ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ជំនាញ​ជួប​គ្នា​ក្នុង​ប្រទេស​កាហ្សាក់​ស្ថាន​ដើម្បី​ពិភាក្សា​វិបត្តិ​ប្រទេស​ស៊ីរី


រូបឯកសារ៖ ​តំណាង​មក​ពី​ប្រទេស​រុស្ស៊ី តួកគី អ៊ីរ៉ង់​ និង​អង្គការ​សហប្រជាជាតិ ជួប​គ្នា​នៅ​​ក្នុង​រដ្ឋ​ធានី​អាស្តាណា​ កាល​ពី​ខែ​មករា។
រូបឯកសារ៖ ​តំណាង​មក​ពី​ប្រទេស​រុស្ស៊ី តួកគី អ៊ីរ៉ង់​ និង​អង្គការ​សហប្រជាជាតិ ជួប​គ្នា​នៅ​​ក្នុង​រដ្ឋ​ធានី​អាស្តាណា​ កាល​ពី​ខែ​មករា។

គណៈ​ប្រតិភូ​របស់​អ្នក​ជំនាញ​កំពុង​ជួប​ប្រជុំ​នៅ​ក្នុង​រដ្ឋ​ធានី​នៃ​ប្រទេស​កាហ្សាក់​ស្ថាន​ដើម្បីពិភាក្សា​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​នៅ​ក្នុង​ប្រទេស​ស៊ីរី។ តំណាង​មក​ពី​ប្រទេស​រុស្ស៊ី តួកគី អ៊ីរ៉ង់​ និង​អង្គការ​សហប្រជាជាតិ ​បាន​ស្ថិត​នៅ​ក្នុង​រដ្ឋ​ធានី​អាស្តាណា​ កាល​ពី​ថ្ងៃ​ចន្ទ​ដើម្បី​ចូល​រួមជំនួប​លើក​ទី​មួយ​នៃ​ក្រុម​ប្រតិបត្តិការរួម​គ្នា​ហៅ​ថា ​Joint ​Operational ​Group។

គណៈ​ប្រតិភូ​កំពុង​ពិភាក្សា​បញ្ហា​នានា រួម​មាន​ថា​តើ​ត្រូវ​ឃ្លាំ​មើល​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា និង​រារាំង​ការ​រំលោភ​លើ​ការ​ឈប់​បាញ់​គ្នា​យ៉ាង​ដូច​ម្តេច​ និង​ថា​តើ​ធ្វើ​យ៉ាង​ដូច​ម្តេច​ដើម្បី​ធ្វើ​ឲ្យ​មាន​សុវត្ថិភាព​ដល់​ការ​ផ្គត់​ផ្គង់​ជំនួយ​មនុស្ស​ធម៌​នោះ។

កាល​ពី​ខែ​មុន​ប្រទេស​តួកគី ​និង​រុស្ស៊ី ​រួម​ជាមួយ​ប្រទេស​អ៊ីរ៉ង់ ​បាន​នាំ​ប្រតិភូ​មក​ពី​រដ្ឋាភិបាល​ស៊ីរី​ និង​ក្រុម​ឧទ្ទាម​ទៅ​កាន់​ប្រទេស​កាហ្សាក់​ស្ថាន​ដើម្បី​ចូល​រួម​ការចរ​ចា​សន្តិភាព​ដែល​បាន​បញ្ចប់​ដោយ​ប្រទេស​ទាំង​៣​នោះ​បាន​ព្រម​ព្រៀង​គ្នា​ជួយ​ឃ្លាំ​មើល​ការ​ឈប់​បាញ់​គ្នា​មួយ​ផ្នែក​ ហើយ​នឹង​ធ្វើ​ការ​ឆ្ពោះ​ទៅ​កាន់​ដំណោះ​ស្រាយ​ខាង​នយោបាយដើម្បី​បញ្ចប់​ជម្លោះនៅ​ក្នុង​ប្រទេស​ស៊ីរី។

លោក Huseyi Mufluoglu អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​តួកគី ​បាន​និយាយ​ថា ​ប្រទេស​របស់​លោក​ ​នឹង​មិន​អនុញ្ញាត​ឲ្យពួក​អ្នក​ប្រយុទ្ធ​ខ្លះ​ធ្វើ​ឲ្យ​ខូច​ការ​ឈប់​បាញ់​គ្នា​នេះដែល​បាន​ចូល​ជាធរមាន​កាលពី​ចុង​ខែ​ធ្នូ​ឆ្នាំ​ទៅ​នោះ​ទេ។ លោក​ក៏​បាន​និយាយ​ឡើង​វិញ​ពី​គោល​ជំហរ​របស់​តួកគី​ គឺថា​ប្រធានា​ធិបតី​ស៊ីរី ​បាសា ​អាល់​អាសាធ ​គ្មាន​ទី​កន្លែង​នៅ​ក្នុង​រដ្ឋាភិបាល​ស៊ីរី​នៅ​ពេល​អនាគត​ទេ។​ តួកគី​បាន​គាំទ្រ​ពួក​ឧទ្ទាម​ចាប់​តាំង​ពី​ជម្លោះ​នោះ​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០១១​ នៅ​ពេល​ដែល​ការ​តវ៉ា​ដោយ​សន្តិវិធី​មុន​ចាប់​ផ្តើមរាល​ដាល​ទៅ​ក្នុង​សង្គ្រាម​ស៊ីវិល។

ជោគ​វាសនា​របស់​ប្រធានា​ធិបតី​អាសាដ​ ក្លាយ​ជា​ចំណុច​មួយ​នៃ​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​អំឡុង​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​ច្រើន​លើក​របស់​អន្តរជាតិដើម្បី​ធ្វើ​ឲ្យ​សម្រេច​សន្តិភាព​នៅ​ក្នុង​ប្រទេស​ស៊ីរី។អង្គការ​សហប្រជាជាតិ ​បាន​បង្កើត​គម្រោង​ការងារ​មួយ​ដែល​អំពាវនាវ​ឲ្យ​មាន​រដ្ឋ​ធម្មនុញ្ញ​ថ្មីហើយ​នឹង​ការ​បោះ​ឆ្នោត​ថ្មី។ សម្ព័ន្ធមិត្ត​របស់​លោក​អាសាដ ​រួមមាន​ប្រទេស​រុស្ស៊ី​ និង ​អ៊ីរ៉ង់ ​បាន​និយាយ​ថា ​លោក​អាសាដនឹង​កាន់​អំណាច​តទៅ​ទៀត៕

XS
SM
MD
LG