ចេតិយជនរងគ្រោះនៃការវាយប្រហារយ៉ាងព្រៃផ្សៃដោយគ្រាប់បែកបួនគ្រាប់ដែលជឿថា ពាក់ព័ន្ធនឹងក្រុមអង្គរក្សរបស់លោក ហ៊ុន សែន នៅថ្ងៃ៣០ មីនា កាលពី ១៧ឆ្នាំមុននោះ ស្ទើរតែឯកោនៅឆ្នាំនេះ ពីព្រោះមិនមានពិធីរំឭកវិញ្ញាណក្ខន្ធ ពេញមុខពេញមាត់ ដូចមុនពេលគណបក្សសង្គ្រោះជាតិត្រូវតុលាការកំពូលរំលាយតាមសំណើរបស់រដ្ឋាភិបាលលោក ហ៊ុន សែន។
អ្វីដែលគួរឲ្យស្រងូតស្រងាត់នោះ ការគោរពវិញ្ញាណក្ខន្ធដល់ព្រលឹងជនរងគ្រោះ ១៦ នាក់នោះមិនមានពិធីសូត្រមន្ត ពេញមុខពេញមាត់ទេ នៅពេលរដ្ឋាភិបាលលោក ហ៊ុន សែន កើតចេញពីការបោះឆ្នោតដែលប្រទេសប្រជាធិបតេយ្យភាគច្រើនមិនទទួលស្គាល់នោះ បានបង្ក្រាបគណបក្សប្រឆាំង សង្គមស៊ីវិល និងបណ្តាញផ្សព្វផ្សាយព័ត៌មានឯករាជ្យជាដើម។
គ្រាប់បែក ៤ គ្រាប់នោះមិនត្រឹមតែឆក់យកជីវិតមនុស្ស ១៦ នាក់ប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យមនុស្សយ៉ាងតិចជាង ១៥០ នាក់ទៀតរងរបួស។ នេះគឺជាតួលេខនៃអ្នកដែលហ៊ានចេញមុខ តែនៅមានជនរងគ្រោះដែលមិនហ៊ានចេញបង្ហាញខ្លួនផ្សេងទៀត។
ការរំឭកវិញ្ញាណក្ខន្ធនៅឆ្នាំនេះដឹកនាំដោយលោក គង់ គាំ និងសមាជិករបស់លោកដែលមានចំនួនតិចជាងចំនួនអ្នកយកព័ត៌មានទៅទៀត។
អ្នកដែលព្យាយាមរកយុត្តិធម៌សម្រាប់អំពើព្រៃផ្សៃនេះបានក្លាយជាចំណាប់ខ្មាំងនយោបាយ ម្ដងហើយម្តងទៀត។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលតែងតែរៀបចំពិធីគោរពវិញ្ញាណក្ខន្ធអធឹកអធមនៅក្នុងប្រទេសកម្ពុជា បានរៀបចំពិធីបុណ្យទក្ខិណានុប្បទានដល់ជនរងគ្រោះទាំង ១៦ នាក់នៅវត្តពោធិវង្សនៅប្រទេសបារាំង ព្រោះលោកជាចំណាប់ខ្មាំងនយោបាយ ដែលមិនអាចធ្វើពិធីនេះនៅចេតិយក្បែរកន្លែងជនរងគ្រោះស្លាប់។
ឆ្លៀតឱកាសនេះ លោក សម រង្ស៊ី ដែលជាជនគ្រោះនៃការបោកគ្រាប់បែកនោះ ហើយនឹង ម៉ែន សុថាវរិន្រ្ទ និង លោក ឡុង បុត្តា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានរៀបចំបុណ្យផ្កាប្រាក់សង្រ្គោះជាតិ ក្នុងគោលបំណងគាំទ្រគម្រោងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ទៅប្រទេសកម្ពុជាវិញ៕