មានការប៉ាន់ស្មានថា ការនេសាទខុសច្បាប់រ៉ាប់រងលើអាហារសមុទ្រ ២៦លានតោនក្នុងមួយឆ្នាំ និងធ្វើឲ្យខាតបង់សេដ្ឋកិច្ចសកលលោករហូតដល់ទៅ២៦ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ កិច្ចព្រមព្រៀងអន្តរជាតិមួយដើម្បីជួយទប់ស្កាត់បញ្ហានេះកំពុងទទួលបានការគាំទ្រ ប៉ុន្តែនៅតែត្រូវការអ្នកគាំទ្របន្ថែមទៀត មុនពេលអាចមានប្រសិទ្ធភាព។
ការនេសាទខុសច្បាប់ ការនេសាទដែលមិនត្រូវបានរាយការណ៍ និងការនេសាទដែលមិនត្រូវបានគ្រប់គ្រងត្រឹមត្រូវ ដែលហៅកាត់ថា ការនេសាទ «IUU» មិនត្រឹមតែបំផ្លាញសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការគំរាមកំហែងមួយដល់សុវត្ថិភាពស្បៀងអាហារ និងជីវចម្រុះផងដែរ។
អង្គការកសិកម្ម និងស្បៀងអាហារពិភពលោករបស់អ.ស.បបានឲ្យដឹងថា ការនេសាទ «IUU» រួមបញ្ចូលទាំងការនេសាទដោយមិនមានការអនុញ្ញាត ការនេសាទពូជត្រីដែលត្រូវអភិរក្ស ការប្រើឧបករណ៍នេសាទខុសច្បាប់ និងការមិនគោរពចំនួនកំណត់។ អាហារសមុទ្រជាង១៥ភាគរយនៅលើសាកលលោក គឺទទួលបានពីការនេសាទបែបនេះ។
លោកវេជ្ជបណ្ឌិត Matthew Camilleri ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងគោលនយោបាយជលផល និងវារីវប្បកម្មរបស់អង្គការកសិកម្ម និងស្បៀងអាហារពិភពលោកនៅក្រុងរ៉ូម។ លោកបាននិយាយថា បញ្ហានេះមានចាប់ពីនាវានេសាទធំៗនៅតាមសមុទ្រ រហូតដល់ទូកនេសាទតូចៗ ដែលមានប្រតិបត្តិការនៅតាមមាត់សមុទ្រ។
ការនេសាទខុសច្បាប់អាចមកពី ការនេសាទនៅតំបន់ហាមឃាត់ ដែលនៅទីនោះប្រព័ន្ធអេកូឡូស៊ីងាយទទួលរងផលប៉ះពាល់ ដែលបណ្តាលមកពីសកម្មភាពនេសាទ ឬការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ ឬទំហំឧបករណ៍មិនស្របតាមច្បាប់កំណត់។ ជាឧទាហរណ៍ សន្ទូចនេសាទត្រី ឬសំណាញ់អាចមានទំហំតូចពេក ។
លោកនិយាយថា ការនេសាទដែលមិនត្រូវមិនរាយការណ៍ ឬរាយការណ៍មិនបានគ្រប់គ្រាន់ក៏រីកសុះសាយផងដែរ។
នៅពេលដែលយើងនិយាយថា «ជិតផុតពូជ» គឺយើងមិនមែននិយាយក្នុងបរិបទការកៀកនឹងផុតពូជនោះទេ ប៉ុន្តែនៅក្នុងបរិបទការនេសាទត្រីច្រើនជ្រុល។ នេះមានន័យថា ចំនួនត្រីដែលអ្នកនេសាទសុច្ចរិតអាចចាប់បានមានកាន់តែតិចទៅៗ ដូច្នេះបរិមាណត្រីនឹងកាន់តែតិចទៅសម្រាប់អ្នកជំនាន់ក្រោយ។
មិនថាត្រីដែលត្រូវបានគេនេសាទដោយស្របច្បាប់ ឬខុសច្បាប់នោះទេ គេត្រូវតែយកត្រីទាំងនោះទៅកំពង់ផែ ដើម្បីយកចេញពីនាវា និងលក់បន្ត។ ហើយកំពង់ផែជាកន្លែងដ៏ល្អសម្រាប់ការត្រូតពិនិត្យ។
នៅឆ្នាំ២០០៩ ប្រទេសជាសមាជិករបស់អង្គការកសិកម្ម និងស្បៀងអាហារពិភពលោកបានទទួលយកកិច្ចព្រមព្រៀងស្តីពីវិធានការរបស់ប្រទេសដែលមានកំពង់ផែ ដើម្បីការពារ រារាំង និងលុបបំបាត់ការនេសាទ ដែលមិនត្រូវបានរាយការណ៍ និងការនេសាទមិនបានគ្រប់គ្រងត្រឹមត្រូវ។
កិច្ចព្រមព្រៀងនោះចែងពីនីតិវិធីអប្បបរមាមួយ ដែលប្រទេសដែលមានកំពង់ផែត្រូវតែគោរពតាម នៅពេលយល់ព្រមឲ្យនាវានេសាទបរទេសចូលក្នុងកំពង់ផែរបស់ខ្លួន។ មានបញ្ជីត្រួតពិនិត្យដែលប្រទេសនីមួយៗត្រូវតែគោរពតាម នៅពេលដែលនាវានេសាទបរទេសស្នើសុំចូលចត។ វាដូចជាការត្រួតពិនិត្យមនុស្សម្នាក់ៗនៅពេលដែលពួកគេធ្វើដំណើរទៅប្រទេសដទៃទៀតដែរ។ ហើយពេលខ្លះ ត្រូវស្នើសុំទិដ្ឋាការ។
កិច្ចព្រមព្រៀងនេះបង្ហាញពីប្រភេទនៃការត្រួតពិនិត្យណាដែលគួរតែធ្វើឡើងដើម្បីធានាឲ្យមានការនេសាទដោយស្របច្បាប់។
កិច្ចព្រមព្រៀងក៏បានចែងបន្ថែមថា គ្រប់ប្រទេសដែលមានកំពង់ផែ និងប្រទេសដែលទទួលយកនាវាបរទេស ត្រូវតែកំណត់កំពង់ផែឲ្យនាវាទាំងនោះ។ ពួកគេត្រូវបញ្ចាក់ឲ្យច្បាស់ថា កំពង់ផែណា ដែលទូកនេសាទបរទេសអាចចូល។ ហើយនៅកំពង់ផែទាំងនោះ គួរតែមាននីតិវិធី យ៉ាងហោចណាស់ទៅតាមនីតិវិធីអប្បបរមាចែងនៅក្នុងកិច្ចព្រមព្រៀង ដែលត្រូវការយកមកអនុវត្ត។
កិច្ចខិតខំប្រឹងប្រែងនៅខាងក្រៅកំពង់ផែ អាចរួមមាន ការត្រួតពិនិត្យតាមផ្កាយរណបទៅលើការផ្លាស់ទីរបស់នាវានេសាទក៏ដូចជាការល្បាតសមុទ្រនៅតំបន់នេសាទ។
ដើម្បីធ្វើឲ្យមានប្រសិទ្ធភាព កិច្ចព្រមព្រៀងត្រូវការធ្វើសច្ចានុម័តពីប្រទេសចំនួន២៥។ ប្រទេសចំនួន១២បានទទួលយកកិច្ចព្រមព្រៀងនេះហើយ ដែលរួមមានទាំងសហភាពអឺរ៉ុប ដែលរាប់ថាជាប្រទេសមួយ។ ប្រទេសពីរទៀតត្រូវបានរំពឹងថា នឹងចូលរួមឆាប់ៗនេះ។ នៅស.រ.អា ដំណើរការដើម្បីទទួលយកកិច្ចព្រមព្រៀងនេះត្រូវបានរាយការណ៍ថា មានការវិវត្តទៅមុខ៕
ប្រែសម្រួយដោយ ស៊ូ ពិសែន