ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ស្ត្រី​ក្នុង​វិស័យ​សារព័ត៌មាន​អំពាវនាវ​ឱ្យ​មាន​​ការ​គាំទ្រ​និង​ការ​ការពារ​បន្ថែម


រូបឯកសារ៖ ក្រុម​អ្នក​សារព័ត៌មាន​ចោម​រោម​សួរ​លោក ​ស៊ិក ​ប៊ុនហុក ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​ក្នុង​មណ្ឌល​បោះ​ឆ្នោត​មួយ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ ​កាល​ពីថ្ងៃទី២៥​ ខែកុម្ភៈ ​ឆ្នាំ២០១៨។​ (អូន ឆេងប៉រ/VOA)

ស្រប​ពេល​ដែល​កម្ពុជា​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ ​ក្រុម​ស្ត្រី​ដែល​​មាន​បទពិសោធន៍​ក្នុង​វិស័យ​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​ ​ជំរុញ​ឲ្យ​មាន​ការ​គាំទ្រ​ និង​ការ​ការពារ​បន្ថែម​ទៀត​ចំពោះ​ស្ត្រី​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា។

ខណៈ​ប្រទេស​កម្ពុជា​និង​សកល​លោក​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ក្នុង​សប្ដាហ៍​នេះ​ ​ក្រុម​អ្នក​សារព័ត៌មាន​ស្ត្រី​ក្នុង​ប្រទេស​កម្ពុជា​បាន​ជួបជុំ​ ផ្លាស់ប្ដូរ​បទ​ពិសោធន៍​ការងារ​និង​ការ​ប្រឈម​របស់​ផង​ខ្លួន​ ក្នុង​អាជីព​ជា​អ្នក​សារព័ត៌មាន។​

​ពួកគេ​បាន​អំពាវនាវ​ឱ្យ​មានការ​ជួយ​លើក​ទឹក​ចិត្ត​ និង​ការពារ​បន្ថែម​ទៀត​ដល់​ស្ត្រី​ឱ្យ​បាន​ចូលរួម​ក្នុង​វិស័យ​ដ៏​មាន​ឥទ្ធិពល​នេះ។

​នៅ​ក្នុង​វេទិកា​ពិភាក្សា​មួយ​ស្ដីពី​ស្ត្រី​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ កញ្ញា​ Leonie Kijewski​ អតីត​អ្នកសារព័ត៌មាន​ និង​ការី​និពន្ធ​រង​នៅ​កាសែត​ Phnom Penh Post​ និង​ជា​វាគ្មិន​មួយ​រូប​នៅ​ក្នុង​វេទិកា​ បាន​លើក​ឡើង​ថា​ការ​បៀតបៀន​គឺ​មាន​ទៅ​លើ​ស្ត្រីជា​ទូទៅ​ មិន​មែន​តែ​ក្នុង​វិស័យសារព័ត៌មាន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​ជាបញ្ហា​ចោទ​គឺ​ការ​មិន​មាន​ដំណោះ​ស្រាយ​សម​ស្រប​ណា​មួយ​ចំពោះ​សកម្មភាព​បៀតបៀន​ទាំង​នោះ។

​កញ្ញា​ Leonie​ បាន​ថ្លែង​ជា​ភាសា​អង់គ្លេស​និង​ប្រែ​សម្រួល​ក្នុង​ន័យ​ដើម​ថា៖​

«ដូច្នេះ​ ខ្ញុំ​គិត​ថា​ នេះ​ជា​អ្វី​មួយ​ដែល​មិន​មែន​មាន​តែ​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​នោះ​ទេ។​ ខ្ញុំ​គិត​ថា ​វា​មាន​នៅ​គ្រប់​កន្លែង។​ ហើយ​មាន​ការ​បៀតបៀន​កើត​មាន​ជា​ច្រើន​នៅ​កន្លែង​ធ្វើ​ការ ​នៅ​ពេល​ដែល​មិន​មាន​យន្តការ​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​បញ្ហា​ការ​បៀតបៀន​នៅ​កន្លែង​ធ្វើការ»។

វាគ្មិន​មួយ​រូប​ទៀត ​អ្នកស្រី​ Michelle Vachon​ អតីត​ការី​និពន្ធ​នៅ​កាសែត​ The​ Cambodia Daily ថ្លែង​ថា​ ស្ត្រី​តែង​តែ​ប្រឈម​នឹង​ការ​ចាត់​ទុក​ជា​ភេទ​ទន់ខ្សោយ​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​ ​ហើយ​ស្ត្រី​ចាំ​បាច់​ត្រូវ​តស៊ូ​ ប្រសិន​បើ​ចង់​ជោគជ័យ​នៅ​ក្នុង​វិស័យ​នេះ។

អ្នក​ស្រី​ Michelle​ បាន​និយាយ​ថា៖​

«មានការ​លំបាក​ជា​ច្រើន​ដែល​ស្ត្រី​ត្រូវ​តស៊ូ​ប្រឈម​មុខ។​ ហើយ​ជា​អកុសល​ វិធី​តែ​មួយ​សម្រាប់​ស្ត្រី​នៅ​ក្នុង​ការ​រក្សា​តំណែង​របស់​ខ្លួន​បាន​គឺ​ថា​ យើង​មិន​ត្រឹម​តែ​ត្រូវ​ធ្វើ​ឲ្យ​បាន​ល្អ​នោះ​ទេ​ ប៉ុន្តែ​យើង​ត្រូវ​ធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរ​ [ជាង​បុរស] ថែម​ទៀត»។

(ពីឆ្វេងទៅស្តាំ) អ្នកស្រី Michelle Vachon អ្នកស្រី យ៉ុន ស៊ីនៀត កញ្ញា​អ៊ុង​ ចាន់សុភា កញ្ញា​ Eleonore Sok កញ្ញា Leonie Kijewski និង​អ្នក​សម្របសម្រួល​កញ្ញា កែវ គុណនីឡា វាគ្មិន​ពិភាក្សា​លើ​ប្រធានបទ​ស្តី​ពី​ស្រ្តី​នៅ​ក្នុង​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា​ នៅ​ក្រុង​ភ្នំពេញ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩។
(ពីឆ្វេងទៅស្តាំ) អ្នកស្រី Michelle Vachon អ្នកស្រី យ៉ុន ស៊ីនៀត កញ្ញា​អ៊ុង​ ចាន់សុភា កញ្ញា​ Eleonore Sok កញ្ញា Leonie Kijewski និង​អ្នក​សម្របសម្រួល​កញ្ញា កែវ គុណនីឡា វាគ្មិន​ពិភាក្សា​លើ​ប្រធានបទ​ស្តី​ពី​ស្រ្តី​នៅ​ក្នុង​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា​ នៅ​ក្រុង​ភ្នំពេញ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩។

​វេទិកា​ពិភាក្សា​មួយ​ស្ដីពី​ស្ត្រី​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្លឹប​អ្នក​សារព័ត៌មាន​អន្តរជាតិ​ប្រចាំ​កម្ពុជា(Overseas Press Club of Cambodia) និង​មាន​ការ​ចូលរួម​ពី​សំណាក់​វាគ្មិន​ស្ត្រី​ដែល​មាន​បទ​ពិសោធន៍​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​ចំនួន​០៦​រូប។ វេទិកា​ពិភាក្សា​នេះ​ផ្ដោត​ចម្បង​ទៅ​លើ​បញ្ហា​ប្រឈម ​និង​ដំណោះស្រាយផ្សេងៗ​ សម្រាប់​ស្ត្រី​ជា​អ្នក​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​ចំនួន​តិចតួច​នៅ​ឡើយ។

កញ្ញា​ អ៊ុង ចាន់សុភា​ អ្នក​សារព័ត៌មាន​ និង​ផលិតករ​ព័ត៌មានដែល​ធ្វើ​ការ​ក្នុង​វិស័យ​នេះ​ជាង​១​ទសវត្សរ៍​លើក​ឡើង​ថា ​ស្ត្រី​នៅ​តែ​ប្រឈម​នឹង​ឧបសគ្គ​ក្នុង​បរិបទ​ភាព​ជា​អ្នក​ដឹកនាំ​សម្រាប់​ស្ត្រី​នៅ​ក្នុង​វិស័យ​សារព័ត៌មាន។

កញ្ញា​ ​ចាន់ សុភា​ បាន​និយាយ​ជា​ភាសាអង់គ្លេស​ និងប្រែ​សម្រួល​ក្នុង​ន័យ​ដើម​ថា៖​

«ដើម្បី​ក្លាយ​ជា​ស្ត្រី​ជា​អ្នកដឹកនាំ​នៅ​ក្នុង​វិស័យ​នេះ វា​ពិត​ជា​លំបាក​ខ្លាំង​ណាស់​ ហើយ​ជា​ពិសេស​នៅ​ពេល​អ្នក​នៅ​វ័យក្មេង​នៅ​ឡើយ។​ ដូច្នេះ​ វា​ត្រូវ​ការ​ពេលវេលា​ច្រើន​ ដើម្បី​បង្ហាញ​ថា​យើង​មាន​សមត្ថ​ភាព​ជា​អ្នក​ដឹកនាំ​បាន»។

​វេទិកា​ពិភាក្សា​ស្ដីពី​ស្ត្រី​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ មុន​ទិវា​នារី​អន្តរជាតិ​ ០៨ មីនា។​ ទិវា​នារី​អន្តរ​ជាតិ​ឆ្នាំ​នេះ គឺ​ជា​ការ​ប្រារព្ធ​ខួប​ទី​១០៨​នៃ​ជោគជ័យ​របស់​ស្ត្រី​ទាំង​ផ្នែក​សង្គម​ សេដ្ឋកិច្ច​វប្បធម៌ ​និង​នយោបាយ​នៅ​ទូទាំង​ពិភព​លោក​ ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ​ការ​ប្រារព្ធ​ទិវា​នេះ​ឡើង​ជា​រៀងរាល់​ឆ្នាំ ក៏​ជា​ការ​អំពាវនាវ​ឲ្យ​មាន​សមភាព​យេនឌ័រ​ផង​ដែរ។

អង្គការ​សហប្រជាជាតិ​បាន​ទទួល​ស្គាល់​ទិវា​នារី​អន្តរជាតិ​នេះ​ជា​ផ្លូវការ​លើក​ដំបូង​បង្អស់​នៅ​ក្នុង​ឆ្នាំ ១៩៧៥។​ នៅ​ក្នុង​ឆ្នាំ​ ២០១១​ អតីត​ប្រធានាធិបតី​អាមេរិក​លោក​ Barack Obama ​បាន​ឈាន​មួយ​ជំហាន​បន្ថែម​ពី​នេះ​ទៀត​ ដោយ​បាន​ប្រកាស​ទទួល​ស្គាល់​ខែ​មីនា​ថា​ជា​ខែ​ប្រវត្តិសាស្ត្រ​របស់​ស្ត្រី។​

ចំពោះ​ដំណោះស្រាយ​សម្រាប់​ស្ត្រី​អ្នក​សារព័ត៌មាន​ដែល​ជួប​ប្រទះ​បញ្ហា​ការ​បៀតបៀន​ វាគ្មិន​ចូលរួម​មួយ​រូប​ទៀត​ អ្នកស្រី​ យ៉ុន ស៊ីនៀត​ អតីត​អ្នកសារព័ត៌មាន​នៅ​កាសែត​ Phnom Penh Post ​បាន​និយាយ​ថា​ ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ និង​ត្រឹមត្រូវ​នៅ​តែ​ជា​កត្តា​សំខាន់​ដើម្បី​ការពារ​ស្ត្រី​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា។

អ្នក​ស្រី​បាន​និយាយ​ជា​ភាសា​អង់គ្លេស​ដែល​មានន័យ​ដើម​ថា៖​

«ក្រៅ​ពី​និយាយ​រឿង​នេះ​ក៏​មាន​ច្បាប់​ផង​ដែរ។​ ការ​បៀតបៀន​គឺ​មិន​ត្រូវ​អនុញ្ញាត​ជា​ដាច់​ខាត។​ យើង​ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ត់ចត់»។​

អ្នក​ស្រី​ Michelle Vachon​ អតីត​ការី​និពន្ធ​នៅ​កាសែត ​The Cambodia Daily​ បាន​ផ្ដល់​ជា​ដំបូន្មាន​ថា​ អ្នក​សារព័ត៌មាន​ត្រូវ​តែ​មាន​ការ​ប្រយ័ត្នប្រយែង​ ទោះបីជា​ស្ថិត​ក្នុង​ស្ថានការណ៍​ណា​ក៏​ដោយ​ ដើម្បី​ធានា​សុវត្ថិ​ភាព​របស់​ខ្លួន។​

អ្នក​ស្រី​ Michelle ​បាន​និយាយ​ថា៖​

«ការ​ប្រយ័ត្ន​ប្រយែង​គឺ​ត្រូវ​តែ​មាន​សម្រាប់​ទាំង​បុរស ​និង​ស្ត្រី​នៅ​ក្នុង​វិស័យ​នេះ។​ អ្នក​ត្រូវ​មើល​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ ដើម្បី​ជួយ​ខ្លួន​ឯង​ប្រសិនបើ​ស្ថានការណ៍​មាន​ភាព​តឹងតែង​ ឬ​មាន​ការ​ប្រែប្រួល​ណា​មួយ»។

ចំពោះ​កញ្ញា ​Leonie Kijewski ​ អតីត​ការី​និពន្ធ​រង​នៃ​កាសែត​ Phnom Penh Post​ ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​អ្នក​មាន​បទពិសោធន៍​ ឬ​ការ​មាន​អ្នក​ពិគ្រោះ​យោបល់​ផ្ទាល់​ខ្លួន​ គឺ​ជា​ការ​ល្អ​មួយ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ ដែល​ស្ត្រី​ជា​អ្នក​សារព័ត៌មាន​ប្រឈម​មុខ។

កញ្ញា​ Leonie ​បាន​និយាយ​ថា៖​

«ចូរ​ស្វែង​រក​អ្នក​ពិគ្រោះ​យោបល់​ដោយ​សារ​តែ​ពួកគេ​មាន​បទ​ពិសោធន៍​ច្រើន។​ ហើយ​សង្ឃឹម​ថា ពួកគេ​នឹង​អាច​ផ្ដល់​ជា​ការ​ណែនាំ​ល្អៗ​ដល់​អ្នក​បាន»។

ស្រប​ពេល​ដែល​ពិភពលោក​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ ឬ​ Reporters Without Borders​ បាន​លើកឡើង​ថា​ ស្ត្រី​ជា​អ្នកសារព័ត៌មាន​ចំនួន​ ២៧​នាក់​ នៅ​លើ​ពិភព​លោក​កំពុង​ត្រូវ​បាន​ជាប់​ឃុំ​នា​ពេល​បច្ចុប្បន្ន។ ​មួយ​ចំនួន​នៃ​ស្ត្រី​ទាំង​នោះ​កំពុង​ជាប់​ឃុំ​ក្នុង​ស្ថានភាព​អមនុស្សធម៌​ថែម​ទៀត​ផង ​ខណៈ​ដែល​មួយ​ចំនួន​ទៀត​ជា​ជនរងគ្រោះ​នៃ​ការ​ធ្វើ​ទារុណកម្ម​ និង​ការ​បៀតបៀន​ផ្លូវ​ភេទ។ ​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន ​បាន​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​ស្ត្រី​ទាំង​នោះ​ជា​បន្ទាន់​ និង​ឥត​លក្ខខណ្ឌ។

យោង​ទៅ​តាម​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ឆ្នាំ​ ២០១៨​ របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​លេខ​ ១៤២​ ដោយ​ធ្លាក់​ពី​ចំណាត់​ថ្នាក់​លេខ​ ១៣២​ ក្នុង​ឆ្នាំ​ ២០១៧ ​ក្នុង​ចំណោម​ប្រទេស​សរុប ​១៨០​ បន្ទាប់​ពី​គេ​ឃើញ​មាន​ការ​បិទ​បណ្ដាញ​ផ្សព្វផ្សាយ​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន ​ដែល​មិន​ជិត​ស្និទ្ធ​នឹង​រដ្ឋាភិបាល៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG