ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ ប្រាប់​ពលរដ្ឋ​ខ្មែរ​កុំ​ចាក​ចេញ​ពី​ប្រទេស​ចិន​ និង​ជួយ​ចិន​កម្ចាត់​មេរោគ​កូរ៉ូណា


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពីស្ថានភាពនៃការរីករាលដាលនៃមេរោគកូរ៉ូណាវីរុស ដែលផ្ទុះឡើងនៅប្រទេសចិន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ លោក​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​កុំចលាចលអំពីការឆ្លងមេរោគនេះ ដែលនៅកម្ពុជាទើបតែមានមួយករណីប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំពីស្ថានភាពនៃការរីករាលដាលនៃមេរោគកូរ៉ូណាវីរុស ដែលផ្ទុះឡើងនៅប្រទេសចិន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ លោក​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​កុំចលាចលអំពីការឆ្លងមេរោគនេះ ដែលនៅកម្ពុជាទើបតែមានមួយករណីប៉ុណ្ណោះ។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ហ៊ុន សែន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ស្នើ​ឲ្យ​មន្ត្រី​ការ​ទូត​កម្ពុជា និង​និស្សិត​ខ្មែរ​ដែល​កំពុង​បន្ត​សិក្សា​ និង​បំពេញ​ការ​ងារ​នៅ​ប្រទេស​ចិន​ កុំ​ចាក​ចេញ​ពី​ប្រទេស​ដែល​មេរោគកូរ៉ូណា​ថ្មីបាន​ឆក់​យក​ជីវិត​មនុស្ស​ជាង​១៧០​នាក់​ ហើយមនុស្ស​រាប់ពាន់​នាក់​ទៀត​បាន​ឆ្លង​មេរោគ​នេះ។ ​មេរោគ​នេះ​កំពុង​រាតត្បាត​ទៅ​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភព​លោក។​

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​វិមាន​សន្តិភាព​ នា​ទីក្រុង​ភ្នំពេញ​ លោក​ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ ​ពលរដ្ឋ​កម្ពុជា​មិន​អាច​រត់​ចោល​ប្រជាជន​ចិន​ក្នុង​គ្រា​លំបាកបែប​នេះ​ទេ។​

«អ្នក​ការទូត​ កុងស៊ុល​ និង​និស្សិត​កម្ពុជា​ ដែល​កំពុង​ធ្វើការ​ និង​រៀន​សូត្រ​ រាប់​ទាំង​នៅ​ទីក្រុង​វូហាន​ ត្រូវ​បន្ត​ស្ថិត​នៅ​ទីនោះ​ និង​ចូលរួម​ជាមួយ​ប្រជាជន​ចិន​ ដើម្បី​ប្រយុទ្ធ​ជាមួយ​ជំងឺ​នេះ​ កុំ​រត់​ចោល​ប្រជាជន​ចិន​ ក្នុង​គ្រា​ដ៏​លំបាក​នេះ។​ «ស្រឡាញ់គ្នា​ក្នុង​គ្រា​ក្រ​ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក‍»។ ​នេះជា​ពាក្យ​ស្លោក​របស់​កម្ពុជា​យើង​ តាំងពី​ដូនតា​យើង​មក»។​

នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ដដែល​ លោក​ហ៊ុន សែន​ ដែល​ដឹក​នាំ​ប្រទេស​កម្ពុជា​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ​ ​បាន​ព្រមាន​ដេញ​អ្នក​កាសែត​រូបណា​ដែល​ពាក់​ម៉ាស់​ចូល​យក​ព័ត៌មាន​ ដោយ​លោក​អះអាង​ថា​ កម្ពុជា​មិន​ទាន់​មាន​អ្នកស្លាប់​ដោយ​វីរុស​នេះ​ទេ។​

អ្នក​កាសែត​មួយ​រូបបាន​លើក​ជា​សំណួរ​ទាក់ទិន​ការ​ចូល​រួម​របស់​កម្ពុជា​ដើម្បី​ជួយ​ប្រទេស​ចិន​ នៅ​ក្នុង​ការទប់ទល់​នឹង​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ ដែល​ទើប​ត្រូវបាន​រក​ឃើញ​មួយ​ករណី​នៅ​ប្រទេស​កម្ពុជា។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ឆ្លើយ​តប​ថា​ កម្ពុជា​កំពុង​ពិនិត្យ​លទ្ធភាព​របស់​ខ្លួន​ក្នុង​ការ​ជួយ​ប្រទេស​ចិន។ តែ​លោក​ថា​ អ្វី​ដែល​កម្ពុជា​អាច​ធ្វើ​បាន​នៅ​ពេលនេះ​គឺមិន​ឲ្យមាន​ការ​ជម្លៀស​មន្ត្រី​ការ​ទូត​ និង​និស្សិត​ខ្មែរ​ចេញ​ពី​ប្រទេស​ចិន​ ដែល​អាច​បង្ក​ការ​ភ័យ​ខ្លាច​បន្ថែម​ដល់​ប្រជាជន​ចិន ហើយ​កម្ពុជា​មិន​ត្រូវបិទ​ជើង​យន្ត​ហោះរបស់​ចិន​ និង​ការ​ដឹក​ជញ្ជូន​របស់​ចិន​តាម​ផ្លូវទឹក​ចូល​ក្នុងប្រទេសកម្ពុជា​ ​ហើយ​ក៏គ្មាន​ការ​រារាំង​មិន​ឲ្យ​ទេសចរ​ចិនចូល​ប្រទេស​កម្ពុជា​ផង​ដែរ។​

«ខ្ញុំ​គិត​ថា​ ចិន​មិន​ត្រូវ​ការ​លុយ​យើង​ទេ​ ​ដើម្បី​ទៅ​ជួយ​ដល់​ស្រុក​ចិន​ទេ។​ យើង​គ្រាន់​តែ​ធ្វើ​ម៉េច ​សហ​ការ​ជាមួយ​ស្ថានទូត​ចិន​នៅ​កម្ពុជា​ ធ្វើ​ឲ្យ​បាន​ល្អ​នូវ​អ្នក​វិនិយោគ​ចិន​ តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ចិន និង​ពលរដ្ឋ​ចិន ​ទេសចរ​ចិន​ ដែល​កំពុង​ធ្វើ​ការ​ ដែល​មក​លេង​នៅ​ស្រុក​ខ្មែរ​ឲ្យ​បាន​ល្អ​ទៅ​ខ្ញុំ​គិត​ថា​ ​វា​ជា​ការ​រួម​ចំណែក​ ​ហើយ​កុំ​រើស​អើង​ប្រជាជន​ចិន​ ​កុំ​រើស​អើង​ប្រជាជន​ចិន»។​

រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា​ មាន​ករណី​ដំបូង​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី ​នៅ​ក្នុង​ក្រុង​ព្រះ​សីហនុ​នៅ​ថ្ងៃ​ទី២៧ ខែ​មករា​នេះ។ ​អ្នក​ដំណើរ​ជនជាតិ​ចិន​ ដែល​ធ្វើ​ដំណើរ​ដោយ​ត្រង់​ពី​ទី​ក្រុង​វូហាន​ (Wuhan) ​នៃ​ប្រទេស​ចិនមក​កម្ពុជា​តាម​ជើង​ហោះ​ហើរ​ផ្ទាល់​ពី​ទី​ក្រុង​វូហាន​មក​អាកាសយានដ្ឋាន​អន្តរ​ជាតិ​ខេត្ត​ព្រះ​សីហនុ​ មាន​ជំងឺ​រលាក​សួត ​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណាថ្មី។​

នៅ​ពេល​មាន​ការ​ឆ្លង​រីករាល​ដាល​វីរុស​កូរ៉ូណា​ដ៏​ប្រល័យ​នេះ​មាន​មតិ​រិះគន់​ជា​ច្រើនបាន​លើក​ឡើង​ថា​ ​កម្ពុជា​គួរ​បិទ​ជើង​យន្ត​ហោះ​ចិន​ចូល​ទឹកដី​កម្ពុជា។​

ក៏​ប៉ុន្តែ​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន​ សែន បាន​ប្រតិកម្ម​តប​ថា​ កម្ពុជា​នឹង​ក្លាយ​ជា​រដ្ឋ​ឯកោ​ ​ប្រសិន​បើ​មាន​ការ​បិទ​ជើង​យន្តហោះយ៉ាង​ដូច្នេះ។ ​ប្រធាន​គណបក្ស​កាន់​អំណាច​រូប​នេះក៏​បាន​រិះគន់​ខ្លាំងៗទៅ​លើ​ការ​អធិប្បាយ​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​មួយ​រូប​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ​Human Rights Watch​ ដែល​បាន​ផ្តល់​ការ​អធិប្បាយ​ដល់​វិទ្យុ​បរទេស​មួយ​ដែល​ផ្សាយ​ជា​ភាសា​ខ្មែរថា​ ​កម្ពុជា​គួរ​ត្រូវ​បាន​ស្តី​បន្ទោស​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​មាន​ជើង​យន្តហោះពី​ប្រទេស​ចិន​ចូល​ក្នុងទឹក​ដី​កម្ពុជា។​

«ផ្តាំ​ទៅ​ Phil Robertson ​នែ៎ ​បើ​លោក​ឯង​ជ្រុល​ជា​មក​ប្រដៅ​ឲ្យ​ទទួល​ថា​ រដ្ឋាភិបាល​ខ្មែរ​ត្រូវ​ទទួល​ខុស​ត្រូវ​ គួរ​ស្តី​បន្ទោស​ ទៅ​ស្តី​បន្ទោស​ឲ្យ​រដ្ឋាភិបាល​គ្រប់​ប្រទេស​ទៅ​ រាប់​ទាំង​ប្រទេស​អ្នក​ឯង​ ស្ថិត​នៅ​ផង​ដែរ ព្រោះ​ជំងឺ​កើត​នៅ​ប្រទេស​អ្នក​ឯង​ ម៉េច​ក៏​អ្នក​ឯងមិន​ឲ្យ​ស្តី​បន្ទោស​រដ្ឋាភិបាល​អ្នក​ឯង?​ ហើយ​ឲ្យ​មក​ស្តី​បន្ទោស​តែ​ខ្ញុំ។ ​អយុត្តិធម៌​រឿង​ហ្នឹង»។​

លោក​ Phil Robertson ​នាយក​រង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​ បាន​ប្រាប់​ VOA ​តាម​សារ​អេឡិចត្រូនិក​អ៊ីម៉េល​យ៉ាង​ខ្លី​ថា​ ​ប្រទេស​ផ្សេង​ទៀត​ជុំវិញ​ពិភព​លោក​កំពុង​ចាត់​វិធាន​ការ​ទប់​មិន​ឲ្យ​មាន​ការ​ឆ្លង​រាលដាល​បន្ថែម​នៃ​វីរុស​កូរ៉ូណា​នេះ។​

លោក​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​ «ប្រទេស​ដទៃ​ទៀត​នៅ​ជុំវិញ​ពិភព​លោក​កំពុង​ចាត់​វិធាន​ការ​រាំង​ខ្ទប់​មិន​ឲ្យ​មាន​ការ​ចម្លង​វីរុស​កូរ៉ូណា​នេះ ហើយ​នៅ​ដំណាល​ពេល​គ្នា​នោះ​ គេ​បាន​តម្កល់​ទុក​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​ផង​ដែរ​ ដូច្នេះ​កម្ពុជា​គួរ​តែ​ធ្វើ​ដូច​គ្នា​យ៉ាង​ដូច្នោះ​ដែរ»។​

ប្រធានាធិបតី​ចិន​លោកស៊ី ជីងពីង​ បាន​កោះ​ហៅ​ឲ្យ​មាន​ការ​ប្រជុំ​សមាជិក​ការិយាល័យ​របស់​បក្ស​កុម្មុយ​នីស្ត​ចិនកាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ ដើម្បី​ពិភាក្សា​រក​មធ្យោបាយ​នានា​រាំង​ខ្ទប់​មេរោគ​កូរ៉ូណា ដោយ​បាន​ប្រកាស​ថា​ ​ប្រទេស​ចិន ​កំពុង​ប្រ​ឈម​«ស្ថាន​ភាព​ដ៏ធ្ងន់​ធ្ងរ»។​

ក្រោយ​ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី​ស៊ី ជីងពីង​ នោះ​មក​ ​ការ​ជម្លៀស​ជន​ជាតិ​បរទេស​ជាលើក​ដំបូង​ចេញ​ពី​ប្រទេស​ចិន​ក៏​បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃពុធ​ក្នុង​សប្តាហ៍​នេះ​ ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេ​រោគ​កូរ៉ូណា​បាន​កើន​ឡើង​ដល់​មនុស្ស​ចំនួន​១៣២​នាក់​ ​ហើយ​ប្រទេស​ជា​ច្រើន​កំពុង​ដាក់​ការរឹត​បន្តឹង​លើ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន។​

ជន​ជាតិ​ជប៉ុន​ចំនួន​២០៦​នាក់​ត្រូវ​គេ​រាយ​ការណ៍​ថា​ ​ត្រូវ​បាន​ដឹក​ជញ្ជូន​ចេញ​ពី​ទីក្រុង​វូហាន​ ដែល​ជា​ប្រភព​កំណើត​មេរោគ​កូរ៉ូណា​ថ្មី​ ​ឆ្ពោះ​ទៅ​កាន់​អាកាស​យានដ្ឋាន​ Haneda ​នៅ​ទី​ក្រុង​តូក្យូ។ ​ចំណែក​សហ​រដ្ឋ​អាមេរិកក៏​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ ​បាន​ជម្លៀស​ពល​រដ្ឋ​ខ្លួន​ចំនួន​ជិត​២០០​នាក់​តាម​ជើង​យន្តហោះ​ចេញ​ពី​ទីក្រុង​វូហានទៅ​កាន់​មូលដ្ឋាន​ទ័ព​មួយ​នៅ​រដ្ឋ​កាលីហ្វ័រយ៉ា។​ សហ​ភាព​អឺរ៉ុបក៏​បាន​ប្រកាស​ផែនការ​ដឹក​ជញ្ជូន​ពលរដ្ឋ​ខ្លួន​ប្រមាណ​ជាង​២០០​នាក់​ចេញ​ពីទី​ក្រុង​វូហាន​នេះ​ដែរ។​

លោក​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល ​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho) ​យល់​ថា​ សហ​រដ្ឋ​អាមេរិក​ និង​ជប៉ុន​ ទំនង​ជា​មាន​ការ​បារម្ភ​ចំពោះ​ស្ថានភាព​សុខភាព​ពល​រដ្ឋ​របស់ខ្លួន​ ទើប​សម្រេច​ចាត់​វិធានការ​ជម្លៀស​ពល​រដ្ឋ​ខ្លួន​ចេញ​ពី​តំបន់​ដែល​មាន​ការ​ឆ្លងនៃ​វីរុស​កូរ៉ូណា។ ​លោក​ថា​ ប្រទេស​ទាំងពីរកំពុង​បង្ហាញ​ចេតនាចែក​រំលែក​បន្ទុក​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​ចំណាយ​លើសេវា​សុខាភិបាល។​

ប្រទេស​អូស្ត្រាលី ​ ណូវែលហ្សេឡង់​ បារាំង ​រុស្ស៊ី​ ​ប្រទេស​ឥណ្ឌា ​និង​ប្រទេស​ផ្សេង​ទៀត​ក៏​បាន​ប្រកាស​ផែន​ការ​ជម្លៀស​ពលរដ្ឋ​របស់​ពួកគេ​ចេញ​ពីទីក្រុង​វូហាន​នៅ​សប្តាហ៍​នេះ​ដែរ។​

រហូត​មក​ដល់​ពេលនេះមាន​ពល​រដ្ឋ​ចិន​ប្រមាណ​ជិត៧៧០០​នាក់បាន​ឆ្លង​មេរោគ​កូរ៉ូណា​ ដែល​បាន​ផ្ទុះ​ឡើង​ជាលើក​ដំបូង​នៅ​ខេត្ត​ហ៊ូបេ​ប្រទេសចិន។ ​នៅក្រៅ​ប្រទេសចិ​នមាន​សេចក្តី​រាយ​ការណ៍​បញ្ជាក់​ថា​ ​ការ​ឆ្លង​មេរោគ​នេះបាន​កើន​ឡើង​ចំនួន​ជាង​៧០​ករណី។​

ប្រជាជន​ច្រើន​ជាង​៥៦​លាន​នាក់​ នៅ​ក្នុង​ក្រុង​ជិត២០​នៅ​ប្រទេស​ចិន​ដែល​រួម​ទាំង​ទីក្រុង​វូហាន ខេត្ត​ហ៊ូបេ​ ក៏​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ ត្រូវ​បាន​គេ​រារាំង​មិន​ឲ្យធ្វើ​ដំណើរដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​រីករាល​ដាល​វីរុស​កូរ៉ូណានេះ​បន្ថែម​ទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG