កាសែតដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋក្នុងប្រទេសវៀតណាម បានចោទប្រកាន់ប្រទេសថៃពីការរំលោភច្បាប់អន្តរជាតិ នៅពេលដែលប៉ូលិសការពារដែនសមុទ្ររបស់ថៃបានបាញ់អ្នកនេសាទវៀតណាម៣នាក់កាលពីពេលថ្មីៗនេះ ដែលបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់។
កាសែតផ្លូវការរបស់រដ្ឋ Nhan Dan បានប្រាប់ឲ្យដឹងថា ឧបទ្ទវហេតុនេះ បានកើតមានឡើងកាលពីសប្តាហ៍មុន នៅផ្ទៃទឹកជាន់គ្នារវាងម៉ាឡេស៊ី វៀតណាម និងប្រទេសថៃ។
សេចក្តីរាយការណ៍នោះបានប្រាប់ឲ្យដឹងថា កប៉ាល់វៀតណាមបានបើកគេចនៅពេលដែលនាវាប៉ូលិសថៃបានមកជិត ដោយបានស្រែកតាមវិទ្យុថា៖ «នាវាវៀតណាមត្រូវឈប់ បើមិនឈប់ទេ យើងនឹងបាញ់សម្លាប់អ្នក»។
ការស៊ើបអង្កេតរបស់វៀតណាមបានសន្និដ្ឋានថា ប៉ូលិសថៃបានរំលោភច្បាប់ វៀតណាមនិងច្បាប់អន្តរជាតិ ហើយបានស្នើយកបញ្ហានេះ ទៅដោះស្រាយកម្រិតការទូត។
ក្នុងកិច្ចសម្ភាសន៍ជាមួយ VOA ផ្សាយជាភាសាវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ លោក Le Thanh Luu ប្រធាននេសាទវៀតណាមបាននិយាយថា ក្រុមរបស់លោកនឹងសុំឲ្យរដ្ឋាភិបាលទីក្រុងហាណូយសើ្នឲ្យមានការស៊ើបអង្កេតឲ្យបានល្អិតល្អន់ពីប្រទេសថៃ ហើយនិងសងសំណងដល់ពួកអ្នកនេសាទនិងក្រុមគ្រួសាររបស់ពួកគេ។
ក៏ប៉ុន្តែ ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្តីមន្រ្តីជាន់ខ្ពស់របស់ថៃម្នាក់មកចុះផ្សាយថា ការបាញ់នោះ គឺជាការការពារខ្លួនប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍ Grittapol Yeesakhorn ប្រធានដែនសមុទ្រថៃបាននិយាយថា លោកមិនបានដឹងពីមនុស្សស្លាប់នោះទេ ហើយប៉ូលិសបានការពារខ្លួនគេនៅពេលដែលនាវារបស់ពួកគេបានត្រូវឡោមព័ទ្ធដោយនាវាវៀតណាមដែលព្យាយាមបុកនាវាប៉ូលិសថៃកាលពីថ្ងៃសុក្រសប្តាហ៍មុន៕