ការស្ទង់មតិខាងនយោបាយនៅក្នុងស.រ.អា.បង្ហាញថា លោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សប្រជាធិបតេយ្យមានការគាំទ្រនាំមុខឡើងវិញលើសលោក Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនៅក្រោយមហាសន្និបាតនៃគណបក្សប្រជាធិបតេយ្យកាលពីសប្តាហ៍មុន ដែលនៅទីនោះលោកស្រី និងវាគ្មិនឯទៀតៗបានវាយប្រហារការតែងតាំងលោក Trump ឲ្យធ្វើជាមេដឹកនាំអាមេរិកាំង។
លោក Trump ដែលជាមហាសេដ្ឋីអចលនទ្រព្យស្វះស្វែងជាលើកដំបូងឱ្យបានជាប់ឆ្នោតកាន់តំណែងក្នុងកិច្ចការសាធារណៈ ក៏មានកំណើនការគាំទ្រស្រដៀងគ្នានេះដែរនៅក្នុងការស្ទង់មតិប្រឆាំងនឹងលោកស្រី Clinton ដែលជាអតីតរដ្ឋមន្ត្រីការបរទេសស.រ.អ. នៅក្រោយមហាសន្និបាតរបស់គណបក្សសាធារណរដ្ឋកាលពីពីរសប្តាហ៍មុននេះ ដែលពេលនោះមានការនិយាយឡកឡឺយយ៉ាងច្រើនទៅលើលោកស្រី Clinton។
ក៏ប៉ុន្តែនៅពេលនេះ មហាសន្និបាតទាំង២ដែលធ្វើបួនឆ្នាំម្តងបានចប់ទៅទៅហើយនោះ កម្មវិធីទូរទស្សន៍អាមេរិកាំង CBS News បានផ្សាយថាលោកស្រី Clinton នាំមុខលោក Trump ៤៦ភាគរយទល់នឹង៣៩ភាគរយ ដែលស្រដៀងគ្នានឹងការនាំមុខរបស់លោកស្រីចំនួន៤៣ភាគរយទល់នឹង៣៧ភាគរយកាលពីពាក់កណ្តាលខែមិថុនាដែរ។ ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍នេះក្នុងពេលប៉ុន្មានថ្ងៃក្រោយលោក Trump បានទទួលការតែងតាំងពីគណបក្សសាធារណរដ្ឋកាលពីជាងមួយអាទិត្យមុននេះ បង្ហាញថាបេក្ខជនទាំងពីរនេះមានការគាំទ្រស្មើគ្នាចំនួន៤២ភាគរយ។
នៅក្នុងការស្ទង់មតិមួយទៀតនៅក្រោយការប្រជុំមហាសន្និបាតនៃគណបក្សទាំងពីរនេះ អង្គការ Public Policy Polling ដែលធ្វើការស្ទង់មតិបានបង្ហាញថាលោកស្រី Clinton នាំមុខលោក Trump ៤៦ភាគរយទល់នឹង៤១ភាគរយនៅក្នុងការស្ទង់មតិដែលមានរួមបញ្ចូលបេក្ខជនអនុប្រធានាធិបតីពីរនាក់ទៀតគឺលោក Gary Johnson នៃពួកសេរីនិយម មានការគាំទ្រ៦ភាគរយ ហើយអ្នកស្រី Jill Stein នៃគណបក្សបៃតងមានការគាំទ្រ២ភាគរយ៕