បន្ននេះកំពុងមានការអភិវឌ្ឍខ្លាំង បើប្រៀបធៀបនឹងឃុំដទៃទៀត ហើយដីនៅទីនោះក៏មានតម្លៃខ្ពស់ផងដែរ។
លោកបន្តថា ប្រជាពលរដ្ឋមួយចំនួននៅតំបន់នោះមិនទាន់មានការឯកភាពពីអាជ្ញាធរ ក្នុងការផ្តល់បណ្ណកម្មសិទ្ធិឲ្យពួកគាត់រស់នៅលើដីជាក់ស្តែងទេ ដោយលោកថា ពួកគេគួរតែទទួលបានសិទ្ធិគ្រប់គ្រងដីដូចក្រុមហ៊ុនដែរ។
លោកមានប្រសាសន៍ថា៖«នៅតំបន់ហ្នឹងក៏មានប្រជាពលរដ្ឋរស់នៅច្រើនដែរ ហើយកន្លងមកដូចជាមិនទាន់មានការដោះស្រាយឲ្យបានច្រើនទេ ទៅលើការរស់នៅរបស់ប្រជាពលរដ្ឋអីហ្នឹង»៕