ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុប្រធានាធិបតី​អាមេរិក​ថា ចិន​បង្ខិត​បង្ខំ​ បំភិត​បំភ័យ​នៅ​សមុទ្រ​ចិន​ខាងត្បូង


អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នកស្រី​ Kamala Harris ចូលរួម​ក្នុង​កិច្ចពិភាក្សា​តុមូល​មួយ​នៅ​ឯ Gardens by the Bay ក្នុង​ប្រទេស​សិង្ហបុរី​​ មុន​នឹង​អ្នកស្រី​ចាកចេញ​ទៅ​ប្រទេស​វៀតណាម​នៅ​ថ្ងៃអង្គារ ​ទី២៤ ខែសីហា ឆ្នាំ២០២១។
អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នកស្រី​ Kamala Harris ចូលរួម​ក្នុង​កិច្ចពិភាក្សា​តុមូល​មួយ​នៅ​ឯ Gardens by the Bay ក្នុង​ប្រទេស​សិង្ហបុរី​​ មុន​នឹង​អ្នកស្រី​ចាកចេញ​ទៅ​ប្រទេស​វៀតណាម​នៅ​ថ្ងៃអង្គារ ​ទី២៤ ខែសីហា ឆ្នាំ២០២១។

អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នកស្រី​ Kamala Harris​ បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា​ ប្រទេស​ចិន​ «នៅតែ​បន្ត​បង្ខិត​បង្ខំ​ បំភិត​បំភ័យ ​និង​ទាមទារ​ទឹកដី​ភាគច្រើន​នៃ​សមុទ្រ​ចិន​ខាង​ត្បូង»។​

ថ្លែង​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅប្រទេស​សិង្ហបុរី​ អ្នកស្រី Harris​ ​បាន​និយាយ​ថា​ សកម្មភាព​របស់​ចិន ​«បន្ត​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់ ​[អន្តរជាតិ] ​ដែល​ផ្អែក​លើ​ច្បាប់ ​ហើយ​គំរាម​កំហែង​ដល់​អធិបតេយ្យភាព​របស់​ប្រជាជាតិ​នានា»។ ​

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ​Joe Biden​ បាន​យក​ការ​ទប់ទល់​ឥទ្ធិពល​របស់​ចិន ​ជា​ផ្នែក​សំខាន់​មួយ​នៃ​គោល​នយោបាយ​ការ​បរទេស​របស់​ខ្លួន។​

អ្នកស្រី​ Harris ​បាន​មាន​ប្រសាសន៍​ថា៖ ​«សហរដ្ឋ​អាមេរិកនៅ​ជាមួយ​សម្ព័ន្ធ​មិត្ត​និង​ដៃគូ​របស់​យើង​ក្នុង​ការ​ប្រឈម​នឹង​ការ​គំរាម​កំហែង​ទាំង​នេះ។ ហើយ​ខ្ញុំ​ត្រូវ​តែ​បញ្ជាក់​ឱ្យ​ច្បាស់​ថា ​ការ​ចូលរួម​របស់​យើង​នៅ​អាស៊ី​អាគ្នេយ៍​ និងតំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ​មិនមែន​ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ណាមួយនោះ​ទេ ហើយ​ក៏​មិន​តម្រូវ​ឱ្យ​ប្រទេសណា​មួយ​ត្រូវជ្រើសរើស​រវាង​ប្រទេស​នានា​ដែរ។​ ផ្ទុយទៅ​វិញ​ ការ​ចូលរួម​របស់​យើង​ គឺ​សំដៅ​ឆ្ពោះ​ទៅ​រក​ចក្ខុវិស័យ​សុទិដ្ឋិនិយមមួយ​សម្រាប់​ការ​ចូលរួម​ និង​ភាព​ជាដៃ​គូ​របស់​យើង​នៅ​ក្នុង​តំបន់​នេះ»។​

អ្នកស្រី​ Harris បាន​និយាយ​ថា​ អ្នកស្រី​កំពុង​បញ្ជាក់​ជាថ្មី​ពីការ​ប្តេជ្ញា​ចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​សន្តិភាព​និង​ស្ថិរភាព ​នាវាចរណ៍សមុទ្រ​ដោយ​សេរី​ ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​គ្មាន​ការ​បំពាន ការជំរុញ​សិទ្ធិ​មនុស្ស​ និង​សណ្តាប់ធ្នាប់​ដោយ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ។​

អ្នកស្រី​បាន​លើក​ឡើង​ពី​មនុស្ស​រាប់​លាន​នាក់​ដែល​ពឹង​ផ្អែក​លើ​ផ្លូវ​សមុទ្រ​ក្នុង​តំបន់នេះ​សម្រាប់​ជីវភាព​រស់​នៅ​របស់​ពួកគេ ​និង​ពាណិជ្ជកម្ម​រាប់​ពាន់​លាន​ដុល្លារ​ដែលឆ្លង​កាត់​តំបន់​សមុទ្រចិន​ខាង​ត្បូង​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ប្រទេស​ចិន​លោក Wang Wenbin បាន​ឆ្លើយ​តបដោយ​និយាយ​ថា សហរដ្ឋ​អាមេរិក ​បាន​ស្វះស្វែង​បង្កើតប្រព័ន្ធ​មួយ​ដែល​ក្នុង​នោះ ខ្លួន​អាច «បង្ខូច សង្កត់សង្កិន បង្ខិត​បង្ខំ​ និង​សម្លុត ប្រទេស​ដទៃ​ដោយ​ចេតនា ហើយ​មិន​រង​ផល​វិបាក​អ្វី​នោះ​ទេ»។​

នៅ​ក្នុង​សុន្ទរកថា​របស់​អ្នកស្រី​នៅ​សិង្ហ​បុរី​នៅ​ថ្ងៃ​អង្គារនេះ​ដែរ អនុ​ប្រធានាធិបតី​អាមេរិក បាន​ដាក់​ចេញ​នូវ​ចក្ខុវិស័យ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តំបន់​ដែល​ផ្អែក​លើ​សិទ្ធិ​មនុស្ស​និង​ច្បាប់​អន្តរជាតិ​ និង​ស្វះស្វែង​ពង្រឹង​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនក្នុង​គោល​នយោបាយ​ខ្លួន​ងាក​ឆ្ពោះ​ទៅ​រក​អាស៊ី។ ​នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។​

អ្នកស្រី​បាន​និយាយ​ថា​ សហរដ្ឋ​អាមេរិក​ស្នើ​ផ្តល់​ធ្វើ​ជា​ម្ចាស់​ផ្ទះរៀបចំ​កិច្ច​ប្រជុំ​ឆ្នាំ​២០២៣ ​នៃអង្គការសហប្រតិបត្តិការ​សេដ្ឋកិច្ចអាស៊ី​ប៉ាស៊ីហ្វិក​ ហៅ​កាត់​ថា APEC ដែល​មាន​សមាជិក​២១​ប្រទេស រួម​ទាំងសហ​រដ្ឋ​អាមេរិក​ ចិន ​និង​រុស្ស៊ី​ផង​ដែរ។​

ការ​បង្វែរ​ការ​យក​ចិត្តទុក​ដាក់ ​និង​ធនធាន​ទៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិកនេះ​ ​បាន​ក្លាយ​ជា​គោលនយោបាយសំខាន់​នៃ​រដ្ឋបាល​លោក​ប្រធានាធិបតី​ ​Joe Biden ​ខណៈ​រដ្ឋបាល​លោក​ងាក​ចេញ​ពី​បញ្ហា​សន្តិសុខ​ដ៏​ធំៗពី​មុន​នានា ដូច​ជា​ការ​ដក​កង​កម្លាំង​អាមេរិក​ចេញ​ពី​អាហ្វហ្គានីស្ថាន​ជា​ដើម។​

ផ្នែក​មួយ​នៃ​ភារកិច្ច​របស់​អ្នកស្រី​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី​នេះ​ គឹ​ធ្វើ​ឱ្យ​មេ​ដឹកនាំ​ក្នុង​តំបន់​ជឿជាក់​ថា​ ការ​ប្តេជ្ញា​ចិត្ត​របស់​អាមេរិក​ចំពោះ​អាស៊ីអាគ្នេយ៍​ គឺ​រឹងមាំ​ ហើយ​មិន​ដូច​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ឡើយ។​

បន្ទាប់​ពី​ថ្លែង​សុន្ទរកថា​ ​អ្នកស្រី​ Harris បាន​ធ្វើការ​ពិភាក្សា​តុមូល​ជាមួយ​មេ​ដឹកនាំ​អាជីវកម្ម​ស្តីពី​បញ្ហា​សង្វាក់​ផ្គត់ផ្គង់។​

ក្រោយ​មក​នៅ​ថ្ងៃ​អង្គារ អ្នកស្រីមាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម​ជា​កន្លែង​ដែល​អ្នកស្រី​នឹង​ជួប​ជាមួយ​មន្រ្តី​កំពូលៗ​នៅ​ថ្ងៃពុធ ​និងគ្រោង​សម្ពោធការិយាល័យ​របស់​ទីភ្នាក់ងារ​ទប់ស្កាត់​និង​បង្ការ​ជំងឺ ​(CDC)​ របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅតំបន់​អាស៊ី​អាគ្នេយ៍​ នៅ​ក្នុង​ទី​ក្រុង​ហាណូយ។​ នេះ​បើ​យោង​តាម​ក្រសួង​ការ​បរទេស​អាមេរិក៕

XS
SM
MD
LG