ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ថា​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​«រឹងមាំ»​ ខណៈ​អង្គការWHOដាក់​មេរោគ​កូរ៉ូណា​ជា​អាសន្ន​ពិភពលោក


ក្រសួង​សុខាភិបាល​នៅ​កម្ពុជា​ (រូប​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ក្រសួង​សុខាភិបាល)
ក្រសួង​សុខាភិបាល​នៅ​កម្ពុជា​ (រូប​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ក្រសួង​សុខាភិបាល)

ខណៈ​​អង្គការ​សុខភាព​ពិភពលោក​ប្រកាស​អាសន្ន ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីករាល​ដាល​នៃ​មេរោគ​កូរ៉ូណា​ថ្មី​ ប្រព័ន្ធ​សុខាភិបាល​កម្ពុជា ​ដែល​ធ្លាប់​រង​ការ​រិះគន់​លើ​គុណភាព ​និង​សេវាកម្ម​​ ​បាន​​អះអាង​ថា ខ្លួន​មាន​ភាព​រឹងមាំ​ និង​អាច​​ប្រឆាំង​ការ​រីករាល​ដាល​នៃ​ជំងឺ​រលាក​សួតថ្មី​នេះ។

រដ្ឋាភិបាល​កម្ពុជា​ បានអះអាង​ថា ប្រព័ន្ធ​សុខាភិបាល​ខ្លួន​មាន​ភាព​ «រឹងមាំ»​ ដើម្បី​ឆ្លើយ​តបនឹង​វិធានការពារ​និងបញ្ឈប់ការ​រីករាល​ដាលនៃ​មេរោគ​កូរ៉ូណាថ្មី​ 2019-nCoV​ ដែលពិភពលោក​កំពុង​ព្រួយ​បារម្ភ​ ហើយ​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាសថា មេរោគ​កូរ៉ូណា​ថ្មី​នេះ​ជា​អាសន្ន​របស់​ពិភពលោក​ ក្រោយ​មេរោគ​នេះ​បាន​ឆក់​ជីវិត​មនុស្ស​អស់​ជាង​២០០​នាក់ ។

លោក​ស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ​និង​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ប្រាប់ VOA​ថា​ ក្រសួង​សុខាភិបាល​មានបទ​ពិសោធន៍​រួច​ជា​ស្រេច​ មាន​មន្ត្រី​គ្រប់​គ្រាន់​និង​មាន​វិធានការ​ទប់ស្កាត់​ការ​រីករាល​ដាល​នៃ​មេរោគ​នេះ។

លោក​ស្រី​មាន​ប្រសាសន៍​ថា៖

«កម្ពុជា​យើង​ ប្រព័ន្ធ​សុខា​ភិបាល​យើង​ គឺ​មាន​ភាព​រឹង​មាំ​ក្មួយ»។

លោកស្រី​បន្តថា៖

«ហើយ​អង្គការ​សុខភាព​ពិភព​លោក ​កន្លង​មក​តែង​កោត​សរសើរ​ក្រសួង​សុខាភិបាល​កម្ពុជា។ កន្លង​មក​នេះ​អង្គការ​សុខភាព​ពិភពលោក​សរសើរ​កម្ពុជា ដោយសារ​គេ​ចាត់​ទុក​យើង​ថា​ បាន​ធ្វើ​សកម្មភាព​លឿន​ណាស់។ ការ​ចាត់ចែង​របស់​យើង​ធ្វើ​បាន​លឿន យើង​អត់​មាន​ទៅ​អង្គុយ​រង់ចាំ​ទាល់​តែ​គេ​ប្រកាស​អាសន្ន​នោះ»។

​តែ​ទោះ​ជា​យ៉ាងណា​ អ្នកស្រី​បន្ថែម​ថា​ ប្រជាពលរដ្ឋ​គ្រប់​រូប​ គួរ​ត្រៀម​ខ្លួន​ដោយ​ខ្លួន​ឯង​ផង​ ក្នុងការ​ការពារ​ការ​ឆ្លង​ជំងឺរលាក​សួត​ថ្មី​នេះ។

លោកស្រី​និយាយ​ថា៖

«Be vigilant, be alerted and be prepared មាន​ន័យ​ថា​ បុគ្គល​គ្រប់រូប​ត្រូវ​តែ រវៀស​រវៃ ឲ្យ​មាន​ការ​កត់​សម្គាល់​ និង​មាន​ការ​ត្រៀម​លក្ខណៈ​ខ្លួន​ឯង ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ និង​សំខាន់​ កុំផ្អើល​ និង​កុំ​ស្លន់​ស្លោ»។​

ស្លាកសញ្ញាអង្គការសុខភាពពិភពលោក
ស្លាកសញ្ញាអង្គការសុខភាពពិភពលោក

អង្គការ​សុខភាព​ពិភពលោក នៅ​ចុង​ខែ​មករា​នេះបាន​សម្រេច​ប្រកាស​អាសន្ន​ជា សាកល​ថា ​ជំងឺ​រលាក​សួត​ដែល​បង្ក​ដោយ​មេរោគកូរ៉ូណាថ្មី​ ជា​កង្វល់​របស់​ពិភពលោក​ ក្រោយ​មេរោគ​នេះ​ សម្លាប់​មនុស្ស​ប្រមាណ​ ២០០នាក់​នៅ​ប្រទេស​ចិន និង​ឆ្លង​រាល​ដាល​ដល់​មនុស្ស​ជាង​៩០០០​នាក់​ តែ​ក្នុង​រយៈ​ពេល​ប្រមាណ​មួយ​ខែ។​

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​កណ្តាល​អាធ្រាត​ម៉ោង​នៅ​ភ្នំពេញ​ ឬ​រសៀល​នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស អគ្គ​នាយក​ អង្គការ​សុខភាព​ពិភពលោក​ លោក​ Tedros Adranhom បាន​ថ្លែងថា​ ការ​សម្រេច​ដាក់​ពិភពលោក​ក្នុង​គ្រា​អាសន្ន​នេះ គឺ​ដោយសារ​វីរុស​នេះ​បាន​ឆ្លង​រីករាល​ដាល ចូល​ដល់​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក​កាន់​តែច្រើន។

លោក Tedros Adhanom មាន​ប្រសាសន៍​ថា មូលហេតុ​ចំបង​ នៃ​ការ​ប្រកាស​អាសន្ន​នេះ​ មិន​មែន​សំអាង​លើ​ស្ថាន​ភាព​នៅ​ប្រទេស​ចិន​នោះទេ គឺ​ដោយសារ​តែ​បញ្ហា​ដែលកំពុង​កើតឡើង​នៅ​ប្រទេស​ដទៃ​ទៀត​ ពិសេស​ប្រទេស​ដែល​ក្រីក្រ​ និង​កំពុង​អភិវឌ្ឍ។​

​លោក​និយាយ​ថា​៖

«យើង​មិន​ដឹង​ថា វីរុស​នេះ​អាច​បង្ក​ការ​ខូចខាត​ដល់​កម្រិត​ណា​នោះ​ទេ ប្រសិន​បើ​វា​រាតត្បាត​នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​ខ្សោយ»។

ខណៈ​ប្រកាស​អាសន្ន​នេះ អង្គការ​សុខភាព​ពិភពលោក​បង្ហាញថា​ មាន​ចំនួន​៩៨​ករណី​ នៅ​ក្នុង​១៨​ប្រទេស​ក្រៅ​ពី​ប្រទេស​ចិន។ ក្នុង​នោះ​មាន៨​ករណី​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ កើត​មាន​នៅ​ក្នុង​ប្រទេស​ អាល្លឺម៉ង់ ជប៉ុន​ វៀតណាម​ និង​សហរដ្ឋ​អាមេរិក។ ហើយ​ករណី​ចុង​ក្រោយ​ ​ថ្ងៃនេះ​នៅ​ប្រទេស​ថៃ​ មានមួយ​ករណី​ទៀត​ ដែល​បុរស​អ្នក​រត់​តាក់ស៊ី​ជនជាតិ​ថៃ​ បាន​ឆ្លង​មេរោគ​នេះ​ ដោយ​លោក​ពុំ​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​វូហាន​នោះ​ទេ​ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Channel News Asia។​

ករណី​ដំបូង​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ត្រូវ​បានរក​ឃើញ​នៅ​កម្ពុជា​ នៅ​ថ្ងៃ​ទី​ ២៧​ខែ​មករា កើតឡើង​លើ​អ្នក​ជំងឺ​ម្នាក់​ ជា​ជនជាតិ​ចិន​ ធ្វើ​ដំណើរ​ដោយ​ត្រង់​ពី​ទី​ក្រុង​វូហាន​នៃ​ប្រទេស​ចិន​ មក​កម្ពុជា​តាម​ជើង​ហោះហើរ​ ពី​ទី​ក្រុង​វូហាន​ មក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ។ មក​ដល់​ពេល​ល្ងាចថ្ងៃ​សុក្រ​នេះ​ ក្រសួង​អះអាង​ថា ​គ្មាន​ករណី​ថ្មី​ទេ​ក្រៅ​ពី​នេះ។ ​

រូបឯកសារ៖ សិស្សានុសិស្សឈរតម្រង់ជួរលាងសម្អាតដៃ ដើម្បីបង្ការការឆ្លងមេរោគកូរ៉ូណាវីរុស មុនពេលចូលថ្នាក់រៀននៅវិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ សិស្សានុសិស្សឈរតម្រង់ជួរលាងសម្អាតដៃ ដើម្បីបង្ការការឆ្លងមេរោគកូរ៉ូណាវីរុស មុនពេលចូលថ្នាក់រៀននៅវិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

ទោះ​ជា​យ៉ាង​ណា​ អង្គការ​សុខភាព​ពិភពលោក​បញ្ជាក់​ថា​ ករណី​នាំ​ចេញ​នៃវីរុស​កូរ៉ូណាថ្មី​នេះ ​នៅ​តែបន្ត​លេច​ចេញ​នៅ​ប្រទេស​នានា​ ក្រៅ​ប្រទេស​ចិន។ ​

VOA ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​តំណាង​អង្គការ​សុខភាព​ពិភពលោក​នៅ​កម្ពុជានោះ​ទេ បន្ទាប់​ពី​ផ្ញើ​សារ​អេឡិច​ត្រូនិច​ទៅ​កាន់​អង្គការចំនួន​បី​ដង​ នៅ​ថ្ងៃនេះ​ និង​ទូរស័ព្ទ​ទៅ​ជាច្រើន​ដង​ គ្មាន​អ្នក​លើក។

បើ​គិត​ត្រឹម​ចុង​ខែ​មករា​នេះ​ចំនួន​អ្នកឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​នេះ លើសចំនួន​អ្នក​ឆ្លងជំងឺ​រលាក​សួត​ដែល​បង្ក​ដោយ​កូរ៉ូណា​វីរុស​សារស៍ កាលពី​ឆ្នាំ​២០០២​ ដល់​២០០៣ ដែល​មាន​មនុស្ស​ជាង​ ៨០០០នាក់ ​បាន​ឆ្លង​ និង​ប្រមាណ​៨០០នាក់​ស្លាប់។

ការ​ប្រកាស​អាសន្ន​របស់​អង្គការ​សុខភាព​ពិភពលោក​អនុញ្ញាត​ឱ្យ​ប្រទេស​ជា​សមាជិក​របស់​អង្គការ​អន្តរជាតិ​នេះ​ចាត់​វិធានការ​ដូចជា ការ​បិទព្រំដែន​របស់ពួកគេ​ ការ​បិទ​ចោល​ជើង​ហោះហើរ និង​ចាត់​វិធានការ​ត្រួតពិនិត្យ​នានា​ ​ដើម្បី​ការពារ​ការ​រីករាល​ដាលតាម​ប្រទេស​នីមួយៗ។

ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​និយាយ​នៅ​ក្នុង​សន្និសីទថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា លោក​ក៏​ទទួល​បាន​សំណូមពរ​ឲ្យ​មាន​ការ​ជម្លៀសនិស្សិត​ខ្មែរ​ និង​មន្ត្រី​អ្នកការទូត​ចេញ​ពី​វូហាន​និង​ស្នើ​ឲ្យ​បិទ​ជើង​ហោះ​ហើរ​ពី​ចិន។​ ក៏​ប៉ុន្តែ​លោក​បាន​ឆ្លើយ​តប​ថា​ ការ​ធ្វើបែប​នេះ​កម្ពុជា​នឹង​ខាត​សេដ្ឋកិច្ច​ និង​ទំនាក់​ទំនង​ល្អជាមួយ​ប្រទេស​មហាអំណាច​មួយ​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG