ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ ៣១ឆ្នាំ​នៃ​ការ​ប្រកាស​រដ្ឋធម្មនុញ្ញ កម្ពុជា​នៅតែ​មិនទាន់​អនុវត្ត​បាន​ពេញលេញ


រូបឯកសារ៖ សកម្មជនសិទ្ធិមនុស្សរៀបចំតាំងជញ្ជីងយុត្តិធម៌ ក្នុងកម្មវិធីដើរហែក្បួនមួយដើម្បីអបអរសាទរខួប៧៥ឆ្នាំនៃទិវាសិទ្ធិមនុស្សអន្តរជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ សកម្មជនសិទ្ធិមនុស្សរៀបចំតាំងជញ្ជីងយុត្តិធម៌ ក្នុងកម្មវិធីដើរហែក្បួនមួយដើម្បីអបអរសាទរខួប៧៥ឆ្នាំនៃទិវាសិទ្ធិមនុស្សអន្តរជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។

ខណៈ​ខួប​ទី ​៣១ ​នៃការ​បង្កើត​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ជិត​ចូល​មក​ដល់​ អ្នក​តាមដាន​មើល​ឃើញ​ថា ​រដ្ឋាភិបាល​កម្ពុជា​នៅ​មិនទាន់​អនុវត្តបាន​ពេញលេញ​តាម​រដ្ឋ​ធម្មនុញ្ញ​នៅ​ឡើយ​ទេ​ ជា​ពិសេស​ពាក់​ព័ន្ធ​ការ​លើក​ស្ទួយ​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ។​

គិត​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៣ ​មក​ ក្រោយ​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​ចាក​ចេញ​ឆ្ងាយ​ពី​សង្គ្រាម​ និង​ត្រឡប់​មក​សន្តិភាព​វិញ​ មាន​ការ​តាក់​តែង​រដ្ឋ​ធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​ក្នុង​ប្រទេស​ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​អង្គការ​សហ​ប្រជាជាតិ។ ​រដ្ឋ​ធម្មនុញ្ញ​ដែល​មាន​អាយុ​កាល ​៣១ ​ឆ្នាំ​នេះ បាន​កំណត់​មាគ៌ា​និង​ប្រព័ន្ធ​នយោបាយ​របស់​កម្ពុជា​ស្រប​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សេរី​ពហុបក្ស។​ ច្បាប់​នេះ​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២៤​ ខែ​កញ្ញា​ ឆ្នាំ​ ១៩៩៣។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​លោក ​អំ សំអាត​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា៖ ​«បញ្ហា​សិទ្ធិ​មនុស្ស​ បញ្ហា​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​យើង​ហ្នឹង​គឺ​មាន​ភាព​ចម្រូង​ចម្រាស​ ដោយ​មាន​ការ​លើក​ឡើង​ថា ​បញ្ហា​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ហ្នឹង​មាន​ការ​ធ្លាក់​ចុះ​ មាន​ការ​ថយ​ចុះ​អី​ជា​ដើម​ ពី​សហគមន៍​អន្តរជាតិ»។​

បើ​តាម​លោក ​អំ សំអាត​ រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​មាន​ការ​ធ្វើ​វិសោធន​កម្ម​ចំនួន ​១០ ​ដង​មក​ហើយ​ ដែល​ការ​ធ្វើ​នេះ​ភាគ​ច្រើន​នៅ​អំឡុង​ពេល​ដែល​មាន​ការ​ជាប់គាំង​ ឬ​ជម្លោះ​នយោបាយ។ ​លោក​បន្ថែម​ថា​ ​រយៈពេល​ ៣១ ​ឆ្នាំ​នេះ​ រដ្ឋាភិបាល​ក៏​មិន​ទាន់​បាន​រៀបចំ​ធ្វើ​សមាជ​ជាតិ​ ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ដែរ។ ​លោក​ថា ​ការ​ធ្វើ​សមាជ​នេះ​ មាន​សារៈ​សំខាន់​សម្រាប់​ប្រជា​ពលរដ្ឋ​ដើម្បី​សម្តែង​ពី​កង្វល់​របស់​ពួក​គេ។​

ជា​ការ​ឆ្លើយ​តប​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ​ប៉ែន បូណា​ លើក​ឡើង​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​ទៅ​តាម​ស្មារតី​នៃ​រដ្ឋ​ធម្មនុញ្ញ​ ទាំង​នយោបាយ​ក្នុង​ស្រុក​ និង​នយោបាយ​ការ​បរទេស​ ដែល​នាំ​ឱ្យ​កម្ពុជា​រក្សា​បាន​នូវ​តុល្យភាព​នៃ​ទំនាក់​ទំនង​ការ​បរទេស​របស់​ខ្លួន​ ខណៈ​នយោបាយ​ក្នុង​ប្រទេស​រដ្ឋាភិបាល​រក្សា​បាន​នូវ​សន្តិភាព​ ស្ថិរភាព​ និង​ការ​អភិឌ្ឍ។​

បើ​តាម​អ្នក​នាំពាក្យ​រូប​នេះ​ កម្ពុជា​អនុវត្ត​ប្រជា​ធិបតេយ្យ​បាន​ពេញ​លេញ​ ហើយ​ក៏​បាន​កសាង​នីតិ​រដ្ឋ​មួយ​រឹង​មាំ​ផង​ដែរ។​

លោក​ថ្លែង​ថា៖​ «កម្ពុជា​គោរព​យ៉ាង​ខ្ជាប់​ខ្លួន​គោល​ការណ៍​ប្រជា​ធិបតេយ្យ​ ដោយ​ផ្សារ​ភ្ជាប់​យ៉ាង​ដាច់​ខាត​ទៅ​នឹង​នីតិរដ្ឋ ​ហើយ​នឹង​សណ្តាប់​ធ្នាប់​សង្គម​ និង​សណ្តាប់​ធ្នាប់​សាធារណៈ។​ នេះ​គឺ​ជា​តម្លៃ​នៃ​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​យើង»។​

បើ​តាម​លោក​ ប៉ែន បូណា ​កម្ពុជា​បាន​រៀបចំ​បោះឆ្នោត​ជ្រើស​រើស​មេ​ដឹកនាំ​ប្រទេស​ជា​រៀងរាល់​អាណត្តិ​ ដែល​មាន​គណបក្ស​នយោបាយ​ច្រើន​ចូល​រួម ​ស្រប​ទៅ​តាម​គោល​ការណ៍​គ្រឹះ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ។​

ទោះបី​មាន​ការ​បកស្រាយ​ពី​មន្ត្រី​រដ្ឋាភិបាល​យ៉ាង​ណាក្តី​ ក៏​ក្នុង​រយៈ​ពេល​ ៣១​ ឆ្នាំ​នៃ​ការ​ប្រកាស​ដាក់​ឱ្យ​ប្រើ​រដ្ឋ​ធម្មនុញ្ញ​ គេ​តែង​ឃើញ​ថា​ ជា​រៀង​រាល់​មុន​ពេល​មាន​ការ​បោះ​ឆ្នោត​ជាតិ​មក​ដល់​នោះ​ សំឡេង​របស់​គណ​បក្ស​ប្រឆាំង​តែង​តែ​ត្រូវ​បាន​បិទ​ខ្ទប់​ ហើយ​ក៏​មាន​ការ​ដក​ហូត​អាជ្ញា​បណ្ណ​របស់​សារ​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ ការ​បំបិទ​សិទ្ធ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​ចាប់​ខ្លួន​សកម្ម​ជន​បរិស្ថាន​ ដី​ធ្លី​ និង​នយោបាយ​ផង​ដែរ។​

ការណ៍​នេះ​ត្រូវ​អ្នក​តាម​ដាន​សង្គម​និង​អ្នក​នយោបាយ​ជំទាស់​ចោទ​សួរ​ជា​រឿយៗ​ថា​ តើ​រដ្ឋ​ធម្មនុញ្ញ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ការពារ​ប្រយោជន៍​ជាតិ​ ឬ​ក៏​ដើម្បី​រក្សា​ផល​ប្រយោជន៍​របស់​អ្នក​នយោបាយ​ទៅ​វិញ។​

អ្នក​វិភាគ​នយោបាយ​លោក​សេង វណ្ណលី ​ប្រាប់​វីអូអេ​ថា​ ខួប​ប្រកាស​រដ្ឋ​ធម្មនុញ្ញ​នេះ​ ជា​ការ​ដាស់​តឿន​ដល់​អ្នក​នយោបាយ​ឱ្យ​ដើរ​តាម​គោល​ការណ៍​រដ្ឋ​ធម្មនុញ្ញ​ និង​ថា​ រដ្ឋ​ធម្មនុញ្ញ​ដែល​ត្រូវ​បាន​ធ្វើ​វិសោធន​កម្ម​ជា​ច្រើន​លើក​ច្រើន​សារ​កន្លង​មក​នោះ​ បម្រើ​ដល់​ប្រយោជន៍​របស់​អ្នក​នយោបាយ។​

លោក​ថ្លែង​ថា៖​ «ដូច្នេះ​ទិវា​ការ​ប្រកាស​រដ្ឋ​ធម្មនុញ្ញ​នេះ​ តាម​ពិត​ទៅ​ជា​ទិវា​រំឭក​ឱ្យ​អ្នក​នយោបាយ​ទាំង​អស់​ដឹង​ថា ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ណា​មួយ​ ហើយ​ការ​គ្រប់គ្រង​រដ្ឋ​ដោយ​មិន​ផ្អែក​ទៅ​លើ​គោល​ការណ៍​គ្រឹះ​ ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នេះ​ វា​នឹង​នាំ​ជាតិ​ឱ្យ​មហន្តរាយ​ ហើយ​ក៏​វា​នឹង​ជំរុញ​ឱ្យ​មាន​ការ​បែក​បាក់​ជាតិ។​ ដូច្នេះ​ដើម្បី​ផ្សះផ្សា​ជាតិ​ ដើម្បី​ឯក​ភាព​ជាតិ​ អ្នក​នយោបាយ​ គួរ​តែ​វិល​ទៅ​រក​ការ​គ្រប់គ្រង​ ឬ​ក៏​ការ​ប្រកាន់​ខ្ជាប់​យ៉ាង​មាំមួន​ទៅ​លើ​គោល​ការណ៍​រដ្ឋ​ធម្មនុញ្ញ​ដែល​មាន​ចែង»។​

បើ​តាម​លោក ​សេង វណ្ណលី ​ស្មារតី​រដ្ឋ​ធម្មនុញ្ញ​ដែល​នៅ​មិន​ទាន់​ធ្វើ​វិសោធន​កម្ម​បម្រើ​ប្រយោជន៍​ដល់​ប្រជាជន​ទាំង​អស់៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG