ទំនាក់ទំនងរវាងសេរីសារព័ត៌មាននិងប្រជាធិបតេយ្យ គឺជាប្រធានបទសំខាន់នៅក្នុងការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកនៅឆ្នាំនេះ ដែលមានការរៀបចំប្រារព្ធពិធីនេះជាង ១០០ កន្លែងនៅទូទាំងពិភពលោក។
ការអបអរទិវានេះដ៏សំខាន់មួយកំពុងរៀបចំធ្វើជាលើកទីមួយ នៅក្នុងរដ្ឋធានីអាឌីសអាបេបា ប្រទេសអេត្យូពី។ អ្នកនាំពាក្យនាយករដ្ឋមន្រ្តីអេត្យូពីលោក Billene Seyoum បានថ្លែងថា ប្រទេសអេត្យូពី កំពុងរៀបចំបង្កើតច្បាប់មួយដើម្បីទប់ទល់ជាមួយនឹងការប្រើពាក្យសម្តីបង្កឲ្យមានការស្អប់ខ្ពើម និងព័ត៌មានក្លែងក្លាយ។
ប្រទេសអេត្បូពីធ្លាប់មានប្រវត្តិមិនល្អពាក់ព័ន្ធនឹងការចាប់ខ្លួនអ្នកកាសែត មុនពេលនាយករដ្ឋមន្រ្តីថ្មីលោក Abiy Ahmed ឡើងកាន់តំណែង កាលពីខែមេសា ឆ្នាំ២០១៨។ រដ្ឋាភិបាលរបស់លោកបានដោះលែងអ្នកកាសែតជាច្រើនឲ្យមានសេរីភាពឡើវិញ។
យោងតាមគណៈកម្មាធិការការពារអ្នកសារត័ព៌មាន The Committee to Protect Journalists បានឲ្យដឹងថា នាពេលបច្ចុប្បន្នគ្មានអ្នកសារព័ត៌មានណាម្នាក់ជាប់ពន្ធនាគារនៅក្នុងប្រទេសអេត្បូពីទេ ចំណែកឯបណ្តាញផ្សព្វផ្សាយព័ត៌មានវិញកំពុងរីកដុះដាលនៅក្នុងប្រទេសនេះ។
ចាប់តាំងពីលោក Abiy ឡើងកាន់តំណែងមក ប្រទេសអេត្បូពីបានដកការរារាំងចេញពីគេហទំព័រព័ត៌មាននានា និងបានដកបម្រាមចេញពីអ្នកសារព័ត៌មានដែលធ្លាប់ត្រូវបានហាមឃាត់មិនឲ្យវិលត្រឡប់ទៅផ្ទះរបស់ពួកគេ។
ក៏ប៉ុន្តែអង្គការបណ្តាញផ្សព្វផ្សាយមួយនេះបានកត់សម្គាល់ថា ឧបសគ្គនានានៅតែរារាំងដល់ពួកអ្នកសារព័ត៌មាននៅក្នុងប្រទេសអេត្បូពី រួមទាំងគ្រោះថ្នាក់ដោយសារការវាយប្រហារ និងការចាប់ខ្លួននានា ជាពិសេសគឺនៅតាមតំបន់ដែលមានការបះបោរ៕