ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងការបរទេស​ថ្កោលទោស​លោក​សមរង្ស៊ី


លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល ដែល​កំពុង​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​បារាំង អង្គុយ​នៅ​រានហាល​នៃ​គេហដ្ឋាន​របស់​លោក​ក្នុង​ប្រទេស​បារាំង​នៅ​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨។ (REUTERS/Philippe Wojazer)
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល ដែល​កំពុង​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​បារាំង អង្គុយ​នៅ​រានហាល​នៃ​គេហដ្ឋាន​របស់​លោក​ក្នុង​ប្រទេស​បារាំង​នៅ​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨។ (REUTERS/Philippe Wojazer)

ក្រសួង​ការបរទេស​​កម្ពុជា​​​​បាន​​ថ្កោលទោស​លោក​សម រង្ស៊ី​ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​អំពាវនាវ​ជាបន្ត​បន្ទាប់​ឱ្យ​កងទ័ព​និង​ពលរដ្ឋ​ងើបឡើង​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល។​

សេចក្តី​ថ្លែងការណ៍​របស់អ្នកនាំពាក្យ​នៃ​ក្រសួងការបរទេសដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​បាន​បន្ត​ដោយ​សុំ​កុំ​ឱ្យ​បរទេស​លូកដៃ​ចូល​ក្នុង​កិច្ច​ការ​ផ្ទៃក្នុង​និង​គោរព​អធិបតេយ្យ​ភាព​របស់​កម្ពុជា​ហើយ​ទុក​ឱ្យ​កម្ពុជា​ពង្រឹង​លទ្ធិ​ប្រជាធិប​តេយ្យ​និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ដោយ​ខ្លួនឯង។

នៅក្នុង​សារ​ជា​បន្តបន្ទាប់​ដែល​បង្ហោះ​តាម​បណ្តាញ​សង្គម​ក្នុងពេលថ្មីៗនេះ​លោក​សម រង្ស៊ី​បាន​ស្នើ​ឱ្យ​ពលរដ្ឋ​និង​កងកម្លាំង​ប្រដាប់​អាវុធ​ចូលរួម​ធ្វើ​សកម្មភាពដែល​លោក​ហៅថា «ការផ្លាស់ប្តូរ​ជាវិជ្ជមាន‍» ​ក្នុង​ឆ្នាំ​២០១៩​នេះ​ហើយ​ក៏​បាន​ស្នើ​សុំ​ឱ្យ​សហគមន៍​អន្តរជាតិ​ចាត់​ទុក​របប​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ដូច​គ្នា​ទៅនឹង​របប​របស់​លោក​ប្រធានាធិបតី​នីកូឡាស ម៉ាឌុយរ៉ូ​នៃ​ប្រទេស​វ៉េណេស៊ុយអេឡា​ដែល​ពេល​នេះ​កំពុង​តែមាន​វិបត្តិ​នយោបាយ​យ៉ាងខ្លាំង។​

ក្រសួង​ការបរទេស​កម្ពុជា​ចាត់​ទុក​ថា​សេចក្តី​ថ្លែងការណ៍​នានា​របស់​លោក​សម រង្ស៊ី​គឺ​ជា​ការមើល​ស្រាល​ដល់​ពលរដ្ឋ​កម្ពុជានិង​គណបក្ស​នយោបាយចំនួន​១៩​ផ្សេងទៀត​ដែល​បាន​ចូលរួម​បោះឆ្នោត​កាលពីខែ​កក្កដា​ឆ្នាំមុន​ហើយ​ដែល​បាន​នាំ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​យក​អាសនៈ​សភា​ទាំង​១២៥។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងការបរទេស​បាន​បន្ថែម​ថា៖

«រាជរដ្ឋាភិបាល​នឹង​ប្រឆាំង​ទប់​ស្កាត់​តាម​គ្រប់​មធ្យោបាយ​ ចំពោះ​រាល់​ការ​ប៉ុនប៉ង​នានា​និង​ការធ្វើ​អន្តរាគមន៍​ពីភាគីទី៣​ក្នុងការ​បង្ក​អស្ថិរភាព​និង​បំផ្លិច​បំផ្លាញ​មាតុភូមិ​កម្ពុជា​ក៏​ដូច​ជា​សុភមង្គល​របស់​ប្រជាជន​យើង។ យើង​នឹង​ការពារ​ប្រជាជាតិ​យើង​ប្រឆាំង​ទល់​នឹង​កលល្បិច​ទាំង​នេះ​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ‍»។

ការិយាល័យអ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ចាត់​ទុក​ការអំពាវនាវ​របស់​លោក​សម រង្ស៊ី​ថា​ជា​«អំពើ​ភេរវកម្មនយោបាយ‍»។​

នៅក្នុង​សារចុងក្រោយ​នៅថ្ងៃសៅរ៍​ដែរ​លោក​សម រង្ស៊ី​បាន​បន្ត​អំពាវនាវ​ជាថ្មី​ឱ្យ​ពលរដ្ឋ​ទាមទារ​យក​ដីធ្លី ​គឺ​ស្រែ ​ចំការ ​និង​ផ្ទះ​សម្បែង​ពី​អាជ្ញាធរ​និង​ឈ្មួញ​ក៏​ដូច​ជា​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លុប​ចោល​ដីសម្បទាន​សេដ្ឋកិច្ច​និង​បំណុល​ពលរដ្ឋ​ផងដែរ។

លោកសម រង្ស៊ី​ដែល​ពេល​នេះ​កំពុង​រស់នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស​បាន​ប្រកាស​ម្តងហើយ​ម្តង​ទៀត​ថា​លោក​នឹង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​២០១៩​នេះ​ដើម្បី​ដឹកនាំ​ចលនា​ទាមទារ​ឱ្យ​មាន​ការផ្លាស់​ប្តូរ​ក៏​ដូចជា​រៀបចំ​ការបោះឆ្នោត​ជាតិ​ឡើងវិញ។

លោក​បាន​បន្ថែម​ថា៖

«រដ្ឋាភិបាល​ថ្មី ​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​រឹបអូស​ទ្រព្យ​សម្បត្តិ​ ពី​ក្រុម​គ្រួសារ ​ហ៊ុន សែន ​និង​បរិវារ ​ដែល​បាន​លួចប្លន់​ទ្រព្យ​សម្បត្តិ​រាស្ត្រ ​និង​ទ្រព្យ​សម្បត្តិ​ជាតិ​ ហើយ​យក​ទ្រព្យ​សម្បត្តិ​ដែល​ប្រមូល​បាន​ទាំងនោះ ​មក​សង​បំណុល​ជំនួស​ប្រជារាស្ត្រ ​និង​រៀបចំ​ប្រព័ន្ធ​សង្គមកិច្ច​ថ្មី​មួយ​ មាន​ទ្រង់ទ្រាយ​ធំ ​និង​លក្ខណៈ​ទំនើប ​ដើម្បី​លើកស្ទួយ​ជីវភាព​ប្រជារាស្ត្រ​ទូទៅ​ និង​រួម​ចំណែក​រៀបចំ​សង្គម​ជាតិ​ថ្មី​មួយ ​ដែល​មាន​លក្ខណៈ​ស្អាតស្អំ ​ជឿនលឿន ​និង​យុត្តិធម៌‍»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG