មន្ត្រីនៅក្នុងប្រទេសប៉ាគីស្ថានបាននិយាយថា កាលពីថ្ងៃសៅរ៍ពួកភេរវជនមួយក្រុមបានឆ្មក់វាយប្រហារនៅក្នុងសណ្ឋាគារផ្កាយប្រាំមួយនៅជិតកំពង់ផែ Gwadar នៅជាប់នឹងសមុទ្រអារ៉ាប់ដែលសណ្ឋាគារនោះដំណើរការដោយប្រទេសចិន បណ្តាលឱ្យឆ្មាំសន្តិសុខម្នាក់ស្លាប់។
ពួកទាមទារបំបែករដ្ឋមួយក្រុមដែលគេស្គាល់ថាជាកងទ័ពរំដោះ Baluchistan ហៅកាត់ថា BLA បានអះអាងទាមទារការទទួលខុសត្រូវដល់ការវាយប្រហារនេះ ហើយបានបង្ហោះរូបភាពខ្មាន់កាំភ្លើងបួននាក់តាមបណ្តាញសង្គមរបស់ពួកគេ ដោយនិយាយថា ជនទាំងបួននាក់នេះជាអ្នកធ្វើការវាយប្រហារនោះ។
សណ្ឋាគារ Zaver Pearl Continental ដែលស្ថិតនៅលើភ្នំមួយក្នុងភាគនិរតីនៃប្រទេសនាប៉ាគីស្ថាន នាពេលបច្ចុប្បន្ននេះជាអាគារតែមួយដែលពីទីនោះគេអាចមើលឃើញកំពង់ផែទឹកជ្រៅដ៏ធំ ហើយជាញឹកញាប់បានទទួលពួកភ្ញៀវចិនឱ្យស្នាក់អាស្រ័យក្នុងចំណោមភ្ញៀវឯទៀតៗ។
កងយោធាប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ខ្លួនកំពុងមានកិច្ចប្រតិបត្តិការបោសសម្អាតមួយ។ សេចក្តីថ្លែងការណ៍នេះបានថ្លែងបន្ថែមថា «ភ្ញៀវត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។ កងកម្លាំងសន្តិសុខបានឡោមព័ទ្ធពួកភេរវជននៅលើជណ្តើរមួយទៅកាន់ជាន់ខ្ពស់ៗនៃសណ្ឋាគារនេះ»។
កាលពីខែមុន បុគ្គលិកសន្តិសុខប៉ាគីស្ថាន ១៤ នាក់បានត្រូវបង្ខំឱ្យចុះចេញពីឡានក្រុងដឹកអ្នកដំណើរនៅជិតក្រុង Gwadar នៅតាមមហាវិថី តាមឆ្នេរសមុទ្រ ហើយត្រូវបានបាញ់សម្លាប់នៅក្នុងការវាយប្រហារមួយ ដែលជនសកម្មប្រយុទ្ធទាមទារបំបែករដ្ឋ Baloch មួយក្រុម បានអះអាងទាមទារការទទួលខុសត្រូវ។
ពួកជនសកម្មប្រយុទ្ធនេះបានយកកងកម្លាំងសន្តិសុខ និងទីតាំងរបស់រដ្ឋាភិបាលនៅក្នុងខេត្ត សំបូរប្រភពធនធានធម្មជាតិនេះ ធ្វើជាទីដៅនៃការវាយប្រហាររបស់ពួកគេ៕