យោធាអ៊ីស្រាអែលបានបញ្ជាក់កាលពីថ្ងៃសុក្រថា ខ្លួនបានសម្លាប់មេបញ្ជាការពីរនាក់ដែលពាក់ព័ន្ធនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីខ្លួនបានបង្កើនការវាយលុកចូលប៉ែកខាងជើងតំបន់ហ្កាហ្សា។ នេះបើតាមសារព័ត៌មាន AFP។ ការវាយប្រហារនេះកើតឡើងមួយថ្ងៃក្រោយមកបន្ទាប់ពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែលដោយសារសង្គ្រាមនេះ។
ដោយអ៊ីស្រាអែលក៏កំពុងប្រយុទ្ធនឹងក្រុមហេសបូឡាក្នុងប្រទេសលីបង់ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស់ផងដែរនោះ រូបភាពផ្សាយផ្ទាល់ពីទូរទស្សន៍ AFPTV បានបង្ហាញឱ្យឃើញនូវការវាយប្រហារជាច្រើនកាលពីព្រឹកថ្ងៃសុក្រលើតំបន់ជាយក្រុងបេរូតប៉ែកខាងត្បូង ដែលជាកន្លែងឈរជើងរបស់ក្រុមហេសបូឡាដែលមានអ៊ីរ៉ង់នៅពីក្រោយ។
តុលាការ ICC បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថានាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងលោក Yoav Gallant ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិរបស់លោក អាចមាន «ការទទួលខុសត្រូវព្រហ្មទណ្ឌ» ចំពោះឧក្រិដ្ឋកម្មសង្គ្រាមដែលប្រើការបង្អត់អាហារជាមធ្យោបាយសឹកនិងចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលប្រព្រឹត្តិលើជនជាតិប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា។
ការសម្រេចរបស់តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេនៃប្រទេសហូឡង់នេះបាននាំឱ្យមានប្រតិកម្មចម្រុះពីមេដឹកនាំជុំវិញពិភពលោក ដោយអ្នកខ្លះប្តេជ្ញាថានឹងចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែលទាំងនោះបើពួកគេចូលដល់ទឹកដីប្រទេសរបស់ខ្លួន។
ប៉ុន្តែមេដឹកនាំផ្សេងទៀត រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Bidenផងដែរ បានថ្កោលទោសការសម្រេចរបស់តុលាការនេះ។ លោក Netanyahu បានចាត់ទុកការសម្រេចរបស់តុលាការនេះថា «ឥតសមហេតុផល» និង «ជំរុញឡើងដោយសារការស្អប់អ៊ីស្រាអែលដែលដៅលើជាតិសាសន៍ជ្វីហ្វ»។
អ៊ីស្រាអែលក៏បានច្រានចោលស្រដៀងគ្នានេះផងដែរលើការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស់នៅក្នុងសំណុំរឿងមួយដែលដាក់ជូនតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីខែធ្នូឆ្នាំមុន ហើយថ្មីៗនេះក៏បានច្រានចោលរបាយការណ៍មួយដែលចេញផ្សាយដោយគណៈកម្មាធិការពិសេសមួយរបស់អង្គការសហប្រជាជាតិកាលពីសប្តាហ៍មុនដែរ៕
វេទិកាបញ្ចេញមតិ