គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (Grassroots Democratic Party ឬ GDP) នៅថ្ងៃចន្ទនេះ បានចាប់ផ្តើមយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៣ ខែកក្កដាខាងមុខ អមដោយសារនយោបាយមួយចំនួន ក្នុងនោះក៏មានគោលនយោបាយក្នុងការកំណត់អាណត្តិនាយករដ្ឋមន្ត្រីផងដែរ។
បន្ថែមពីនេះ មេដឹកនាំរបស់គណបក្សមួយក៏លើកឡើងពីសារៈសំខាន់នៃពហុបក្សនៅក្នុងរដ្ឋសភា។
មុនពេលចេញក្បួនឃោសនាតាមដងផ្លូវ លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានថ្លែងអំពាវនាវទៅកាន់ប្រជាពលរដ្ឋឱ្យទៅបោះឆ្នោត ហើយកុំបំផ្លាញសន្លឹកឆ្នោតរបស់ខ្លួន បើទោះមិនមានគណបក្សជំទាស់ដ៏ធំ គឺគណបក្សភ្លើងទៀន។ លោកបង្ហាញការព្រួយបារម្ភអំពីរដ្ឋសភាឯកបក្ស ប្រសិនបើគណបក្សជំទាស់មិនឈ្នះអាសនៈសូម្បីតែមួយក្នុងចំណោមអាសនៈសរុបចំនួន១២៥។
លោកបញ្ជាក់ថា៖ «ការដឹកនាំប្រទេសយើងនឹងគឺឱ្យមានប្រជាធិបតេយ្យសេរីពហុបក្ស ហើយការដឹកនាំប្រទេសមានតែគណបក្សតែមួយ មិនល្អសម្រាប់ស្រុកទេសទេ»។
លោក យ៉េង វីរៈ បន្ថែមថា គោលនយោបាយរបស់គណបក្សលោកមានការកំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹមតែ២អាណត្តិប៉ុណ្ណោះ។
លោកថ្លែងថា៖ «អ៊ីចឹងកាលណាមនុស្សម្នាក់នៅក្នុងអំណាចយូរទៅ ចង់ឬមិនចង់មានការរំលោភអំណាចជាយថាហេតុ។ ទោះជាចង់មិនចង់នឹងមាននិន្នាការទាញទៅរកការរំលោភអំណាច បង្កើតឱ្យមានបក្ខពួកនិយមនៅក្នុងស្ថាប័ន និងក្នុងកិច្ចការរបស់ខ្លួន»។
លោក យ៉េង វីរៈ សម្តែងការសោកស្តាយចំពោះអវត្តមានគណបក្សភ្លើងទៀននៅក្នុងការចូលរួមការបោះឆ្នោតនាពេលខាងមុខដោយសារតែស្ថាប័នរៀបចំការបោះឆ្នោតមិនចុះបញ្ជីឱ្យក្រោមហេតុផលថា«បាត់បង់ឯកសារដើម»។
ទោះជាយ៉ាងណាក៏ដោយ លោកអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត និងថា គណបក្សរបស់លោក គឺជាជម្រើសរបស់ខ្លួនប្រជាពលរដ្ឋ ដែលអាចការពារប្រយោជន៍របស់ពលរដ្ឋ។
លោក ស៊ាង ម៉េងសាង អាយុ២៨ឆ្នាំ ជាអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលបានចូលរួមការឃោសនារកសំឡេងឆ្នោតរបស់គណបក្សមួយនេះថ្លែងថា លោកគាំទ្រគណបក្សមួយនេះដោយសារតែគោលនយោបាយជាច្រើនបម្រើប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសគោលនយោបាយកំណត់អាណត្តិនាយករដ្ឋមន្ត្រី។
លោកបន្ថែមថា ការកំណត់អាណត្តិនាយករដ្ឋមន្ត្រីជាការសំខាន់ ដើម្បីកុំឱ្យមានអំពើពុករលួយនិងខ្សែបណ្តាញបក្ខពួកនិយមនៅក្នុងស្ថាប័នរដ្ឋ។
លោកបញ្ជាក់ថា៖ «នៅពេលដែលយើងកំណត់អាណត្តិនាយករដ្ឋមន្ត្រី គឺយើងធានាបាននូវការកាត់បន្ថយអំពើពុករលួយតាមរយៈការមិនឱ្យកើតមានច្រើននូវបក្ខពួកនិយមនៅក្នុងស្ថាប័ន ក៏ដូចជាកន្លែងដែលជាក្បាលម៉ាស៊ីនរបស់រដ្ឋ»។
បើតាមអ្នកគាំទ្ររូបនេះ បើសិនជានៅតែគ្រប់គ្រងដោយឯកបក្ស នោះបញ្ហាដដែលនៅតែកើតមាន ដោយគ្មានដំណោះស្រាយសមរម្យ។
លោកបញ្ជាក់ថា៖ «ដូច្នេះការដែលមានគណបក្សច្រើននៅក្នុងសភាគឺជាកិច្ចការមួយដ៏ល្អមែនទែនសម្រាប់គណបក្សទាំងអស់គាត់អាចបម្រើប្រជាពលរដ្ឋតាមរយៈគោលនយោបាយរបស់គាត់។ ជាក់ស្តែងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺយើងមាន១១ចំណុចដែលជាគោលនយោបាយអាទិភាពសម្រាប់យកទៅបម្រើប្រជាពលរដ្ឋនៅក្នុងអាណត្តិថ្មីនេះ»។
នៅពេលសួរថាតើលោកយល់យ៉ាងណាដែរចំពោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា លោក ស៊ាង ម៉េងសាង អះអាងថា វាស្ថិតនៅក្នុងស្ថានភាពដែល«ពិបាកទទួលយកមែនទែន»។
ចំណែកលោក នី ឈិន អាយុ៦៨ឆ្នាំ ជាបេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មកពីខេត្តកំពង់ចាម ប្រាប់វីអូអេថា លោកមកចូលរួមជាមួយគណបក្ស ដោយសារតែគណបក្សជំទាស់មួយនេះមិនធ្វើនយោបាយលាបពណ៌ ប៉ុន្តែប្រកួតគ្នា ដើម្បីធ្វើអំពើល្អ។
លោកថ្លែងថា៖ «យើងធ្វើនយោបាយគឺប្រកួតគ្នាធ្វើអំពើល្អ មិនប្រកួតគ្នាបង្អាប់បន្ទោសគេទេ។ យើងត្រូវនិយាយពីខ្លួនយើងថា យើងធ្វើល្អអី ដើម្បីប្រាប់ប្រជាពលរដ្ឋឱ្យប្រជាពលរដ្ឋដឹងថា យើងនេះធ្វើអី ប្រឆាំងដែរ ប៉ុន្តែយើងប្រឆាំងដោយសន្តិវិធី គឺមិនប្រឆាំង ដើម្បីកាច់កុង និងបង្ខូចបង្កាច់គេទេ»។
នៅពេលនិយាយពាក់ព័ន្ធជាមួយការកំណត់អាណត្តិនាយករដ្ឋមន្ត្រី លោកអះអាងថា បើមិនកំណត់រយៈពេលនៃការដឹកនាំរបស់អ្នកនយោបាយទេ នោះបុគ្គលដែលស្ថិតក្នុងអំណាចយូរ នឹងធ្វើអ្វី ដើម្បីប្រយោជន៍ខ្លួននិងក្រុមគ្រួសារខ្លួនតែប៉ុណ្ណោះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា ការលើកឡើងនានាអំពីសភាឯកបក្ស គ្រាន់តែជាការយល់ឃើញរបស់បុគ្គលមួយចំនួនតែប៉ុណ្ណោះ។ លោកការពារថា រដ្ឋសភាឯកបក្សមែន ប៉ុន្តែការដឹកនាំមិនផ្តាច់ការនោះទេ ហើយតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាត្រូវបានបោះឆ្នោតជ្រើសរើសដោយចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ។
លោកប្រាប់វីអូអេថា៖ «ការដែលសភាមានគណបក្សតែមួយ មានតំណាងរាស្ត្រមកពីគណបក្សតែមួយនេះ គឺថាមិនមែនមានន័យថាដឹកនាំបែបផ្តាច់ការ ឯកបក្សដូចដែលអ្នកសារព័ត៌មានមួយចំនួនយល់ទៅតាមអ្នកវិភាគនយោបាយ ឬមួយក៏សង្គមទេ ពីព្រោះសភា ទោះបីមានគណបក្សប៉ុន្មាននៅក្នុងរដ្ឋសភាក៏ដោយ ក៏វាឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់ប្រជាពលរដ្ឋដែលកើតចេញពីការបោះឆ្នោតហ្នឹងឯង»។
មុនចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនឃោសនារកសំឡេងឆ្នោតរបស់ខ្លួន សមាជិកគណបក្សបានធ្វើពិធីគោរពវិញ្ញាណក្ខន្ធរបស់លោក កែម ឡី ដែលត្រូវបានធ្វើឃាតកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ពោលគឺកាលពី៧ឆ្នាំមុន។
លោក កែម ឡី ត្រូវបានចាត់ទុកថា ជាបិតាស្ថាបនិកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
គួរបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋានត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៥ ដោយអតីតមេដឹកនាំអង្គការសង្គមស៊ីវិលមួយចំនួន។ ប៉ុន្តែថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្ស ដែលជាស្ថាបនិកមួយរូប ដូចជាលោក យ៉ង សាំងកុមារ និងលោក សាម អ៊ីន បានចាកចេញពីគណបក្សមួយនេះ ហើយចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា៕