ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សម រង្ស៊ី ​ប្រាប់​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​​កុំ​ឱ្យ​ចាញ់​ល្បិច​លោក​ហ៊ុន សែន


រូបឯកសារ៖ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល ដែល​កំពុង​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​បារាំង អង្គុយ​នៅ​រានហាល​នៃ​គេហដ្ឋាន​របស់​លោក​ក្នុង​ប្រទេស​បារាំង​នៅ​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨។ (REUTERS/Philippe Wojazer)
រូបឯកសារ៖ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល ដែល​កំពុង​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​បារាំង អង្គុយ​នៅ​រានហាល​នៃ​គេហដ្ឋាន​របស់​លោក​ក្នុង​ប្រទេស​បារាំង​នៅ​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨។ (REUTERS/Philippe Wojazer)

ទំព័រ​ហ្វេសប៊ុក​របស់​លោក​សម រង្ស៊ី​ បាន​សរសេរ​ក្នុង​ន័យ​ដើមថា៖ «សូម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ កុំ​ចាញ់​បោក​ កុំ​ចាញ់​ការ​សម្លុត​ និង​កុំចាញ់​ការប៉ុនប៉ង​ទិញ​ទឹក​ចិត្ត​ ពី​សំណាក់​ជន​ពាល​ ហ៊ុន សែន​ ដែល​ចង់​ឲ្យ​ពួក​យើង​ទៅ​សុំសិទ្ធិ​ធ្វើ​នយោបាយ​ពីគាត់»។

ជាង​មួយ​សប្តាហ៍​ក្រោយ​ការ​ប្រកាស​របស់នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​លោក​ហ៊ុន សែន​ ដែល​បាន​ដាក់​ឱសានវាទ​ឲ្យ​ក្រុមមន្ត្រី​ជាប់​បម្រាម​ធ្វើ​នយោបាយ​របស់​គណបក្ស​ប្រឆាំងសុំសិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​មិន​ឲ្យ​ហួស​ចូល​ឆ្នាំខ្មែរ​នោះ​ លោក​សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចេញ​សារ​នយោបាយ​មួយ​នៅ​សប្តាហ៍​នេះ​ អំពាវនាវ​មិន​ឲ្យ​ក្រុមមន្ត្រី​ជាប់​បម្រាម​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ ដើម្បី​បញ្ចៀស​ការ​ចាញ់​ល្បិចកល​របស់​លោក​ហ៊ុន សែន។

ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ការពារ​ទឹកជំនន់​ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ ​ក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​ក្របខណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​ ធ្វើឡើង​កាលពី​ថ្ងៃ​ទី៤ ​ខែ​មីនា​ លោក​ហ៊ុន សែន​ ប្រធាន​គណបក្ស​កាន់​អំណាច​ បាន​គំរាម​ក្រុម​មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវបាន​ហាម​មិន​ឲ្យធ្វើ​នយោបាយ​ ត្រូវ​រួស​រាន់​មក​សុំ​សិទ្ធិធ្វើ​នយោបាយ​ឡើងវិញ​ មិន​ឲ្យ​ហួស​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ។

លោក​អះអាង​ថា​ បើ​ហួស​រយៈពេល​នោះ​ លោក​នឹង​ធ្វើ​មិន​ដឹង​មិន​ឮ​រាល់​សំណើ​នានា​ ដែល​បញ្ជូន​មក​រដ្ឋាភិបាល​ ដើម្បី​ស្នើសុំ​សិទ្ធិ​នយោបាយ​ឡើងវិញ​ទេ។

ក៏ប៉ុន្តែ​លោក​សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​កាលពីឆ្នាំ​២០១៧​នោះ​ បាន​បង្ហោះ​សារ​ព្រមាន​នយោបាយ​ខ្លី​មួយ​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ កាលពី​ថ្ងៃទី​១៣​ ខែមីនា​ ដោយ​ប្រាប់​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​ថា​ ពួក​គេ​នឹង​ចាញ់​ឧបាយកល​របស់​លោក​ហ៊ុន​ សែន​ ប្រសិន​បើ​ពួក​គេ​ហ៊ានតែ​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ ពី​រដ្ឋាភិបាល​ខ្មែរ​របស់​លោកហ៊ុន សែន។

ទំព័រ​ហ្វេសប៊ុក​របស់​លោក​សម រង្ស៊ី​ បាន​សរសេរ​ក្នុង​ន័យ​ដើមថា៖ «សូម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ កុំ​ចាញ់​បោក​ កុំ​ចាញ់​ការ​សម្លុត​ និង​កុំចាញ់​ការប៉ុនប៉ង​ទិញ​ទឹក​ចិត្ត​ ពី​សំណាក់​ជន​ពាល​ ហ៊ុន សែន​ ដែល​ចង់​ឲ្យ​ពួក​យើង​ទៅ​សុំសិទ្ធិ​ធ្វើ​នយោបាយ​ពីគាត់»។

ទំព័រ​ហ្វេសប៊ុក​របស់​លោក​សម រង្ស៊ី​ ​បាន​បន្ថែម​ក្នុង​ន័យ​ដើម​ថា​៖ «សិទ្ធិ​នេះ​ ជា​សិទ្ធិ​របស់​យើង​ ដែល​ត្រូវ​ប្រគល់​សង​ឲ្យ​យើង​វិញ​ជា​ស្វ័យ​ប្រវត្តិ​ ​ទន្ទឹម​នឹង​ការ​បើក​ផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើង​វិញ​ តាម​ការ​ទាមទារ​របស់​ប្រជារាស្ត្រ​ខ្មែរ​ និង​សហគមន៍​អន្តរជាតិ​»។

កាល​ពីថ្ងៃទី​៤ ​ខែមីនា​ ឆ្នាំ​២០១៩​ លោក​ហ៊ុន សែន​ ក្រៅតែ​ពី​ព្រមាន​ថា​ ក្រុម​មន្ត្រី​គណបក្ស​នយោបាយ​ប្រឆាំង​ដែល​ជាប់​បម្រាម​នឹង​បាត់​សិទ្ធិ​ធ្វើ​នយោបាយ​នៅក្រោយ​បុណ្យចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នោះ​ មេដឹកនាំ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​រូប​នេះ​ ក៏​បាន​ព្រមាន​មួយ​ដង​ជាពីរ​ដង​ទៀត​ថា​ គ្មាន​ការ​ចរចា​នយោបាយ​ណា​មួយ​ ដែល​អាច​បើក​ផ្លូវ​ឲ្យ​មាន​ការ​ដោះ​លែង​លោក​ កឹម សុខា ​ប្រធាន​អតីត​គណបក្ស​ជំទាស់​នោះ​ទេ។

លោក​ផៃ​ ស៊ីផាន​ អ្នក​នាំពាក្យ​នៃ​រាជរដ្ឋាភិ​បាល​កម្ពុជា​ ​ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ការ​សុំ​សិទ្ធិ​នយោបាយ​ឡើងវិញ​នេះ​ គឺ​ជា​រឿង​បុគ្គល​របស់​អ្នក​នយោបាយ​ដែល​ត្រូវ​បាន​តុលាការ​ហាមឃាត់។

លោក​ថា ​ការ​អំពាវនាវ​របស់​លោកសម រង្ស៊ី​ បាន​បញ្ជាក់​ពី​ការ​ភ័យ​ខ្លាច​របស់​អ្នក​នយោបាយ​ប្រឆាំង​រូប​នេះ​ ចំពោះ​ការ​ដើរ​ចេញ​របស់​សមាជិក​ខ្លួន​ ហើយ​ថា​ ការ​ស្នើសុំ​សិទ្ធិ​នយោបាយ​ឡើងវិញ​គឺ​ជា​ការ​អនុវត្ត​ច្បាប់​ ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ និង​គ្មាន​ជាប់​ទំនាក់​ទំនង​ណាមួយ​ជាមួយ​សម្ពាធ​ពី​រដ្ឋាភិបាល​បរទេស​ តួយ៉ាង​ដូច​ជា​សហភាព​អឺរ៉ុប​នោះ​ទេ។

«សម រង្ស៊ី ​អ្នកភ័យ​ខ្លាច​ ភ័យ​ខ្លាច​ចំពោះ​ការ​ចាកចេញ ពីការ​គ្រប់​គ្រង​របស់​សម រង្ស៊ី​នេះ​ឯង។ ដូច្នេះ​ ការណ៍​លើក​ឡើង​ហ្នឹង​ គឺ​ការ​បង្ហាញ​នូវ​ភាពផ្តាច់​ការ​របស់​សម រង្ស៊ីតែប៉ុណ្ណោះបាទ​»។

ពាក់​ព័ន្ធនឹង​ការ​ស្នើ​សុំ​សិទ្ធិធ្វើ​នយោបាយ​ឡើងវិញ​នេះ​ លោក​ប្រាក់​ សុខុន​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ ធ្លាប់​បាន​និយាយ​រិះគន់​ អ្នកស្រី​ ​Cecilia Malmstrom ស្នង​ការ​ពាណិជ្ជកម្ម​នៃ​សហភាព​អឺរ៉ុប​ថា មិន​ស្តាប់​ការ​អធិប្បាយ​របស់​រដ្ឋាភិបាល​ខ្មែរ​ ដែល​បាន​ផ្តល់​ការ​ពន្យល់​ថា​ ការ​ស្នើសុំ​សិទ្ធិ​នយោបាយ​ឡើងវិញ​ នេះ​គឺ​ផ្អែក​នៅ​លើ​ច្បាប់​ ដែល​តម្រូវ​ឲ្យ​អ្នក​នយោបាយ​ជាប់​បម្រាម​ទាំងនោះ​ ត្រូវ​ដាក់​សំណើ​ទៅលោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដែល​នឹង​ស្នើ​បន្ត​ទៅ​ព្រះមហាក្ស​ត្រ​ ដើម្បី​បើក​ផ្លូវ​ឲ្យ​អ្នក​ជាប់​បម្រាម​ទាំង​នោះ​ បាន​វិល​មក​កសាង​ជីវិត​ជា​អ្នក​នយោបាយ​ឡើងវិញ។

សហភាព​អឺរ៉ុប​ បាន​ដាក់​ឱសានវាទ​ ឲ្យ​កម្ពុជា​ រយៈពេល​១៨ ខែ​ ដើម្បី​ស្តារ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ​ នៅ​មុនពេល​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ បាត់​បង់​ការ​គាំទ្រ​ជា​បណ្តោះ​នូវ​ប្រព័ន្ធ​ឋានៈ​អនុគ្រោះពន្ធ​ ក្រោម​កម្មវិធី​ពាណិជ្ជកម្ម​ «គ្រប់​មុខទំនិញ​ទាំង​អស់​លើក​លែង​តែអាវុធ»​ ឬ​ហៅថា​ EBA ដែល​អាច​ឲ្យកម្ពុជា​ចំណេញ​ប្រាក់​បានជិត​៧០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​ ពីការ​នាំចូល​ទំនិញ​ចូល​ទីផ្សារ​សហគមន៍​អឺរ៉ុប ​ដោយ​មិន​បង់​ពន្ធ។

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត​មាស នី​ ​បាន​បង្ហាញ​ការ​យល់​ឃើញថា​ ការ​ចាក​ចេញ​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​គេ​ហាម​ឃាត់នោះ បាន​ក្លាយ​ជា​បញ្ហា​រសើប​មួយ​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ។

លោក​ថា​ ប្រសិន​បើ​មានការ​ចាក​ចេញ​ជា​បណ្តើរ​ៗ​ទៅមុខ​ទៀត​របស់​ក្រុម​មន្ត្រី​ជាប់​បម្រាមទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ពី​រដ្ឋាភិបាល​នោះ​ ការ​បែកបាក់​របស់​គណបក្ស​ប្រឆាំង​នេះ​នឹង​កើត​មាន​កាន់​តែ​ខ្លាំង។

លោក​មាស នី​ បន្ថែម​ថា​ ទោះបី​ក្រុម​អ្នក​នយោបាយ​ទាំងនោះ​ បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ក៏ដោយ​ក្តី​ ក៏​ពួកគេ​នឹង​ប្រឈម​ជាមួយ​នឹង​ផលវិបាក​ជាច្រើន​ក្នុង​ការ​ទាញ​អ្នក​គាំទ្រ​របស់​គណបក្ស​ប្រឆាំង​ក្នុង​ករណី​ដែល​ពួក​គេ​បង្កើត​គណបក្ស​ថ្មី​ ខណៈ​ដែល​លោក​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​បន្ត​ជាប់ឃុំ​នៅឡើយ​នោះ។

«បើសិន​ជា​មាន​ធ្លោយ​ថា​ ចេញ​មក​ដើម្បី​ទៅ​បង្កើត​គណបក្ស​ណាមួយ​ក្រៅពីគណបក្ស​ប្រឆាំង​ដែល​មាន​អតីត​សង្គ្រោះ​ជាតិ​នោះ​ អាហ្នឹងគឺខ្ញុំគិត​ថា អាច​មាន​ការ​ពិបាក​ ក្នុង​ការ​ទិញ​យក​បេះដូង​របស់​អ្នកគាំទ្រ​សង្គ្រោះ​ជាតិ មក​ឲ្យ​គាំទ្រ​ខ្លួន​ គឺ​ថា​ មិន​អាច​ទៅ​រួច​ទេ​ យើង​ឃើញ​ឧទាហរណ៍​ដូច​ជា​គណបក្ស​របស់​កូន​លោក​គង់​ គាំ​ ហ្នឹង​គឺថា​ បាន​ទទួល​បរាជ័យ​ នៅ​ក្នុង​ការ​ យក​ប្រជាប្រិយភាព​លើ​អតីតអ្នកគាំទ្រ​សង្គ្រោះ​ជាតិ​បាទ»។

បន្ទាប់ពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​កាល​ពីឆ្នាំ​២០១៨​រួច​មក​នោះ​ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ​មាន​មន្ត្រី​មក​ពី​គណ​បក្ស​ប្រឆាំង​បួន​រូប​ក្នុង​ចំណោម​មន្ត្រី​១១៨​រូប​ ​ដែល​ត្រូវបាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​ប្រាំឆ្នាំ​នោះ​ ​បាន​ដាក់​ពាក្យ​ទៅ​ក្រសួង​មហាផ្ទៃ​ ដើម្បី​សុំសិទ្ធិ​ធ្វើ​នយោ​បាយ​ឡើង​វិញ។​

ក្នុងចំណោម​មន្ត្រី​ទាំងបួន​នាក់​នោះ ​មាន​លោក​ គង់ គាំ​ អតីត​សមាជិក​ព្រឹទ្ធ​សភា​មកពី​គណបក្ស​សម រង្ស៊ី​ និង​កូនប្រុស​របស់​លោក​ម្នាក់​ គឺ​លោក​ គង់ បូរ៉ា​ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ៕

XS
SM
MD
LG