បណ្តាញព័ត៌មានប៉ាគីស្ថានបានរាយការណ៍ថា ក្រុមជនជាតិចិនជួញដូរមនុស្សកំពុងបើកកន្លែងរកស៊ីផ្សំផ្គុំប្តីប្រពន្ធខុសច្បាប់នៅក្នុងប្រទេសប៉ាគីស្ថាន ដែលពួកគេចោទថា ធ្វើឲ្យស្ត្រីពីគ្រួសារមានបន្ទុកធ្ងន់ខាងសេដ្ឋកិច្ច ជាប់អន្ទាក់អាពាហ៍ពិពាហ៍ក្លែងក្លាយ មុនពេលប្តូរឬបង្ខំពួកគេឱ្យបម្រើពេស្យាកម្មឬលក់សរីរាង្គរបស់ពួកគេនៅក្នុងប្រទេសចិន។
រឿងនេះបានជំរុញឱ្យស្ថានទូតចិននៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដឆ្លើយតបកាលពីថ្ងៃសៅរ៍ ដោយនិយាយថា អាជីវកម្មនេះត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងតាមច្បាប់ប្រទេសចិន ហើយបានប្តេជ្ញាសហប្រតិបត្តិការជាមួយអាជ្ញាធរប៉ាគីស្ថានដើម្បីបង្ក្រាបការរកស៊ីផ្សំផ្គុំប្តីប្រពន្ធឆ្លងដែនខុសច្បាប់់នេះ។
ចំនួនជនជាតិចិនទៅប្រទេសប៉ាគីស្ថានបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីការចាប់ផ្តើមរបៀងសេដ្ឋកិច្ចចិន - ប៉ាគីស្ថានទ្វេភាគីដែលមានទឹកប្រាក់ច្រើនពាន់លានដុល្លារកាលពីប្រាំឆ្នាំមុន។ គម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្មរដ្ឋាភិបាលក្រុងប៉េកាំងនេះបាននាំយកប្រាក់១៩ពាន់លានដុល្លារដែលច្រើនបំផុតមិនធ្លាប់មានពីមុន ទៅវិនិយោគទុននៅប្រទេសប៉ាគីស្ថាន។
ព័ត៌មានអំពីអាពាហ៍ពិពាហ៍ខុសច្បាប់រវាងបុរសជនជាតិចិននិងស្ត្រីប៉ាគីស្ថានជារឿយៗ បានលេចឡើងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលជំរុញឱ្យសភាពិភាក្សាអំពីបញ្ហានេះ ហើយទាមទារឱ្យមន្រ្តីពិនិត្យមើលការជួញដូរខុសច្បាប់នេះ។
ប្រតិកម្មរបស់ស្ថានទូតចិនកើតមានឡើងមួយថ្ងៃបន្ទាប់ពីស្ថានីយ៍ទូរទស្សន៍ឯកជនរបស់ប៉ាគីស្ថានមួយបានចាក់ផ្សាយរូបភាពបុរសជនជាតិចិនជាច្រើននាក់មានស្ត្រីប៉ាគីស្ថានចំនួន៦នាក់នៅក្នុងបន្ទប់ខុសៗគ្នា រួមទាំងក្មេងស្រីជំទង់ពីរនាក់ នៅកន្លែងផ្សំផ្គុំប្តីប្រពន្ធខុសច្បាប់មួយនៅភាគខាងកើតទីក្រុង Lahore៕