ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កាន់​អំណាច​ថា​ មិន​បារម្ភ​រឿង​ការ​មិន​ទទួល​ស្គាល់​របស់​អន្តរ​ជាតិ​លើ​ការ​បោះឆ្នោត​ជាតិ


រូប​ឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣។
រូប​ឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣។

ការ​បោះឆ្នោត​ជាតិ​ដែល​នឹង​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ចូលរួម​ពី​គណបក្ស​ជំទាស់​ មាន​ការរិះគន់​ថា​រដ្ឋាភិបាល​ដែល​កើត​ក្រោយ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣​នេះ​ នឹង​ប្រឈម​មុខ​ការ​ខ្វះ​ភាព​ស្របច្បាប់ ឬ​មិន​អាច​ទទួល​បាន​ការ​ទទួល​ស្គាល់ពី​សហគមន៍​អន្តរជាតិ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស បាន​ច្រាន​ចោល​ការ​លើក​ឡើង​នោះនិង​ថា​ការ​បំពេញ​ការងារ​របស់​រដ្ឋាភិបាល​ជាប់​ឆ្នោត​ថ្មី​នៅ​ពេល​ខាង​មុខ​ នឹង​ដំណើរ​ការ​ទៅ​ដោយ​រលូន ពោល​គឺ​ដូច​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨។​

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​លោក​សុខ ឥសាន​ ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ (វីអូអេ​)​ នៅ​ទីស្នាក់​កណ្តាល​គណបក្ស​ប្រជាជនកម្ពុជា​ ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៦ កក្កដា​ ឆ្នាំ​ ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​លោក​សុខ ឥសាន​ ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ (វីអូអេ​)​ នៅ​ទីស្នាក់​កណ្តាល​គណបក្ស​ប្រជាជនកម្ពុជា​ ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៦ កក្កដា​ ឆ្នាំ​ ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​វីអូអេ​ នៅ​ឯ​ទីស្នាក់​ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពីព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​ លោក​ សុខ ឥសាន​ ថ្លែងថា​ការ​ទទួល​ស្គាល់​របស់​អន្តរជាតិ​ មិន​មែន​ជា​ក្តី​បារម្ភ​របស់​រដ្ឋាភិបាល​ជាប់​ឆ្នោត​ថ្មី​ទេ ​ព្រោះ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ ដែល​គេ​ចោទ​ថា​ ជា​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​នោះ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅ​បន្ត​មាន​ទំនាក់​ទំនង​ស្មើ​មុខ​ស្មើ​មាត់​នឹង​មេដឹកនាំ​បណ្តា​ប្រទេស​ផ្សេង​ទៀត​។

មួយ​វិញ​ទៀត ​លោក​ថា​កម្ពុជា​ជា​ប្រទេស​ឯករាជ្យ​ និង​អធិបតេយ្យ​ ហើយ​ប្រជា​ពលរដ្ឋ​ប្រមាណ​៩,៧នាក់នឹង​ប្រើប្រាស់​សិទ្ធិ​បោះឆ្នោត​របស់​ខ្លួន​ដោយ​គ្មាន​សម្ពាធ​ពី​កត្តា​ខាង​ក្រៅ​។ ​

លោក​ប្រាប់​វីអូអេថា៖ «​ហើយ​ជាក់​ស្តែង​ ឧទាហរណ៍​ជូន​អ្នក​សារ​ព័ត៌មាន​ជ្រាប​ នៅ​ឆ្នាំ​២០១៨​ អ្នក​ណា​ក៏​ថា​ ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ជា​ការ​បោះឆ្នោត​ក្លែង​ក្លាយ​ដែរ​រួម​ទាំង​ប្រទេស​តូច​ ប្រទេស​ធំ​ មួយ​ចំនួន​នៅ​ភាគ​ខាង​លិច​។ ក៏ប៉ុន្តែ​សួរ​ថា​ រាជ​រដ្ឋា​ភិបាល​នីតិកាល​ទី​៦​ ដែល​កើត​ឡើង​ចេញ​ពី​ការ​បោះឆ្នោត​ ដែល​គេ​ហៅ​ថា ក្លែង​ក្លាយ​នោះ​ សួរ​ថា​ រាជរដ្ឋាភិបាល​ក្លែង​ក្លាយ​ឬអត់​»។

​លោក​បន្ថែម​ថា៖«​នៅពេល​ដែល​នាយករដ្ឋ​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ ដែល​គេហៅ​ថា​ក្លែង​ក្លាយ​នោះ​ ទទួលបាន​កិត្តិ​យស​ដ៏​ឧដុង្គឧត្តម​ ទៅ​ប្រជុំ​កំពូល​ជា​មួយ​មហា​អំណាច​លោក​ខាង​លិច​ ប្រជុំ​ជាមួយ​សហគមន៍​អឺរ៉ុប​ពេញ​សិទ្ធិ​ ដើរ​លើ​ព្រំ​ក្រហម​ មាន​ការ​គោរព មានការ​ត្រួត​ពលទទួល​ស្វាគមន៍​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​។ ហើយ​ត្រឡប់​មក​វិញ​ មាន​ប្រជុំកំពូល​អាស៊ាន​នៅ​ភ្នំពេញ​ទៀត មាន​បណ្តា​ប្រទេស​ មាន​ប្រធានា​ធិបតី​ និង​បណ្តា​ប្រទេស ប្រមុខ​រដ្ឋនៅ​បណ្តា​ប្រទេស​លោក​ខាងលិច​ មក​ទទួល​ស្គាល់​ មក​កម្ពុជា»។

នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ថ្ងៃទី​២៣ ខែ​កក្កដា​ ឆ្នាំ​២០២៣នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) បាន​ទទួល​ស្គាល់​គណបក្ស​នយោបាយ​ចំនួន​១៨​ឱ្យ​បាន​ចូល​ប្រកួត​ប្រជែង​។ ដោយឡែក​គណបក្ស​ចំនួន​២ ក្នុងនោះ​គឺ​គណបក្ស​ភ្លើង​ទៀន​ដែល​ជា​គណបក្ស​ជំទាស់​ ត្រូ​វបាន​គ.ជ.ប បដិសេធ​ការចុះបញ្ជីឱ្យ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ ដោយ​សារ​ខ្វះ​ឯកសារ​ដើម​ បញ្ជាក់​ពីកា​រចុះ​បញ្ជី​របស់​គណបក្ស​នៅ​ក្រសួង​មហាផ្ទៃ​។

ក្រុម​អ្នក​តាម​ដាន​បាន​ចោទសួរ​ថាហេតុអ្វី​បាន​ជា​គណបក្ស​ភ្លើង​ទៀន​អាច​ឈរ​ឈ្មោះ​កាល​ពេល​បោះឆ្នោត​ឃុំសង្កាត់​ តែបែរ​ជា​មិន​អាច​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​។ ពួកគេ​ថា​ការ​បោះឆ្នោត​ជាតិ​លើក​នេះ នឹង​ទទួល​រង​ការ​រិះគន់​ជាថ្មី​ទៀត​ ដូច​ក្រោយ​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០១៨។

នាយក​ទទួលបន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ លោក​អំ សំអាត​ យល់​ថា​គណបក្ស​កាន់​អំណាច​មុខ​ជា​នឹង​ឈ្នះ​ការ​បោះឆ្នោត​ ព្រោះ​គ្មាន​គណបក្ស​ជំទាស់​ ដូច​កាល​ពី​ឆ្នាំ​២០១៨ និងថា​ការ​បោះ​ឆ្នោត​នោះ​ទំនង​ជា​ប្រឈម​មុខ​នឹង​ការ​រិះ​គន់​ពី​ក្រុម​ប្រទេស​ប្រជាធិប​តេយ្យ ដូចជា​សភាព​អឺរ៉ុប​ ដែល​នៅ​បន្ត​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មូល​ដ្ឋាន​របស់​ពលរដ្ឋ​។

លោក​ថ្លែង​ថា៖ «វាអត់​អាច​ខុស​ពី​២០១៨​ទេ​ ពីព្រោះ​ ២០១៨​មក​ យើង​ឃើញ​ហើយ​ថា​សហគមន៍​អឺរ៉ុប​ដែល​គេ​ផ្តាច់​ជំនួយ​អនុគ្រោះ​ពន្ធ​EBA ​២០ភាគរយហ្នឹង​ ហើយ​គេ​នៅ​តែ​មាន​លក្ខខណ្ឌ​ដដែល​ថា​ ឱ្យកម្ពុជា​យើង​ស្តារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ និង​ការ​គោរព​សិទ្ធិមនុស្ស។ បើសិន​ជា​មិន​មាន​អ្វី​ប្រែ​ប្រួល​ទេ​ គេអាច​នឹង​ពិចារណា​បន្ថែម​ទៀត​ទៅ​លើការ​កាត់​បន្ថយបន្ថែម​ ឬ​ការ​ព្យួរ​ទាំង​ស្រុង។ នេះ​ជា​ការ​ព្រួយ​បារម្ភ​របស់​យើង​ដែរ»។

ទោះ​យ៉ាងណា​ លោក​សុខ ឥសាន​ ដែល​ជាសមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជា​ជន​កម្ពុជា​ផង​នោះ លើក​ឡើង​ទៀត​ថាគណបក្ស​ភ្លើង​ទៀន​មាន​ចេតនា​មិន​ចូលរួម​ការ​បោះ​ឆ្នោត​ ព្រោះ​សំឡេង​គាំទ្រ​ខ្លួន​មិន​អាច​យក​ឈ្នះ​គណបក្ស​កាន់​អំណាច​បាន​ទេ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​យល់​ថា​គណបក្ស​នេះ​ ដូច​ជា​មាន​ចេតនា​មិន​ចង់​ចូលរួម​ការ​បោះ​ឆ្នោត​ ពីព្រោះ​ខ្លួន​ដឹង​ថា​ខ្លួន​មិន​ឈ្នះ​ឆ្នោត។ ខ្លួន​បោះឆ្នោត​នៅ​ក្នុង​ឆ្នាំ​២០២២ ខ្លួន​បាន​សំឡេង​តែ​១៨​ភាគរយ​ទេ។ គណបក្ស​ប្រជាជន​បាន​៧៤​ភាគរយ​ ជិត​៧៥​ភាគ​រយ។ អ៊ីចឹង​ ទេ​មិន​អាច​ប្រកួត​ប្រជែង​យក​ឈ្នះ​លើ​គណបក្ស​ប្រជាជន​បាន និង​បាន​កាន់​អំណាច​ទេ។ អ៊ីចឹង​គាត់​ដឹង​ខ្លួន​ស្រេច​ហើយ»។

អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន​ លោក ​គីម សួរភិរិទ្ធ ប្រាប់​វីអូអេ​ថា ​គណបក្ស​ភ្លើង​ទៀន​មាន​បំណង​ចូលរួម​ក្នុងកា​របោះឆ្នោត ព្រោះ​គណបក្ស​បាន​ខិត​ខំ​ដាក់​ឯកសារ​ពាក់​ព័ន្ធ​ទៅ​តាម​ការ​ចង់​បាន​របស់​គ.ជ.ប​ តែ​នៅតែ​ត្រូវ​គ.ជ.ប ច្រាន​ចោល​ការ​ចុះ​បញ្ជី។ ម៉្យាង​ទៀត​លោក​ថា​គណបក្ស​ក៏​បាន​ចូល​រួមការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ផង​ដែរ។


បើ​តាម​អ្នក​នយោបាយ​ចាស់​វស្សា​រូប​នេះ​ គណបក្ស​ភ្លើង​ទៀន​នៅ​បន្ត​ទាម​ទារ​ឱ្យ​ក្រសួង​មហាផ្ទៃ​ផ្តល់​នូវ​ឯកសារ​ចម្លង​បញ្ជាក់​ពី​ការ​ចុះ​បញ្ជី​គណបក្ស​នៅ​ក្រសួង។

លោក​ថ្លែង​ថា៖ «គឺ​ទីមួយ​ យើង​ត្រូវ​តតាំង​តាម​ផ្លូវ​ច្បាប់​ជាមួយ​ក្រសួង​មហាផ្ទៃ ពីព្រោះ​ក្រសួង​មហាផ្ទៃ​និយាយ​ច្បាស់​ហើយ​ថា​យើង​គឺ​ជា​គណបក្ស​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់។ ប៉ុន្តែ​ហេតុអី​បាន​យើង​ទៅ​ចូលរួម​ប្រកួត​មិន​បាន​ គ្រាន់​តែ​ក្រដាស​មួយ​សន្លឹក។ យើង​សុំ​គេ​ឱ្យ​ចម្លង​ ឱ្យ​ធ្វើ​នីត្យានុកូលកម្ម​ឱ្យ​ក៏បាន​ ប៉ុន្តែគេ​ថា​អត់​អាច​ធ្វើ​បាន។ អ៊ីចឹង​យើង​យល់​ហើយ​ អាកន្លែងប៉ុណ្ណឹង។ យើង​បាន​ទាក់​ទង​ បាន​ព្យាយាម​ ប៉ុន្តែ​យើង​មិន​អស់​សង្ឃឹម​ យើង​នៅ​តែ​តតាំង​ទៀត»។

ជុំវិញ​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា​នេះ សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​បាន​សម្រេច​មិន​បញ្ជូន​អ្នកសង្កេតការណ៍​មក​ឃ្លាំមើល​ការ​បោះឆ្នោត​នោះ​ទេ។ ប៉ុន្តែពួកគេ​ចង់​ឃើញ​ប្រទេស​កម្ពុជា​រៀបចំ​ការ​បោះ​ឆ្នោត ដោយ​មាន​លក្ខណៈ​បើក​ចំហ​សម្រាប់​គ្រប់​គណបក្ស​នយោបាយ​ ហើយ​ស្រប​តាម​ស្តង់​ដារអន្តរ​ជាតិ។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ លោក ​ហង្ស​ ពុទ្ធា ប្រាប់​វីអូអេ​ ថា​អវត្តមាន​របស់​គណបក្ស​ភ្លើង​ទៀន ​នឹង​មិន​ប៉ះពាល់​ដល់​ដំណើរ​បោះឆ្នោត​នោះ​ឡើយ​ ហើយ​ការ​រិះគន់​នានា​ក៏​មិន​អាច​ដាក់​សម្ពាធ​លើ​កម្ពុជា​បាន​ដែរ។

លោក​ថ្លែង​ថា៖​ «ប្រទេស​នេះ មាន​ច្បាប់​មាន​ទម្លាប់អ៊ីចឹង​ការ​ឆ្លុះបញ្ចាំង​នៃ​មតិ​ពី​ខាង​ក្រៅ។ វា​ជា​ការ​ឆ្លុះបញ្ចាំង​ដែល​ក្នុង​នាម​គ.ជ.ប​ មាន​ការ​អរគុណ​ដែរ។ ប៉ុន្តែ​គ.ជ.បគឺ​អនុវត្ត​ទៅ​តាម​ច្បាប់​ដែល​មាន​ជា​ធរមាន​ ក្នុង​នោះ​ការ​ចូលរួម​ជា​មតិ​ផ្សេង​ៗ​ ពេល​ខ្លះ​ទៅ​ក៏​ត្រឹម​ត្រូវ​ ពេល​ខ្លះ​ទៅ​ក៏​មិន​ត្រឹមត្រូវ​ផង​ដែរ ​ដោយ​សារយោបល់​មតិ​ពីខាង​ក្រៅ​ គាត់​មិន​ស្ថិត​នៅ​ក្នុង​បញ្ហា​ គាត់​មិន​ស្ថិត​នៅ​ក្នុង​ការ​លម្អិត​ទៅ​លើ​ទិដ្ឋភាព​ច្បាប់​នោះ​ទេ។ អ៊ីចឹង​គាត់​អាច​នឹង​វិភាគដោយ​មាន​ការ​ភាន់​ច្រឡំ​ខ្លះដែរ»។

បើ​តាម​លោក​ហង្ស ពុទ្ធា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ ទទួល​បានអ្នក​សង្កេត​ការណ៍​ក្នុង​ប្រទេស​ចំនួន​៨​ម៉ឺន​នាក់ ដើម្បី​ចូលរួម​ឃ្លាំមើល​ការ​បោះឆ្នោត ហើយ​ប្រទេស​ចំនួន​បី គឺ​បារាំង​ ជប៉ុន និង​រុស្ស៊ី ក៏​បាន​សម្រេច​ដាក់​អ្នក​សង្កេត​ការណ៍​របស់​ពួក​គេ ដើម្បី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ផង​ដែរ៕

XS
SM
MD
LG