ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រាយការណ៍​មនុស្ស​៣៩នាក់​ស្លាប់​ដោយសារ​កូវីដ​ក្នុង​មួយ​ថ្ងៃ ខណៈ​ករណី​ស្លាប់​សរុប​កើន​លើស​១ពាន់​នាក់


រូបឯកសារ៖ រថយន្ត​សង្គ្រោះបន្ទាន់​​របស់ក្រុមមន្ត្រីសុខាភិបាល​រង់ចាំ​ដឹកអ្នកជំងឺកូវីដ១៩ ​ដើម្បី​ទទួល​ការ​ព្យាបាល​នៅតាម​មណ្ឌលព្យាបាលនានា​ ឬ​ពេល​មាន​ផ្លាស់​ប្តូរទីតាំង​ទីតាំងព្យាបាល​នៅ​កោះ​ពេជ្រ​ ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​២១​ ខែ​មេសា​ ឆ្នាំ​២០២១។ (ខាន់ សុគុំមនោ/វីអូអេ)
រូបឯកសារ៖ រថយន្ត​សង្គ្រោះបន្ទាន់​​របស់ក្រុមមន្ត្រីសុខាភិបាល​រង់ចាំ​ដឹកអ្នកជំងឺកូវីដ១៩ ​ដើម្បី​ទទួល​ការ​ព្យាបាល​នៅតាម​មណ្ឌលព្យាបាលនានា​ ឬ​ពេល​មាន​ផ្លាស់​ប្តូរទីតាំង​ទីតាំងព្យាបាល​នៅ​កោះ​ពេជ្រ​ ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​២១​ ខែ​មេសា​ ឆ្នាំ​២០២១។ (ខាន់ សុគុំមនោ/វីអូអេ)

ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ឲ្យ​ដឹង​ថា​ មនុស្ស​៣៩​នាក់​ទៀត​ បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ ដែល​ជា​កំណត់​ត្រា​ស្លាប់​ខ្ពស់​ជាង​គេ ចាប់​តាំង​ពី​មាន​ការ​រាលដាល​ជំងឺ​នេះ​ក្នុង​ប្រទេស​កម្ពុជា។

ការណ៍​នេះ​នាំឲ្យ​មាន​ការ​ចោទ​ជា​ក្តី​បារម្ភ​អំពី​ការ​គ្រប់​គ្រង​ស្ថាន​ភាព​នៃ​ជំងឺ​កូវីដ​១៩​ក្នុង​ប្រទេស និង​ការ​ព្យាបាលអ្នក​ជំងឺ ខណៈ​ករណី​ឆ្លង​ប្រមាណ​៥​ខែ​មក​នេះ មិន​ទាន់​ថម​ថយ​នៅ​ឡើយ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ឲ្យ​ដឹង​ថា​មនុស្ស​៣៩​នាក់​បាន​ស្លាប់ ដែល​នាំ​ឲ្យ​ករណី​ស្លាប់​សរុបកើន​ដល់​១.០២៥​នាក់ ក្នុង​រយៈ​ពេល​ជិត​៥​ខែ​ ចាប់​តាំង​ពី​ផ្ទុះ​ឆ្លង​ព្រឹត្តិ​ការណ៍​សហគមន៍​២០​កុម្ភៈ។ ចំណែក​ករណី​ឆ្លង​ថ្មី​ដែល​ត្រូវ​បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មាន​ចំនួនជិត​១​ពាន់​នាក់ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​មាន​ចំនួន​ជាង​៦៤.០០០នាក់។

អ្នកស្រី​ ឱ វណ្ណឌីន​ រដ្ឋលេខាធិការ ​និងជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ Twitter​ ជា​ភាសា​អង់គ្លេស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​ជំរុញ​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ បើ​ទោះ​កម្ពុជា​ចាក់​វ៉ាក់សាំង​បាន​ជាង​៥០%នៃ​គោល​ដៅ​១០លាន​នាក់​ក៏​ដោយ។

អ្នកស្រី​បញ្ជាក់​ថា៖ «យើង​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​សកម្ម​ក្នុង​ការ​រួម​គ្នា​អនុវត្ត​វិធាន​ការ​ការពារ​ ដើម្បី​លុប​បំបាត់​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា ឲ្យ​បាន​កាន់​តែ​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន ហើយ​ដើម្បី​បញ្ចៀស​នូវ​សោក​នាដ​កម្មក្នុង​វិស័យ​សុខ​ភាព​សាធារណៈ​ និង​សេដ្ឋកិច្ច ​បើ​ទោះបី​ជា​មនុស្ស​ជាង​៥​លាន​នាក់​ត្រូវ​បាន​ចាក់​វ៉ាក់​សាំង​រួច​ហើយ​ក៏​ដោយ»។

រូបឯកសារ៖ មន្ត្រីសុខាភិបាលក្នុងឯកសណ្ឋានការពារការឆ្លងមេរោគ កំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) របស់ចិន ដល់ពលរដ្ឋនៅវត្តមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១។
រូបឯកសារ៖ មន្ត្រីសុខាភិបាលក្នុងឯកសណ្ឋានការពារការឆ្លងមេរោគ កំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) របស់ចិន ដល់ពលរដ្ឋនៅវត្តមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១។

កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រសួង​សុខាភិបាល​បាន​សម្រេច​បង្កើន​គម្លាត​នៃ​ការ​ចាក់​ដូស​ទី​មួយ​ និង​ទីពីរ​នៃ​វ៉ាក់សាំង​ផលិត​នៅ​ប្រទេស​ចិន ​រួម​មាន​វ៉ាក់សាំង​ Sinovac និង​Sinopharm ពី​១៤​ថ្ងៃ​ ទៅ​២១​ថ្ងៃ​វិញ។

អ្នកស្រី​ ឱ វណ្ឌឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​លើកឡើង​ថា​ ការ​ទុក​គម្លាត​ចាក់​វ៉ាក់​សាំង​ដូស​ទី​មួយ​ និង​ទីពីរ ឲ្យ​យូរ​ជាង​១៤​ថ្ងៃ​នេះ ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​អង់ទីករ​ក្នុង​បរិបទ​កូវីដ​បំប្លែង​ថ្មី គឺ​ដែលតា (Delta) ដែល​មាន​ការ​ឆ្លង​រហ័ស​ និង​ខ្លាំង​ក្លា។

អ្នកស្រី​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន ​Freshnews​ កាល​ពី​ថ្ងៃ​ពុធ​ក្នុង​សម្តី​ដើម​ថា​៖

«មាន​ការ​ណែនាំ​ថា ប្រសិន​បើ​យើង​ពន្យារ​មួយ​សប្តាហ៍​មក​ក្រោយ​ទៀត​ អញ្ចឹង​ការ​សង្កេត​ឃើញ​ថា​ ការ​បង្កើត និង​ការ​ពង្រឹង​អង្គ​បដិបក្ខ​នេះ វា​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ អញ្ចឹង​ហើយ​បាន​ជា​មាន​ការ​គិត​គូរ​ឡើង​វិញ​នូវ​គម្លាត​នៃ​ការ​ចាក់​នេះ។ ដោយ​សារ​យើង​ចាក់​ទៅ​ហើយ ប្រសិន​បើ​ខុស​គ្នា​តែ​មួយ​សប្តាហ៍ តើ​យើង​អាច​ចាប់​យក​ផល​ចំណេញ​បន្ថែម​ទៀត​ សម្រាប់​បង្កើន​ភាព​ស៊ាំឲ្យ​កាន់​តែ​មាន​ភាព​មាំទាំ​។ អ៊ីចឹង​ហេតុអី​បាន​យើង​មិន​ព្រម​ចាប់​យក​? កន្លែង​នេះ​ជា​សំណួរ​មួយ​»។

អ្នកស្រី​បន្ថែម​ថា ​នាពេល​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​កំពុង​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការ​ចាក់​វ៉ាក់​សាំង​ដូស​ទីបី និង​ការ​ចាក់​សម្រាប់​ពលរដ្ឋ​ក្រោម​អាយុ​១៨​ឆ្នាំ​ផង​ដែរ។

លោក អ៊ូច វុឌ្ឍី ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា ជំរុញ​ឲ្យ​បញ្ចេញ​ព័ត៌មាន​អំពី​ករណី​ស្លាប់​នីមួយៗ ថា​តើ​ពួកគេ​មាន​ចាក់​វ៉ាក់សាំង​ ឬយ៉ាងណា​ ហើយ​ថា​ តើ​មូលហេតុ​អ្វី​បាន​ជា​ឈាន​ដល់​ការ​ស្លាប់។

លោក​បាន​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ «ហ្នឹង​ហើយ​ តាម​ការ​យល់ឃើញ​របស់​ខ្ញុំ ដែល​នៅ​ថ្ងៃ​នេះ​ស្លាប់​រហូត​ដល់​ទៅ​៣៩​នាក់​ បាន​ន័យ​ថា ​វា​ជា​រឿង​មួយ​ដែល​យើង​មិន​គួរ​មាន​ទេ។ ឥឡូវ​ហ្នឹង​វា​ចូល​ដល់​ស្លាប់​ ហើយ​ស្លាប់​ហ្នឹង​មិន​ដឹង​ថា អ្នក​ស្លាប់​ចូល​ដំណាក់​កាល​ទី​មួយ ​ឬទីពីរ គាត់​បាន​ចាក់​វ៉ាក់សាំង​ទាំង​ពីរ​លើក​ ឬ​ក៏​អត់​បាន​ចាក់​យើង​ក៏​អត់​ទាន់​ដឹង​ច្បាស់»។

ពាក់ព័ន្ធ​នឹង​ប្រសិទ្ធ​ភាព​របស់​អង់ទីករនៃការ​ចាក់​វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ​១៩ លោក អ៊ូច វុឌ្ឍី បាន​អំពាវ​នាវ​ឲ្យ​តំណាងអង្គការ​សុខភាព​ពិភព​លោក​បញ្ជាក់​ឲ្យ​ច្បាស់​នូវ​កម្រិត​ប្រសិទ្ធ​ភាព​អង់ទីករ​ពីវ៉ាក់​សាំង​ទាំង​នោះ។ លោក​ក៏​បាន​ស្នើ​ឲ្យ​អ្នក​ជំនាញផ្នែក​សុខាភិបាល​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​សិក្សា​វិភាគ​ឲ្យ​បាន​ច្បាស់​លាស់​ចំពោះ​លទ្ធ​ភាព​នៃ​ការ​ផ្តល់​វ៉ាក់​សាំង​ទី​បី ក៏​ដូចជា​ប្រសិទ្ធភាព​នៃ​ដូស​ទីបីសម្រាប់ពលរដ្ឋ​នៅ​កម្ពុជា។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព បាន​បង្ហាញ​មន្ទិល​ជុំវិញ​ការ​ពន្យារ​បន្ថែម​គម្លាត​នៃ​ការ​ចាក់​ដូស​ទីមួយ​ និង​ទីពីរ។

លោក​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖ «ឬ​ក៏​ថា​តើ​គេ​ពិភាក្សា​បណ្តើរ​ គេ​ចាក់​បណ្តើរ ឬ​ពិភាក្សា​ពី​ប្រសិទ្ធ​ភាព​បណ្តើរ​ ឬ​យ៉ាង​ម៉េច? ឬ​ក៏​វ៉ាក់​សាំង​ហ្នឹង​ត្រូវ​បាន​គេ​ពិភាក្សា​រួច​ហើយ​ មុន​យក​មក​ចាក់​។ នេះ​ជា​រឿង​សំខាន់​ណាស់​បាទ​ ពាក់ព័ន្ធ​នឹង​គម្លាត​ហ្នឹង​បាទ។ តើ​វា​ខុស​គ្នា​យ៉ាង​ម៉េច​? តើ​វា​ធ្វើ​ឲ្យ​អ្នក​ដែល​គាត់​ចាក់​១៤​ថ្ងៃ​ហ្នឹង​ គាត់​អាច​ចោទសួរ​ថា​តើ​ វា​មាន​ប្រសិទ្ធ​ភាព​ប៉ុនណា ឬ​គាត់​ត្រូវ​បន្ថែម​វ៉ាក់សាំង​ទៀត​ទេ? ឬ​ក៏​មិនបាច់​ទេ​បាទ»។

រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់បង្ហាញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិន នៅក្រសួងព័ត៌មាន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១។
រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់បង្ហាញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិន នៅក្រសួងព័ត៌មាន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១។

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន វេជ្ជ​បណ្ឌិត Li Ailan តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា បាន​ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​ថា វ៉ាក់សាំង ​Sinovac ​ដែល​កម្ពុជា​ចាក់​ច្រើន​ជាង​គេ នៅ​តែ​មាន​ប្រសិទ្ធ​ភាព​បង្ការ​ការ​ឈឺ​ធ្ងន់ និង​ទទួល​មរណភាព​ដោយ​វីរុស​កូវីដ​១៩។

អ្នកស្រី​បញ្ជាក់​ថា​៖ «ព្រម​ពេល​ជាមួយ​គ្នា គេ​ក៏​ត្រូវ​ត្រួត​ពិនិត្យ​អង្កេត​លើ​វីរុស​កូវីដ​១៩​បំប្លែង​ខ្លួន​ថ្មី​ និង​ប្រសិទ្ធ​ភាព​នៃ​វ៉ាក់​សាំង​នានា​ផង​ដែរ។ អង្គការ​សុខភាព​ពិភព​លោក​នៅ​តែ​ផ្ដល់​អនុសាសន៍​ឲ្យ​កម្ពុជា​បន្ត​ការ​ចាក់​វ៉ាក់​សាំង​កូវីដ​១៩​ជូន​ពលរដ្ឋ​ឲ្យ​បាន​រហ័ស​បំផុត​តាម​តែ​ដែល​អាច​ធ្វើ​ទៅ​បាន»។

បើ​តាម​ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែ​កក្កដា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ពល​រដ្ឋជាង៥​លា​ន​ ៣​សែន​នាក់ ស្មើ​នឹង​៥២,៤%​នៃ​គោល​ដៅ​ចាក់​វ៉ាក់​សាំង​សរុប​ឲ្យ​បាន​១០​លាន​នាក់ នៅ​ត្រឹម​ខែ​តុលា​ខាង​មុខ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG