គណៈកម្មការប្រឹក្សាការងារ (Labor Advisory Commission) ដែលមានភាគីនិយោជក សហជីព និងរដ្ឋាភិបាល បានបោះឆ្នោតជាឯកច្ឆន្ទកំណត់យកប្រាក់ឈ្នួលអប្បបរមាចំនួន១៦៥ដុល្លារ ហើយដោយមានការបន្ថែមពីភាគីរដ្ឋាភិបាលចំនួន៥ដុល្លារ ធ្វើឲ្យប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៨ បានកើនដល់ចំនួន ១៧០ដុល្លារ ក្នុងមួយខែ។
ក្រោយការបោះឆ្នោតសម្រេចជាឯកច្ឆ័ន្ទយកប្រាក់ឈ្នួលអប្បបរមាចំនួន១៧០ដុល្លារនោះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលជីវៈ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឧបត្ថម្ភចំនួន៥ដុល្លារទៅលើការសម្រេចរបស់គណៈកម្មការប្រឹក្សាការងារ ដែលបានកំណត់យកប្រាក់ឈ្នួលអប្បបរមាចំនួន១៦៥ដុល្លារ។ លោក មានប្រសាសន៍ថា ជាមួយការដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មីនេះ ស្ថានភាពរស់នៅរបស់កម្មករក្នុងឧស្សាហកម្មកាត់ដេរនឹងមានភាពប្រសើរជាងមុន។
«សម្តេចតេជោ នាយករដ្ឋមន្ត្រីលោកបានសម្រេចផ្តល់បន្ថែម៥ដុល្លារ។ អីចឹងទេ ប្រាក់ឈ្នួលអប្បបរមាសម្រាប់បងប្អូនកម្មករ និយោជិត ផ្នែកវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ឆ្នាំ២០១៨ គឺ១៧០ដុល្លារសហរដ្ឋអាមេរិក។ នេះគឺប្រាក់ឈ្នួលអប្បបរមា»។
លោក អ៊ិត សំហេង បានបញ្ជាក់ឲ្យដឹងទៀតថា កម្មករក៏នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមទៀត ដែលរួមមាន ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន១០ដុល្លារ ប្រាក់ឧបត្ថម្ភស្នាក់នៅ និងធ្វើដំណើរ ចំនួន៧ដុល្លារ និងក្នុងមួយឆ្នាំកម្មករ ដែលមានអតីតភាពការងារចាប់ពីពីរឆ្នាំឡើងទៅ នឹងទទួលបានប្រាក់ចំនួន២ដុល្លារទៀត ហើយប្រាក់អតីតភាពការងារនេះក៏នឹងបន្តកើនឡើងទៅឆ្នាំបន្តបន្ទាប់។
មុនឆ្នាំ២០១៣ ប្រាក់ឈ្នួលអប្បបរមារបស់កម្មកររោងចក្រមានចំនួន១០០ដុល្លារអាមេរិក ប៉ុន្តែប្រាក់ឈ្នួលបានកើនឡើង បន្ទាប់ពីមានការធ្វើបាតុកម្មទាំងហិង្សា និងអហិង្សា ជាបន្តបន្ទាប់។ កាលពីដើមឆ្នាំ២០១៤កន្លងទៅ បាតុកម្មទាមការដំឡើងប្រាក់ឈ្នួលអហិង្សាមួយក្បែរផ្លូវវេងស្រេងត្រូវបានបង្ក្រាបដោយកម្លាំងកងទ័ព៩១១ដែលជិតដិតនឹងលោក ហ៊ុន សែន បណ្តាលឱ្យកម្មករយ៉ាងហោចណាស់៥នាក់ស្លាប់ និងរងរបួសជាច្រើននាក់ផ្សេងទៀត។
ក្រោយពីការចរចានៅឆ្នាំ២០១៤ និង២០១៥ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករត្រូវបានដំឡើងមួយកម្រិតទៀត គឺពី១២៨ដុល្លារដល់១៤០ដុល្លារ ប៉ុន្តែកម្មករនៅតែបន្តចាយវាយត្បិតត្បៀត តាមរយៈការបរិភោគអាហារគ្មានជីវជាតិគ្រប់គ្រាន់ និងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនហួសចំណុះ ដែលជារឿយៗបណ្តាលឲ្យមានគ្រោះថ្នាក់ និងស្លាប់បាត់បង់ជីវិត។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ការដំឡើងប្រាក់ឈ្នួលចំនួន១៧០ដុល្លារ ជាការសម្រេចមួយ ដែលគិតទៅដល់ការធ្វើបាតុកម្មកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ ២០១៤។ លោកថា ការបោះឆ្នោតឆ្នាំ២០១៨នេះក៏ជាផ្នែកមួយនៃការដំឡើងប្រាក់ឈ្នួលអប្បបរមានេះផងដែរ។
យ៉ាងណាក៏ដោយ លោកថា ប្រាក់ឈ្នួលចំនួន១៧០ដុល្លារនេះជាចំនួនដែលច្រើនល្មម ទោះមិនទាន់គ្រប់គ្រាន់សម្រាប់កម្មករក្តី។ ដោយហេតុថា ការដំឡើងប្រាក់ឈ្នួលនេះធ្វើឡើងក្នុងពេលដែលកម្ពុជាធ្លាក់ក្នុងវិបត្តិនយោបាយដ៏ស្រួចស្រាវ ជាពិសេសបញ្ហារកាំរកូសក្នុងទំនាក់ទំនងកម្ពុជាជាមួយបស្ចឹមប្រទេស លោក អាត់ ធន់ បានអំពាវនាវឲ្យអ្នកនយោបាយខ្មែរស្វែងរកច្រកបញ្ចប់ជម្លោះ និងស្តារទំនាក់ទំនងកម្ពុជាជាមួយប្រទេសលោកខាងលិចឡើងវិញ ប្រយោជន៍ដើម្បីរក្សាសិ្ថរភាពក្នុងឧស្សហកម្មកាត់នេះកម្ពុជា។
«ជាការណ៍ពិតៗ ទោះបីជាយើងបានដោះស្រាយបញ្ហាហ្នឹងមែន ប៉ុន្តែបើស្ថានភាពនយោបាយមានបញ្ហារហូតដល់ ជាឧបសគ្គដល់ការនាំចេញ ខ្ញុំគិតថា វាមិនល្អទេ។ អីចឹង អ្នកនយោបាយគួរតែជជែកគ្នាដើម្បីដោះស្រាយ ឲ្យបញ្ហាធូរស្រាលមកវិញ ហើយគ្មានការគំរាមកំហែងអំពីការ ដូចថា អាចនឹងពិភាក្សានូវការមិនបន្តធ្វើសេដ្ឋកិច្ចជាមួយគ្នា អាហ្នឹងជាឧបសគ្គធំ។ ប៉ុន្តែបើសិនជាដំណើរការជាប្រក្រតី ខ្ញុំគិតថា វាជារឿងមួយល្អ»។
នៅក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ចំនួន ១៧០ដុល្លារនេះ រដ្ឋាភិបាលកម្ពុជាបានប៉ះប៉ូវដល់ភាគីថៅកែរោងចក្រ ដោយរដ្ឋាភិបាលនឹងពន្យារសុពលភាពការព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណេញរបស់រោងចក្រវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងកាបូបរយៈពេលប្រាំឆ្នាំ (ឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២) និងលុបកម្រៃគ្រប់គ្រងការនាំចេញ (Export Management Fee) នៅក្រសួងពាណិជ្ជកម្ម។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលបានចូលរួមក្នុងការបោះឆ្នោតកំណត់ប្រាក់ឈ្នួលអប្បបរមាថ្មី ដែលធ្វើឡើងនៅក្រសួងការងារ នាថ្ងៃព្រហស្បតិ៍នេះ បានប្រាប់ VOA តាមទូរសព្ទថា និយោជកនឹងមានការលំបាកក្នុងការចំណាយលើថ្លៃផលិតកម្ម ក្រោយការដំឡើងប្រាក់ឈ្នួលថ្មីនេះ។ តែលោកថា ដោយសាររដ្ឋាភិបាលបានលុបចោលកម្រៃគ្រប់គ្រងការនាំចេញ ដូច្នេះនិយោជកមិនជំទាស់នឹងប្រាក់ឈ្នួលថ្មីនេះទេ។
«អាហ្នឹងមានន័យថា ពេលដែលឡើងប្រាក់អប្បបរមា ពិបាកត្រូវតែមានហើយ ប៉ុន្តែយើងចង់បញ្ជាក់ថា គួរអរគុណទៅរដ្ឋាភិបាល សម្តេច ហ៊ុន សែន ថា បានគិតគូរដល់និយោជក បានលុបចោល EMF (Export Management Fee)»។
ឧស្សាហកម្មកាត់ដេរកម្ពុជាបានផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរ ជាស្ត្រីប្រមាណ៧០០.០០០នាក់។ យោងតាមតួលេខចុងក្រោយរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា កម្ពុជាបាននាំចេញសម្លៀកបំពាក់ទៅបរទេសគិតជាទឹកប្រាក់ប្រមាណជាង ៦ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៦ កន្លងទៅ។
នៅមុនការប្រកាសដំឡើងប្រាក់ឈ្នួលអប្បបរមានៅថ្ងៃព្រហស្បតិ៍ដដែលនេះ លោក នាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវគេសង្កេតឃើញថា បានចុះជួបកម្មករនៅតាមរោងចក្រ រយៈពេលច្រើនសប្តាហ៍មកនេះ ដើម្បីស្វែងយល់ពីផលវិបាកនានារបស់កម្មករ និងថៅកែរោងចក្រ។ ក្នុងជំនួបជាមួយកម្មករនៅរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន ក៏បានអំពាវនាវដល់ម្ចាស់រោងចក្រក្នុងឧស្សាហកម្មកាត់ដេរ ឲ្យបញ្ឈប់ការប្រើប្រាស់កិច្ចសន្យាការងាររយៈពេលខ្លីៗ ដែលជាក្តីបារម្ភរបស់កម្មករ និងក្រុមសហជីព ដែលមិនរណបនឹងនិយោជក។
តាមការគ្រោងទុករបស់រដ្ឋាភិបាល ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករក្នុងឧស្សាហកម្មកាត់ដេរ ដែលត្រូវបានកំណត់ចំនួន១៧០ដុល្លារនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨តទៅ៕