ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ឃ្លាំ​មើល៖ ស្ថាប័ន​តុលាការ​គួរ​ពិចារណា​ដោះលែង​អ្នក​ដែល​ត្រូវបាន​ឃាត់​ខ្លួន​ពាក់ព័ន្ធ​គម្រោង CLV


រូបឯកសារ៖ ប៉ូលិស​ចុះល្បាតនៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។
រូបឯកសារ៖ ប៉ូលិស​ចុះល្បាតនៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។

កាល​ពី​ថ្ងៃ​ទី​ ២០ ​ខែ​កញ្ញា​ ឆ្នាំ​ ២០២៤​ រដ្ឋាភិបាល​កម្ពុជា​បាន​ដក​ខ្លួន​ជា​ផ្លូវ​ការ​ពី​កិច្ច​សហការ​ តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ​ឡាវ ​វៀតណាម ​(CLV-DTA)​ ដែល​ប្រឈម​មុខ​នឹង​ការ​ជំទាស់​យ៉ាង​ខ្លាំង​ពី​ពល​រដ្ឋ​កម្ពុជា​ដែល​រស់​នៅ​ក្រៅ​ប្រទេស​ រហូត​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​កិច្ច​សហការ​នេះ​នៅ​ប្រទេស​មួយ​ចំនួន។​

ការ​ប្រកាស​ដក​ខ្លួន​ចេញ​ពី​កិច្ច​សហ​ប្រតិបត្តិ​ការ​អភិវឌ្ឍន៍​ដ៏​ចម្រូង​ចម្រាស​នេះ​ទទួល​បាន​ការ​សាទរ​ពី​ប្រជាជន​កម្ពុជា​ ទាំង​អ្នក​មាន​និន្នាការ​គាំទ្រ​ និង​ជំទាស់​នឹង​រដ្ឋាភិបាល​ ហើយ​អ្នក​តាម​ដាន​សង្គម​កម្ពុជា​ខ្លះ​លើក​ឡើង​ថា​ ​រដ្ឋាភិបាល​ ឬ​ស្ថាប័ន​តុលាការ​កម្ពុជា​គួរ​ពិចារណា​ដោះ​លែង​អ្នក​ទាំង​ឡាយ​ណា​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ ចំពោះ​ការ​រិះគន់​ ឬ​ការ​តវ៉ា​ជំទាស់​នឹង​គម្រោង​នេះ។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ​លោក ​អំ សំអាត​ ប្រាប់​វីអូអេ​ថា ​ការ​ប្រកាស​របស់​រដ្ឋាភិបាល​កម្ពុជា​ និង​គណបក្ស​កាន់​អំណាច​ដក​ខ្លួន​ពី​កិច្ច​សហការ​ CLV-DTA ​នេះ​ ទទួល​បាន​ការ​សាទរ​ពី​សាធារណ​មតិ​ទូទៅ។​ ប៉ុន្តែ​លោក​ថា ​សង្គម​ស៊ីវិល​នៅ​មាន​ក្តី​កង្វល់​ចំពោះ​ពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​បន្ត​ជាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ ទាក់ទង​នឹង​ការ​ជំទាស់​កិច្ច​សហការ​មួយ​នេះ។​

លោក​បន្ថែម​ថា៖​ «យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ងារ​សិទ្ធិ​មនុស្ស​ហ្នឹង​គឺ​សុំ​ឱ្យ​តុលាការ​លោក​ពិចារណា​ និង​ពិនិត្យ​មើល​ទៅ​លើ​បញ្ហា​ទាំង​អស់​នេះ​ផង​ដែរ​ ពីព្រោះ​បើ​យើង​មើល​ទៅ​ពួក​គាត់​ត្រូវ​ការ​ការ​សិក្សា​បន្ត​ទៅ​ទៀត​ ព្រោះ​ពួក​គាត់​ជា​ទំពាំង​ស្នង​ឫស្សី​ផង​ដែរ​ ហើយ​ចំពោះ​អ្នក​ផ្សេងៗ​ទៀត​ គឺ​អាស្រ័យ​ទៅ​លើ​តុលាការ​ដែល​លោក​ពិនិត្យ​មើល​ទៅ​លើ​បញ្ហា​ទាំង​អស់​នេះ​ ហើយ​បើ​សិន​ជា​រក​ទៅ​ ឃើញ​ថា​ មិន​មាន​កំហុស​ទេ​ អាហ្នឹង​គួរ​មាន​ការ​ដោះលែង​ពួក​គាត់»។​

បើ​តាម​លោក ​អំ សំអាត​ ប្រជា​ពលរដ្ឋ​និង​យុវជន​ជាង​១០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ តែ​មាន​ការ​ដោះលែង​មក​វិញ​មួយ​ចំនួន​ ហើយ​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ជាង​១០០​នាក់​នោះ​ មាន​ជាង ​៦០ ​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ និង​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន។ ​ក្នុង​នោះ​មាន​សិស្ស​ចំនួន​ប្រមាណ ​៤ ​នាក់​ដែល​មាន​អាយុ​ក្រោម​ ១៨ ​ឆ្នាំ។​

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​ចំនួន​ ដូច​ជា​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch)​ និង​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ (Amnesty International) ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះ​លែង​ជា​បន្ទាន់ ​អ្នក​ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​យក​ទៅ​ឃុំ​ខ្លួន​ទាំង​នោះ។​

អង្គការ​ទាំង​ពីរ​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​ថា៖ ​«យ៉ាង​ហោច​ណាស់​មនុស្ស​ ៥៩​ នាក់​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ​ដែល​រួម​មាន​សកម្ម​ជន​បរិស្ថាន ​សិទ្ធិ​មនុស្ស ​និង​សកម្ម​ជន​ផ្សេង​ទៀត ​ព្រម​ទាំង​កុមារ​មួយ​ចំនួន​ទៀត​ នៅ​តែ​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់ ​និង​ត្រូវ​បាន​ចោទ​ប្រកាន់​ ដោយ​គ្រាន់​តែ​បង្ហាញ​ទស្សនៈ​របស់​ពួក​គេ​ដោយ​សន្តិវិធី។ ​អាជ្ញាធរ​គួរ​តែ​ទម្លាក់​ចោល​ភ្លាមៗ​រាល់​ការ​ចោទ​ប្រកាន់»។​

សហ​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​លោក ​អ៊ូ ច័ន្ទរ័ត្ន​ យល់​ថា​ នៅ​ពេល​រដ្ឋាភិបាល​សម្រេច​ដក​ខ្លួន​ចេញ​ពី​កិច្ច​សហការ ​CLV-DTA ​នេះ​ ពលរដ្ឋ​ទាំង​ឡាយ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កន្លង​មក​ក៏​គួរ​តែ​ត្រូវ​បាន​ដោះលែង​ ព្រោះ​អ្នក​ទាំង​នោះ​គ្រាន់​តែ​បាន​បង្ហាញ​ការ​បារម្ភ​ចំពោះ​ការ​ខាត​បង់​របស់​កម្ពុជា​នៅ​ក្នុង​ការ​បន្ត​កិច្ច​សហការ​នោះ។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​ក៏​អំពាវនាវ​ដែរ​ សុំ​ឱ្យ​តុលាការ​កម្ពុជា​គួរ​តែ​ទម្លាក់​បទ​ចោទ​ចំពោះ​អ្នក​ដែល​រិះ​គន់​តវ៉ា​រឿង​គម្រោង ​CLV​ នេះ​ ព្រោះ​មក​ដល់​ពេល​នេះ​ គម្រោង​ហ្នឹង​ក៏​ត្រូវ​បាន​បញ្ចប់​ហើយ​ ដូច្នេះ​ការ​ចោទ​ប្រកាន់​នានា​ ដែល​ពាក់​ព័ន្ធ​គម្រោង​ CLV ​ដោយ​សារ​ការ​បញ្ចេញ​មតិ​ ដោយ​សារ​ការ​ទាមទារ​ហ្នឹង​គួរ​តែ​ត្រូវ​បាន​ទម្លាក់​បទ​ចោទ​ឱ្យ​មាន​សេរីភាព​ដែរ​បាទ»។​

ទាក់​ទិន​ការ​ដក​ខ្លួន​របស់​រដ្ឋាភិបាល​ចេញ​ពី​កិច្ច​សហការ​នេះ​ អតីត​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​រូប​នេះ​ថ្លែង​ថា ​រដ្ឋាភិបាល​បាន​សម្រេច​ចិត្ត​ខាង​នយោបាយ​មួយ​ត្រឹមត្រូវ​ ហើយ​ជា​ជំហាន​វិជ្ជមាន​មួយ​សម្រាប់​កម្ពុជា​ ដោយ​សារ​វា​បាន​ធ្វើ​ឱ្យ​អ្នក​ដែល​បារម្ភ​ពី​ការ​បាត់​បង់​ទឹក​ដី ​និង​ធនធាន​ធម្មជាតិ​ស្ងប់​ចិត្ត​ និង​បង្ហាញ​ពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការ​គោរព​ទៅ​តាម​ការ​ទាមទារ​របស់​ប្រជា​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត។​

លោក​បន្ថែម​ថា​ ប្រជា​ពលរដ្ឋ​ចាប់​ពី​ពេល​នេះ ​គួរ​តែ​រក្សា​ការ​តាមដាន​ការ​អនុវត្ត​គោល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បាន​ជាប់​លាប់​ ដើម្បី​បញ្ចៀស​ភាព​ជ្រួល​ច្របល់​ទៅ​តាម​បញ្ហា​ដែល​បាន​កើត​ឡើង​ដោយ​មិន​បាន​ត្រៀម​ខ្លួន​ទុក​ជា​មុន​ ដូច​ករណី ​CLV​ នេះ​ជាដើម។​

វីអូអេ​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ អ៊ី រិន្ទ​ តែ​គ្មាន​ការ​ឆ្លើយ​តប​សំណួរ​ដែល​ផ្ញើ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម។​

រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ​ជិន ម៉ាលីន​ថ្លែង​ថា​ ការ​ដក​ខ្លួន​របស់​កម្ពុជា​ពី​កិច្ច​សហការ​ CLV-DTA ​ និង​ការ​អនុវត្ត​ច្បាប់​គឺ​ជា​រឿង​ពីរ​ដាច់​ដោយ​ឡែក​ពីគ្នា​ ដូច្នេះ​លោក​ថា​ តុលាការ​នឹង​បន្ត​ទៅ​តាម​នីតិវិធី​ចំពោះ​អ្នក​ដែល​ត្រូវ​បាន​ចាប់​ដាក់​ក្នុង​ពន្ធនាគារ។​

លោក​ប្រាប់​វីអូអេ​ថា៖​ «ការ​ដក​ខ្លួន​ចេញ​ពី​ CLV ​ហ្នឹង​វា​ជា​រឿង​មួយ ​ ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល។ ​ចំណែក​ឯ​វិធាន​ការ​ច្បាប់​ គឺ​ជា​រឿង​មួយ​ផ្សេង​ទៀត។​ វា​អត់​មាន​អី​ពាក់​ព័ន្ធ​អី​គ្នា​នោះ​ទេ​ ហើយ​វិធាន​ការ​ច្បាប់​ទៅ​លើ​អ្នក​ដែល​ប្រព្រឹត្ត​ល្មើស​កន្លង​មក​ហ្នឹង​ វា​មិន​មែន​ដោយ​សារ​តែ​ការ​រិះ​គន់​ ការ​បញ្ចេញ​មតិ​នោះ​ទេ​ ក៏​ប៉ុន្តែ​ដោយ​សារ​តែ​ប្រព្រឹត្ត​ទៅ​នឹង​អំពើ​ល្មើស​ច្បាប់​ ពាក់​ព័ន្ធ​ដល់​ការ​ប្រមូល​ផ្តុំ​ ការ​រៀប​ចំ​ផែនការ​ និង​គម្រោង​ក្នុង​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល។​ អីចឹង​ អត់​មាន​ពាក់​ព័ន្ធ​អី​គ្នា​នោះ​ទេ។ ​អ៊ីចឹង​ ការ​អនុវត្ត​ច្បាប់​គឺ​នៅ​តែ​បន្ត»។

កិច្ច​សហការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ កម្ពុជា​ ឡាវ ​វៀតណាម​ CLV-DTA ​ដែល​ត្រូវ​បាន​អនុវត្ត​អស់​រយៈ​ពេល ​២៥ ​ឆ្នាំ​ដោយ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ ទីក្រុង​ហាណូយ​ និង​ ទីក្រុង​វៀងចន្ទន៍​នោះ​ បាន​ក្លាយ​ជា​ប្រធាន​បទ​ដ៏​រសើប​មួយ​ក្នុង​នយោបាយ​កម្ពុជា​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​ក្នុង​ឆ្នាំ​ ២០២៤ ​នេះ​ ដោយ​សារ​មាន​ការ​ពិភាក្សា​ទាំង​ក្នុង​និង​ក្រៅ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ថា​ កម្ពុជា​អាច​ខាត​បង់​ប្រយោជន៍​ច្រើន​ដោយ​ការ​យក​ខេត្ត​ចំនួន​បួន​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា​ទៅ​ដាក់​ក្នុង​គម្រោង​នោះ។

ប្រជា​ពលរដ្ឋ​កម្ពុជា​រាប់ពាន់​នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ជប៉ុន​ កូរ៉េ​ខាងត្បូង​ និង​អូស្រា្តលី​ បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គំនិត​ផ្តួច​ផ្តើម​ ឬ​កិច្ច​សហការ​នៃ​ការ​អនុវត្ត​គម្រោង​តំបន់​ត្រីកោណអភិវឌ្ឍន៍​ កម្ពុជា​ ឡាវ​ វៀតណាម​ ហៅ​កាត់​ថា​ CLV-DTA ​នេះ​ ដោយ​លើក​ឡើង​អំពី​ការ​ភ័យ​ខ្លាច​នៃ​ការ​បោះបង់​អធិប​តេយ្យ​ភាព​មួយ​ផ្នែក​ទៅ​វៀតណាម​ ឬ​បើក​ឱ្យ​មាន​ការ​ចូល​មក​នៃ​ជន​អន្តោ​ប្រវេសន៍​ច្រើន​ពី​ប្រទេស​វៀតណាម។​

ប៉ុន្តែ​មន្ត្រី​កម្ពុជា​ធ្លាប់​លើក​ឡើង​ថា​ តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជា​ប្រភព​នៃ​សក្តានុ​ពល​សេដ្ឋ​កិច្ច ​ទេស​ចរណ៍​ និង​វប្បធម៌។​ នៅ​ក្នុង​ការ​កិច្ច​សហការ​នោះ​ កម្ពុជា​បាន​ដាក់​ខេត្ត​ចំនួន​បួន​នៅ​ភាគ​ឦសាន​ប្រទេស​គឺ​ ខេត្ត​រតនគិរី ​មណ្ឌលគិរី ​ក្រចេះ ​និង​ស្ទឹងត្រែង។​

នៅ​ក្នុង​សារ​ពិសេស​មួយ​ថ្លែង​ទៅ​កាន់​ពលរដ្ឋ​កម្ពុជា ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​ បាន​បញ្ជាក់​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បញ្ចប់​ការ​ចូលរួម​កិច្ច​សហ​ប្រតិបត្តិ​ការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ ឡាវ​ និង​ វៀតណាម​ (CLV-DTA) ​កាលពី​ថ្ងៃ​ទី​ ២០ ​ខែ​កញ្ញា។​ ប៉ុន្តែ​លោក​ថា​ រដ្ឋា​ភិបាល​នៅតែ​បន្ត​អនុវត្ត​ផែនការ​នានា​ដែល​បាន​គ្រោង​ទុក​ ដើម្បី​បន្ត​ដំណើរ​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់​ភូមិភាគ​ឦសាន​របស់​កម្ពុជា​ ទោះ​មាន ​ឬ​គ្មាន​កិច្ច​សហ​ប្រតិបត្តិការ​នោះ។​ លោក​ឱ្យ​ដឹង​ទៀត​ថា ​គិត​មក​ដល់​ពេលនេះ​ មាន​ពលរដ្ឋ​ប្រមាណ​ ៧០ ​ម៉ឺន​នាក់​ បាន​ចូលរួម​បរិច្ចាគ​ថវិកា ​ប្រមាណ​ ២១​ លាន​ដុល្លារ​ ដោយ​ស្ម័គ្រ​ចិត្ត​ដល់​មូលនិធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ព្រំដែន​ដែល​ផ្តោត​លើ​ការ​កសាង​ផ្លូវ​ក្រវ៉ាត់​ព្រំដែន៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG