ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ឆ្ពោះ​ទៅ​កាន់​​ការ​បោះ​ឆ្នោត ​ដែល​គណបក្ស​កាន់​អំណាច​មិន​មាន​ដៃ​គូ​ប្រកួត​ប្រជែង​ខ្លាំង​​


រូប​ឯកសារ៖ ស្ត្រី​ម្នាក់​ដាក់​សន្លឹក​ឆ្នោត​ចូល​ហិប​ឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​កន្លែង​នៅ​ក្រុងតាខ្មៅ ខេត្ត​កណ្តាល ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨។
រូប​ឯកសារ៖ ស្ត្រី​ម្នាក់​ដាក់​សន្លឹក​ឆ្នោត​ចូល​ហិប​ឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​កន្លែង​នៅ​ក្រុងតាខ្មៅ ខេត្ត​កណ្តាល ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨។

ខណៈ​រដូវ​វស្សា​កំពុង​គ្រប​ដណ្ដប់​ប្រទេស​កម្ពុជា​ ប្រទេស​នេះបាន​ឈាន​ដល់​ចំណុច​ពុះ​កញ្ជ្រោល​មួយ​ទៀត​ក្នុង​ដំណើរ​ប្រជាធិបតេយ្យ​របស់​ខ្លួន។ ​ប្រជាជន​កម្ពុជា​ប្រមាណ​៩,៧​លាន​នាក់​ ឬ​ប្រហែល​៥៥%​នៃ​ចំនួន​ប្រជាជន​ទាំង​អស់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៣ ​ខែ​កក្កដា​ឆ្នាំ​២០២៣។ ​វា​ជា​ការ​បោះ​ឆ្នោត​សកល​ដែល​មិន​មាន​សំឡេង​ជំទាស់​ខ្លាំង​ប្រឆាំង​នឹង​គណ​បក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច។​

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ថ្លែង​ក្នុង​ពិធី​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាល​ពីថ្ងៃទី​ ១ ​ខែ​កក្កដា​ថា​ ការ​រីក​ចម្រើន​របស់​ប្រទេស ​និង​សមិទ្ធផល​ដែល​រដ្ឋាភិបាល​សម្រេច​បាន​រយៈ​ពេល​៥ឆ្នាំ​កន្លង​មក​នោះ ​ អ្នក​បោះឆ្នោត​អាច​សម្រេច​ចិត្ត​ជ្រើស​រើស​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​បន្ត​ដឹកនាំ​ប្រទេស​សម្រាប់​អាណត្តិ​ទី​៧។​

លោក ​ហ៊ុន សែន ថ្លែង​ថា៖ ​«ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ មាន​ជំនឿ​ថា​ បង​ប្អូន​ជន​រួម​ជាតិ​ ដែល​បាន​មើល​ឃើញ​ជាក់​ស្តែង​រួច​ហើយ​នូវ​ការ​រីក​ចម្រើនរបស់​ប្រទេស​កម្ពុជា​ នៅ​ក្នុង​សុខ​សន្តិ​ភាព​ ឯក​រាជ្យ​ ឯកភាព​ អធិបតេយ្យ​ និង​បូរណ​ភាព​ទឹក​ដី​ពេញ​លេញ​បច្ចុប្បន្ន​នេះ​ នឹង​បន្ត​បោះ​ឆ្នោត​គាំទ្រ​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ ឱ្យ​ដឹកនាំ​ប្រទេស​ជាតិ​សម្រាប់​នីតិកាល​ទី​៧​ ជា​បន្ត​ទៀត»។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣។

លោក ​ហ៊ុន សែន ​ដែល​ជា​មេដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​បច្ចុប្បន្ន​ជា​មេ​ដឹក​នាំ​កាន់​អំណាច​យូរ​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក ​បាន​គ្រប់​គ្រង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ ​ដោយ​កណ្តាប់​ដៃ​ដែក​ជិត​៤០​ឆ្នាំ​មក​ហើយ។​ លោក​ ហ៊ុន សែន​ ជា​រឿយៗ​គំរាម​កំហែង​ដល់​សំឡេង​ប្រឆាំង។ ​ចាប់​តាំង​ពីឆ្នាំ​ ២០១៧​មក​ អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ សកម្មជន ​និង​អ្នក​កាសែតជាច្រើន​នាក់​ត្រូវ​បាន​ចាប់​ដាក់​ក្នុង​ពន្ធនាគារ​ ខណៈ​មនុស្ស​ជាច្រើន​នាក់់​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស។​ នេះ​បើ​តាម​អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា។​

នៅ​ថ្ងៃ​ទី​១ ​ខែ​កក្កដា ​គណបក្ស​នយោបាយ​ចំនួន​១៧​បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនា​ការ​ឃោសនា​រក​សំឡេង​ឆ្នោត។ ​គណបក្ស​ភ្លើង​ទៀន​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ប្រកួត​ប្រជែង។ ​គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប)​បាន​និយាយ​ថា​ គណបក្ស​នេះ​បរាជ័យ​ក្នុង​ដំណើរ​ការ​ចុះ​បញ្ជី​របស់​ខ្លួន។ ​អ្នក​គាំទ្រ​របស់​គណបក្ស​នេះជំរុញ​ឱ្យ​ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​បោះ​ឆ្នោត​ ដែល​នាំ​ឱ្យ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ ធ្វើ​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត​របស់​ប្រទេស​ ដោយ​រារាំង​អ្នក​ណា​ដែល​ខក​ខាន​មិន​បានទៅ​បោះ​ឆ្នោត ​គឺ​មិន​ឱ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​អនាគត។​

ទីស្នាក់ការ​កណ្តាល​គណបក្សភ្លើង​ទៀន​ នៅ​ក្នុង​ខណ្ឌសែន​សុខ រាជធានី ភ្នំពេញ​ ថ្ងៃទី​៣ ខែកក្កដា​ ឆ្នាំ​២០២៣។​ (ហ៊ុល រស្មី/វីអូអេ)​
ទីស្នាក់ការ​កណ្តាល​គណបក្សភ្លើង​ទៀន​ នៅ​ក្នុង​ខណ្ឌសែន​សុខ រាជធានី ភ្នំពេញ​ ថ្ងៃទី​៣ ខែកក្កដា​ ឆ្នាំ​២០២៣។​ (ហ៊ុល រស្មី/វីអូអេ)​

អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន​ លោក ​គីម សួរភិរិទ្ធ​ ប្រាប់​វីអូអេ​ថា ​ថ្វីដ្បិត​តែ​ការ​បោះ​ឆ្នោត​ជាតិ​មាន​ការ​ចូលរួម​ពី​គណបក្ស​ច្រើន​ផ្សេងៗ​ទៀត​ក៏ដោយ ​ភាព​វិជ្ជមាន​នៅ​ក្នុង​ការ​បោះឆ្នោត​នោះស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​ច្បាស់​លាស់​ ព្រោះ​គណបក្ស​ជំទាស់​ដែល​មាន​សំឡេង​គាំទ្រ​ជិត​២​លាន​នាក់កាល​ពី​ពេល​បោះ​ឆ្នោត​ឃុំសង្កាត់​ឆ្នាំ​២០២២​មិន​បាន​ចូល​រួម។​

លោកគីម​ សួរភិរិទ្ធ អ្នកនាំពាក្យ​គណបក្ស​ភ្លើង​ទៀន​ ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋអាមេរិក​ (វីអូអេ) នៅ​ទីស្នាក់ការ​កណ្តាល​គណបក្សក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​៣ ខែកក្កដា​ ឆ្នាំ​២០២៣។​(ហ៊ុល រស្មី​/វីអូអេ)
លោកគីម​ សួរភិរិទ្ធ អ្នកនាំពាក្យ​គណបក្ស​ភ្លើង​ទៀន​ ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋអាមេរិក​ (វីអូអេ) នៅ​ទីស្នាក់ការ​កណ្តាល​គណបក្សក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​៣ ខែកក្កដា​ ឆ្នាំ​២០២៣។​(ហ៊ុល រស្មី​/វីអូអេ)

លោក​ប្រាប់​វីអូអេ​ថា៖​ «ខ្ញុំ​មើល​ឃើញ​ថា ការ​បោះឆ្នោត​នេះ​ គឺ​មិន​មែន​អត់​ន័យ​ទេ​ ប៉ុន្តែ មិនសូវ​មាន​ន័យ​ជា​វិជ្ជមាន​ទេ។​ ដូចខ្ញុំ​និយាយ​អម្បាញ​មិញ ​ខាង​ដើម​អ៊ីចឹង​ សម្ល​ហ្នឹង​ មើល​ទៅ​ជា​សម្ល​ ប៉ុន្តែ​វា​អត់​ឆ្ងាញ់​ទេ។ ​សម្ល​គ្រាន់​តែ​ជា​រូប​ភាព​ ឃើញ​សម្ល​ ប៉ុន្តែ​រូប​ភាព​វា​អត់​ឆ្ងាញ់​ទេ។ ​ហើយ​សម្ល​ខ្វះ​រស​ជាតិ​ មិន​បាច់​ខ្វះ​អីច្រើន​ទេ​ ខ្វះ​តែ​អំបិល​ក៏សម្ល​ហ្នឹង​សាប​អត់​ឆ្ងាញ់​ទេ។ ​អ៊ីចឹងទេ​ ខ្លឹម​សារ​ពិត​នៃ​ការ​បោះឆ្នោត​ វា​អត់​ប្រសើរ​ទេ។ ​ល្អ​មើល​តែ​រូបភាព។ អ៊ីចឹងយើង​ក៏​អត់​ចង់​បាន​ល្អ​មើល​តែ​រូបភាព​ទេ។​ យើង​ចង់​បាន​ល្អ​ទាំង​ខ្លឹម​សារ​ទៀត»។​

ដោយ​បាន​បើក​ដំណើរការ​ឡើង​វិញ​ជាង​មួយ​ឆ្នាំ​មុន ​គណបក្ស​ភ្លើង​ទៀន​មាន​សមាសភាព​មន្ត្រី​ និង​បេក្ខជន​មួយ​ចំនួន​ធំ​ ដែល​ជា​សមាជិក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។ ​ដោយ​បានបង្ហាញ​ការ​គំរាម​កំហែង​ដ៏​ធំ​ដល់​គណបក្ស​ប្រជា​ជនក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​នៅ​ឆ្នាំ​២០១៧។​ ប្រធាន​គណបក្ស​នេះ គឺ​លោក ​កឹម សុខា​ ត្រូវ​បាន​ឃុំ​ខ្លួន​រយៈ​ពេល​មួយ​ឆ្នាំ​ មុន​ពេល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ ​ហើយ​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២៧​ឆ្នាំ ​កាល​ពីខែ​មីនា។​

ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​ចំនួន​១២៥​កៅអី​ខាង​មុខ​នេះ​មិន​មាន​គណបក្ស​ជំទាស់​ដែល​មាន​សក្តានុពល​ប្រហាក់​ប្រហែល​ដែល​អាច​តទល់​នឹងគណបក្ស​ប្រជាជន​កម្ពុជា​នោះឡើយ។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​លោក ​អំ សំអាត ​ សង្កេត​ឃើញ​ថា មិន​មាន​គណបក្ស​ដែល​មាន​សក្ដានុពលដែល​អាច​ប្រជែង​នឹង​គណ​បក្ស​កាន់​អំណាច​បាន​ទេ។ ​ដូច្នេះ​លោក​ជឿ​ថា​ លទ្ធផល​បោះឆ្នោត​នឹង​មិន​ខុស​គ្នា​ទេ ​ធៀប​នឹង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ​ដែល​អវត្តមាន​គណបក្ស​សង្រ្គោះ​ជាតិ ​ហើយ​គណបក្ស​កាន់​អំណាច​ឈ្នះ​អាសនៈ​រដ្ឋសភា​ទាំង​១២៥។​

លោក​ប្រាប់​វីអូអេ​ថា៖​ «យើង​មើល​បើ​សក្តានុពល​យើង​សឹង​ថា ​គណបក្ស​កាន់​អំណាច​អាច​នឹង​ទទួល​បាន​អាសនៈ​ស្ទើរ​ទាំង​អស់​ទៅ​ហើយ។ ​ប្រហែល​ជា​មិន​ខុស​ពី​២០១៨។​ បើ​ខុស​ ក៏​ខុស​តិចតួច​ដែរុ។​ អ៊ីចឹង​ ចៀស​មិន​ផុត​ទេ​ ក្រោយ​ការ​បោះ​ឆ្នោត​នឹង​អាច​មាន​ការ​រិះគន់​ទៅ​លើ​បញ្ហា​នយោបាយ​ ឬក៏​រដ្ឋសភា​ ដែល​២០១៨​នោះ​ គឺ​គេ​រិះគន់​ថា​ ​ ​រដ្ឋសភា​ឯក​បក្ស​អី​ជាដើម​ទៅ។ ​ហើយ​ដែល​យើង​មើល​ទៅ​ គេ​រិះ​គន់​ថា​ កាល​ណា​រដ្ឋ​សភា​ឯក​បក្ស ​ វា​អត់​មាន​ check and balance ​(តុល្យភាព​អំណាច​រវាង​អង្គ​នីតិប្រតិបត្តិ ​និង​នីតិ​បញ្ញត្តិ) នៅ​ក្នុង​រដ្ឋសភា។ ​អ៊ីចឹង​ទៅ​ វា​អត់​មាន​ការ​ជជែក​ដេញ​ដោល​ ឬ​ក៏​ការ​ check and balance​ ​គ្នា​ដើម្បី​ ស្វែង​រក​ដំណោះ​ស្រាយ​ដ៏​ល្អ​ណា​មួយសម្រាប់​គណបក្ស​នយោបាយ»។​

លោក ​ជា ភារម្យលីន ​អាយុ​២៩​ឆ្នាំ​ ជា​យុវជន​ដែល​បាន​ចូលរួម​កាល​បោះ​ឆ្នោត​មុនៗ​ យល់​ថា ​ការ​បោះ​ឆ្នោត​លើក​នេះ​មិន​មាន​ដៃគូ​ប្រជែង​ស្រួច​ស្រាល់​ជាមួយ​គណបក្ស​កាន់​អំណាច​ឡើយ។​

លោក​ថ្លែង​ថា៖ ​«បើ​សម្រាប់​ខ្ញុំ ​វា​ពិបាក​ទទួល​យក​ដែរ ព្រោះ​អី​ធ្លាប់​តែ​មាន​បក្ស​២​ ធ្លាប់​តែ​ប្រឆាំង​គ្នា ​ដល់​ពេល​ឥឡូវ​ ដូច​ជា​អត់​មាន​អ៊ីចឹង​ ព្រោះ​អី​ឃើញ​រាល់​ថ្ងៃ​មាន​តែ​មួយ​ អ៊ីចឹង»។​

ទើប​តែ​ដល់​អាយុ​ត្រូវ​បោះ​ឆ្នោត ​យុវតី​ម្នាក់ ​កញ្ញា ពៅស៊ីង អឺ ​និយាយ​ថា​ នាង​ទន្ទឹង​រង់​ចាំ​យូរ​ហើយ​សម្រាប់​ការ​ចូល​រួម​បោះ​ឆ្នោត​ ដែល​នាងនឹង​បោះ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ ព្រោះ​នាងមើល​ឃើញ​ភាព​ចម្រើន​របស់​ប្រទេស​ក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។​

កញ្ញា​ថ្លែង​ថា៖ ​«នាង​ខ្ញុំ​ គាំទ្រ​សម្តេច ​ហ៊ុន សែន​ លោក​តា ​ហ៊ុន សែន។​ តាំង​ពី​ដំបូង​ឡើយ​មក​ ចូល​ចិត្ត​ស្រឡាញ់​គាត់​ ដូច​លោក​តា​បង្កើត​ អ៊ីចឹង»។​

លោក​ទិ អ៊ីមស៊ាន អាយុ ៥១​ឆ្នាំ​ អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ជាមួយ សំឡេង​សហរដ្ឋ​អាមេរិក​ (វីអូអ) នៅរាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៣ ខែកក្កដា​ ឆ្នាំ​២០២៣។​ (ហ៊ុល រស្មី/វីអូអេ)​
លោក​ទិ អ៊ីមស៊ាន អាយុ ៥១​ឆ្នាំ​ អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ជាមួយ សំឡេង​សហរដ្ឋ​អាមេរិក​ (វីអូអ) នៅរាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៣ ខែកក្កដា​ ឆ្នាំ​២០២៣។​ (ហ៊ុល រស្មី/វីអូអេ)​

ចំណែក​លោក​ ទិ អ៊ីមស៊ាន អាយុ​៥១​ឆ្នាំ​ មើល​ឃើញ​ថា ​គណបក្ស​កាន់​អំណាច​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​នេះ។​

លោក​ថ្លែង​ថា៖ ​«ការ​ឈ្នះ​ឆ្នោត​ ដូច​ខ្ញុំ​សង្កេត​មើល​ទៅ ក្នុង​អាណត្តិ​ហ្នឹង​ មានន័យ​ថា ​គណ​បក្ស​ប្រជាជន​ដែល​គាត់​នឹង​ឈ្នះ​១០០​ភាគ​រយ​តែហ្មង ​ដោយ​សារ​ការ​ដឹក​នាំ​របស់​សម្តេច​ពុក។ ​គាត់​ធ្វើ​ល្អ​រាល់​ថ្ងៃ។​ គាត់​មាន​ការ​អភិវឌ្ឍ​ជឿន​លឿន។​ និយាយ​រួម ​ប្រជា​ជន​ពេញ​ចិត្ត​នឹង​គាត់»។​

ទោះ​មាន​ការ​លើក​ឡើង​អំពី​ភាព​វិជ្ជមាន​សម្រាប់​ការ​បោះឆ្នោត​ជាតិ​លើក​នេះ​ក្តី​ ក៏​អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន​ លោក​ គីម សួរភិរិទ្ធ យល់​ថា ​អវត្តមាន​របស់​គណ​បក្ស​ភ្លើង​ទៀន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នឹង​ធ្វើ​ឱ្យ​អ្នក​បោះ​ឆ្នោត​ខ្វះ​ការ​ជឿ​ជាក់​លើ​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​យក​តំណាង​ដែល​ខ្លួន​ពេញ​ចិត្ត។​

លោក​បន្ថែម​ថា៖ ​«មានន័យ​ថា​ ​ការ​បោះ​ឆ្នោត​នេះ​ ផាត់​តែ​គណបក្ស​ភ្លើង​ទៀន​មួយ​ចេញ​ គឺ​ធ្វើ​ឱ្យ​អ្នក​បោះឆ្នោត​ខ្វះ​ជំនឿ​ទុក​ចិត្ត​ចំពោះ​អនាគត​ខ្លួន​ឯង»។​

អ្នក​នំាពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ លោក ​ហង្ស ពុទ្ធា​ លើក​ឡើង​ថា​ ការ​ធ្វើ​អត្ថាធិប្បាយ​របស់​គណបក្ស​ភ្លើង​ទៀន​ គ្រាន់​តែ​ជា​ការ​បញ្ចេញ​យោបល់​តាម​បែប​នយោបាយ​ ហើយ​បើ​គណបក្ស​នេះ​ចង់​ចូល​រួម​ការ​បោះឆ្នោត​លើក​ក្រោយ​ទៀត​នោះ​ គណបក្ស​ចាំបាច់​ត្រូវ​រៀបចំ​ឯកសារ​ឱ្យ​បាន​ត្រឹមត្រូវ ​ស្រប​ទៅ​តាម​តម្រូវ​ការ​របស់​គ.ជ.ប។

ទីស្នាក់ការ​កណ្តាលគណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​ (គ.ជ.ប) ថ្ងៃទី​៤ ខែកក្កដា​ ឆ្នាំ​ ២០២៣។ (ហ៊ុល រស្មី/វីអូអេ)​
ទីស្នាក់ការ​កណ្តាលគណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត​ (គ.ជ.ប) ថ្ងៃទី​៤ ខែកក្កដា​ ឆ្នាំ​ ២០២៣។ (ហ៊ុល រស្មី/វីអូអេ)​

លោក​ថ្លែង​ថា៖​ «នេះ​គ្រាន់តែ​ជា​ការ​លើក​ឡើង​តាម​បែប​នយោបាយ​ ហើយ​ខ្ញុំ​អាច​លើក​ជា​សំណួរ​ឡើង​វិញ​ថា​ ពីមុន​មក​ តើ​គណបក្ស​ភ្លើង​ទៀន​ធ្លាប់​និយាយ​ពី​រឿង​ល្អ​ស្អី​ខ្លះ​ ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​នេះ។ ​អ៊ីចឹង​នេះ​គ្រាន់​តែ​ជា​សំណួរ​ទេ។​ ខ្ញុំ​អត់​ត្រូវ​ការ​ចម្លើយ​មក​វិញ​ទេ។​ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ គ.ជ.ប​ មាន​តួនាទី​ក្នុង​ការ​អនុវត្ត​ច្បាប់។ ​អ៊ីចឹង​បើ​សិន​ជាគណបក្ស​ភ្លើង​ទៀន​ លោក​លើក​នេះ​អត់​បាន​ចូល​រួម​ លោក​អាច​រៀប​ឯកសារ​ឱ្យ​ហើយ​ទៅ។ ​ឯកសារ​ដែល​បាត់​ហ្នឹង ស្នើ​សុំ​ធ្វើ​ទុតិយតា​អីទៅ​ អាច​ធ្វើ​បាន​សម្រាប់​ការ​ត្រៀម​លក្ខណៈ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ»។​

លោក ​ហ៊ុន សែន ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​រៀប​ចំ​ផែន​ការ​ចាក​ចេញ​ពី​អាជីព​នយោបាយ​របស់​លោក។ ​លោក​ប្រកាស​ថា​ លោក​នឹង​ចុះ​ចេញ​ពី​តំណែង​នៅ​ឆ្នាំ​២០២៨ ​ហើយ​កូន​ប្រុស​លោក​គឺ​លោក​ ហ៊ុន ម៉ាណែ​ត ដែល​បញ្ចប់​ការ​សិក្សា​នៅ​សាលា​យោធា ​West Point ​របស់​សហរដ្ឋ​អាមេរិក​ ហើយបច្ចុប្បន្ន​ជា​ប្រមុខ​កងទ័ព​ជើងគោកកម្ពុជា​ ​នឹង​ចូល​កាន់​តំណែង​បន្ត។ ​លោក ​ហ៊ុន ម៉ាណែត​ កំពុង​ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​នេះ ​ហើយ​អាច​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី ​ប្រសិន​បើគណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការ​បោះ​ឆ្នោត។​

នៅ​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ​កសិករ​មួយ​ចំនួន​មើល​ឃើញ​ស្ថាន​ភាព​លំបាក ​ពាក់​ព័ន្ធ​ទីផ្សារ​កសិផល​ និង​ភាព​រាំងស្ងួត ​ដែល​ពួកគេ​ស្នើ​ឱ្យរដ្ឋាភិបាល​អាណត្តិ​ក្រោយ​គួរ​យក​ចិត្ត​ទុក​ឱ្យ​បាន​ច្រើន​លើ​ទីផ្សារ​ស្រូវ ​និង​កសិផល​ផ្សេង​ទៀត។​

លោក ​មឿន រឿន កសិករ​រស់​នៅក្នុងឃុំវិហារ​សួគ៌​ ខេត្តកណ្តាល​ ថ្ងៃទី​២ ខែ កក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ​)​
លោក ​មឿន រឿន កសិករ​រស់​នៅក្នុងឃុំវិហារ​សួគ៌​ ខេត្តកណ្តាល​ ថ្ងៃទី​២ ខែ កក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ​)​

លោក ​មឿន រឿន​ កសិករ​រស់​នៅ​ក្នុង​ឃុំ​វិហារ​សួគ៌​ នៅ​ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​ ប្រាប់​វីអូអេ​ថា​ កសិករ​នៅ​បន្ត​រង​គ្រោះ​ពី​ការ​ធ្លាក់​ចុះតម្លៃ​ស្រូវ​ ដោយ​សារ​តែ​ឈ្មួញ​កណ្តាល​ជា​អ្នក​កំណត់។​

លោក​ថ្លែង​ថា៖ ​«ចង់​បាន​ដូច​ថា ​ឱ្យ​លោក​គាត់​ដាក់​គោល​នយោបាយ​មក​ថា​ ស្រូវ​ឆ្នាំ​ហ្នឹង​ឱ្យ​បាន​១​ពាន់​ ​គឺ​១​ពាន់​តែហ្មង​ ហើយ​ឈូក​ ១​គីឡូ ៧​ពាន់ ​គឺ​ឱ្យ​បាន​៧​ពាន់​ ហ្មង​ទៅ!​ មិនបាច់​ចុះ​ មិនបាច់ឡើង។​ ត្រឹមហ្នឹង​ហ្មង​ទៅ!​ ចុះ​ឡើង ពិបាក​ទទួល​យក​....​ចំណេញ​ឈ្មួញ​កណ្តាល។​ ជី ​ប្រេង​ ថ្នាំ​ គឺ​ថេរ​ ប្រឈម​មុខ​នឹ​ង​ថ្លៃ​ រី​ឯ​របស់​កសិករ​ប្រឈម​មុខ​នឹង​ថោក»។

កសិករក្នុងស្រុក​ខ្សាច់​កណ្តាល​ ខេត្តកណ្តាល​លោក​ជ្រួន​ វែង​ ថ្លែង​ជាមួយ​សំឡេងសហរដ្ឋ​អាមេរិក​ (វីអូអេ)​ ថ្ងៃទី​ ២ ខែកក្កដា​ ឆ្នាំ​ ២០២៣។ (ហ៊ុល រស្មី/វីអូអេ​)​
កសិករក្នុងស្រុក​ខ្សាច់​កណ្តាល​ ខេត្តកណ្តាល​លោក​ជ្រួន​ វែង​ ថ្លែង​ជាមួយ​សំឡេងសហរដ្ឋ​អាមេរិក​ (វីអូអេ)​ ថ្ងៃទី​ ២ ខែកក្កដា​ ឆ្នាំ​ ២០២៣។ (ហ៊ុល រស្មី/វីអូអេ​)​

ស្រដៀង​គ្នា​នេះ​ដែរ​ ​លោក ​ជ្រួន វែង​ បារម្ភ​អំពី​ការ​ធ្លាក់​ថ្លៃ​ស្រូវ​ ខណៈ​តម្លៃ​ប្រេង​បូម​ទឹក​កើន​ឡើង។ ​លោក​ថា ​បញ្ហា​អាកាសធាតុ​ប្រែប្រួលបាន​បន្ថែម​បន្ទុក​លើ​កសិករ​រឿង​ចំណាយ​ថ្លៃ​ទិញ​ប្រេង​មក​បូម​ទឹក​បញ្ចូល​ស្រែ។ ​ហេតុ​នេះ​បើ​សិន​ជា​រដ្ឋាភិបាល​គិត​គូរ​អំពី​ការ​ពង្រីក​ប្រព័ន្ធ​ធារាសាស្ត្រ​ក្នុង​តំបន់ដែល​លោក​រស់​នៅ ​នោះ​កសិករ​នឹង​បាន​ធូរ​ស្រាល​បន្តិច​ចំពោះ​ការ​ចំណាយ​លើ​ថ្លៃ​ប្រេង។​

លោក​ថ្លែង​ថា៖ ​«ជួយ​បាទ!​ បើ​ជួយ​បាន​ អរគុណ! ​សព្វថ្ងៃ​អត់​មាន​ប្រភព​ទឹក​ រួច​កម្ដៅ​ក្តៅអ៊ីចឹង។ ​មាន​ប្រភព​ទឹក​ វា​មិន​សូវចុះ​ប្រេង​ទេ​ ដល់​អត់​មាន​ប្រភព​ទឹក​ យើង​មាន​តែ​បូម​អ៊ីចឹង»។​ ​

កសិករ​ទាំង​ពីរ​នាក់​លើក​ឡើង​ថា ​ពួក​គាត់​នឹង​ទៅ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​២៣ ​ខែ​កក្កដា​ខាង​មុខ ​ប៉ុន្តែត្រង់​បោះ​ឱ្យ​គណបក្ស​ណា​នោះ ​ពួក​គាត់​មិន​អាច​ឱ្យ​ដឹង​បាន​ទេ៕​

XS
SM
MD
LG