ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​សហប្រជាជាតិ​ស្នើ​សុំ​ថវិកា​សង្គ្រោះ​បន្ទាន់​សម្រាប់​ជនភៀស​ខ្លួន​ប៉ាឡេស្ទីន​ដែល​រង​ការ​ប៉ះពាល់​

  • Lisa Schlein

ជនភៀស​ខ្លួនប៉ាឡេស្ទីន​ដែលមាន​ក្នុងបញ្ជី​ចំនួន​៤៥០.០០០ ក្នុង​តំបន់ Lebanon ហើយ​៩៥ភាគរយ​នៃពួកគេ​ទទួល​ជំនួយ​ពីអង្គការ​ UNRWA។ (រូបថត​ដោយ​ John Owens/VOA)។

ទីភ្នាក់ងារ​សង្គ្រោះ​ និង​ការងារ​របស់​អង្គការ​សហប្រជាជាតិ​ កំពុង​ស្នើសុំ​ថវិកា​ជាង ​៨០០ លាន​ដុល្លារ ដើម្បី​ផ្ដល់​ជំនួយ​សង្គ្រោះ​ជីវិត​ដល់​ជនភៀសខ្លួន​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្គាហ្សាស្រ្ទីព​(Gaza Strip)​ និង​តំបន់​វែសប៊ែង ​(West Bank)​ ក៏ដូចជាដល់​អ្នក​រងការប៉ះពាល់​ពី​ជម្លោះ​នៅ​ប្រទេស​ស៊ីរី​ និង​តំបន់​ជុំវិញ​នោះ​ផង​ដែរ។

ទីភ្នាក់ងារ​សង្គ្រោះ​ និង​ការងារ​របស់​អង្គការ​សហប្រជាជាតិ​ ដាស់តឿនថា​ ជនភៀសខ្លួន​ប៉ាឡេស្ទីន​កំពុង​តែ​ប្រឈមនឹង​ស្ថានភាព​គ្រោះថ្នាក់​បំផុត​ ចាប់​តាំង​ពី​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​គេជម្លៀស​ចេញ​ពី​ទីលំនៅ​របស់ពួក​គេ​នៅ​ក្នុង​ឆ្នាំ​ ១៩៤៨។ អង្គការ​សហប្រជាជាតិ​បាន​បន្ត​ទៀត​ថា​ ផល​ប៉ះ​ពាល់​ដែលបង្ក​ឡើង​ដោយ​ជម្លោះ​ មុខរបរ​ធ្វើការ​ និង​ការ​កើន​ឡើង​នូវ​អាត្រា​គ្មាន​ការងារ​ បង្កើត​ឲ្យ​មាន​ភាព​អស់សង្ឃឹម​ និង​ក្តី​ព្រួយបារម្ភ​ជា​ខ្លាំង​ ដែល​ថា​ជីវិត​នឹង​មិន​អាច​ល្អ​ប្រសើរ​ឡើង​វិញ​នោះ​ទេ។

លោក​ Pierre Krahenbuhl អគ្គ​ស្នងការ​នៃ​ទីភ្នាក់ងារ​សង្គ្រោះ​ និង​ការងារ​របស់​អង្គការ​សហប្រជាជាតិ​ មាន​ប្រសាសន៍​ថា​ យុវជនអាយុ​ក្រោម​២៥ឆ្នាំ​ មាន​ចំនួន​លើស​ពី​ពាក់​កណ្ដាល​នៃ​ចំនួន​ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន​សរុប​ដែល​មាន ​៥ លាន ២សែន​នាក់។ លោក​បន្ត​ថា​ ពួកគេ​មិន​មាន​ឱកាស​ការងារ​ និង​ដំណោះស្រាយ​ផ្នែក​នយោបាយ​ចំពោះ​បញ្ហា​របស់​ពួកគេ​ទេ។

លោក​បាន​និយាយ​ថា៖​ «ដូច្នេះ​កម្រិត​នៃ​ឧបសគ្គ​រារាំង​ និងក្តី​ព្រួយ​បារម្ភ​ ​នៅ​តែ​បន្ត​កើន​ឡើង។ ដូច​ច្នេះ​ ពួក​យើង​ប្រឈម​នឹង​ហានិភ័យ​ដែល​មើល​ឃើញ​ថា​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​វ័យក្មេង​មួយ​ជំនាន់​ដែល​អាចធំឡើង ហើយ​បាត់បង់​ជំនឿ​ទុកចិត្ត​លើ​តម្លៃ​នយោបាយ​ តម្លៃ​នៃ​ការ​សម្រុះ​សម្រួល​គ្នា​ ឬ​ការ​ជឿ​ជាក់​ថា​កិច្ចការ​ទូត​អន្តរជាតិ​អាច​ផ្ដល់​លទ្ធផលដែល​មាន​ន័យ»។

លោក ​Krahenbuhl​ និយាយ​ថា​ ស្ថានភាព​សម្រាប់​យុវជន​មាន​សភាព​ពិបាក​ ជាពិសេស​គឺ​នៅ​តំបន់​ហ្គាហ្សាស្រ្ទីព(Gaza Strip)​ ដែល​នៅ​ទីនោះ​អត្រា​គ្មាន​ការងារ​ធ្វើ​បានឡើង​ដល់​កំពូល។ ទិន្នន័យ​បង្ហាញ​ថា​អត្រា​គ្មាន​ការងារ​ធ្វើ​មាន​៤២%​ ក្នុង​នោះ៦៥%​ គឺ​យុវជន​វ័យក្មេង។ ដោយហេតុ​តែ​អត្រា​គ្មាន​ការងារ​ស្ថិត​ក្នុង​កម្រិត​ដ៏​ខ្ពស់​បែប​នេះ​ហើយ​ ​ជន​ភៀស​ខ្លួន​ជាង​១លាន​នាក់​ពឹងផ្អែក​ទាំងស្រុង​លើ​ស្បៀងអាហារ​ជំនួយ។ នេះ​ជា​ការ​កើន​ឡើង ​១០ដង​ ដែល​នៅ​ឆ្នាំ​២០០០ មាន​ចំនួន​ប្រជាជន​ត្រឹមតែ​មួយ​សែន​នាក់​ដែល​ត្រូវការ​ជំនួយ។

លោក​បាន​បន្ត​ថា​ ការ​ប៉ះ​ពាល់​ខាង​ផ្លូវចិត្ត​ និង​ជំងឺ​បាក់ស្បាត ​ដែល​ជា​លទ្ធផល​នៃ​សង្គ្រាម​ធំៗ​ទាំង​៣​នៅ​តំបន់​ហ្គាហ្សា(Gaza)​ក្នុង​រយៈពេល​១០ឆ្នាំ​កន្លង​ទៅ​នេះ​ គឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ណាស់​ ហើយ​ ​ធ្វើ​ឲ្យ​អត្រា​នៃ​ការ​សម្លាប់​ខ្លួន​កើន​ឡើង។

ការ​ស្នើ​សុំ​ជាបន្ទាន់​នេះ​ នឹង​ត្រូវ​បែងចែក​ស្មើៗគ្នា​ទៅ​ឲ្យ​ជនភៀសខ្លួន​ប៉ាឡេស្ទីន​នៅ​តំបន់​នានា​ដែល​ត្រូវបាន​កាន់កាប់​ និង​តំបន់​ខ្លះ​ទៀត​ដូចជា​ ប្រទេស​ស៊ីរី​ (Syria) ប្រទេស​លីបង់​(Lebanon) និង​ប្រទេស​ហ្សកដានី(Jordan)។ ថវិកា​នេះ ​នឹង​ផ្តល់​ការ​ផ្គត់​ផ្គង់​ចំណីអាហារ​ និង​ឧបករណ៍​សង្គ្រោះ​ ក៏​ដូចជា​សេវា​មូលដ្ឋាន​នានា​មាន​ដូចជា​ ការអប់រំ​ សុខភាព​ ទឹក​ ប្រព័ន្ធ​គ្រប់គ្រង​កាកសំណល់​ និង​អនាម័យ​ជាដើម៕

ប្រែ​សម្រួល​ដោយ​ វិញ​ សុជាតា

XS
SM
MD
LG