ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេដឹកនាំ​គណបក្ស​កុម្មុយនិស្ត​វៀតណាម​ជួប​ជាមួយ​លោក​ប្រធានាធិបតី​អូបាម៉ា


ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា (រូប​ស្តាំ) ជួប​ជាមួយ​លោក ​ Nguyen Phu Trong  អគ្គលេខាធិការ​គណបក្ស​កុម្មុយនិស្ត​វៀតណាម​នៅ​ក្នុង​វិមាន Oval Office ក្នុង​សេតវិមាន​ កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

រយៈពេល​៤០ឆ្នាំ​ក្រោយ​សង្គ្រាម​វៀតណាម​បាន​បញ្ចប់ លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ ​អូបាម៉ា​ និង​មេដឹកនាំ​គណបក្ស​វៀតណាម​បាន​ជួបប្រជុំ​គ្នា​នៅ​វិមាន​ការិយាល័យ​ Oval Office​ របស់​ប្រធានាធិបតី​នៅសេតវិមាន​នៅ​ថ្ងៃអង្គារ​នេះ។ ជំនួប​នេះ​អបអរសាទរ​អំពី​ការ​ជឿនលឿន​គួរកត់​សម្គាល់​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ដែល​ជា​អតីត​គូ​សត្រូវ​នឹង​គ្នា​នេះ។​

លោក​ប្រធានាធិបតី​អូបាម៉ា​បាន​ស្វាគមន៍​លោក ​ Nguyen Phu Trong អគ្គលេខាធិការ​គណបក្ស​កុម្មុយនិស្ត​ដែល​បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ស.រ.អា.​ជា​លើក​ទី​មួយ​អំឡុង​ពេល​ខួប២០​ឆ្នាំ​នៃ​ការ​ធ្វើ​ទំនាក់ទំនង​ជា​ធម្មតា​ឡើង​វិញ​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ និង​រដ្ឋាភិបាល​ក្រុង​ហាណូយ។​

លោក​ប្រធានាធិបតី​អូបាម៉ា​និយាយ​ថា ​ការ​បង្កើត​ទំនាក់ទំនង​វិជ្ជមាន​រវាង​ប្រទេស​ទាំង​ពីរ​សំខាន់​គឺ​ផ្អែក​លើ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​វា​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​ប្រទេស​ទាំង​ពីរ។ គ្រាន់​តែ​ក្នុង​ពេល​២​ឆ្នាំ​កន្លង​មក​នេះ ប្រទេស​យើង​ទាំង​ពីរ​បាន​ធ្វើ​ការ​ជឿនលឿន​ជា​ដុំ​កំភួនក្នុង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​មួយ​ចំនួន ដូចជា​ការ​អប់រំ វិទ្យា​សាស្ត្រ បច្ចេកវិទ្យា ​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ សុខភាព​សាធារណៈ ហើយ​និង​បញ្ហា​សន្តិសុខ។ លោក​ប្រធានាធិបតី​ក៏​បាន​និយាយ​ដែរ​ថា លោក​ និង​លោក​ Trong ក៏​បាន​ពិភាក្សា​ការ​ខ្វែង​គំនិត​គ្នា​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ និង​សេរីភាព​ខាង​សាសនា​ផង​ដែរ។​ មេដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ Trans-Pacific Partnership ​ដែល​មាន​បញ្ចូល​ស.រ.អា. ​និង​វៀតណាម​តែ​មិន​មាន​បញ្ចូល​ចិន​នោះ​ទេ។

នៅក្រៅ​សេតវិមានកាលពី​ថ្ងៃអង្គារ​ម្សិលមិញ សមាជិក​សហគមន៍​អាមេរិកាំង​ដើមកំណើត​វៀតណាម​នៅ​ស.រ.អា.​បាន​តវ៉ា​ប្រឆាំង​នឹង​ទស្សនកិច្ចរបស់​អគ្គលេខាធិការ​គណបក្ស​កុម្មុយនិស្ត​វៀតណាម ដោយ​កាន់​បដា​ និង​ស្រែក​ពាក្យ​ស្លោក​ទាមទារ​ឲ្យ​មាន​ប្រជាធិបតេយ្យ​ និង​ដោះលែង​អ្នក​កាសែត​ពី​ពន្ធនាគារនៅ​ប្រទេស​វៀតណាម៕

XS
SM
MD
LG