ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​មន្ត្រី​ស.រ.អា.៖ លោក​ត្រាំ​នឹង​ឈប់​ទទួល​ស្គាល់​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់


រូបឯកសារ៖ លោក​ ដូណាល់ ត្រាំ ថ្លែង​កាល​ពី​​លោក​មិន​ទាន់​ជាប់​ឆ្នោត​ជាប្រធានា​ធិបតី​អាមេរិក​ នៅ​វិមាន​កាពីតូល ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៥។
រូបឯកសារ៖ លោក​ ដូណាល់ ត្រាំ ថ្លែង​កាល​ពី​​លោក​មិន​ទាន់​ជាប់​ឆ្នោត​ជាប្រធានា​ធិបតី​អាមេរិក​ នៅ​វិមាន​កាពីតូល ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៥។

ពួកមន្ត្រី​ស.រ.អា.​ជាន់​ខ្ពស់​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ ទំនង​ជា​នឹង​ឈប់​ទទួល​ស្គាល់​កិច្ច​ព្រម​ព្រៀង​បរមាណូ​ជា​មួយ​ប្រទេស​អ៊ីរ៉ង់​ហើយ​នឹង​ប្រគល់​កិច្ច​ព្រម​ព្រៀង​នេះ​ទៅ​ឱ្យ​សភា​ស.រ.អា.​វិញសម្រាប់​លទ្ធភាព​នៃ​ការ​ដាក់​ណ្ឌកម្ម​ជា​ថ្មី។

ពួក​មន្ត្រី​ទាំង​នេះ​បាន​និយាយ​ថា ​គេរំពឹង​ថា​ លោក​ ត្រាំ​ នឹង​ប្រកាស​អំពី​ផែនការ​របស់​គាត់​នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​សប្តាហ៍​ក្រោយ​ដែល​នៅ​ក្នុង​នោះ​លោក​នឹង​និយាយ​ថា​ កិច្ច​ព្រម​ព្រៀង​នេះ​មិន​ឋិត​នៅ​ក្នុង​អត្ថប្រយោជន៍​ជាតិ​របស់​ស.រ.អា.​ទេ។​

ការណ៍នេះ​មិន​មែន​លប់​ចោល​កិច្ច​ព្រម​ព្រៀង​កាល​ពី​ឆ្នាំ​២០១៥​នោះ​ទេ ក៏​ប៉ុន្តែ​បញ្ជូន​កិច្ច​ព្រម​ព្រៀង​នេះ​ត្រឡប់​ទៅ​សភា​វិញ។ ពួក​សមាជិក​សភា​ស.រ.អា.​មាន​ពេល​វេលា​៦០​ថ្ងៃ​ដើម្បី​សម្រេច​ថា​តើនឹង​ដាក់​ទណ្ឌកម្មជា​ថ្មី​ដែល​បាន​ត្រូវ​ផ្អាក​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ​ឬ​ទេ។

ការ​មិន​ទទួល​ស្គាល់​កិច្ច​ព្រម​ព្រៀង​នេះ​ក៏​អាច​បើក​ឱ្យ​មាន​ការ​ចរចា​គ្នា​ជា​ថ្មី​អំពី​កិច្ច​ព្រម​ព្រៀង​នេះ​ដែរ ​ទោះ​ណា​ប្រធានាធិបតី​អ៊ីរ៉ង់ ​Hassan Rouhani បាននិយាយ​ថា​នេះ​មិន​មែន​ជា​ជម្រើសក៏​ដោយ។

លោក​ប្រធានាធិបតី​ ត្រាំ ត្រូវ​តែ​ប្រកាស​រៀង​រាល់​៩០​ថ្ងៃ​អំពី​ថា​តើ​ប្រទេស​អ៊ីរ៉ង់​គោរព​តាម​កិច្ច​ព្រម​ព្រៀង​នេះ​ឬទេ។​ ពេល​កំណត់​ចុង​ក្រោយ​បង្អស់​ដែល​គាត់​ត្រូវ​ធ្វើ​សេចក្តី​ប្រកាស​នេះ​គឺ​ថ្ងៃ​ទី​១៥ ​ខែ​តុលា​ខាង​មុខ​នេះ។​

នៅ​ពេល​ជួបជា​មួយពួក​សហការី​ជាន់ខ្ពស់​ខាង​យោធា​នៅ​ឯសេតវិមាន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ ត្រាំ​ បាន​និយាយ​ជា​ថ្មី​ទៀត​អំពីការ​អះអាង​របស់​គាត់​ថា​ប្រទេស​អ៊ីរ៉ង់​មិន​បាន​បំពេញ​តាម​«ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​ទេ»។

លោក​ ត្រាំ​ បាន​ថ្លែង​ថា៖​ «របប​គ្រប់​គ្រង​អ៊ីរ៉ង់​គាំទ្រ​ភេរវកម្ម​និង​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​នូវ​អំពើ​ហិង្សា, ការ​បង្ហូរឈាម​ និង​ចលាចល​នៅ​ទូទាំង​ភូមិភាគមជ្ឈិម​បូព៌ា។​ ព្រោះ​ហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​តែ​បញ្ឈប់​អំពើ​ឈ្លាន​ពាន​ដែល​មាន​តទៅ​ទៀត ​និង​មហិច្ឆតា​បរមាណូ​របស់​ប្រទេស​អ៊ីរ៉ង់»៕

XS
SM
MD
LG