ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ សម រង្ស៊ី​ព្រមាន​ពី​ការ​«សម្លាប់​រង្គាល»​ក្រោយពី​លោក​ហ៊ុន សែន​ចេញ​បញ្ជា​សម្ងាត់


រូបឯកសារ៖ លោក សម រង្ស៊ី សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ជា​វាគ្មិន​ពិភាក្សា​អំពី​ស្ថានភាព​នយោបាយ​នា​ពេល​បច្ចុប្បន្ន ក្នុង​កម្មវិធី​ Hello VOA ក្នុង​ស្ទូឌីយោ​វីអូអេ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៦ ធ្នូ ២០១៨។ (សាយ មុន្នី/VOA)
រូបឯកសារ៖ លោក សម រង្ស៊ី សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ជា​វាគ្មិន​ពិភាក្សា​អំពី​ស្ថានភាព​នយោបាយ​នា​ពេល​បច្ចុប្បន្ន ក្នុង​កម្មវិធី​ Hello VOA ក្នុង​ស្ទូឌីយោ​វីអូអេ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៦ ធ្នូ ២០១៨។ (សាយ មុន្នី/VOA)

មេដឹកនាំ​ក្រុម​ជំទាស់​នឹង​នាយក​រដ្ឋមន្ត្រី​លោក​ហ៊ុន​ ​សែន​ ​រូប​នេះ​ ​បាន​ចាត់​ទុក​​ថា​ ​ការ​គំរាម​«​សម្លាប់​រង្គាល​»​ដែល​មាន​ឡើង​ខាងលើ​ ​បាន​នាំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ​«​បាត់បង់​នូវ​ភាព​ស្របច្បាប់​របស់​ខ្លួន​»​។

ក្រោយពី​មានការ​ចែកចាយ​ខ្សែអាត់​សំឡេង​បែកធ្លាយ​មួយ​ ​ដែល​ស្ដែង​ឡើង​នូវ​ខ្លឹមសារ​នៃ​យុទ្ធសាស្ត្រ​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ក្នុង​ការ​ចាត់ការ​ផ្តាច់​សរសៃ​ឈាម​នៅ​ផ្ទៃក្នុង​ប្រទេស​ដែល​នៅ​សេសសល់​ ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​លោក​ ​សម​ ​រង្ស៊ី​ ​ដែល​ជា​ស្ថាបនិក​គណបក្សនេះបាន​ចោទ​លោកនាយក​រដ្ឋមន្ត្រី​ថា​ ​កំពុង​រៀប​គម្រោង​ការ​ «​សម្លាប់រង្គាល​»​ លើ​ក្រុម​ជំទាស់​ ​ដូចដែល​មេដឹកនាំ​ខ្មែរក្រហម​ ​ប៉ុល​ ​ពត​ ​ធ្លាប់​បាន​ធ្វើ​ពីពេលមុន​មក​នោះ។​

លោក​ ​ហ៊ុន​ ​សែន​ ​ក៏បាន​អំពាវនាវ​ឲ្យ​ក្រុម​មន្ត្រី​របស់​លោក​ចាប់​ខ្លួន​លោក​សម រង្ស៊ី​ ប្រសិន​បើ​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​មក​ដល់​កម្ពុជា​។​ ​នេះ​បើ​យោង​តាម​ការអធិប្បាយ​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ក្នុង​ខ្សែអាត់​សំឡេង​មួយ​ដែល​បាន​លេច​ធ្លាយ​ដល់​បណ្តាញ​ព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​និយាយ​ពី​ទំនាក់ទំនង​នៃ​ការ​ផ្ដាច់​ដង្ហើមរស់​ដល់​ក្រុម​អ្នកជំទាស់​ ​និង​ការព្រមាន​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ដក​ប្រទេស​កម្ពុជា​ចេញពី​ ​ឋានៈ​ប្រទេស​ទទួល​ប្រយោជន៍​ពី​កម្មវិធី​ ​«​គ្រប់មុខ​ទំនិញលើក​លែង​តែសព្វាវុធ» ឬ EBA​ ​ដែល​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​នាំចូល​ផលិតផល​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប។​

កាលពី​សប្ដាហ៍​មុន​ ​សហភាព​អឺរ៉ុប​ ​បា​នប្រ​កាស​ចាប់ផ្ដើម​នីតិវិធី​ជា​ផ្លូវការ​ក្នុង​ដំណើរ​ឆ្ពោះទៅ​ការ​ដក​កម្ពុជា​ចេញពី​ប្រព័ន្ធ EBA​ ​ទាក់ទិន​នឹង​ការ​បង្ក្រាប​នយោបាយ​មុន​ការបោះឆ្នោត​ខែកក្កដា​ឆ្នាំ២០១៨​ ​ដែល​គណបក្សប្រជាជន​កម្ពុជា​ ​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ឈ្នះ​ប្រមូល​អាស​នៈ​ទាំងអស់១២៥​ ​នៅ​សភាតំណាងរាស្រ្ត ​ដោយ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​ប្រកាស​ដាក់​ឱ្យ​នៅ​ក្រៅច្បាប់​ ​មិន​អាច​ចូលរួម​ការបោះឆ្នោត​បាន​។

តែ​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ធ្លាប់​បាន​ព្រមាន​មួយ​ដង​ជា​ពីរ​ដង​ថា​ ​បើ​សហភាព​អឺរ៉ុប​សម្រេច​ដក​ EBA ​ចេញ​ពី​កម្ពុជា​មែន​នោះ មាន​ន័យ​ស្មើនឹង​«​សម្លាប់​»​ក្រុម​ជំទាស់​នឹង​របប​របស់​លោក​។

ពីរ​ថ្ងៃក្រោយ​ការ​ចេញ​ខ្សែអាត់​សំឡេង​បែកធ្លាយ​របស់​លោក​ ​ហ៊ុន​ ​សែន​នេះ​ ​លោក​ ​សម​ ​រង្ស៊ី​ ​បាន​វាយ​បក​ប្រឆាំង​នឹង​លោក​ហ៊ុន​ ​សែន​ ​តាម​ទំព័រ​ហ្វេ​សប៊ុ​ក​របស់​លោក​ ​ដោយ​លោក​សម​ ​រង្ស៊ី​ ​បាន​ផ្តល់​ការអធិប្បាយ​ថា​ ​ការ​ថ្លែង​ទាំងអម្បាល​មា​ណ​ ​របស់​លោក​ហ៊ុន​ ​សែន​ ​គឺ​ស្មើនឹង​ ​«​បទបញ្ជា​ឲ្យ​សម្លាប់​»​ ​ដែល​អាច​ដូច​អ្វី​ដែល​ ​ប៉ុល​ ​ពត​ ​ធ្លាប់ធ្វើ​កន្លងមក​ ​អំឡុង​ការ​កាន់អំណាច​នៃ​បក្ស​កុម្មុយ​នី​ស្ដ​កម្ពុជា​ពីឆ្នាំ១៩៧៥ដល់​ឆ្នាំ១៩៧៩​។​

ទំព័រ​ហ្វេ​សប៊ុ​ក​ផ្លូវការ​របស់​លោក​ ​សម​ ​រង្ស៊ី​ ​បាន​សរសេរ​បន្ថែម​ជា​ភាសាអង់គ្លេស​ ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា​៖​

«ការ​ថ្លែង​នេះ​ស្មើនឹង​បទបញ្ជា​មួយ​ឲ្យ​សម្លាប់​។​ ​ឆន្ទៈ​របស់​ ​ហ៊ុន​ ​សែន​ ​ដើម្បី​ងាក​ទៅ​រក​ការ​សម្លាប់​ ​បោសសម្អាត​អ្នករិះគន់​ ​ត្រូវ​បាន​បង្ហាញ​ជាច្រើន​សារ​កាលពី​ពេលមុន​។​ ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​គាំទ្រ​ដោយ​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់​ ​ហើយ​គណបក្ស​នេះ​បាន​ទទួល​សំឡេង​ជិត​ពាក់​កណ្តាល​ប្រទេសនៅក្នុង​ការបោះឆ្នោត​ទាំងពីរ​គឺ​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០១៣​ ​និង​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ២០១៧​»​។

លោក​ ​សម​ ​រង្ស៊ី​ ​បាន​អះអាង​បន្ត​ថា​៖​ ​«​ក្នុង​បរិការណ៍​នេះ​ ​ការ​អំពាវនាវ​ឲ្យ​បំផ្លាញ​ក្រុមប្រឆាំង​ ​បាន​ស្ដែង​ឡើង​អំពី​ ​គ្រោះថ្នាក់​នៃ​ការសម្លាប់រង្គាល​នៅ​កម្ពុជា​ ​ដែល​មិនធ្លាប់​មាន​ឡើយ​ ​តាំងពី​សម័យ​ខ្មែរក្រហម​មក​»​។​

មេដឹកនាំ​ក្រុម​ជំទាស់​នឹង​នាយក​រដ្ឋមន្ត្រី​លោក​ហ៊ុន​ ​សែន​ ​រូប​នេះ​ ​បាន​ចាត់​ទុកថា​ ​ការ​គំរាម​«​សម្លាប់​រង្គាល​»​ដែល​មាន​ឡើង​ខាងលើ​ ​បាន​នាំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ​«​បាត់បង់​នូវ​ភាព​ស្របច្បាប់​របស់​ខ្លួន​»​ ​ហើយ​លោក​អំពាវនាវ​ឱ្យ​អង្គការ​សហប្រជាជាតិ​ ​និង​សហគមន៍​អន្តរជាតិ​រិះរក​វិធី​ទប់ស្កាត់​ ​និង​ការពារ​ប្រជាជន​កម្ពុជា​ពី​ហានិភ័យ​នេះ​ ​ដែល​លោក​ព្រមាន​បន្ត​ថា​អ្នករងគ្រោះ​អាច​មាន​ចំនួន​រាប់​លាន​នាក់។​

គិត​ត្រឹម​ម៉ោង៥ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ ​មិន​មាន​មន្ត្រី​រដ្ឋាភិបាល​ ​ឬ​ស្ថាប័ន​រដ្ឋាភិបាល​ចេញ​សេចក្តី​ថ្លែងការណ៍​តបត​នឹង​សារ​នយោបាយ​របស់​លោក​សម​ ​រង្ស៊ី​ ​ពាក់ព័ន្ធ​នឹង​ការណ៍​ដែល​លោក​សម​ ​រង្ស៊ី​ចោទ​លោក​ហ៊ុន​ ​សែន​ថា​ ​«​ចង់​សម្លាប់​ប្រជាពលរដ្ឋ​ ​ដូច​ក្រោម​របប​ប៉ុល​ ​ពត​»​។

ក្នុង​ខ្សែអាត់​សំឡេង​បែកធ្លាយ​របស់​លោក​ហ៊ុន​ ​សែន​ ​ដែល​ត្រូវ​បាន​គេ​ចែកចាយ​ ​កាលពី​ថ្ងៃទី១៤​ ​កុម្ភៈ​ ​ឆ្នាំ២០១៩​ ​លោក​ហ៊ុន​ ​សែន​ ​បាន​ប្រាប់​ក្រុម​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ ​ស្ថាប័ន​ថ្នាក់​ជាតិនានា​ ​រួម​ទាំង​កងកម្លាំង​កងទ័ព​ ​និង​កម្លាំង​នគរបាល​ ​កុំ​ឲ្យ​មាន​ប្រតិកម្ម​តបត​នឹង​ការអធិប្បាយ​របស់​លោក​ ​សម​ ​រង្ស៊ី​ ​ដែល​លោក​ ​ហ៊ុន​ ​សែន​ ​យល់ថា​ ​ការ​ប្រតិកម្ម​តប​ណាមួយ​នោះ​នឹង​ផ្តល់​តម្លៃបន្ថែម​ដល់​លោក​ ​សម​ ​រង្ស៊ី​។​ ​

​លោក​ ​ហ៊ុន​ ​សែន​ ​ក៏​ស្នើ​ឲ្យ​ក្រុម​មន្ត្រី​របស់​លោក​កុំ​ធ្វើការ​អធិប្បាយ​ណាមួយ​ដែល​មាន​លក្ខណៈ​វាយប្រហារ​លើ​សហភាព​អឺរ៉ុប​ ​ដោយ​លោក​បាន​លើកឡើង​ថា​ ​ការសម្រេច​ចាប់ផ្តើម​ដំណើរការ​នីតិវិធី​ដក​កម្ពុជា​ពី​ឋានៈ​អនុគ្រោះ​ពន្ធ​ ​EBA​ ​នោះ​ ​គឺ​ធ្វើឡើង​ដោយ​បុគ្គល​ពីរ​នាក់​ប៉ុណ្ណោះ​ ​មិនមែន​ដោយ​សំ​ឡង​ឯកច្ឆន្ទ​ក្នុង​សហភាព​អឺរ៉ុប​នោះ​ទេ​។

នាយក​រដ្ឋមន្ត្រី​យូរឆ្នាំ​របស់​កម្ពុជា​ ​ក៏បាន​សម្ដែង​ការ​ជឿជាក់​ដែរ​ថា​ ​ការបាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​ ​EBA​ ​នោះ​នឹង​មិន​ធ្វើឲ្យ​កម្ពុជា​ស្លាប់​នោះ​ទេ​ ​ព្រោះ​រយៈពេល១៨ខែ​ទៀត​ ​កម្ពុជា​នឹង​ប្រឹង​ធ្វើ​កំណែ​ទម្រង់​ផ្ទៃក្នុង​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ខ្លាំងក្លា​ដែល​កំពុង​មាន​នា​ពេល​បច្ចុប្បន្ន​។​

ភ្លាម​ៗ​ ​ក្រោយ​មាន​សារ​លេច​ធ្លាយ​របស់​ ​លោក​ ​ហ៊ុន​ ​សែន​ ​ព្រមាន​ផ្តាច់​ដង្ហើម​ក្រុម​គណបក្ស​ប្រឆាំង​នោះ​ ​អ្នកស្រី​ ​មូរ​ ​សុខ​ហួរ​ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ប្រាប់VOAថា​ ​កម្ពុជា​នឹង​រស់​ដោយ​ត្រដរ​ ​ប្រសិនបើ​ប្រទេស​នេះ​ធ្វើឲ្យ​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ ​ដែល​បាន​ជួយ​ជ្រោមជ្រែង​ផលិតកម្ម​របស់​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា​ ​ដែល​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋខ្មែរ​ដែល​ភាគច្រើន​ជា​ស្ត្រី​ប្រមាណ​ជា​ជាង៧០ម៉ឺន​នាក់​។

កាលពី​សប្តាហ៍​មុន​ ​សហភាពអឺរ៉ុប​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​ដែល​អាច​ឈាន​ទៅ​ដកហូត​ជា​បណ្តោះ​អាសន្ន​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ពី​ប្រទេស​កម្ពុជា​ ​ដោយសារតែ​ការ​ធ្លាក់ចុះ​នៃ​សិទ្ធិមនុស្ស​ ​និង​លទ្ធិប្រជាធិបតេយ្យ​។

សហភាព​អឺរ៉ុប​គឺជា​ទីផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​ ​ដោយ​បាន​នាំ​ផលិតផល​ចូល​គិតជា​ទឹកប្រាក់​ចំនួន​ជាង៥,៥ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដោយ​មិន​បង់ពន្ធ​ ​ហើយ​ធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​ប្រាក់​ពន្ធ​ប្រមាណ​ជា៧០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​។​ ​ភាគច្រើន​នៃ​ទំនិញ​ដែល​កម្ពុជា​នាំចូល​សហភាព​អឺរ៉ុប​គឺ​មាន​សម្លៀកបំពាក់​ ​ស្បែកជើង​ ​ផលិតផល​កសិកម្ម​និង​កង់​ជាដើម​។​

ប៉ុន្តែ​យុទ្ធនាការ​របស់​រដ្ឋាភិបាល​បង្ក្រាប​លើ​អង្គការ​សង្គម​ស៊ីវិល​ ​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​ ​និង​គណបក្ស​ប្រឆាំង​ ​នៅមុន​ការបោះឆ្នោត​ជាតិ​ខែកក្កដា​ឆ្នាំមុន​ ​បាន​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​និង​សហគមន៍​អន្តរជាតិ​ស្នើ​ឱ្យ​កម្ពុជា​កែប្រែ​ស្ថានការណ៍​ឱ្យ​បាន​ល្អ​ឡើងវិញ​ ​បើមិនដូច្នោះទេ​ ​អាច​ប្រឈម​នឹង​ទណ្ឌ​កម្ម​ផ្សេង​ៗ​ទៀត​៕

XS
SM
MD
LG