មានការលើកឡើងចម្រុះគ្នាចំពោះគម្រោងអភិវឌ្ឍន៍ដែលផ្តល់មូលនិធិដោយប្រទេសចិននៅក្នុងប្រទេសកម្ពុជា។ អ្នកខ្លះមើលឃើញថា វាជាឱកាសមួយក្នុងការកែលម្អហេដ្ឋារចនាសម្ពន្ធរបស់ប្រទេស។ ប៉ុន្តែអ្នកខ្លះលើកឡើងពីការព្រួយបារម្ភអំពីការពឹងផ្អែកសេដ្ឋកិច្ចរបស់កម្ពុជាលើប្រទេសចិន។ នេះបើតាមអ្នកវិភាគ។
មួយខែមុនការបោះឆ្នោតជាតិរបស់កម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសអំពីគម្រោងហេដ្ឋារចនាសម្ពន្ធដ៏សំខាន់ចុងក្រោយបំផុតដែលផ្តល់ហិរញ្ញប្បទានដោយទីក្រុងប៉េកាំង ដែលជាផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញទៅបាវិតនៅព្រំដែនភាគខាងកើតរបស់ប្រទេសកម្ពុជា ជាមួយប្រទេសវៀតណាម។
ផ្លូវប្រវែង ១៣៥ គីឡូម៉ែត្រនេះ នឹងចំណាយថវិកាប្រមាណ ១,៣៧ ពាន់លានដុល្លារអាមេរិក។ គម្រោងនេះធ្វើឡើងក្រោយពីបើកដំណើរការផ្លូវល្បឿនលឿន កាលពីឆ្នាំមុន ដែលផ្តល់មូលនិធិដោយប្រទេសចិន ចំនួន ២ ពាន់លានដុល្លារ តភ្ជាប់ពីភ្នំពេញទៅក្រុងព្រះសីហនុ ដែលជាទីក្រុងកំពង់ផែសមុទ្រដ៏សំខាន់របស់ប្រទេសកម្ពុជា។
លោក ហ៊ុន សែន បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីខែមិថុនាថា៖ «ហើយផ្លូវល្បឿនលឿននេះ វានឹងកើតនៅមុនពេលដែលខ្ញុំស្លាប់ ព្រោះខ្ញុំមិនងាយងាប់ឯណា។ បើទោះខ្ញុំមិនធ្វើនាយករដ្ឋមន្ត្រីបន្ត ក៏ប៉ុន្តែខ្ញុំនឹងមានឱកាស ដើម្បីមើលកូនចៅរបស់គណបក្សប្រជាជន»។
ពេលវេលានៃប្រកាសរបស់លោក ហ៊ុន សែន គូសបញ្ជាក់ពីការពឹងផ្អែកលើទីក្រុងប៉េកាំងក្នុងការផ្តល់នូវវឌ្ឍនភាពសេដ្ឋកិច្ច នៅអំឡុងពេលដែលលោកស្ថិតក្នុងអំណាចជិត ៤០ ឆ្នាំមកហើយ។ ទំនាក់ទំនងនេះត្រូវបានអ្នកអ្នកវិភាគព្រមានថា នឹងធ្វើឱ្យទីក្រុងភ្នំពេញធ្លាក់ទៅក្នុងការជំពាក់គុណទីក្រុងប៉េកាំង។
លោក លីម ឆាយ អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្លែងថា គម្រោងហេដ្ឋារចនាសម្ពន្ធដែលផ្តល់មូលនិធិដោយប្រទេសចិន «មិនត្រឹមតែផ្តល់ផលចំណេញសម្រាប់សាធារណជនទូទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងភាពស្របច្បាប់របស់រដ្ឋាភិបាលគ្រប់គ្រងប្រទេសផងដែរ»។
លោកប្រាប់វីអូអេថា៖ «ទម្រង់នៃភាពស្របច្បាប់នេះ ត្រូវបានគេស្គាល់ថាជាភាពស្របច្បាប់ផ្អែកលើការអនុវត្តសេដ្ឋកិច្ច ដោយសង្កត់ធ្ងន់លើផលប៉ះពាល់សេដ្ឋកិច្ចសង្គមជាវិជ្ជមានដែលបណ្តាលមកពីលំហូរនៃការវិនិយោគរបស់ចិន។ នៅពេលដែលការបោះឆ្នោតនាពេលខាងមុខកាន់តែខិតជិតមក គម្រោងផ្លូវល្បឿនលឿនរបស់ចិនដែលបានប្រកាសថ្មី នឹងពង្រឹងបន្ថែមទៀតនូវរូបភាពវិជ្ជមាននៃរដ្ឋាភិបាលកម្ពុជា»។
គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចកំពុងប្រឈមមុខនឹងការបោះឆ្នោតម្តងទៀត ដោយគ្មានគូប្រជែងមកពីគណបក្សប្រឆាំងដ៏មានសក្តានុពល បន្ទាប់ពីស្ថាប័នរៀបចំការបោះឆ្នោត កាលពីខែឧសភា បានសម្រេចមិនចុះបញ្ជីឱ្យគណបក្សភ្លើងទៀនចូលរួមការប្រកួតប្រជែង ក្រោមហេតុផលថា «បាត់បង់ឯកសារដើម»។
ទោះបីជាយ៉ាងណាក៏ដោយ សូចនាករដូចជាការចូលរួមរបស់អ្នកបោះឆ្នោត និងសន្លឹកឆ្នោតដែលខូច នឹងត្រូវបានមើលយ៉ាងដិតដល់ថាជាសូចនាករនៃភាពចលាចលទូទៅ។ លោក ហ៊ុន សែន បានតែងតាំងកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ឱ្យឡើងស្នងតំណែងលោក ទោះពេលវេលាកំណត់នៅមិនច្បាស់លាស់ក៏ដោយ។
លោក ហ៊ុន សែន ជឿថា លោកកំពុងធ្វើត្រឹមត្រូវចំពោះការស្វាគមន៍មហាយក្សចិន ដែលមកដោយគ្មានលក្ខខណ្ឌតម្រូវដូចប្រទេសលោកខាងលិច ទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ដោយសារការផ្តល់ហិរញ្ញប្បទានរបស់ចិនបានជំរុញឱ្យមានការសាងសង់នៅកម្ពុជា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅនេះ ការភ័យខ្លាចកំពុងកើនឡើងថា កម្ពុជានឹងជំពាក់បំណុលដែលមិនអាចគ្រប់គ្រងបាន ដែលធ្វើឱ្យកម្ពុជាស្ថិតក្នុងស្ថានភាពរងឥទ្ធិពលទាំងស្រុងរបស់ទីក្រុងប៉េកាំង។
គម្រោងផ្លូវល្បឿនលឿនដែលកម្ពុជាកំពុងរៀបចំនេះ មិនមានរចនាសម្ព័ន្ធជាកម្ចីទេ ប៉ុន្តែជាគំរូ «សាងសង់-ប្រតិបត្តិការ-ផ្ទេរ» (Build Operate and Transfer ឬBOT) ដែលក្រុមហ៊ុនចិនចំណាយការសាងសង់ ហើយរកចំណូលរកបានវិញ ពេលបើកដំណើរការ មុនពេលប្រគល់ការគ្រប់គ្រងមករដ្ឋាភិបាលកម្ពុជាវិញ។
លោក អៀ សុផល សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Arizona State University ថ្លែងថា៖ «ការពឹងផ្អែកខ្លាំងពេកលើអ្នកវិនិយោគចិនក្នុងការសាងសង់គម្រោងសាធារណៈនៅក្នុងប្រទេសកម្ពុជា មានន័យថា ម្ចាស់ជំនួយពិតប្រាកដមិនមែនជាប្រជាជនកម្ពុជានោះទេ ប៉ុន្តែអ្នកវិនិយោគ និងប្រទេសដើមរបស់ពួកគេ ជាពិសេសគឺប្រទេសចិន»។
លោកបន្ថែមថា៖ «កម្ពុជាមិនគួរប្រញាប់ប្រញាល់អភិវឌ្ឍផ្លូវល្បឿនលឿនបន្ថែមទៀតជាមួយអ្នកវិនិយោគចិនទេ ព្រោះថាវាគួរតែរកកិច្ចព្រមព្រៀងដ៏ល្អបំផុតជាជាងការអនុញ្ញាតឱ្យវិនិយោគិនទាំងនេះសាងសង់ផ្លូវមួយ ហើយដំណើរការវាអស់រយៈពេលជាច្រើនឆ្នាំ ទើបផ្ទេរវាមកកម្ពុជាវិញ បន្ទាប់ពីតម្លៃផ្នែកសេដ្ឋកិច្ចអាចនឹងបាត់ទៅវិញ»។
ក្រុមហ៊ុន CRBC ដែលជាក្រុមហ៊ុនរបស់រដ្ឋចិន នឹងប្រមូលថ្លៃសេវាសម្រាប់រយៈពេល ៥០ ឆ្នាំ ក្រោមកិច្ចព្រមព្រៀង BOT បន្ទាប់ពីផ្លូវល្បឿនលឿនបានបើកដំណើរការ។ នេះបើយោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូនរបស់កម្ពុជា។
ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ និងភ្នំពេញទៅបាវិត អាចជាផ្នែកមួយនៃបណ្តាញធំជាងនេះ ខណៈទីក្រុងប៉េកាំងស្វែងរកការពង្រីកឥទ្ធិពលជាសាកលរបស់ខ្លួន តាមរយៈគំនិតផ្តួចផ្តើមផ្លូវនិងក្រវាត់ពាណិជ្ជកម្ម(Belt and Road Initiative ឬBRI) ដែលជាគោលនយោបាយការបរទេសរបស់ប្រធានាធិបតីចិន លោក Xi Jinping ដែលមានគោលបំណងតភ្ជាប់ប្រទេសចិនជាមួយអាហ្វ្រិក និងអឺរ៉ុប តាមរយៈបណ្តាញផ្លូវគោក និងដែនសមុទ្រ។
កាលពីខែមិថុនា លោក ហ៊ុន សែន បានថ្លែងថា ក្រុមសាជីវកម្មផ្លូវ និងស្ពានចិន (CRBC) កំពុងសិក្សាពីលទ្ធភាពនៃផ្លូវល្បឿនលឿនទៅកាន់ក្រុងសៀមរាប និងក្រុងប៉ោយប៉ែត តាមព្រំដែនថៃ ដែលនឹងត្រូវចំណាយថវិកាប្រមាណ ៤ ពាន់លានដុល្លារ។
លោក លីម ឆាយ ជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ យល់ថា គំរូ BOT គឺជាការបោះជំហាន «ដ៏ឆ្លាតវៃ» ព្រោះវានឹងកាត់បន្ថយបន្ទុកបំណុលបច្ចុប្បន្នរបស់កម្ពុជា ដែលបានកើនដល់ប្រមាណ ១០ ពាន់លានដុល្លារ។
លោកថ្លែងថា៖ «នៅក្នុងដំណើរការនៃការអនុវត្តគម្រោង រដ្ឋាភិបាលត្រូវតែធានាឱ្យមានការសម្របសម្រួលគោលនយោបាយ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងតម្លាភាព ហើយអ្វីដែលសំខាន់បំផុត គឺកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់សហគមន៍មូលដ្ឋាន»។
ផ្លូវល្បឿនលឿនទាំងអស់ត្រូវបានផ្តល់ហិរញ្ញប្បទាន និងសាងសង់ដោយសាជីវកម្មចិនChina Road and Bridge Corporation ដែលមានទីស្នាក់ការនៅទីក្រុងប៉េកាំង និងមានការិយាល័យប្រមាណ ៦០ នៅតាមបណ្តាប្រទេសនិងដែនដីនានា។
ទោះបីជាប្រាក់ចំណូលរបស់ CRBC មិនត្រូវបានបញ្ចេញជាសាធារណៈក៏ដោយ អង្គភាពមេរបស់ខ្លួនគឺ China Communications Construction Group (CCCG) បានកត់ត្រាទុនលក់សម្រាប់ក្រុម មានចំនួន ១១៩.៩ ពាន់លានដុល្លារ កាលពីឆ្នាំ ២០២១។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Nikkei Asia ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២។
CCCG គឺជាក្រុមហ៊ុនម៉ៅការលំដាប់ទី ៣ នៅលើពិភពលោក ទាក់ទងនឹងប្រាក់ចំណូលនៅក្រៅប្រទេស។ នេះបើយោងតាម Engineering News-Record ដែលជាស្ថាប័នបោះពុម្ពផ្សាយរបស់ឧស្សាហកម្មសំណង់របស់សហរដ្ឋអាមេរិក។ វាក៏ជាផ្នែកមួយនៃអ្នកដើរតួនាទីដ៏សំខាន់បំផុតនៅក្នុងគម្រោងផ្លូវនិងក្រវាត់ពាណិជ្ជកម្មBelt and Road Initiative របស់ចិន។
ប្រធានាធិបតីចិន លោក Xi Jinpingបានចាប់ផ្តើមគំនិតផ្តួចផ្តើមផ្លូវនិងក្រវាត់ពាណិជ្ជកម្ម កាលពីឆ្នាំ ២០១៣ ដើម្បីភ្ជាប់សេដ្ឋកិច្ចនៃអាស៊ី អឺរ៉ុបនិងអាហ្រ្វិក ជាមួយនឹងផ្លូវល្បឿនលឿន ខ្សែរថភ្លើង និងរោងចក្រថាមពល។ វាក៏ជាធាតុសំខាន់មួយនៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់ចិនជាមួយសហរដ្ឋអាមេរិក ដែលជំរុញឱ្យមានការពង្រឹងសេដ្ឋកិច្ច និងការទូតរបស់ទីក្រុងប៉េកាំងជុំវិញពិភពលោក។
នៅក្នុងវេទិកាសាធារណៈមួយ កាលពីខែឧសភា លោក ហ៊ុន សែន បានថ្លែងថា BRI បានផ្ដល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជារយៈពេល ១០ ឆ្នាំមកនេះ ខណៈលោកបានសរសើរគំនិតផ្តួចផ្តើមរបស់លោក Xi ថា ជាគោលនយោបាយ «ឈ្នះ-ឈ្នះ»។
ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន កាលពីខែមិថុនា ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកWang Wentian ថ្លែងថា គម្រោងនេះគឺជា «និមិត្តសញ្ញានៃកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា» និងជា «សមិទ្ធផលប្រកបដោយផ្លែផ្កានៃគម្រោង BRI»។
ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានព្រមានប្រទេសនានាប្រឆាំងនឹងការទទួលយកគម្រោងធំៗ ក្រោមយុទ្ធសាស្ត្រហេដ្ឋារចនាសម្ពន្ធ BRI របស់ចិន។ ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Janet Yellen បានចែករំលែកការបារម្ភរបស់អ្នកស្រីជាមួយសមាជិកសភា។
អ្នកស្រី Yellen បាននិយាយនៅក្នុងសវនាការមួយ កាលពីខែមីនាថា៖ «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសកម្មភាពមួយចំនួន ដែលប្រទេសចិនបានលូកដៃចូលជាសកល និងក្នុងប្រទេសនានាតាមរបៀបដែលធ្វើឱ្យពួកគេធ្លាក់ក្នុងអន្ទាក់បំណុល និងមិនលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច» ។
ទីក្រុងវ៉ាស៊ីនតោនចង្អុលទៅប្រទេសស្រីលង្កា ជាកន្លែងដែលទីក្រុងប៉េកាំងទទួលបានការគ្រប់គ្រងលើកំពង់ផែសំខាន់របស់ខ្លួនជាការសងបំណុល។
រដ្ឋាភិបាលលោក ហ៊ុន សែន អះអាងថា ការខ្ចីប្រាក់របស់ខ្លួននៅតែស្ថិតក្រោមការគ្រប់គ្រង ហើយគម្រោង BOT អនុញ្ញាតឱ្យកម្ពុជាអាចចៀសផុតពី «អន្ទាក់បំណុល»។
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បំណុលបរទេសបច្ចុប្បន្នរបស់កម្ពុជាមានចំនួន ៩.៤៧ ពាន់លានដុល្លារ(ប្រហែល ៣៥% នៃ GDP ដែលមាន ២៧ ពាន់លានដុល្លារ)កាលពីឆ្នាំមុន ហើយអាចបង្កើនការខ្ចីដោយសុវត្ថិភាព រហូតដល់ប្រមាណ ១២.៦២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍របស់វិទ្យាស្ថាន Kiel នៅប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ ២០១៩ បានប៉ាន់ប្រមាណថាកម្ពុជា គឺជាប្រទេសដែលជំពាក់បំណុលច្រើនជាងគេទី ៦ ក្នុងចំណោមប្រទេសចំនួន ៥០ ដែលទទួលបានប្រាក់កម្ចីពីរដ្ឋាភិបាលចិន និងបំណុលឯកជន។
ហើយខណៈទាំងចិន និងកម្ពុជាបានច្រានចោលការលើកឡើងអំពីការទូតជួយគ្នាទៅវិញទៅមក អ្នកវិភាគនិយាយថា លោក ហ៊ុន សែន គឺជាអ្នកគាំទ្រដ៏គួរឱ្យទុកចិត្តនៃផលប្រយោជន៍ចិននៅលើឆាកពិភពលោក ចំពេលមានភាពតានតឹងកើនឡើងលើសមុទ្រចិនខាងត្បូង និងតៃវ៉ាន់នៅក្នុងតំបន់។
កាលពីខែមុន កម្ពុជាបានបដិសេធផែនការអាស៊ានសម្រាប់សមយុទ្ធយោធាក្នុងតំបន់ ដោយនិយាយថា ខ្លួនត្រូវការពេលវេលា ដើម្បីពិនិត្យមើលសំណើដែលបានដាក់ចេញដោយប្រទេសឥណ្ឌូណេស៊ី ដែលនឹងធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បា។
លោក ហ៊ុន សែន បានសរសើរការទូត «គ្មានលក្ខខណ្ឌ» របស់ប្រទេសចិន ម្តងហើយម្តងទៀត ខណៈទំនាក់ទំនងជាមួយប្រទេសលោកខាងលិចកាន់តែយ៉ាប់យ៉ឺន ដោយសារតែការបង្ក្រាបនយោបាយទ្រង់ទ្រាយធំលើគណបក្សប្រឆាំង។ នេះបើយោងតាមអ្នកសង្កេតការណ៍នយោបាយនៅកម្ពុជា។
សម្រាប់ប្រជាជនកម្ពុជាជាច្រើន ផ្លូវល្បឿនលឿន គឺជាហេតុផលនៃការអបអរសាទរ ហើយប្រហែលជាភស្តុតាងរបស់នាយករដ្ឋមន្ត្រីបង្ហាញពីរបៀបវារៈសេដ្ឋកិច្ចរបស់លោក។ ប៉ុន្តែសហគមន៍ដែលប្រឈមនឹងការបណ្តេញចេញមានការព្រួយបារម្ភអំពីអនាគតមិនដឹងកោះត្រើយរបស់ពួកគេ។
អ្នកស្រី សុខ ភឿន អាយុ ៤៩ ឆ្នាំ មានដីទំហំ ៧០០ ម៉ែត្រការ៉េ នៅខេត្តកណ្តាល តាមបណ្តោយគម្រោងផ្លូវល្បឿនលឿនភ្នំពេញទៅបាវិត។ ស្ត្រីរូបនេះបារម្ភថានឹងមិនអាចរស់នៅទីនោះយូរទេ។
អ្នកស្រីប្រាប់វីអូអេថា៖ «ចំណេញៗហើយ ប៉ុន្តែខាតប្រជាជន។ រងគ្រោះប្រជាជន។ បើថាសំណងសមរម្យទទួលយកបាន អាហ្នឹងមិនអីទេ។ បើទទួលយកមិនបានទៀត អួយ ចេញទៅ មិនដឹងម៉េចទេ»។
ចំណែកអ្នកជិតខាងរបស់អ្នកស្រី ភឿន គឺអ្នកស្រី ប៉ែន នី អាយុ ៧២ ឆ្នាំ ក៏ព្រួយបារម្ភផងដែរអំពីការបាត់បង់ក្បាលដីទំហំ ១.២០០ ម៉ែត្រការ៉េ ដោយការសាងសង់នៅលើផ្លូវល្បឿនលឿននេះ នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៧។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំខ្លាចគ្មានកន្លែងស្នាក់នៅ។ ខ្ញុំមានការព្រួយបារម្ភ ព្រោះខ្ញុំមិនដឹងទៅទីណានោះទេ។ យើងមិនអាចបដិសេធអ្វីទាំងអស់នៅថ្ងៃនេះ។ គម្រោងអ្វីក៏ដោយដែលពួកគេចង់ធ្វើ ពួកគេអាចធ្វើបាន»។
អ្នកស្រីទទូចសុំសំណងសមរម្យសម្រាប់ដី និងផ្ទះរបស់អ្នកស្រី ដើម្បី «កុំឱ្យប្រជាពលរដ្ឋវេទនា»៕