ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​សម្ពោធ​វិមាន​រដ្ឋធម្មនុញ្ញ​នៅចំ​ថ្ងៃ​ខួប​៣១ឆ្នាំ​នៃ​ការ​ប្រកាស​រដ្ឋធម្មនុញ្ញ


វិមានរដ្ឋធម្មនុញ្ញត្រូវបានសម្ពោធ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ (Facebook / Samdech Thipadei Hun Manet, Prime Minister of Cambodia)
វិមានរដ្ឋធម្មនុញ្ញត្រូវបានសម្ពោធ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ (Facebook / Samdech Thipadei Hun Manet, Prime Minister of Cambodia)

នៅ​ចំ​ថ្ងៃ​ខួប​ ៣១ ​ឆ្នាំ​នៃ​ការ​ប្រកាស​ឱ្យ​ប្រើប្រាស់​រដ្ឋ​ធម្មនុញ្ញ​ រដ្ឋាភិបាល​កម្ពុជា ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​សម្ពោធ​វិមាន​រដ្ឋ​ធម្មនុញ្ញ​ដើម្បី​ជា​ការ​រំឭក​ដល់​ការ​បង្កើត​រដ្ឋ​ធម្មនុញ្ញ​ដែល​មាន​អាយុ​កាល​យូរ​ជាង​គេ​នៅ​កម្ពុជា។​

ថ្លែង​នៅ​ក្នុង​ព្រះ​រាជពិធី​សម្ពោធ​វិមាន​រដ្ឋ​ធម្មនុញ្ញ ​នា​ថ្ងៃ​ទី​ ២៤​ ខែ​កញ្ញា​ ឆ្នាំ​ ២០២៤​ នេះ ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​លោក​ អ៊ឹម ឈុនលឹម​ ថ្លែង​ថា ​ជិត​ ៨ ​ទសវត្សរ៍​ហើយ​ ដែល​កម្ពុជា​មិន​ធ្លាប់​បាន​កសាង​វិមាន​អនុស្សាវរីយ៍​ដើម្បី​ជា​និមិត្តរូប​ និង​ជា​ទី​សម្រាប់​អបអរ​រដ្ឋ​ធម្មនុញ្ញ​នៅ​ឡើយ។​

លោក​បន្ត​ថា​ កម្ពុជា​បាន​នឹង​កំពុង​បោះ​ជំហាន​ទៅ​មុខ​ សម្រេច​បាន​សមិទ្ធ​ផល​ធម្មនុញ្ញ​គួរ​កត់​សម្គាល់ ​គឺ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព​ពេញ​បរិបូរណ៍​ មាន​ឯកភាព​ជាតិ​ ឯកភាព​ទឹកដី​ ក្រោម​រដ្ឋ​ធម្មនុញ្ញ​តែមួយ​ ព្រះ​មហា​ក្សត្រ​តែ​មួយ​ព្រះអង្គ​ និង​រាជ​រដ្ឋាភិបាល​តែ​មួយ។​

លោក​ថ្លែង​ថា៖​ «លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​បាន​នឹង​កំពុង​ចាក់​ឫស​ក្នុង​វប្បធម៌​សង្គម​នយោបាយ​របស់​កម្ពុជា​ ពិសេស​ក្នុង​ស្រទាប់​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​ ប្រកប​ដោយ​វឌ្ឍន​ភាព​ និង​ភាព​ទន់ភ្លន់​ ស្រប​តាម​បរិបទ​នៃ​សង្គម​ខ្មែរ​ ដែល​មាន​ខឿន​អរិយ​ធម៌​ និង​ទំនៀម​ទម្លាប់​ ប្រពៃណី​ល្អ ​តាំង​ពី​បុរាណ​កាល​មក»។​

បើ​តាម​លោក​ អ៊ឹម ឈុនលឹម ​វិមាន​រដ្ឋ​ធម្មនុញ្ញ​ត្រូវ​បាន​កសាង​ដោយ​ចំណាយ​ពេល​អស់ ​១៤ ​ខែ​ និង​ថវិកា​ចំនួន​ ២.២៣៨.៨៤៧​ដុល្លារ​អាមេរិក។​

គិត​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៣ ​មក​ ក្រោយ​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​ចាក​ចេញ​ឆ្ងាយ​ពី​សង្គ្រាម​ និង​ត្រឡប់​មក​សន្តិភាព​វិញ​ មាន​ការ​តាក់​តែង​រដ្ឋ​ធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​ក្នុង​ប្រទេស​ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​អង្គការ​សហ​ប្រជាជាតិ។ ​រដ្ឋ​ធម្មនុញ្ញ​ដែល​មាន​អាយុ​កាល ​៣១ ​ឆ្នាំ​នេះ​ បាន​កំណត់​មាគ៌ា​និង​ប្រព័ន្ធ​នយោបាយ​របស់​កម្ពុជា​ស្រប​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សេរី​ពហុបក្ស។​ ច្បាប់​នេះ​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២៤​ ខែ​កញ្ញា​ ឆ្នាំ​ ១៩៩៣។​

ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី ​មាន​ព្រះ​រាជ​បន្ទូល​នៅ​ក្នុង​ពិធី​សម្ពោធ​វិមាន​រដ្ឋ​ធម្មនុញ្ញ​ថា ​នៅ​ថ្ងៃនេះ​ត្រូវ​ជា​ខួប ​៣១ ​ឆ្នាំ ​ដែល​ប្រជាជាតិ​កម្ពុជា​កំពុង​ប្រារព្ធ​ព្រះ​រាជ​ពិធី​សម្ពោធ​វិមាន​រដ្ឋ​ធម្មនុញ្ញ​ ដែល​ជាការ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ប្រជាជាតិ​ខ្មែរ​មាន​ឆន្ទៈ​គោរព​ ការពារ​លើក​តម្កើង​ និង​ប្រតិបត្តិ​តាម​រដ្ឋ​ធម្មនុញ្ញ​ ជា​ច្បាប់​កំពូល​របស់​ជាតិ។​

ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ មាន​ព្រះរាជ​បន្ទូល​ថា៖ ​«ជា​សច្ច​ធម៌​មិន​អាច​ប្រកែក​បាន​ រយៈពេល​ជាង​ ៣០ ​ឆ្នាំ​នៃ​ការ​អនុវត្ត​រដ្ឋ​ធម្មនុញ្ញ​ ព្រះ​រាជាណាចក្រ​កម្ពុជា​មាន​សុខ​សន្តិភាព​ និង​ឯកភាព​ជាតិ​ អាស្រ័យ​ដោយ​មាន​នយោបាយ​ឈ្នះ-ឈ្នះ ​ដែល​ត្រូវ​បាន​ដាក់​ចេញ​ និង​ដឹកនាំ​អនុវត្ត​ផ្ទាល់​ ប្រកប​ដោយ​ភាព​ប៉ិន​ប្រសប់​ ឈ្លាស​វៃ ​ដ៏​ឆ្នើម​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន»។​

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​លោក​ ឯម សុវណ្ណារ៉ា ប្រាប់​វីអូអេ​ថា​ វិមាន​រដ្ឋ​ធម្មនុញ្ញ​គឺ​ល្អ​បាន​តែ​រូប​ភាព​ ខណៈ​ខ្លឹម​សារ​គឺ​មិន​ទាន់​បាន​អនុវត្ត​ពេញលេញ​នៅ​ឡើយ​ទេ​ក្នុង​រយៈពេល​ជាង​ ៣០ ​ឆ្នាំ​មក​នេះ។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​ខ្ញុំ​ក៏​ចង់​ឧទ្ទិស​នៅថ្ងៃ​សម្ពោធ​វិមាន​រដ្ឋ​ធម្មនុញ្ញ​ហ្នឹង​ឱ្យ​ជា​សញ្ញា​នៃ​ការ​រំឭក​ដល់​អ្នក​នយោបាយ​ហ្នឹង​ គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​ខ្លឹមសារ​នៃ​រដ្ឋ​ធម្មនុញ្ញ​ ត្រូវ​បាន​អនុវត្ត​ពេញ​លេញ​ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​នៃ​ការ​អនុវត្ត​ច្បាប់»។​

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​លោក​ សេង វណ្ណលី ​យល់​ថា​ ការ​ធ្វើ​វិមាន​រដ្ឋ​ធម្មនុញ្ញ​នេះ​ រដ្ឋាភិបាល​ចង់​បង្ហាញ​ថា​ កម្ពុជា​គោរព​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​ប្រកាន់​ខ្ជាប់​ទៅ​តាម​ស្មារតី​ និង​ខ្លឹមសារ​រដ្ឋ​ធម្មនុញ្ញ។​ ទោះជា​យ៉ាង​ណាលោក​ថា​ ខណៈ​រដ្ឋាភិបាល​ប្រទេស​នានា​ក្នុង​ពិភពលោក​កំពុង​តែ​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា​ជាតិ​ រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​បង្កើន​ការ​សន្សំ​សំចៃ​ ហើយ​យក​ថវិកា​ជាតិ​ទាំង​នោះ​ទៅ​ធ្វើ​រឿង​ដែល​ជា​អាទិភាព​ និង​ជា​សេចក្តី​ត្រូវ​ការ​ចាំបាច់​របស់​ប្រជា​ពលរដ្ឋ​ ដូច​ជា​ការ​បង្កើន​គុណភាព​អប់​រំ​ជាដើម៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG