ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​ការពារ​សេចក្ដី​សម្រេច​របស់​លោក​ត្រាំ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់


រូបឯកសារ៖ លោក​ស្រី Nikki Haley ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​
រូបឯកសារ៖ លោក​ស្រី Nikki Haley ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​

ស្រប​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​សាទរ​ចំពោះ​ចំណាត់ការ​របស់​លោក Trump ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត​នៃ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ បង្ហាញ​ការ​ព្រួយ​បារម្ភ។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trumpបាន​បញ្ចប់​រយៈពេល​នៃ​ការ​ពន្យារពេល​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មក លោក​បាន​មាន​ប្រសាសន៍​ថា៖ «យើង​មិន​អាច ហើយ​យើង​នឹង​មិន​ធ្វើ​ការ​ទទួលស្គាល់​ការ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​នេះ​របស់​អ៊ីរ៉ង់​នោះ​ទេ»។

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Donald Trump កំពុង​ការពារ​ការ​សម្រេច​ចិត្ត​ដូច​នេះ​របស់​លោក Trump ដែល​ការ​សម្រេច​ចិត្ត​នេះ​អាច​លុបចោល​នូវ​ផ្នែក​ដ៏​ចម្បង​មួយ​នៃ​កេរដំណែល​របស់​លោក​អតីត​ប្រធានាធិបតី Barack Obama។ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​នេះ បាន​នាំ​ឲ្យ​មាន​ការ​ផ្អាក​ដំណើរការ​សកម្មភាព​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​រយៈពេល ១០ ឆ្នាំ ប៉ុន្តែ​មិន​បាន​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​កម្មវិធី​មីស៊ីល​របស់​អ៊ីរ៉ង់ ក៏ដូចជា​បញ្ហា​ដទៃ​ទៀត​នោះ​ទេ។

លោក​ស្រី Nikki Haley ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា៖ «យើង​ត្រូវ​ឲ្យ​ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​ទទួល​ខុស​ត្រូវ។ ពួកគេ​មិន​អាច​បន្ត​គាំទ្រ​អំពើ​ភេរវកម្ម​នៅ​ជុំវិញ​ពិភពលោក​ដូច​ដែល​យើង​បាន​ឃើញ​ពួកគេ​កំពុង​តែ​ធ្វើ​នោះ​ទេ។ ពួកគេ​មិន​អាច​បន្ត​ធ្វើ​ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល ដែល​អាច​ធ្វើ​ឲ្យ​ប្រទេស​អ៊ីរ៉ង់​ក្លាយជា​ប្រទេស​នុយក្លេអ៊ែរ​មួយ​នោះ​ទេ‍»។

ស្រប​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​សាទរ​ចំពោះ​ចំណាត់ការ​របស់​លោក Trump ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត​នៃ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ បង្ហាញ​ការ​ព្រួយ​បារម្ភ។

លោក Sigmar Gabriel រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ បាន​ថ្លែង​ថា៖ «នៅ​ក្នុង​ទ្វីប​អឺរ៉ុប ប្រទេស​អាល្លឺម៉ង់ បារាំង ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប សហការ​គ្នា​គាំទ្រ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​នឹង​អ៊ីរ៉ង់​នេះ ហើយ​ចង់​រក្សា​ទុក​កិច្ចព្រមព្រៀង​នេះ​ឲ្យ​នៅ​ដដែល»។

រូបឯកសារ៖ លោក Sigmar Gabriel រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់
រូបឯកសារ៖ លោក Sigmar Gabriel រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ព្រួយបារម្ភ គឺ​មាន​លើស​ពី​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ​ទៅ​ទៀត។

លោក Sigmar Gabriel បាន​លើក​ឡើង​ថា៖ «កិច្ចព្រមព្រៀង​ជាមួយ​នឹង​អ៊ីរ៉ង់​បាន​បង្ហាញ​ជា​លើក​ដំបូង​ថា ការ​បញ្ចៀស​សង្គ្រាម​តាម​រយៈ​ការ​ចរចា និង​ការ​ការពារ​ប្រទេស​មួយ​មិន​ឲ្យ​ក្លាយ​ជា​ប្រទេស​នុយក្លេអ៊ែរ​គឺ​អាច​ធ្វើ​ទៅ​បាន។ ការ​រំលាយ​កិច្ចព្រមព្រៀង​នេះ​នឹង​មាន​ន័យ​ថា ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភពលោក​នឹង​មិន​ពឹងផ្អែក​លើ​សន្ធិសញ្ញា​ដូចនេះ​បាន​ត​ទៅ​ទៀត។ ដូច្នេះ​ហើយ នេះ​ជា​គ្រោះថ្នាក់​មួយ ដែល​មាន​លើស​ពី​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ទៅ​ទៀត»។

លោកស្រី Nikki Haley អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា៖ «រដ្ឋាភិបាល​អ៊ីរ៉ង់​នា​ពេល​បច្ចុប្បន្ន​នេះ មិនមែន​និយាយ​ថា «ស្លាប់​ទៅ​ប្រទេស​អាល្លឺម៉ង់‍» នោះ​ទេ ប៉ុន្តែ​និយាយ​ថា «ស្លាប់​ទៅ​សហរដ្ឋ​អាមេរិក»។

រូបឯកសារ៖ បុគ្គលិក​ម្នាក់​ជិះ​កង់​នៅ​ខាង​មុខ​អាគារ​រេអាក់ទ័រ​មួយ​នៃ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ Bushehr ក្នុង​ក្រុង​ Bushehr កាល​ពី​ថ្ងៃ​ទី២៦ ខែ​តុលា ឆ្នាំ​២០១០។
រូបឯកសារ៖ បុគ្គលិក​ម្នាក់​ជិះ​កង់​នៅ​ខាង​មុខ​អាគារ​រេអាក់ទ័រ​មួយ​នៃ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ Bushehr ក្នុង​ក្រុង​ Bushehr កាល​ពី​ថ្ងៃ​ទី២៦ ខែ​តុលា ឆ្នាំ​២០១០។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា លោក​ប្រធានាធិបតី Trump បាន​ដឹង​ច្បាស់​ថា សេចក្ដី​សម្រេច​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ កំពុង​ត្រូវ​បាន​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​តាមដាន​យ៉ាង​ដិត​ដល់។

លោកស្រី Nikki Haley បាន​បន្ថែម​ទៀត​ថា៖ «ការណ៍​នេះ​បាន​បញ្ជូន​សារ​យ៉ាង​ច្បាស់លាស់​មួយ​ទៅ​កាន់​ប្រទេស​កូរ៉េខាងជើង ដែល​ថា យើង​នឹង​មិន​ប្រឡូក​ខ្លួន​ជាមួយ​នឹង​កិច្ចព្រមព្រៀង​មិន​អំណោយផល​ណា​មួយ​នោះ​ទេ។ ហើយ ប្រសិន​បើ​យើង​ចូលរួម​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ណា​មួយ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ទទួលខុសត្រូវ។ យើង​នឹង​មិន​បើក​ភ្នែក​ម្ខាង បិទ​ភ្នែក​ម្ខាង ដោយសារ​តែ​យើង​បាន​ធ្វើ​កិច្ចព្រមព្រៀង​មួយ​នោះ​ទេ»។

នា​ពេល​បច្ចុប្បន្ន​នេះ សភា​សហរដ្ឋ​អាមេរិក​អាច​ពិភាក្សា​វែកញែក​លើ​បញ្ហា​នេះ​បាន។ ស្រប​ពេល​ដែល​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ភាគ​ច្រើន​បាន​រិះគន់​លើ​ចំណាត់​ការ​នេះ​របស់​លោក​ប្រធានាធិបតី Trump សមាជិក​គណបក្ស​សាធារណរដ្ឋ​ល្បីៗ​នានា​យល់​ថា នេះ​ជា​ឱកាស​មួយ​ដើម្បី​កែ​សម្រួល​កិច្ច​ព្រមព្រៀង​ដែល​មាន​ចំណុច​ខ្វះខាត​នេះ។

លោកស្រី Susan Collins សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​និយាយ​ថា៖ «នៅ​ក្រោម​កិច្ចព្រមព្រៀង​នេះ រដ្ឋាភិបាល​អ៊ីរ៉ង់​មាន​អ្វី​មួយ​ដែល​ខ្ញុំ​ហៅ​ថា​វិថី​មួយ​ឆ្ពោះ​ទៅ​កាន់​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ។ ដូច្នេះ យើង​ត្រូវ​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ ហើយ​នេះ​ជា​អ្វី​ ដែល​ខ្ញុំ​សង្ឃឹម​ថា សភា​នឹង​ធ្វើការ​លើ​រឿង​នេះ ហើយ​ខ្ញុំ​សង្ឃឹម​ថា លោក​ប្រធានាធិបតី​នឹង​ធ្វើ​ការ​ពិគ្រោះ​យោបល់​ឲ្យ​កាន់​តែ​ពេញលេញ​ជាង​នេះ​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក ដោយសារ​តែ​នេះ​ជា​កិច្ចព្រមព្រៀង​ពហុភាគី មិនមែន​ជា​កិច្ចព្រមព្រៀង​ទ្វេភាគី​នោះ​ទេ»។

នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​លោក Trump ប្រធានាធិបតី​អ៊ីរ៉ង់​បាន​ប្ដេជ្ញា​បន្ត​គោរព​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ ប៉ុន្តែ​បាន​ថ្លែង​ថា ការ​ផលិត​គ្រាប់​មីស៊ីល និង​អាវុធ​ដទៃ​ទៀត​នឹង​នៅ​តែ​បន្ត»៕

ប្រែសម្រួលដោយ​ ណឹម សុភ័ក្រ្តបញ្ញា​

XS
SM
MD
LG