ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Tillerson ថា អ៊ីរ៉ង់​អនុវត្ត​ទៅ​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ប៉ុន្តែ​លោក ត្រាំ ចង់​បំពេញ​ចំណុច​ខ្វះខាត


លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. Rex Tillerson ឆ្លើយ​សំណួរ​អ្នក​សារព័ត៌មាន​ នៅ​ក្រសួង​ការបរទេស​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧។
លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. Rex Tillerson ឆ្លើយ​សំណួរ​អ្នក​សារព័ត៌មាន​ នៅ​ក្រសួង​ការបរទេស​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧។

លោក Rex Tillerson ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក បាន​ទទួល​ស្គាល់​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​តាម​បច្ចេកទេស អ៊ីរ៉ង់ ពិត​ជា​បាន​បំពេញ​ទៅ​តាម​កិច្ចព្រមព្រៀង​អន្តរជាតិ​ក្នុង​ការ​ទប់ស្កាត់​អាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ​លោក​បាន​និយាយ​ថា លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ចង់​ឲ្យ​សភា​អនុម័ត​លើ​យុទ្ធសាស្ត្រ​ពេញលេញ​ជាង​នេះ​មួយ​ ដើម្បី​ប៉ះប៉ូវ​ចំពោះ​អ្វី​ដែល​មេដឹកនាំ​អាមេរិក​រូប​នេះ​មើល​ឃើញ​ថា ជា​ចំណុច​ខ្វះខាត​នៅ​ក្នុង​កិច្ចព្រមព្រៀង​មួយ​នេះ។

លោក ត្រាំ កាល​ពី​ថ្ងៃ​សុក្រ លើកឡើង​ភ្លាមៗ​ថា អ៊ីរ៉ង់​មិន​បាន​បំពេញ​ទៅ​តាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នេះ​ទេ ហើយ​ទុក​ឱកាស​ឲ្យ​សភា​ជា​អ្នក​សម្រេច​ថា​តើ គួរ​បន្ត​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​អ៊ីរ៉ង់ មុន​ពេល​ដែល​អាមេរិក សហភាព​អឺរ៉ុប បារាំង អង់គ្លេស អាល្លឺម៉ង់ រុស្ស៊ី​ និង​ចិន ឈាន​ទៅ​ដល់​សន្ធិសញ្ញា​មួយ​ជាមួយ​នឹង​អ៊ីរ៉ង់​ឬ​យ៉ាង​ណា។ ​

លោក Tillerson បាន​មាន​ប្រសាសន៍​ថា លោក ត្រាំ ចង់​ឲ្យ​សភា កែ​សម្រួល​ទៅ​លើ​ភាព​ទន់ខ្សោយ​មួយ​ចំនួន​នៅ​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ ប្រហែល​ជា​អាច​បង្កើត​ជា​កិច្ចព្រមព្រៀង​ដាច់​ដោយ​ឡែក​មួយ​ទៀត និង​ដោះស្រាយ​នូវ​ការ​គំរាមកំហែង​ដែល​ទូលំទូលាយ​ជាង​នេះ​មួយ​ចំនួន ដែល​អ៊ីរ៉ង់​អាច​ធ្វើ​ឡើង​តាមរយៈ​ភាពគឃ្លើន​ខាង​យោធា​របស់​ខ្លួន​និង​ធ្វើ​ឲ្យ​គ្មាន​ស្ថិរភាព​នៅ​មជ្ឈិមបូព៌ា។ លោក Tillerson បាន​និយាយ​ថា ការ​ធ្វើ​តេស្ត​បាញ់​កាំជ្រួច​មីស៊ីល​ឆ្លង​ទ្វីប​របស់​អ៊ីរ៉ង់ ​មិន​ត្រូវ​បាន​ហាមឃាត់​នោះ​ទេ​នៅ​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នោះ ហើយ​ការណ៍​នេះ​ត្រូវ​តែ​ទប់ស្កាត់​និង​ត្រូវ​មាន​ការ​ហាមឃាត់​ដែល​ច្បាស់លាស់​ជាង​នេះ​មួយ​ទៅ​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។ លោក​បាន​និយាយ​ទៀត​ថា កិច្ចព្រមព្រៀង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​គ្រាន់​តែ​ផ្អាក​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​តែ​ប៉ុណ្ណោះ។​

ស្របពេល​ដែល​សភា​អាមេរិក​ពិចារណាទៅ​លើ​ថា​តើ​គួរ​តែ​អនុម័ត​លើ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​ឬ​យ៉ាង​ណា លោក Tillerson បាន​មាន​ប្រសាសន៍​ថា អាមេរិក​និង​ប្រទេស​ហត្ថលេខី​ដទៃទៀត​ត្រូវ​តែ​ពង្រឹង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ៕

XS
SM
MD
LG